ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ឃ្លាំមើល៖ រុស្ស៊ី​កំពុង​ជ្រើសរើស​មនុស្ស​រាប់​ពាន់​នាក់​នៅ​ស៊ីរី​ដើម្បី​ជួយ​ប្រយុទ្ធ​នៅ​អ៊ុយក្រែន


កងកម្លាំង​គាំទ្រ​រុស្ស៊ី​ស្លៀក​ពាក់​ឯកសណ្ឋាន​យោធា​កំពុង​ស្ថិត​នៅ​ក្នុង​ក្រុង Volnovakha ប្រទេស​អ៊ុយក្រែន ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២។ (REUTERS/Alexander Ermochenko)
កងកម្លាំង​គាំទ្រ​រុស្ស៊ី​ស្លៀក​ពាក់​ឯកសណ្ឋាន​យោធា​កំពុង​ស្ថិត​នៅ​ក្នុង​ក្រុង Volnovakha ប្រទេស​អ៊ុយក្រែន ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២។ (REUTERS/Alexander Ermochenko)

អង្គការ​ឃ្លាំមើល​មួយ​បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា ប្រទេស​រុស្ស៊ី​បាន​រៀបចំ​បញ្ជី​ឈ្មោះ​យុទ្ធជន​ចំនួន ៤០.០០០ នាក់​មកពី​កងទ័ព​ស៊ីរី​និង​កង​ជីវពល​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន ដើម្បី​ដាក់​ឲ្យ​ប្រុងប្រៀប​រៀបចំ​ខ្លួន​សម្រាប់​ការ​ដាក់​ពង្រាយ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

រដ្ឋាភិបាល​រុស្ស៊ី​បាន​បញ្ជាក់​កាលពី​សប្តាហ៍​មុន​ថា ខ្លួន​ស្វាគមន៍​ក្រុម​អ្នក​ស្ម័គ្រចិត្ត ដែល​រួម​មាន​ទាំង​អ្នក​ស្ម័គ្រចិត្ត​មកពី​ប្រទេស​ស៊ីរី​ផងដែរ នៅ​ក្នុង​ការ​កៀក​ស្មា​ជាមួយ​កងទ័ព​រុស្ស៊ី​ដើម្បី​ប្រយុទ្ធ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

អង្គការ​សិទ្ធិ​មនុស្ស Syrian Observatory for Human Rights និង​សកម្មជន​នានា​បាន​បញ្ជាក់​ថា នៅក្នុង​ការ​សម្របសម្រួល​ជាមួយ​យោធា​ស៊ីរី​និង​កង​ជីវពល​ដែល​ជា​សម្ព័ន្ធមិត្ត ក្រុម​មន្ត្រី​រុស្ស៊ី​បាន​បង្កើត​ការិយាល័យ​ចុះឈ្មោះ​នៅ​ក្នុង​តំបន់​នានា​ដែល​របប​លោក​ប្រធានាធិបតី Bashar al-Assad នៃ​ប្រទេស​ស៊ីរី​កាន់កាប់។

លោក Rami Abdel Rahman ប្រធាន​អង្គការ Syrian Observatory for Human Rights បាន​និយាយ​ថា៖ «កន្លង​មក មាន​ជនជាតិ​ស៊ីរី​ជាង ៤០.០០០ នាក់​រួច​ហើយ​បាន​ចុះឈ្មោះ​ដើម្បី​រួម​គ្នា​ជាមួយ​កងទ័ព​រុស្ស៊ី​នៅ​ក្នុង​ការ​ប្រយុទ្ធ​នៅ​អ៊ុយក្រែន»។

រដ្ឋាភិបាល​រុស្ស៊ី​កំពុង​ជ្រើសរើស​ពលរដ្ឋ​ស៊ីរី​ដែល​មាន​បទ​ពិសោធន៍​ប្រយុទ្ធ​ក្នុង​សង្គ្រាម​ស៊ីវិល ១១ ឆ្នាំ​នៅ​ក្នុង​ប្រទេស​ស៊ីរី ដើម្បី​ពង្រឹង​ការ​ឈ្លានពាន​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន៕

XS
SM
MD
LG