ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

និស្សិត​នីហ្សេរីយ៉ា​ដែល​ជាប់​គាំង​នៅ​អ៊ុយក្រែន​អំពាវនាវ​សុំ​ឱ្យ​ជម្លៀស​ពួក​គេ​ចេញ​ពី​ទីក្រុង​ Kherson


និស្សិត​នីហ្សេរីយ៉ា ដែល​សិក្សា​នៅ​អ៊ុយក្រែន មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ Nnamdi Azikiwe ក្នុង​រដ្ឋធានី​អាប៊ូហ្សា ប្រទេស​នីហ្សរីយ៉ា កាល​ពី​ថ្ងៃ​ទី​០៤ ខែ​មីនា ឆ្នាំ​២០២២ ក្រោយ​ភៀសខ្លួន​ពី​ការ​ឈ្លាន​ពាន​រុស្ស៊ី​លើ​អ៊ុយក្រែន។

នៅ​ក្នុង​រាត្រី​ដ៏​ត្រជាក់​ និស្សិត​នីហ្សេរីយ៉ា កំពុង​ស្ថិត​នៅ​ក្នុង​រូង​ក្រោមដី​ដើម្បី​គេចពី​ការ​ទម្លាក់​គ្រាប់​បែក នៅ​ទីក្រុង Kherson ប្រទេស​អ៊ុយក្រែន។ ក្រុម​និស្សិត​ទាំង​នេះ បាន​ជាប់​គាំង​នៅ​ទីនេះ​អស់​រយៈពេល ប្រហែល ២ សប្ដាហ៍​មក​ហើយ ចាប់​តាំង​ពី​កង​កម្លាំង​រុស្ស៊ី បាន​កាន់កាប់​ទីក្រុង​នេះ កាល​ពី​ថ្ងៃ​ទី ៣ ខែ​មីនា។

ក្រុម​និស្សិត​ទាំង​នេះ​និយាយ​ថា ហ្គាស់​និង​សេវា​អ៊ីនធឺណិត ត្រូវ​បាន​កាត់​ផ្ដាច់ ហើយ​ពួក​គេ​កំពុង​អស់​ស្បៀង​អាហារ។

លោក Akinyemi Victor គឺ​ជា​និស្សិត​នីហ្សេរីយ៉ា​ម្នាក់​ដែល​បាន​បញ្ចប់​ការ​សិក្សា​ពី​បណ្ឌិត្យសភា​ជើង​ទឹក​នៃ​ទីក្រុង Kherson។ លោក​បាន​ថ្លែង​អំពី​ស្ថានភាព​របស់​និស្សិត​ទាំង​នោះ​តាម​បណ្ដាញ​ទ្វីតធ័រ​ថា៖ «នៅ​ពេល​គ្មាន​ហ្គាស់ប្រើ​ប្រាស់​ ធ្វើ​ឱ្យ​ពួក​គេ​គ្មាន​ប្រព័ន្ធ​កម្ដៅ។ ឥឡូវ​នេះ យើង​ដុត​អុស​ដើម្បី​បាន​កម្ដៅ ហើយ​យើង​ក៏​ប្រើ​អុស​ដើម្បី​ចម្អិត​អាហារ​ផង​ដែរ។ អ្នក​ខ្លះ​ក្នុង​ចំណោម​ពួក​យើង បាន​ព្យាយាម​ចេញ​ពី​ទីក្រុង​នេះ ប៉ុន្តែ កង​កម្លាំង​រុស្ស៊ី បាន​បញ្ជូន​ពួក​គេ​ត្រឡប់​មក​វិញ។ គ្មាន​ការ​ជួយ​ផ្គត់​ផ្គង់​ស្បៀង​អាហារ​ទេ​នៅ​ទីក្រុង​នេះ​ទេ គឺ​គ្មាន​អ្វី​អាច​ដឹក​ចេញ​ចូលបាន​ឡើយ»។

Kherson គឺ​ជា​ទីក្រុង​កំពុងផែ ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អ៊ុយក្រែន។ ទីក្រុង​នេះ​គឺ​ជា​តំបន់​ដំបូង​គេក្នុង​ចំណោម​តំបន់​នានា​ ដែល​បាន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​កង​កម្លាំង​រុស្ស៊ី។ ពលរដ្ឋ​អាហ្វ្រិក​ប្រមាណ ១៥០ នាក់​ ត្រូវ​គេ​ជឿ​ថា​ កំពុង​ជាប់​គាំង​នៅ​ក្នុង​ទីក្រុង​នេះ។ នេះ​បើ​យោង​តាម​ការអំពាវនាវ​តាម​បណ្ដាញ​សង្គម​ឱ្យ​មាន​ការ​ជម្លៀស​ពួក​គេ​ចេញ​ពី​ទីក្រុង​នេះ។

