ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

២៣:៥៥ ១៥.៣.២០២២

រុស្ស៊ី​ផ្លោង​ដាក់​រដ្ឋធានី​កៀវ ស្របពេល​មេដឹកនាំ​នៃ​ប្រទេស ៣ នៅ​អឺរ៉ុប ធ្វើ​ទស្សនកិច្ច​ទៅ​អ៊ុយក្រែន

មេដឹកនាំ​នៃ​ប្រទេស​ចំនួន ៣ នៅ​ទ្វីប​អឺរ៉ុប​បាន​ធ្វើ​ដំណើរ​ទៅកាន់​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ស្របពេល​ដែល​ប្រទេស​រុស្ស៊ី​បាន​បាញ់​ផ្លោង​ដាក់​រដ្ឋធានី​និង​ទីក្រុង​ផ្សេងៗ​ទៀត​របស់​អ៊ុយក្រែន​នៅ​ក្នុង​ការ​ឈ្លានពាន​របស់​ខ្លួន​ជិត ៣ សប្តាហ៍​កន្លង​មក​នេះ។

រុស្ស៊ី​បាន​បាញ់​ផ្លោង​ចូល​រដ្ឋធានី​កៀវ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ដែល​ក្នុង​នោះ​ការ​បាញ់​ផ្លោង​មួយ​បាន​ត្រូវ​ចំ​អាគារ​ស្នាក់នៅ​របស់​ពលរដ្ឋ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ២ នាក់។ អភិបាល​រដ្ឋធានី​កៀវ​លោក Vitaly Klitschko បាន​ប្រកាស​បម្រាម​គោចរ​រយៈពេល ៣៦ ម៉ោង​សម្រាប់​ទីក្រុង​កៀវ​ដែល​បាន​ចាប់ផ្តើម​កាលពី​យប់​ថ្ងៃ​អង្គារ។

នាយករដ្ឋមន្ត្រី​ប្រទេស​ឆែក​លោក Petr Fiala បាន​និយាយ​ថា លោក​បាន​ធ្វើ​ដំណើរ​ទៅកាន់​រដ្ឋធានី​កៀវ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ជាមួយ​នឹង​នាយក​រដ្ឋមន្ត្រី​ប៉ូឡូញ​លោក Mateusz Morawieckiនិង​នាយក​រដ្ឋមន្ត្រី​ស្លូវេនី​លោក Janez Jansa ដើម្បី​តំណាង​ឲ្យ​ក្រុមប្រឹក្សា​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប​នៅ​ក្នុង​ជំនួប​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy និង​នាយករដ្ឋមន្ត្រី​អ៊ុយក្រែន​លោក Denys Shmyhal។

លោក Fiala បាន​ថ្លែង​ថា៖ «គោល​បំណង​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ដើម្បី​បញ្ជាក់​អំពី​ការ​គាំទ្រ​ច្បាស់លាស់​របស់​សហភាព​អឺរ៉ុប​ទាំងមូល​ចំពោះ​អធិបតេយ្យភាព​និង​ឯករាជ្យភាព​របស់​ប្រទេស​អ៊ុយក្រែន។ គោល​បំណង​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​ក៏​បង្ហាញ​ឱ្យ​ឃើញ​ផងដែរ​អំពី​ការ​គាំទ្រ​យ៉ាង​ទូលំទូលាយ​ចំពោះ​ប្រទេស​និង​ប្រជាពលរដ្ឋ​អ៊ុយក្រែន»។

អាន​ព័ត៌មាន​លម្អិត​តាមរយៈ​តំណភ្ជាប់​ខាង​ក្រោមនេះ៖​

០០:៣២ ១៦.៣.២០២២

ចិន​រង​សម្ពាធ​កាន់តែ​ខ្លាំង​ឲ្យ​បោះបង់​ចោល​រុស្ស៊ី​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន

ប្រទេស​ចិន​កំពុង​រង​សម្ពាធ​ការទូត​ខ្លាំងក្លា​ពី​សហរដ្ឋ​អាមេរិក​និង​ពី​សម្ព័ន្ធមិត្ត​អឺរ៉ុប​របស់​អាមេរិក​ឲ្យ​ដក​ខ្លួន​ចេញ​ពី​ប្រទេស​រុស្ស៊ី​ដែល​កំពុង​ឯកោ ក៏ប៉ុន្តែ​ក្នុង​រយៈពេល​ជាង ៣ សប្តាហ៍​កន្លង​មក​នៃ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បង្ហាញ​សញ្ញា​តិចតួច​ប៉ុណ្ណោះ​នៃ​ការ​បោះបង់​ចោល​រុស្ស៊ី។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ធ្វើ​ឲ្យ​រុស្ស៊ី​ឈាន​ដល់​ចំណុច​ជិត​បរាជ័យ ចាប់​តាំងពី​ពេល​ដែល​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ឈ្លានពាន​លើ​ប្រទេស​អ៊ុយក្រែន​មក ដោយ​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​និង​ដក​ប្រទេស​រុស្ស៊ី​ចេញ​ពី​ប្រព័ន្ធ​ទូទាត់​ហិរញ្ញវត្ថុ​សាកលលោក។

