២០:៥៧
១៧.៣.២០២២
ថ្ងៃព្រហស្បតិ៍ ១៧ មីនា ២០២២៖
- មេបញ្ជាការកំពូលនៃកងកម្លាំងអាមេរិកប្រចាំទ្វីបអាហ្រ្វិកបានប្រាប់ VOA ថា ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group របស់រុស្សីបានព្យាយាមដាក់បញ្ចូលសាខារបស់ខ្លួនមួយចំនួននៅទ្វីបអាហ្រ្វិក ដើម្បីជួយរុស្សីប្រយុទ្ធនៅអ៊ុយក្រែន។
- អ្នកឆ្លើយឆ្លងព័ត៌មានសន្តិសុខជាតិរបស់ VOA លោក Jeff Seldin បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍អំពីយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់រុស្ស៊ីចំនួនពីរ៖ មួយអំពីការទម្លាក់គ្រាប់បែកនាពេលថ្មីៗនេះលើរោងមហោស្រពដែលផ្តល់ជម្រកដល់ជនស៊ីវិលនៅក្នុងទីក្រុង Mariupol ភាគខាងត្បូងប្រទេសអ៊ុយក្រែននិងមួយទៀតអំពីការចោទប្រកាន់លើមន្ទីរពិសោធន៍អាវុធជីវសាស្រ្តគាំទ្រដោយសហរដ្ឋអាមេរិកនៅអ៊ុយក្រែនដែលសហរដ្ឋអាមេរិកបានហៅការចោទប្រកាន់ទាំងនេះថាជា «ការកុហក»។
- អង់គ្លេសបាននិយាយនៅថ្ងៃព្រហស្បតិ៍ថាមាន «ភស្តុតាងដ៏រឹងមាំបំផុត» នៃឧក្រិដ្ឋកម្មសង្រ្គាមដែលត្រូវបានប្រព្រឹត្តនៅក្នុងប្រទេសអ៊ុយក្រែនហើយថាប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ជាអ្នកទទួលខុសត្រូវលើសកម្មភាពទាំងនោះប៉ុន្តែអង់គ្លេសមិនបានហៅលោក Putin ថាជាឧក្រិដ្ឋជនសង្គ្រាមនោះទេ។
- ក្រុមវិស្វករបានភ្ជាប់អ៊ុយក្រែនទៅនឹងបណ្តាញអគ្គិសនីដែលលាតសន្ធឹងក្នុងភាគច្រើននៃទ្វីបអឺរ៉ុប។ ការណ៍នេះអនុញ្ញាតឱ្យប្រទេសអ៊ុយក្រែនដកប្រព័ន្ធថាមពលរបស់ខ្លួនចេញពីប្រទេសរុស្សី។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AP។
- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងជួបពិភាក្សាជាមួយប្រធានាធិបតីចិនលោក Xi Jinping នៅថ្ងៃសុក្រនេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន។ សេចក្តីថ្លែងការណ៍ឲ្យដឹងថា៖ «នេះគឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តរបស់អាមេរិកដើម្បីរក្សាទំនាក់ទំនងបើកចំហររវាងសហរដ្ឋអាមេរិកនិងប្រទេសចិន។ មេដឹកនាំទាំងពីរនឹងពិភាក្សាអំពីការគ្រប់គ្រងការប្រកួតប្រជែងរវាងប្រទេសទាំងពីរនិងអំពីសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនក៏ដូចជាបញ្ហាផ្សេងៗដែលជាការព្រួយបារម្ភរួមរបស់ភាគីទាំងពីរ»។
- ក្រសួងការបរទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាការផ្តល់ប្រព័ន្ធការពារដែនអាកាសដល់អ៊ុយក្រែននឹងក្លាយជាកត្តាបង្កអស្ថិរភាពដែលនឹងមិននាំមកនូវសន្តិភាពដល់ប្រទេសនេះឡើយ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
- ទីក្រុងម៉ូស្គូបាននិយាយថាកិច្ចចរចាសន្តិភាពថ្ងៃទី៤តាមវីដេអូបានចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ដោយមានកិច្ចពិភាក្សាអំពីបញ្ហាយោធានយោបាយ និងមនុស្សធម៌។ រដ្ឋាភិបាលរុស្ស៊ីថារុស្ស៊ីកំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងកិច្ចចរចាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែនដែលអាចបញ្ឈប់ប្រតិបត្តិការយោធារបស់រុស្ស៊ីយ៉ាងឆាប់រហ័សនៅទីនោះ។ ទីភ្នាក់ងារសារព័ត៌មាន Reuters ដកស្រង់សម្តីអ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov ថា៖«គណៈប្រតិភូរបស់យើងកំពុងខិតខំប្រឹងប្រែងយ៉ាងសម្បើមនិងបង្ហាញពីការត្រៀមខ្លួនរួចរាល់បន្ថែមទៀតជាងភាគីម្ខាងទៀត»។
- ទីភ្នាក់ងារសារព័ត៌មាន AP រាយការណ៍ថាប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានចោទប្រកាន់ប្រទេសអាល្លឺម៉ង់ថាបានដាក់ផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួនសំខាន់ជាងសន្តិសុខរបស់ប្រទេសអ៊ុយក្រែននៅមុនពេលរុស្ស៊ីជិតបើកការឈ្លានពាន។
- កាសែត Washington Post បានរាយការណ៍ថាអង្គការសុខភាពពិភពលោកបានរាប់និងផ្ទៀងផ្ទាត់ការវាយប្រហារយ៉ាងហោចណាស់ចំនួន ៤៣ លើកន្លែងថែទាំសុខភាពនិងអ្នកជំងឺកំពុងទទួលការព្យាបាលនៅក្នុងប្រទេសអ៊ុយក្រែន។