នៅ​ក្នុង​សប្ដាហ៍​នេះ និស្សិត​នីហ្សេរីយ៉ា ក៏​បាន​អំពាវនាវ​ទៅ​ដល់​ជនរួម​ជាតិ​របស់​ពួក​គេ ឱ្យ​មក​ជួយ​ពួក​គេ​ផង​ដែរ។ លោក Geoffrey Onyeama រដ្ឋ​មន្ត្រី​ការបរទេស​នីហ្សេរីយ៉ា បាន​ឆ្លើយ​តប​ដោយ​និយាយ​ថា អាជ្ញាធរ​កំពុង​ធ្វើ​ការ​ជាមួយ​ស្ថានទូត​នីហ្សេរីយ៉ា​ប្រចាំប្រទេស​អ៊ុយក្រែន និង​រុស្ស៊ី ដើម្បីជួយ​ដល់​ពួក​គេ។

លោក Yusuf Buba គឺជា​ប្រធាន​គណៈកម្មាធិការ​កិច្ចការបរទេស ដែល​បង្កើត​ឡើង​ដោយ​សមាជិក​សភា​នីហ្សេរីយ៉ា ដើម្បី​សម្រប​សម្រួល​ដល់​ដំណើរ​ប្រតិបត្តិការ​ជម្លៀស​មនុស្ស។​

លោក​បាន​ថ្លែង​ដូច្នេះ​ថា៖ «អ្វី​ដែល​ជា​ការព្រួយ​បារម្ភ​របស់​យើង​នៅ​ពេល​នេះ គឺ​ និស្សិត​ដែល​កំពុង​តែ​ស្ថិត​នៅ​ប្រទេស​អ៊ុយក្រែន។ យើង​នឹង​ពិភាក្សា​ជាមួយ​ក្រសួង​ការបរទេស ដើម្បី​រក​វិធី​នាំ​យក​និស្សិត​ដែល​នៅ​សេសសល់​ ចេញ​ពី​ទីនោះ​ដោយ​សុវត្ថិភាព»។

ក្រុម​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត បាន​ចែករំលែក​ព័ត៌មាន​តាម​បណ្ដាញ​សង្គម ដោយ​ប្រើ​កំណត់​សម្គាល់ ឬ hashtag Evacuate Kherson ដែល​មាន​ន័យ​ថា «សូម​ជម្លៀស​ពួក​យើង​ចេញ​ពី​ទីក្រុង Kherson» ដើម្បី​ផ្សព្វផ្សាយ​អំពី​និស្សិត​អាហ្វ្រិក​នានា ​ដែល​កំពុង​ជាប់​គាំង​នៅ​ទីនោះ។

និស្សិត​មួយ​ចំនួន ដែល​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​អ៊ុយក្រែន កាល​ពី​ពេល​ថ្មីៗ​នេះ ក៏​កំពុង​រក​វិធី​ជួយ​មិត្តភក្ដិ​របស់​ពួក​គេ​ឱ្យ​បាន​ចេញ​ពី​ទីក្រុង​នេះ​ផងដែរ។ លោក Samuel Otunla គឺជា​និស្សិត​ម្នាក់​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញ​ពី​ទីក្រុង​ Sumyស្ថិត​នៅ​ភាគឦសាន​នៃ​ប្រទេស​អ៊ុយក្រែន។ លោក​កំពុង​ផ្សព្វផ្សាយ​ព័ត៌មាន​ចេញ​ពី​ទីកន្លែង​ស្នាក់​នៅ​បណ្តោះ​អាសន្ន​របស់​លោក​ នៅក្នុង​ប្រទេស​ហុងគ្រី អំពី​និស្សិត​នានា​ដែល​កំពុង​ស្ថិត​នៅ​ទីក្រុង Kherson។

លោក​ថ្លែង​ដូច្នេះ​ថា៖ «ស្ថាន​ទូត​ទាំង​អស់​ត្រូវ​តែ​ដឹង​ពី​ស្ថានភាព​នេះ ដើម្បី​ឱ្យ​ពួក​គេ​អាច​ធ្វើកិច្ច​ការ​ទាំង​នេះបាន និង​ធ្វើ​ទំនាក់ទំនង​ជាមួយ​អង្គការ​ផ្ដល់​ជំនួយ​មនុស្សធម៌ ហើយ​បើ​អាច​ធ្វើ​បាន​ ពួក​គេ​គួរ​ទាក់ទង​ទៅរដ្ឋាភិបាល​អ៊ុយក្រែន រដ្ឋាភិបាល​រុស្ស៊ី និង​ពួក​យោធា ដើម្បី​ឱ្យ​ប្រាកដ​ថា មនុស្ស​ទាំង​នេះ​ត្រូវ​បាន​ជម្លៀស​ចេញ។ នេះ​មិន​មែនជា​បទ​ពិសោធន៍​ល្អ​ទាល់​តែ​សោះ»។

អាជ្ញាធរ​អ៊ុយក្រែន បាន​ចោទ​ប្រកាន់​ទីក្រុង​មូស្គូ​ថា កំពុង​តែ​ព្យាយាម​បង្កើត​សាធារណរដ្ឋ​មួយ ចេញ​ពី​ទីក្រុង​ដែល​ពួក​គេ​កាន់កាប់​មួយ​នេះ៕

XS
SM
MD
LG