ភាព​ឯកោ កង្វះ​ហិរញ្ញវត្ថុ និង​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​រូបិយប័ណ្ណ​របស់​ខ្លួន បាន​ធ្វើ​ឲ្យ​រុស្ស៊ី​ងាក​ទៅ​រក​ប្រទេស​ចិន ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​ធំ​របស់​ខ្លួន។

អាន​ព័ត៌មាន​លម្អិត​តាមរយៈ​តំណភ្ជាប់​ខាង​ក្រោមនេះ៖

០១:១០ ១៦.៣.២០២២

អង្គការ​ឃ្លាំមើល៖ រុស្ស៊ី​កំពុង​ជ្រើសរើស​មនុស្ស​រាប់​ពាន់​នាក់​នៅ​ស៊ីរី​ដើម្បី​ជួយ​ប្រយុទ្ធ​នៅ​អ៊ុយក្រែន

អង្គការ​ឃ្លាំមើល​មួយ​បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា ប្រទេស​រុស្ស៊ី​បាន​រៀបចំ​បញ្ជី​ឈ្មោះ​យុទ្ធជន​ចំនួន ៤០.០០០ នាក់​មកពី​កងទ័ព​ស៊ីរី​និង​កង​ជីវពល​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន ដើម្បី​ដាក់​ឲ្យ​ប្រុងប្រៀប​រៀបចំ​ខ្លួន​សម្រាប់​ការ​ដាក់​ពង្រាយ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

រដ្ឋាភិបាល​រុស្ស៊ី​បាន​បញ្ជាក់​កាលពី​សប្តាហ៍​មុន​ថា ខ្លួន​ស្វាគមន៍​ក្រុម​អ្នក​ស្ម័គ្រចិត្ត ដែល​រួម​មាន​ទាំង​អ្នក​ស្ម័គ្រចិត្ត​មកពី​ប្រទេស​ស៊ីរី​ផងដែរ នៅ​ក្នុង​ការ​កៀក​ស្មា​ជាមួយ​កងទ័ព​រុស្ស៊ី​ដើម្បី​ប្រយុទ្ធ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

អង្គការ​សិទ្ធិ​មនុស្ស Syrian Observatory for Human Rights និង​សកម្មជន​នានា​បាន​បញ្ជាក់​ថា នៅក្នុង​ការ​សម្របសម្រួល​ជាមួយ​យោធា​ស៊ីរី​និង​កង​ជីវពល​ដែល​ជា​សម្ព័ន្ធមិត្ត ក្រុម​មន្ត្រី​រុស្ស៊ី​បាន​បង្កើត​ការិយាល័យ​ចុះឈ្មោះ​នៅ​ក្នុង​តំបន់​នានា​ដែល​របប​លោក​ប្រធានាធិបតី Bashar al-Assad នៃ​ប្រទេស​ស៊ីរី​កាន់កាប់។

អាន​ព័ត៌មាន​លម្អិត​តាមរយៈ​តំណភ្ជាប់​ខាង​ក្រោមនេះ៖

១៨:១៣ ១៦.៣.២០២២

ថ្ងៃពុធ ១៦ មីនា ២០២២៖

  • តុលាការយុត្តិធម៌អន្តរជាតិ កាលពីថ្ងៃពុធ បានចេញដីកាបឋមបញ្ជាឱ្យរុស្ស៊ីផ្អាកប្រតិបត្តិការយោធារបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែដីកានេះទំនងមិនអាចបង្ខំរុស្ស៊ីឱ្យអនុវត្តតាមនោះទេ ដោយសារតុលាការនេះមិនមានមធ្យោបាយអនុវត្តដីការបស់ខ្លួន ហើយរុស្ស៊ីអះអាងថា តុលាការដែលមានសមាជិក ១៥នាក់នេះ មិនមានដែនសមត្ថកិច្ចយុត្តាធិការលើវិវាទនេះទេ។ ដីកាបឋមនេះ ត្រូវបានសម្រេចចេញពីលទ្ធផលនៃការបោះឆ្នោត ១៣-២ នៅតុលាការយុត្តិធម៌អន្តរជាតិ ដោយចៅក្រមរុស្ស៊ី និងចិនបានជំទាស់។ នេះបើយោងតាមសារព័ត៌មាន Wall Street Journal។ (បន្ថែម)
  • ក្នុងសុន្ទរកថាទៅកាន់សភាសហរដ្ឋអាមេរិក ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានថ្លែងទៅកាន់ប្រធានាធិបតីអាមេរិកលោក Joe Biden ថា៖ «ខ្ញុំសូមឱ្យលោកធ្វើជាអ្នកដឹកនាំពិភពលោក។ អ្នកដឹកនាំពិភពលោកមានន័យថាជាអ្នកដឹកនាំសន្តិភាព»។ លោក Zelensky ក៏បន្តស្នើសុំឱ្យអាមេរិកគាំទ្រឱ្យមានការអនុវត្ត «តំបន់គ្មានការហោះហើរ ឬ no-fly zone» នៅលើដែនអាកាសអ៊ុយក្រែន ដាក់ទណ្ឌកម្មបន្ថែមលើរុស្សី និងឲ្យបណ្តាក្រុមហ៊ុនអាមេរិកដកខ្លួនចេញពីទីផ្សាររុស្ស៊ី។
  • ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ថ្លែង​សុន្ទរកថា​ទៅកាន់​សភា​សហរដ្ឋ​អាមេរិក ក្នុងវីដេអូ​ផ្សាយ​បន្តផ្ទាល់ពីរដ្ឋធានីកៀវ។