- ទូរទស្សន៍ CNN រាយការណ៍ថាប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានលើកឡើងពីការសម្លាប់រង្គាល Holocaust នៅពេលដែលលោកថ្លែងទៅកាន់សមាជិកសភាអាល្លឺម៉ង់កាលពីថ្ងៃព្រហស្បតិ៍។ លោក Zelenskyy បាននិយាយតាមរយៈវីដេអូនៅសភាសហព័ន្ធអាល្លឺម៉ង់ Bundestag ថា៖ «រៀងរាល់ឆ្នាំអ្នកនយោបាយនិយាយថា'កុំឲ្យមានម្តងទៀត'។ ឥឡូវខ្ញុំឃើញថាពាក្យទាំងនេះគ្មានតម្លៃ។ នៅទ្វីបអឺរ៉ុបប្រជាជនមួយកំពុងត្រូវបានបំផ្លាញ»។ កាសែត New York Times រាយការណ៍ថាលោក Zelenskyy ក៏បានលើកឡើងពីជញ្ជាំងក្រុងប៊ែរឡាំងដោយនិយាយថារុស្ស៊ីកំពុងសាងសង់ជញ្ជាំងថ្មីមួយនៅអឺរ៉ុប។
- កាសែត Washington Post បានរាយការណ៍ថាអ្នកកាសែតរុស្ស៊ីដែលបានរំខានការផ្សាយព័ត៌មានបន្តផ្ទាល់តាមទូរទស្សន៍រដ្ឋ ដើម្បីប្រឆាំងការឈ្លានពានអ៊ុយក្រែននិយាយថានាងជា «សត្រូវទី១»នៅក្នុងប្រទេសរុស្ស៊ី។ យ៉ាងណាក្តី នាងនិយាយថានាងមិនចង់ចាកចេញពីប្រទេសនោះទេ។ តុលាការក្រុងម៉ូស្គូបានពិន័យអ្នកនាង Marina Ovsyannikova ៣ម៉ឺនរូប(ជាង២៨០ដុល្លារ)ចំពោះការតវ៉ាខុសច្បាប់នេះ។
- សារព័ត៌មាន Al-Jazeera បានរាយការណ៍ថា ប្រទេសរុស្ស៊ីកំពុងប្រឈមមុខនឹងការវាយប្រហារតាមអ៊ីនធឺណិតដែលមិនធ្លាប់មានពីមុនមក ដោយគេហទំព័ររបស់វិមានក្រឹមឡាំង ក្រុមហ៊ុនអាកាសចរណ៍ Aeroflot និង Sberbank ក្នុងចំណោមគេហទំព័រដែលរងការវាយប្រហារ។
- អនុរដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Marcin Przydacz បានប្រាប់សារព័ត៌មាន BBC ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin គឺជាឧក្រិដ្ឋជនសង្គ្រាម ដោយគាំទ្រតាមប្រធានាធិបតីអាមេរិក លោក Joe Biden។
- សារព័ត៌មាន BBC បានរាយការណ៍ថា ក្រសួងការពារជាតិអង់គ្លេសថា ការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន«ភាគច្រើនជាប់គាំងគ្រប់ផ្នែកទាំងអស់»។ កងកម្លាំងរុស្ស៊ី«បានសម្រេចបេសកកម្មទៅមុខតិចតួចបំផុតនៅលើដី ក្នុងសមុទ្រ ឬតាមអាកាសក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយពួកគេនៅតែបន្តទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ»។
- កាសែត New YorkTimes បានរាយការណ៍ថា «អង្គការយូណេស្កូ (UNESCO) ថាខ្លួនកំពុងបញ្ជូនអាវក្រោះ និងមួកសុវត្ថិភាពដើម្បីជួយការពារអ្នកកាសែតអ៊ុយក្រែន។ ទីភ្នាក់ងារអង្គការសហប្រជាជាតិមួយនេះបាននិយាយថា អ្នកកាសែតអ៊ុយក្រែនរាប់ពាន់នាក់ បានប្រែក្លាយទៅជាអ្នករាយការណ៍ព័ត៌មានសង្រ្គាមដោយគ្មានឧបករណ៍ការពារ ឬការបណ្តុះបណ្តាល។ ពួកគេនឹងផ្តល់មូលនិធិសម្រាប់បង្កើតបណ្តាញទំនាក់ទំនងបន្ទាន់មួយសម្រាប់អ្នកសារព័ត៌មានដែលត្រូវការការជម្លៀសចេញពីតំបន់គ្រោះថ្នាក់»។
- កាសែត Washington Post បានរាយការណ៍ថា អាជ្ញាធរអេស្ប៉ាញបានរឹបអូសកប៉ាល់ទេសចរណ៍ទីបី ដែលមានតម្លៃប្រហែល ៦០០លានដុល្លារ ដែលជាផ្នែកមួយនៃការបង្រ្កាបជាសាកលលើក្រុមអភិជនរុស្ស៊ី។ កប៉ាល់ដែលជាកម្មសិទ្ធិរបស់ «មហាសេដ្ឋីមិនស្គាល់ឈ្មោះម្នាក់» មានកន្លែងចតឧទ្ធម្ភាគចក្រ និងអាងហែលទឹកបាតកញ្ចក់។
- ទីភ្នាក់ងារសង្គ្រោះបន្ទាន់អ៊ុយក្រែនបាននិយាយថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និងបីនាក់ទៀតរងរបួស ដោយបំណែកគ្រាប់មីស៊ីលដែលត្រូវបានបាញ់កម្ទេច ធ្លាក់មកលើអគារលំនៅដ្ឋាន ១៦ជាន់មួយក្នុងរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន នៅម៉ោង៥ព្រឹក។
- នៅប្រហែលម៉ោង១ព្រឹកថ្ងៃព្រហស្បតិ៍នេះ ទូរទស្សន៍ CNN បានរាយការណ៍ថា នាវាចម្បាំងរុស្ស៊ីចំនួន៤គ្រឿងទំនងជាដឹកទាហាននិងរថយន្តចម្បាំងឆ្ពោះទៅប្រទេសអ៊ុយក្រែនដោយបានឆ្លងកាត់ច្រកសមុទ្រ Tsugaru របស់ប្រទេសជប៉ុន។
១៩:១៧
១៨.៣.២០២២
ថ្ងៃសុក្រ ១៨ មីនា ២០២២៖
- ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបង្ហាញខ្លួននៅឯការជួបជុំក្រវីទង់ជាតិដ៏ធំមួយ នៅឯកីឡដ្ឋាន Luzhniki ក្នុងទីក្រុងមូស្គូ ហើយបានសរសើរកងទ័ពរបស់ប្រទេសលោកនៅថ្ងៃសុក្រ។ លោក Putin បាននិយាយនៅក្នុងការបង្ហាញខ្លួនជាសាធារណៈដ៏កម្រនេះ ដោយលើកទឹកចិត្តអ្នកចូលរួមថា៖ «យើងមិនមានការរួបរួមជាតិបែបនេះ ជាយូរមកហើយ»។
- ប្រព័ន្ធផ្សព្វផ្សាយសាធារណៈជប៉ុន NHK និយាយនៅថ្ងៃសុក្រថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy គ្រោងនឹងថ្លែងសុន្ទរកថាតាមអ៊ីនធឺណិតទៅកាន់សភារបស់ប្រទេសជប៉ុននៅថ្ងៃទី២៣ ខែមីនា។
- ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា លោកបាននិយាយជាមួយប្រធានគណៈកម្មការអឺរ៉ុប អ្នកស្រី Ursula von der Leyen នៅថ្ងៃសុក្រ ហើយអ៊ុយក្រែនរំពឹងថានឹងមានដំណើរការទៅមុខលើពាក្យសុំចូលជាសមាជិកសហភាពអឺរ៉ុប ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។
- មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារពិភពលោក និងស្ថាប័នផ្សេងទៀត បានព្រមាននៅថ្ងៃសុក្រថា ជម្លោះក្នុងប្រទេសអ៊ុយក្រែននឹងជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP។
- រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបាននិយាយនៅក្នុងសារ Twitter នៅថ្ងៃសុក្រថា មិនមែនត្រឹមតែប្រធានាធិបតីរុស្ស៊ីទេ ដែលទទួលខុសត្រូវចំពោះសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែក៏មានប្រជាជនរុស្ស៊ីមួយចំនួនផងដែរ។
- រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា ប្រទេសរុស្ស៊ីបានបាត់បង់គំនិតដែលថារុស្ស៊ីត្រូវពឹងផ្អែកលើលោកខាងលិច ហើយទីក្រុងម៉ូស្គូនឹងមិនទទួលយកសណ្តាប់ធ្នាប់ពិភពលោកដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិកទៀតនោះទេ។
- បណ្តាប្រទេសបាល់ទិកនៅថ្ងៃសុក្រ បានបណ្តេញអ្នកការទូតរុស្ស៊ីចំនួន ១០នាក់ចេញពីប្រទេស នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP។
- សារព័ត៌មាន The Washington Post រាយការណ៍ថា ប្រជាជនអ៊ុយក្រែនដែលអស់សង្ឃឹមក្នុងទីក្រុង Kharkiv មិនខ្លាចរ៉ុក្កែតរបស់រុស្ស៊ី ហើយកំពុងឈរចាំជាជួររយៈពេល ៩ ឬ 10 ម៉ោង ដោយសង្ឃឹមថានឹងទទួលបានអាហារដោយឥតគិតថ្លៃ។ ទន្ទឹមនឹងនេះ មនុស្សរាប់ពាន់នាក់កំពុងស្វែងរកសុវត្ថិភាពនៅក្រោមដី និងស្នាក់នៅក្នុងស្ថានីយ៍រថភ្លើងក្រោមដីក្នុងទីក្រុង។
- សារព័ត៌មាន Reuters រាយការណ៍ថា ជនជាតិអ៊ុយក្រែននៅប្រទេសប៉ូឡូញ នឹងត្រូវបានអនុញ្ញាតឱ្យប្តូរក្រដាសប្រាក់អ៊ុយក្រែន hryvnia របស់ពួកគេទៅជាសាច់ប្រាក់ zlotys របស់ប៉ូឡូញ។ កម្មវិធីនេះត្រូវបានបង្កើតឡើងដើម្បីជួយជនភៀសខ្លួនអ៊ុយក្រែនដែលមានបញ្ហាក្នុងការផ្លាស់ប្តូរប្រាក់។
- រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយកាលនៅថ្ងៃព្រហស្បតិ៍ថា ក្រុមមន្ត្រីអាមេរិកកំពុងវាយតម្លៃថាការឈ្លានពានរបស់រុស្ស៊ីអាចជាឧក្រិដ្ឋកម្មសង្គ្រាម ហើយថា ប្រសិនបើការវាយប្រហារដោយចេតនាលើជនស៊ីវិលដោយរុស្ស៊ីត្រូវបានរកឃើញ នោះនឹងមាន «ផលវិបាកដ៏ធំ» សម្រាប់រុស្ស៊ី។
- សារព័ត៌មាន AP រាយការណ៍ថា នៅពេលដែលកងកម្លាំងរុស្ស៊ីវាយលុកលើអ៊ុយក្រែន មេដឹកនាំពិភពលោកបានអំពាវនាវជាថ្មី ឱ្យមានការស៊ើបអង្កេត អំពីការវាយប្រហារម្តងហើយម្តងទៀត របស់វិមានក្រឹមឡាំង លើជនស៊ីវិល រួមទាំងការវាយប្រហារតាមអាកាសលើសាលារៀន មន្ទីរពេទ្យ និងតំបន់លំនៅដ្ឋាន។
- សារព័ត៌មាន Washington Post បានរាយការណ៍ថា ប្រទេសអ៊ីតាលីនឹងជួយសាងសង់រោងមហោស្រព Mariupol ដែលត្រូវបានបំផ្លាញនៅក្នុងការវាយប្រហាររបស់រុស្ស៊ីកាលពីថ្ងៃពុធឡើងវិញ។ មហោស្រពនេះ ជាជម្រកសម្រាប់មនុស្សរាប់រយនាក់នៅពេលវាត្រូវបានវាយប្រហារ។
- សារព័ត៌មាន BBC រាយការណ៍ថាទីក្រុង Sumy ប្រទេសអ៊ុយក្រែន អាចបើកបណ្តាច្រករបៀងមនុស្សធម៌នៅថ្ងៃសុក្រនេះ។ ទីក្រុងនេះមានចម្ងាយប្រហែល ៤០ គីឡូម៉ែត្រពីព្រំដែនរុស្ស៊ី និងមានប្រជាជនចំនួន ២៦ម៉ឺននាក់។
- មន្ត្រីអ៊ុយក្រែន និងរុស្ស៊ី និយាយថា ការចរចាមានការរីកចម្រើនឆ្ពោះទៅរកបទឈប់បាញ់គ្នានៅក្នុងសង្គ្រាមរយៈពេល ៣ សប្តាហ៍មកនេះ។ អ្នកជំនាញឃើញការផ្លាស់ប្តូរនៃការទាមទាររបស់រុស្ស៊ី ខណៈដែលសង្រ្គាមបានបន្តយូរជាងការគ្រោងទុក។ ប៉ុន្តែ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និយាយថា លោកមិនឃើញភស្តុតាងណាមួយដែលរុស្ស៊ី យកចិត្តទុកដាក់ពិតប្រាកដលើដំណោះស្រាយការទូតនោះទេ។
- សារព័ត៌មាន Al Jazeera រាយការណ៍ថា អ្នកកាសែតរុស្ស៊ីដ៏ល្បីល្បាញ លោក Alexander Nevzorov បានចាត់ទុកការវាយប្រហាររបស់រុស្ស៊ីលើទីក្រុង Mariupol ជា «អំពើភេរវកម្ម»។ លោកបានធ្វើការអត្ថាធិប្បាយនៅលើបណ្តាញ Telegram របស់លោក ហើយបានកត់សម្គាល់ថាពាក្យសម្តីរបស់លោកនឹងធ្វើឲ្យលោកត្រូវចាកចេញពីប្រទេសរុស្ស៊ី។ សារព័ត៌មាន The New York Times បានរាយការណ៍ថា មន្ត្រីនៅទីក្រុង Mariupol និយាយថា គ្រាប់បែកពី ៥០ ទៅ ១០០ គ្រាប់កំពុងត្រូវបានទម្លាក់លើទីក្រុងជារៀងរាល់ថ្ងៃ។ អាជ្ញាធរក្នុងតំបន់បាននិយាយថា ការវាយប្រហារនេះបានបំផ្លាញផ្ទះសម្បែងរហូតដល់ ៨០ ភាគរយក្នុងទីក្រុង។
- រដ្ឋាភិបាលកាណាដាកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានបង្កើតកម្មវិធីជនអន្តោប្រវេសន៍ថ្មីមួយ ដែលនឹងផ្តល់ការអនុញ្ញាតដល់ពលរដ្ឋអ៊ុយក្រែនដែលបានរត់គេចពីការវាយប្រហាររបស់កងទ័ពរុស៊្សី អាចស្នាក់នៅបណ្តោះអាសន្នក្នុងប្រទេសកាណាដារហូតដល់៣ឆ្នាំ។ ជនភៀសខ្លួនអ៊ុយក្រែនទាំងនេះក៏អាចដាក់ពាក្យសុំការងារធ្វើនិងសិក្សានៅក្នុងប្រទេសកាណាដាផងដែរ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
- កងទ័ពរុស្ស៊ីបានបាញ់កាជ្រួចផ្លោងទៅលើតំបន់ក្បែរព្រលានយន្តហោះទីក្រុង Lviv នៅភាគខាងលិចប្រទេសអ៊ុយក្រែននៅថ្ងៃសុក្រនេះ។ គេនៅពុំទាន់ដឹងពីមនុស្សរងរបួសឬស្លាប់នៅក្នុងការវាយប្រហារនេះនៅឡើយទេ។ យ៉ាងណាក្តី អភិបាលទីក្រុង Lviv លោក Andriy Sadovy បាននិយាយថា ព្រលានយន្តហោះ មិនទទួលរងការវាយប្រហារទេ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
១៩:៤០
១៩.៣.២០២២
ថ្ងៃសៅរ៍ ទី ១៩ ខែមីនា៖
- ការិយាល័យសិទ្ធិមនុស្សប្រចាំអង្គការសហប្រជាជាតិ ឲ្យដឹងថា កំណត់ត្រារបស់ខ្លួនបង្ហាញថា ជនស៊ីវិលសរុប ៨១៦ នាក់ បានស្លាប់ និង ១.៣៣៣ នាក់ បានរងរបួស ចាប់តាំងពីរុស្ស៊ីបានឈ្លានពានលើអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈមក។ អង្គការសហប្រជាជាតិក៏បញ្ជាក់ថា តួលេខពិតប្រាកដអាចច្រើនជាងនេះ។ ដោយឡែក មន្ត្រីអ៊ុយក្រែនបានលើកឡើងថា មនុស្សជាច្រើនពាន់នាក់ត្រូវបានសម្លាប់។ បន្ថែមលើនេះ ការិយាល័យអគ្គរដ្ឋអាជ្ញារបស់ប្រទេសអ៊ុយក្រែន បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា កុមារសរុប ១១២ នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីការវាយប្រយុទ្ធគ្នាបានកើតឡើង ហើយ ១៤០ នាក់ បានរងរបួស។ នេះបើតាមសេចក្តីរាយការណ៍ព័ត៌មានរបស់ AP។
- សារព័ត៌មាន Reuters បានរាយការណ៍ថា មនុស្សជាង ៤ សែននាក់ បានជាប់គាំងនៅក្នុងក្រុងកំពង់ផែ Mariupolជាប់សមុទ្រ Azov អស់រយៈពេលជាងពីរសប្តាហ៍មកហើយ ដោយត្រូវពួនលាក់ខ្លួនដើម្បីគេចឲ្យផុតពីការប្រយុទ្ធដ៏ខ្លាំងក្លារបស់ទាហានរុស្ស៊ីក្នុងតំបន់នេះ ដែលបានបណ្តាលឲ្យមានការកាត់ផ្តាច់ប្រព័ន្ធអគ្គិសនី ប្រព័ន្ធថាមពលកម្តៅ និងទឹកស្អាតសម្រាប់ប្រើប្រាស់។ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីមូលដ្ឋានក្នុងក្រុងនេះ។
- មនុស្ស ៩ នាក់ ត្រូវបានសម្លាប់ និង ១៧ នាក់ បានរងរបួស ដោយសារការបាញ់ផ្តក់របស់ទាហានរុស្ស៊ីលើតំបន់ជាយក្រុង Zaporizhzhia នៅក្នុងភាគខាងត្បូងប្រទេសអ៊ុយក្រែន កាលពីថ្ងៃសុក្រ នេះបើតាមការលើកឡើងរបស់លោក Anatoliy Kurtiev អភិបាលរងក្រុងនាថ្ងៃសៅរ៍នេះ។ លោក Kurtiev បានសរសេរនៅលើបណ្តាញអ៊ីនធឺណិតថា យោធាអ៊ុយក្រែនបានប្រកាសចាត់វិធានការគោចររយៈពេល ៣៨ ម៉ោង នៅក្រុង Zaporizhzhia នេះ ដែលបានរងការវាយប្រហារធ្ងន់ធ្ងរពីទាហានរុស្ស៊ី ដោយការបាញ់គ្រាប់កាំភ្លើងត្បាល់ តាមរថក្រោះ ឧទ្ធម្ភាគចក្រ និងប្រព័ន្ធបាញ់គ្រាប់រុក្កែត។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
- នៅថ្ងៃសៅរ៍នេះ យោធារុស្ស៊ីបានរាយការណ៍ថា ខ្លួនបានប្រើប្រព័ន្ធបាញ់មីស៊ីលដែលមានល្បឿនលឿនខ្លាំងជាងសំឡេង ជាលើកដំបូងនៅក្នុងការវាយប្រហាររបស់ក្នុងប្រទេសអ៊ុយក្រែន។ ឧត្តមសេនិយ Igor Konashenkov ដែលជាអ្នកនាំពាក្យប្រចាំក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា មីស៊ីល Kinzhal បានបំផ្លាញឃ្លាំងក្រោមដីដែលផ្ទុកគ្រាប់មីស៊ីលនិងគ្រាប់បាញ់ពីយន្តហោះរបស់ទាហានអ៊ុយក្រែន នៅភាគខាងលិចតំបន់ Ivano-Frankivsk ក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន AP។
- រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែន ឲ្យដឹងថា អ៊ុយក្រែនត្រូវចំណាយពេលរាប់ឆ្នាំ ដើម្បីដោះគ្រាប់មិនទាន់ផ្ទុះក្នុងប្រទេសរបស់ខ្លួន គ្រាដែលការឈ្លានពានរបស់រុស្ស៊ីត្រូវបញ្ចប់។ លោក Denys Monastyrsk បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP នៅក្នុងបទសម្ភាសន៍មួយក្នុងទីក្រុង Kyiv កាលពីថ្ងៃសុក្រថា អ៊ុយក្រែននឹងត្រូវការជំនួយពីបណ្តាប្រទេសលោកខាងលិច ដើម្បីដោះគ្រាប់មីនយុទ្ធភ័ណ្ឌដែលមិនទាន់ផ្ទុះ នៅពេលសង្គ្រាមត្រូវបានបញ្ចប់។
- ប្រធានគណៈប្រតិភូរុស្ស៊ីសម្រាប់ការចរចាជាមួយមន្ត្រីអ៊ុយក្រែន បានឲ្យដឹងថា ភាគីទាំងពីរជិតសម្រេចបានកិច្ចព្រមព្រៀងគ្នាមួយស្តីអំពីជំហរមិនលម្អៀងមួយសម្រាប់ប្រទេសអ៊ុយក្រែន ដែលនេះជាការទាមទារដ៏សំខាន់មួយរបស់រុស្ស៊ី ខណៈរុស្ស៊ីបន្តការវាយប្រហាររបស់ខ្លួននៅអ៊ុយក្រែន។ លោក Vladimir Medinsky បានថ្លែងនៅថ្ងៃសុក្រថា ភាគីទាំងពីរបានស្រុះស្រួលគ្នាជាងមុនពាក់ព័ន្ធនឹងការទាមទារឲ្យអ៊ុយក្រែនបោះបង់ចោលគោលបំណងរបស់ខ្លួនដើម្បីចូលជាសមាជិកនៃអង្គការអូតង់។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
- រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi ថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនគឺជាការរំលោភបំពានលើអធិបតេយ្យភាព។ លោកបានថ្លែងដូច្នេះនៅជំនួបរបស់លោកជាមួយរដ្ឋមន្ត្រីការបរទេសតួកគី នៅថ្ងៃសៅរ៍នេះ ក្នុងទីក្រុង Antalya ប្រទេសតួកគួ។ លោកបានថ្លែងតាមការបកប្រែផ្លូវការថា៖ «ទាក់ទងនឹងស្ថានភាពក្នុងប្រទេសអ៊ុយក្រែន សកម្មភាពជាបន្តបន្ទាប់រួមទាំងការឈ្លានពានរបស់រុស្ស៊ីគឺជាការរំលោភបំពានលើអធិបតេយ្យភាពនិងបូរាណភាពដែនដីរបស់អ៊ុយក្រែន ហើយនេះជាការរំលោភច្បាប់អន្តរជាតិមួយ ដែលហាមឃាត់មិនឲ្យមានការប្រើអំពើហិង្សា។ យើងយល់ស្របជាមួយនឹងលោករដ្ឋមន្ត្រី Cavusoglu ក្នុងបញ្ហានេះ។ លោករដ្ឋមន្ត្រី Cavusoglu បានផ្តល់ព័ត៌មានលម្អិតស្តីពីទំនាក់ទំនងជិតស្និទ្ធរបស់តួកគីជាមួយប្រទេសអ៊ុយក្រែននិងរុស្ស៊ី»។នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន Reuters។
- ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបង្ហាញខ្លួនក្នុងពិធីដង្ហែរក្បួនទង់ជាតិដ៏ធំមួយ នៅពហុកីឡដ្ឋានមូស្គូ កាលពីថ្ងៃសុក្រ ហើយបានថ្លែងកោតសរសើរកងទ័ពរុស្ស៊ី ដែលកំពុងប្រយុទ្ធក្នុងប្រទេសអ៊ុយក្រែន ក្នុងរយៈពេលបីសប្តាហ៍ក្រោយការឈ្លានពានរបស់រុស្ស៊ី ដែលបានបង្កការខាតបង់ច្រើននៅសមរភូមិដល់រុស្ស៊ីលើសពីការរំពឹងទុក និងដែលជំរុញឲ្យមានការគ្រប់គ្រងបែបអាជ្ញាធិបតេយ្យកាន់តែកើនឡើងនៅរុស្ស៊ី។ ថ្លែងនៅលើឆាកដែលមានបដាសរសេរថា «ដើម្បីពិភពលោកមួួយដែលគ្មានរបបនិយមពួកណាហ្ស៊ី» លោក Putin បានថ្លែងទៅកាន់ក្រុមដែលប្រឆាំងនឹងរូបលោកនៅក្នុងប្រទេសអ៊ុយក្រែនដោយគ្មានអំណះអំណាងច្បាស់លាស់ថា ពួកគេជា «ក្រុមណាហ្ស៊ីជ្រុលនិយម»។ លោក Putin បានបន្តអះអាងថា សកម្មភាពរបស់លោកក្នុងការបញ្ជូនទ័ពចូលអ៊ុយក្រែន គឺចាំបាច់ដើម្បីទប់ស្កាត់មិនឲ្យមាន «អំពើប្រល័យពូជសាសន៍»។នេះជាការលើកឡើងមួយដែលមេដឹកនាំស្ទើរតែនៅជុំវិញពិភពលោកបានច្រានចោល។ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មានរបស់ AP។
- កាសែត The New York Times រាយការណ៍ថា ទាហានអ៊ុយក្រែនជាង៤០ នាក់បានស្លាប់នៅពេលរ៉ុក្កែតរុស្សីមួយគ្រាប់បាញ់ត្រូវចំបន្ទាយទាហានមួយក្នុងក្រុង Mykolaiv ប្រទេសអ៊ុយក្រែន។
- លោក Jamie Dettmer នៃវីអូអេរាយការណ៍ពីក្រុងវ៉ាសូវី ប្រទេសប៉ូឡូញថាមន្ត្រីរុស្សីបាននិយាយនៅថ្ងៃសៅរ៍ថា ពួកគេបានបាញ់មីស៊ីលលឿនជាងសំឡេងមួយគ្រឿងជាលើកដំបូងក្នុងប្រទេសអ៊ុយក្រែនដោយតម្រង់លើឃ្លាំងអាវុធមួយក្នុងភាគខាងលិចប្រទេសនេះ។
- កាសែត The New York Times រាយការណ៍ថា ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte និយាយថា ប្រទេសលោកមិនកាន់ជើងភាគីណាមួយក្នុងបញ្ហារុស្សីលុកលុយប្រទេសអ៊ុយក្រែនទេ។
- ទូរទស្សន៍ Al Jazeera រាយការណ៍ថា ផ្លូវរបៀងមនុស្សធម៌មួយនឹងបើកក្នុងតំបន់ Luhansk នៃប្រទេសអ៊ុយក្រែននៅថ្ងៃសៅរ៍។
- ទីភ្នាក់ងារទេសន្តរប្រវេសន៍ប្រចាំអង្គការសហប្រជាជាតិ ថ្លែងថា ការប្រយុទ្ធគ្នាបានធ្វើឱ្យមនុស្សជិត ៦ លាន ៥ សែននាក់ខ្ចាត់ព្រាត់ពីលំនៅដ្ឋាននៅក្នុងអ៊ុយក្រែន ហើយជនភៀសខ្លួន ៣ លាន ២ សែននាក់ដែលបានរត់គេចខ្លួនចេញពីប្រទេសនេះ។ មន្ត្រីអ៊ុយក្រែននិយាយថា មនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។
- ទីភ្នាក់ងារព័ត៌មាន AP រាយការណ៍ថា សង្គ្រាមអ៊ុយក្រែនចូលក្នុងសប្តាហ៍ទីបួនហើយ។ កាលពីយប់មិញ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានចោទប្រកាន់វិមានក្រឹមឡាំងថា បានបង្កើតឱ្យមាន«មហន្តរាយមនុស្សធម៌មួយ» ដោយចេតនា តែលោកក៏បានអំពាវនាវដល់ប្រធានាធិបតីរុស្សី Vladimir Putin ឱ្យជួបលោក ដើម្បីចរចាគ្នាដោយផ្ទាល់ដែរ។
- ប្រធានាធិបតីបារាំងលោក Emmanuel Macron បានជំរុញឱ្យមានការឈប់បាញ់មួយជាបន្ទាន់ នៅក្នុងការហៅទូរសព្ទមួយកាលពីថ្ងៃសុក្រជាមួយលោក Putin។ ការិយាល័យលោក Macron បានថ្លែងថា លោក Putin បានបន្ទោសអ៊ុយក្រែន។ លោក Olaf Scholz អធិការបតីអាល្លឺម៉ង់ក៏បានជំរុញលោក Putin ឱ្យមានកិច្ចឈប់បាញ់មួយនៅក្នុងការនិយាយគ្នាតាមទូរសព្ទមួយកាលពីថ្ងៃសុក្រដែរ។ នេះបើតាមរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
- លោកប្រធានាធិបតី Joe Biden និងប្រធានាសធិបតីចិន Xi Jinping បាននិយាយគ្នាជិតពីរម៉ោងតាមវីដេអូ នៅពេលសហរដ្ឋអាមេរិក ចង់រារាំងរដ្ឋាភិបាលក្រុងប៉េកាំងមិនឱ្យផ្តល់ជំនួយយោធា ឬជំនួយសេដ្ឋកិច្ចដល់ការលុកលុយរបស់រុស្សីនៅអ៊ុយក្រែន។ លោក Biden បានពណ៌នាផលវិបាកដែលចិននឹងប្រឈមពីសហរដ្ឋអាមេរិក ប្រសិនបើចិនផ្តល់ជំនួយយោធា ឬជំនួយសេដ្ឋកិច្ចដល់ការលុកលុយរបស់រុស្សីក្នុងអ៊ុយក្រែន។ លោក Xi បានសុំឱ្យសហរដ្ឋអាមេរិក និងរុស្សីចរចាគ្នា ហើយលោកបានបន្ទោសសហរដ្ឋអាមេរិកអំពីវិបត្តិនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។
១៩:៥៦
២០.៣.២០២២
ថ្ងៃអាទិត្យ ទី២០ ខែមីនា៖
- អ្នកនាំពាក្យសេតវិមានអ្នកស្រី Jen Psaki បាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រធានាធិបតីអាមេរិកលោក Joe Biden មិនមានគម្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែននោះទេ នៅពេលលោកធ្វើទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបនៅពេលប៉ុន្មានថ្ងៃខាងមុខនេះ។
- ប្រទេសតួកគីដែលបានព្យាយាមធ្វើជាអ្នកសម្រុះសម្រួល បានបញ្ជាក់ថា រុស្ស៊ីនិងអ៊ុយក្រែនមានការវិវឌ្ឍទៅមុខលើការចរចាដើម្បីបញ្ចប់សង្គ្រាម ហើយភាគីទាំងពីរជិតឈានដល់ការព្រមព្រៀងគ្នាហើយ។ តួកគីក៏បានលើកឡើងផងដែរថា ខ្លួនត្រៀមលក្ខណៈរួចរាល់នៅក្នុងការរៀបចំជំនួបរវាងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- លោក Pavlo Kyrylenko អភិបាលតំបន់ Donetsk Oblast ក្នុងប្រទេសអ៊ុយក្រែន បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍មួយតាមទូរទស្សន៍នៅថ្ងៃអាទិត្យនេះថា ការប្រយុទ្ធគ្នារវាងកងកម្លាំងអ៊ុយក្រែននិងកងកម្លាំងរុស្ស៊ីនៅបន្តនៅក្នុងទីក្រុង Mariupol។ ពលរដ្ឋជាច្រើនក្នុងចំណោមពលរដ្ឋ ៤០០.០០០ នាក់ នៃទីក្រុងនេះបានជាប់នៅក្នុងទីក្រុងនេះអស់រយៈពេលជាង ២ សប្ដាហ៍មកហើយ ស្របពេលរុស្ស៊ីព្យាយាមដណ្ដើមកាន់កាប់ទីក្រុងនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការសិទ្ធិមនុស្ស (OHCHR) បានបញ្ជាក់នៅថ្ងៃអាទិត្យនេះថា ជនស៊ីវិលយ៉ាងហោចណាស់ ៩០២ នាក់ បានស្លាប់ និង ១.៤៥៩ នាក់ទៀតបានរងរបួសនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន គិតត្រឹមពាក់កណ្ដាលយប់ថ្ងៃសៅរ៍។ ទីភ្នាក់ងារនេះបានបន្ថែមថា តួលេខនៃការស្លាប់និងរងរបួសអាចខ្ពស់ជាងនេះច្រើន ដោយសារតែខ្លួនមិនទាន់អាចទទួលបានឬក៏ផ្ទៀងផ្ទាត់របាយការណ៍អំពីការស្លាប់និងរងរបួសនេះពីទីក្រុងដែលរងគ្រោះខ្លាំងនានាដូចជាទីក្រុង Mariupol ជាដើម។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ដែលមានបំណងស្វែងរកការគាំទ្រពីជាតិសាសន៍ជ្វីហ្វនិងប្រទេសអ៊ីស្រាអែល ទាក់ទិននឹងការឈ្លានពានរបស់រុស្ស៊ីលើប្រទេសរបស់លោក គ្រោងនឹងថ្លែងសុន្ទរកថាទៅកាន់សភាអ៊ីស្រាអែលនៅថ្ងៃអាទិត្យនេះ។ សភាអ៊ីស្រាអែលបានបញ្ជាក់ថា សុន្ទរកថារបស់លោក Zelenskyy គ្រោងនឹងធ្វើឡើងនៅម៉ោង ៦ ល្ងាច ម៉ោងនៅក្នុងប្រទេសអ៊ីស្រាអែល។
- លោក Oleksiy Arestovych ទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់នៅក្នុងការថ្លែងតាមវីដេអូមួយនៅថ្ងៃអាទិត្យនេះថា សមរភូមិជួរមុខរវាងកងកម្លាំងអ៊ុយក្រែននិងកងកម្លាំងរុស្ស៊ីក្នុងពេលមួយថ្ងៃកន្លងមក «មានសភាពនៅនឹងថ្កល់ផ្អែកតាមលក្ខណៈប្រតិបត្តិជាក់ស្ដែង» ដោយសារតែរុស្ស៊ីមិនមានកម្លាំងប្រយុទ្ធគ្រប់គ្រាន់ដើម្បីរុលទៅមុខ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- លោក Filippo Grandi ប្រធានឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការជនភៀសខ្លួន (UNHCR) បាននិយាយនៅថ្ងៃអាទិត្យនេះថា មនុស្ស ១០ លាននាក់ ដែលស្មើនឹងជាងមួយភាគបួននៃប្រជាជនសរុបរបស់ប្រទេសអ៊ុយក្រែន បានភៀសខ្លួនពីសង្គ្រាម «ដ៏មហន្តរាយ» ដែលរុស្ស៊ីកំពុងធ្វើនៅក្នុងប្រទេសអ៊ុយក្រែន។ លោកបញ្ជាក់ដូច្នេះថា ពលរដ្ឋអ៊ុយក្រែន ៣.៣៨៩.០៤៤ នាក់ បានភៀសខ្លួនតាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនតាំងពីថ្ងៃទី ២៤ ខែកុម្ភៈមក ហើយមនុស្ស ៦០.៣៥២ នាក់ទៀត កំពុងភៀសខ្លួនតាំងពីថ្ងៃសៅរ៍មក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- សម្ដេចប៉ាប Francis បានបន្តរិះគន់ប្រទេសរុស្ស៊ី ដោយនៅថ្ងៃអាទិត្យនេះបានហៅសង្គ្រាមដែលបង្កឡើងដោយរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនថាជា «ការសម្លាប់រង្គាលដ៏ឆ្កួតលីលា» ដែលគ្មានហេតុផលត្រឹមត្រូវ និងបានជំរុញឱ្យបញ្ឈប់ «សង្គ្រាមដែលគួរឱ្យស្អប់ខ្ពើមនេះ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រទេសប៉ូឡូញ ដែលកំពុងប្រឹងប្រែងជួយជនភៀសខ្លួនជាង ២ លាននាក់មកពីប្រទេសអ៊ុយក្រែន បានអំពាវនាវឱ្យបណ្ដាប្រទេសមានបំផុតនៅលើពិភពលោកជួយកសាងប្រទេសអ៊ុយក្រែនឡើងវិញ។ នេះបើយោងតាមកាសែត The Washington Post។
- រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំងលោក Bruno Le Maire បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយទូរទស្សន៍ LCI នៅថ្ងៃអាទិត្យនេះថា ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីទាក់ទិននឹងការឈ្លានពានរបស់ប្រទេសនេះលើប្រទេសអ៊ុយក្រែន កំពុងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសនេះនិងដល់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ លោកបានបន្ថែមថា ការហាមឃាត់ការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នពីរុស្ស៊ីទៅសហភាពអឺរ៉ុបនៅតែជាជម្រើសមួយសម្រាប់ប្រទេសបារាំង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnson នៅថ្ងៃអាទិត្យនេះ បានជំរុញប្រទេសចិនឱ្យចូលរួមជាមួយបណ្ដាបស្ចិមប្រទេសនៅក្នុងការថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- រុស្ស៊ីបញ្ជាក់នៅថ្ងៃអាទិត្យនេះថា ខ្លួនបានបាញ់មីស៊ីលលឿនជាងសំឡេងថ្មីបំផុតរបស់ខ្លួននៅថ្ងៃទីពីរនៅក្នុងប្រទេសអ៊ុយក្រែន ដោយបានបំផ្លាញការដ្ឋានផ្ទុកប្រេងឥន្ធនៈមួយកន្លែងនៅភាគខាងត្បូងប្រទេស។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- អាជ្ញាធរអ៊ុយក្រែនបានចោទប្រកាន់កងកម្លាំងរុស្ស៊ីថាបានទម្លាក់គ្រាប់បែកលើសាលាសិល្បៈមួយកន្លែងនៅក្នុងទីក្រុង Mariupol ដែលនៅទីនោះ មនុស្សប្រហែល ៤០០ នាក់ រួមទាំងស្ត្រីនិងកុមារផងដែរ កំពុងជ្រកកោនគេចពីសង្គ្រាម។ រុស្ស៊ីបានបដិសេធថា ខ្លួនមិនបានវាយប្រហារសំដៅលើជនស៊ីវិលនោះទេ។ អាជ្ញាធរអ៊ុយក្រែនក៏បានចោទប្រកាន់កងកម្លាំងរុស្ស៊ីផងដែរថាបានចាប់បញ្ជូនពលរដ្ឋប្រហែល ១.០០០ នាក់ត្រឡប់ទៅរុស្ស៊ីវិញ និងដកហូតលិខិតឆ្លងដែនអ៊ុយក្រែនរបស់ពួកគេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters និងទីភ្នាក់ងារព័ត៌មាន AFP។
- ខុទ្ទកាល័យរបស់ប្រធានាធិបតីអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃអាទិត្យនេះថា លោកប្រធានាធិបតី Volodymyr Zelenskyy បានចុះហត្ថលេខាលើអនុក្រឹត្យមួយដែលនឹងបញ្ចូលស្ថានីយ៍ទូរទស្សន៍ជាតិទាំងអស់ជាស្ថានីយ៍ទូរទស្សន៍តែមួយ ដោយលើកឡើងអំពីសារៈសំខាន់នៃ «គោលនយោបាយព័ត៌មានរួមតែមួយ» នៅក្រោមច្បាប់អាជ្ញាសឹក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ក្រុមប្រឹក្សាក្រុង Mariupol នៃប្រទេសអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃអាទិត្យនេះថា មនុស្សជិត ៤០.០០០ នាក់ ដែលស្មើនឹងប្រហែល ១០% នៃប្រជាពលរដ្ឋសរុបនៅក្នុងទីក្រុង Mariupol បានគេចខ្លួនចេញពីទីក្រុងនេះ បន្ទាប់ពីកងទ័ពរុស្ស៊ីបានឡោមព័ទ្ធទីក្រុងនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AP។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា ការឡោមព័ទ្ធរបស់រុស្ស៊ីលើទីក្រុង Mariupol របស់អ៊ុយក្រែនគឺជា «អំពើសាហាវយង់ឃ្នងដែលនឹងត្រូវចងចាំក្នុងរយៈពេលជាច្រើនសតវត្សរ៍ខាងមុខ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- អ៊ុយក្រែនបានអំពាវនាវឱ្យប្រទេសចិនថ្កោលទោស «អំពើសាហាវព្រៃផ្សៃរបស់រុស្ស៊ី» បន្ទាប់ពីសហរដ្ឋអាមេរិកបានព្រមានរដ្ឋាភិបាលចិនថា ចិននឹងទទួលផលវិបាកប្រសិនបើគាំទ្រការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន។ លោក Mikhailo Podolyak ទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែន បានសរសេរនៅលើ Twitter ថា៖ «ប្រទេសចិនអាចជាផ្នែកដ៏សំខាន់មួយនៅក្នុងប្រព័ន្ធសន្តិសុខសាកលលោក ប្រសិនបើចិនធ្វើសេចក្ដីសម្រេចត្រឹមត្រូវនៅក្នុងការគាំទ្រសម្ព័ន្ធភាពរបស់បណ្ដាប្រទេសដែលមានអារ្យធម៌ខ្ពង់ខ្ពស់និងថ្កោលទោសអំពើសាហាវព្រៃផ្សៃរបស់រុស្ស៊ី»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនអ្នកស្រី Iryna Vereshchuk បានបញ្ជាក់ថា ច្រករបៀងមនុស្សធម៌ចំនួន ៧ នឹងបើកនៅថ្ងៃអាទិត្យនេះដើម្បីសម្រួលឱ្យជនស៊ីវិលចាកចេញពីតំបន់ជួរមុខនៃសង្គ្រាម។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- អូស្ត្រាលីហាមឃាត់រាល់ការនាំចេញទាំងអស់នៃអាលុយមីញ៉ូមនិងបុកស៊ីត (សារធាតុគីមី) ទៅកាន់ប្រទេសរុស្ស៊ី និងសន្យាផ្ដល់ជំនួយសព្វាវុធនិងជំនួយមនុស្សធម៌បន្ថែមទៀតដល់អ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។