ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

រុស្ស៊ី​ផ្លោង​ដាក់​រដ្ឋធានី​កៀវ ស្របពេល​មេដឹកនាំ​នៃ​ប្រទេស ៣ នៅ​អឺរ៉ុប ធ្វើ​ទស្សនកិច្ច​ទៅ​អ៊ុយក្រែន


ក្រុម​ការងារ​ពន្លត់អគ្គីភ័យ​កំពុង​ពន្លត់អគ្គីភ័យ​នៅ​អគារ​ស្នាក់នៅ​មួយ​កន្លែង ដែល​រងការ​វាយប្រហារ​ដោយ​គ្រាប់​ផ្លោង​ពី​កងកម្លាំង​រុស្ស៊ី ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។ (REUTERS/Marko Djurica)

មេដឹកនាំ​នៃ​ប្រទេស​ចំនួន ៣ នៅ​ទ្វីប​អឺរ៉ុប​បាន​ធ្វើ​ដំណើរ​ទៅកាន់​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ស្របពេល​ដែល​ប្រទេស​រុស្ស៊ី​បាន​បាញ់​ផ្លោង​ដាក់​រដ្ឋធានី​និង​ទីក្រុង​ផ្សេងៗ​ទៀត​របស់​អ៊ុយក្រែន​នៅ​ក្នុង​ការ​ឈ្លានពាន​របស់​ខ្លួន​ជិត ៣ សប្តាហ៍​កន្លង​មក​នេះ។

រុស្ស៊ី​បាន​បាញ់​ផ្លោង​ចូល​រដ្ឋធានី​កៀវ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ដែល​ក្នុង​នោះ​ការ​បាញ់​ផ្លោង​មួយ​បាន​ត្រូវ​ចំ​អាគារ​ស្នាក់នៅ​របស់​ពលរដ្ឋ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ២ នាក់។ អភិបាល​រដ្ឋធានី​កៀវ​លោក Vitaly Klitschko បាន​ប្រកាស​បម្រាម​គោចរ​រយៈពេល ៣៦ ម៉ោង​សម្រាប់​ទីក្រុង​កៀវ​ដែល​បាន​ចាប់ផ្តើម​កាលពី​យប់​ថ្ងៃ​អង្គារ។

នាយករដ្ឋមន្ត្រី​ប្រទេស​ឆែក​លោក Petr Fiala បាន​និយាយ​ថា លោក​បាន​ធ្វើ​ដំណើរ​ទៅកាន់​រដ្ឋធានី​កៀវ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ជាមួយ​នឹង​នាយក​រដ្ឋមន្ត្រី​ប៉ូឡូញ​លោក Mateusz Morawiecki និង​នាយក​រដ្ឋមន្ត្រី​ស្លូវេនី​លោក Janez Jansa ដើម្បី​តំណាង​ឲ្យ​ក្រុមប្រឹក្សា​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប​នៅ​ក្នុង​ជំនួប​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy និង​នាយករដ្ឋមន្ត្រី​អ៊ុយក្រែន​លោក Denys Shmyhal។

លោក Fiala បាន​ថ្លែង​ថា៖ «គោល​បំណង​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ដើម្បី​បញ្ជាក់​អំពី​ការ​គាំទ្រ​ច្បាស់លាស់​របស់​សហភាព​អឺរ៉ុប​ទាំងមូល​ចំពោះ​អធិបតេយ្យភាព​និង​ឯករាជ្យភាព​របស់​ប្រទេស​អ៊ុយក្រែន។ គោល​បំណង​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​ក៏​បង្ហាញ​ឱ្យ​ឃើញ​ផងដែរ​អំពី​ការ​គាំទ្រ​យ៉ាង​ទូលំទូលាយ​ចំពោះ​ប្រទេស​និង​ប្រជាពលរដ្ឋ​អ៊ុយក្រែន»។

សហភាព​អឺរ៉ុប​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ជុំ​ថ្មី​មួយ​ទៀត​ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី។ ទណ្ឌកម្ម​ទាំងនោះ​មាន​ដូចជា​ការ​ហាមឃាត់​ការ​ដោះដូរ​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​កាន់កាប់​ដោយ​រដ្ឋ​ឬ​ការ​វិនិយោគ​ថ្មី​នៅ​ក្នុង​ផ្នែក​ថាមពល​របស់​រុស្ស៊ី និង​ការ​រឹតបន្តឹង​ពាណិជ្ជកម្ម​ឲ្យ​កាន់តែ​ខ្លាំង​ជាងមុន​លើ​ទំនិញ​ដែក ដែកថែប និង​ទំនិញ​ប្រណិតៗ​ផ្សេងទៀត។

ការ​ឆ្លើយតប​ភាគច្រើន​របស់​អន្តរជាតិ​លើ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ក្នុង​ពេល​កន្លង​មក​បាន​ផ្តោត​លើ​ការ​ដាក់​ទណ្ឌកម្ម​លើ​សេដ្ឋកិច្ច​រុស្ស៊ី។ ប្រទេស​ជប៉ុន​ក៏​បាន​ប្រកាស​ទណ្ឌកម្ម​ថ្មី​ផងដែរ​កាលពី​ថ្ងៃ​អង្គារ ដោយ​ថា​ខ្លួន​បាន​បង្កក​ទ្រព្យសម្បត្តិ​របស់​ជនជាតិ​រុស្ស៊ី​ចំនួន ១៧ នាក់ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​សមាជិក​សភា​រុស្ស៊ី ១១ នាក់ មហាសេដ្ឋី Viktor Vekselberg និង​សមាជិក​ក្រុម​គ្រួសារ​របស់​ធនាគារិក Yuri Kovalchukផងដែរ៕


ព័ត៌មាន​ខ្លះ​នៅក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press ទីភ្នាក់ងារ​ព័ត៌មាន AFP និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters

XS
SM
MD
LG