  • ទីភ្នាក់ងារសារព័ត៌មាន AFP រាយការណ៍នៅថ្ងៃពុធថា ប្រទេសអ៊ុយក្រែនបានច្រានចោលសំណើរបស់រុស្ស៊ី ឱ្យដាក់អ៊ុយក្រែនជា «រដ្ឋអព្យាក្រឹត» តាមគំរូប្រទេសស៊ុយអែត និងអូទ្រីស។ អ្នកចរចារបស់រដ្ឋាភិបាលក្រុងកៀវ លោក Mikhailo Podolyak និយាយថា៖ «អ៊ុយក្រែនឥឡូវនេះស្ថិតនៅក្នុងស្ថានភាពមានសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៊ី។ ដូច្នេះ គំរូដែលអាចយកមកប្រើបានមានតែគំរូ «អ៊ុយក្រែន» និងត្រូវផ្អែកលើការធានាសន្តិសុខដែលត្រូវបានផ្ទៀងផ្ទាត់ស្របច្បាប់ប៉ុណ្ណោះ»។ (បន្ថែម)
  • មាន​ការផ្ទុះ​ជា​ច្រើន​កន្លែង​នៅ​ក្នុង​រដ្ឋធានី​កៀវ​នៅ​ព្រឹកថ្ងៃ​ពុធ​នេះ ដោយផ្នែក​សេវា​សង្គ្រោះ​បន្ទាន់​របស់​អ៊ុយក្រែននិយាយ​ថា អគារ​លំនៅដ្ឋាន​ពីរកន្លែង​ទទួល​រង​ការខូចខាតហើយ​មនុស្ស​ពីរ​នាក់​រង​របួស។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​អ្នក​កាសែតនៃ​ទី​ភ្នាក់ងារ​ព័ត៌មាន AFP។ (បន្ថែម)
  • ​លោក Volodymyr Zelensky នឹងថ្លែង​សុន្ទរកថា​ទៅកាន់​សភា​សហរដ្ឋ​អាមេរិក។ លោក Joe Biden ត្រូវ​គេ​រំពឹង​ថា នឹង​ប្រកាស​ផ្តល់​ជំនួយ៨០០លាន​ដុល្លារ​នៅ​ក្នុង​ជំនួយ​សន្តិសុខ​ថ្មី​។ ហើយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​អង្គការ​អូតង់ កំពុង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ទីក្រុង​ប៊្រុចសែល​ដើម្បី​ពិភាក្សា​ពី​ការពង្រឹង​សន្តិសុខ​របស់​សម្ពន្ធមិត្ត​។ (បន្ថែម)
  • ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Saudi (SPA) បានឱ្យដឹងថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានទៅដល់ប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃពុធនេះ។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា លោក Johnson កំពុងបំពេញទស្សនកិច្ច ទៅកាន់ឈូងសមុទ្រពែក្សដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាការផ្គត់ផ្គង់ប្រេងបន្ថែមទៀត និងបង្កើនសម្ពាធលើលោកប្រធានាធិបតី Vladimir Putin ជុំវិញការឈ្លានពានរបស់រុស្ស៊ីក្នុងអ៊ុយក្រែន។
  • រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Antony Blinken សម្តែង​ការ​រំលែក​ទុក្ខកាល​ពី​ថ្ងៃ​អង្គារ​ទៅ​កាន់​អ្នកកាសែត​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ប្រទេសអ៊ុយក្រែន កាលពីថ្ងៃចន្ទ។ លោក Blinken បានសរសេរក្នុងសារ Twitter ថា៖ ​ «ខ្ញុំ​ដឹង​គុណ​ដល់​អ្នក​ដែល​បានប្រថុយ​ជីវិត​ដើម្បី​បង្ហាញ​ពិភពលោក​អំពី​អ្វី​ដែល​កំពុង​កើត​ឡើង​ក្នុង​ប្រទេស​អ៊ុយក្រែន។ សហរដ្ឋ​អាមេរិក​ថ្កោលទោស​អំពើ​ហិង្សា​ដែល​កំពុង​កើត​ឡើង​របស់​រុស្ស៊ី និងដែល​កំពុង​ធ្វើ​ឲ្យប៉ះពាល់ដល់សុវត្ថិភាព​អ្នក​សារព័ត៌មាន និង​បុគ្គលិក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដទៃ​ទៀត​ក្នុង​ប្រទេស​អ៊ុយក្រែន​»។ (បន្ថែម)

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG