ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

២២:១៦ ៨.៣.២០២២

លោក Biden គ្រោង​ប្រកាស​ការ​ហាមឃាត់​លើ​ការ​នាំចូល​ប្រេង​ពី​រុស្ស៊ី ដោយសារ​សង្គ្រាម​នៅ​អ៊ុយក្រែន

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​សម្រេច​ហាម​ឃាត់​ការ​នាំចូល​ប្រេង​ពី​ប្រទេស​រុស្ស៊ី ដែល​ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​រុស្ស៊ី​កាន់តែ​ខ្លាំង។ ចំណាត់ការ​នេះ​គឺ​ជា​ការ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AP

ចំណាត់ការ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​អំពាវនាវ​ឲ្យ​សហរដ្ឋ​អាមេរិក​និង​មន្ត្រី​នៃ​បណ្តា​ប្រទេស​លោក​ខាង​លិច កាត់​ផ្តាច់​ការ​នាំចូល​ប្រេង​ពី​រុស្ស៊ី ដែល​ជា​ចំណុច​ដ៏​សំខាន់​មួយ​នៃ​ការ​ដាក់ទណ្ឌកម្ម​ទ្រង់ទ្រាយ​ធំ​លើ​រុស្ស៊ី​ដោយសារ​តែ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ ការ​នាំ​ចេញ​ថាមពល​គឺជា​ប្រភព​ថវិកា​ដ៏​ឋិតឋេរ​មួយ​របស់​រុស្ស៊ី។ ចំណាត់ការ​របស់​សហរដ្ឋ​អាមេរិក​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រភព​ហិរញ្ញវត្ថុ​របស់​រុស្ស៊ី។

នៅ​ថ្ងៃ​អង្គារ​នេះ​ លោក Biden គ្រោង​ប្រកាស​អំពី​ចំណាត់ការ​នេះ។ នេះ​បើ​យោងតាម​បុគ្គល​ដែល​ដឹង​អំពី​ចំណាត់ការ​នេះ​ដែល​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ AP ដោយ​មិន​បញ្ចេញ​ឈ្មោះ។ សេតវិមាន​បាន​ឲ្យ​ដឹងថា លោក Biden នឹង​ប្រកាស​ «ចំណាត់ការ​នានា​ដើម្បី​ឲ្យ​រុស្ស៊ី​ទទួល​ខុស​ត្រូវ​លើ​សង្គ្រាមនៅ​អ៊ុយក្រែន ដែល​មិន​សម​នឹង​កើត​ឡើង និង​ដែល​មិន​សម​ហេតុផល»

សហរដ្ឋ​អាមេរិក​នឹង​ចាត់​វិធានការ​នេះ​ដោយ​ឯករាជ្យ​ តែ​បាន​ពិភាក្សា​ជាមួយ​សម្ពន្ធមិត្ត​នៅ​ទ្វីបអឺរ៉ុប ដែល​ភាគច្រើន​ពឹង​ផ្អែក​លើ​រុស្ស៊ី​ដើម្បី​ផ្គត់ផ្គង់​តម្រូវ​ការ​ថាមពល។ បណ្តា​ប្រទេស​នៅ​ទ្វីបអឺរ៉ុប​បាន​លើក​ឡើង​ថា ពួកគេ​គ្រោង​កាត់បន្ថយ​ការ​ពឹង​ផ្អែក​លើ​រុស្ស៊ី​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ថាមពល​ក្នុង​ប្រទេស​របស់​ពួកគេ ប៉ុន្តែ​ត្រូវ​ធ្វើ​យ៉ាងណា​មិន​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ពួកគេ​ ហើយ​វា​ត្រូវការ​ពេលវេលា។ ធនធាន​ឧស្ម័ន​ធម្មជាតិ​របស់​រុស្ស៊ី​ផ្គត់ផ្គង់​មួយភាគ​បីដល់​តម្រូវការ​ប្រេង​ឥន្ធនៈ​នៅ​ទ្វីបអឺរ៉ុប។ សហរដ្ឋ​អាមេរិក​មិន​នាំ​ចូល​ឧស្ម័ន​ធម្មជាតិ​ពី​រុស្ស៊ី​នោះ​ទេ៕

តារាង​តម្លៃ​ប្រេង​ក្នុង​មួយ​ហ្គាឡុង(ជាង​៣​លីត្រ) នៅ​ក្នុង​ក្រុង Tumwater រដ្ឋ​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២។
តារាង​តម្លៃ​ប្រេង​ក្នុង​មួយ​ហ្គាឡុង(ជាង​៣​លីត្រ) នៅ​ក្នុង​ក្រុង Tumwater រដ្ឋ​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២។

២២:៥០ ៨.៣.២០២២

ប្រធានាធិបតី​ចិន​លោក ស៊ី ជីនពីង រិះគន់​ការ​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី

ប្រទេស​ចិន​បាន​ឲ្យ​ដឹង​ថា លោក​ប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) បាន​រិះគន់​ការ​ដាក់​ទណ្ឌកម្ម​នានា​លើ​ប្រទេស​រុស្ស៊ី​ចំពោះ​សង្គ្រាម​ដែល​រុស្ស៊ី​បាន​បង្ក​ឡើង​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ដោយ​បាន​ហៅ​ការ​ដាក់​ទណ្ឌកម្ម​នោះ​ថា​ជា​បង្ក​ «ផល​វិបាក​ដល់​ភាគី​គ្រប់​គ្នា»។ លោក ស៊ី ជីនពីង បាន​ថ្លែង​ដូច្នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​តាម​អនឡាញ​មួយ​ជាមួយ​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron និង​អធិការ​បតី​អាល្លឺម៉ង់​លោក Olaf Scholz។

ចិន​គាំទ្រ​រុស្ស៊ី​នៅ​ក្នុង​ការ​បន្ទោស​សហរដ្ឋ​អាមេរិក និង​សម្ពន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក​ ថា​បាន​ញុះញង់​ឲ្យ​មាន​ជម្លោះ​នេះ​ឡើង​។ ចិន​បាន​ធ្វើ​អនុប្បវាទ​នៅ​ក្នុង​ការ​បោះឆ្នោត​លើ​សេចក្តី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ​ដើម្បី​ថ្កោលទោសរុស្ស៊ី​សម្រាប់​ការ​ឈ្លានពាន​នៅ​អ៊ុយក្រែន​។

នៅ​ក្នុង​សេចក្តី​រាយការណ៍​នៅ​ថ្ងៃ​អង្គារ​នេះ អ្នក​ផ្សាយ​ព័ត៌មាន​ CCTV របស់​រដ្ឋាភិបាល​ចិន បាន​ថ្លែង​ថា លោក​ប្រធានាធិបតី ស៊ី ជីនពីង​ បាន​បង្ហាញ «ភាព​តានតឹង​ក្នុង​ចិត្ត និង​ភាព​ឈឺចាប់​ដ៏​ជ្រាលជ្រៅ​» លើ​ការ​ប្រយុទ្ធ​គ្នា​ដែល​កំពុង​កើត​មាន​ឡើង​ ហើយ​បាន​ជំរុញ​ឲ្យ​ភាគ​ទាំង​ពីរ គឺ​រុស្ស៊ី​និង​អ៊ុយក្រែន ​ចរចា​គ្នា​ដើម្បី​សន្តិភាព ហើយ​ថា ចិន​មាន​ឆន្ទៈ​ដើរ​តួនាទី​នៅ​ក្នុង​កិច្ច​ចរចា​ដើម្បី​សន្តិភាព​នេះ។

លោក ស៊ី ជីនពីង មិន​បាន​ផ្តល់​តម្រុយ​ថា​តើ​ចិន​នឹង​នាំ​យក​នូវ​ដំណោះស្រាយ​អ្វី​នោះ​ទេ ហើយ​អ្វី​ដែល​លោក​បាន​លើក​ឡើង​ គឺ​ពាក់ព័ន្ធ​នឹង​ផល​ប៉ះពាល់​នៃ​ការ​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី។

លោក ស៊ី ជីនពីង ត្រូវបាន​ដក​ស្រង់​សម្តី​ថា៖ «យើង​ចង់​ធ្វើការ​ទៅ​មុខ​ជាមួយ​គ្នា ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​វិបត្តិ​នេះ។ ទាក់ទិន​នឹង​ផល​ប៉ះពាល់​នៃ​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​សាកល​លោក ធនធាន​ថាមពល ស្ថិរភាព​ក្នុង​ការ​ដឹក​ជញ្ជូន​និង​ចរន្ត​ផ្គត់ផ្គង់​ទំនិញ ស្រប​ពេល​ដែល​សេដ្ឋកិច្ច​ពិភពលោក​បាន​រង​ផល​ប៉ះពាល់​រួច​ទៅ​ហើយ​ដោយសារ​ជំងឺ​រាតត្បាត​កូវីដ១៩នោះ វា​បង្ក​ផល​វិបាក​ដល់​ភាគី​គ្រប់​គ្នា»៕

រូបឯកសារ៖ ប្រធានាធិបតី​ចិន លោក Xi Jinping (ឆ្វេង) និង​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin ​ជជែក​គ្នា​នៅ​ក្នុង​សាលប្រជុំ​មួយ​នៅ​វិមាន​ក្រឹមឡាំង ទីក្រុងមូស្គូ ប្រទេស​រុស្ស៊ី ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩។
រូបឯកសារ៖ ប្រធានាធិបតី​ចិន លោក Xi Jinping (ឆ្វេង) និង​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin ​ជជែក​គ្នា​នៅ​ក្នុង​សាលប្រជុំ​មួយ​នៅ​វិមាន​ក្រឹមឡាំង ទីក្រុងមូស្គូ ប្រទេស​រុស្ស៊ី ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩។

២២:៥៥ ៨.៣.២០២២

តួកគី​បង្កើន​ការ​គាំទ្រ​ដល់​អ៊ុយក្រែន​ ដែល​ប្រថុយ​ប្រថាន​ទទួលការ​សង​សឹក​ពី​រុស្ស៊ី

ប្រទស​តួកគី បាន​បញ្ជាក់​ថា ខ្លួន​បាន​បិទ​មិនឲ្យ​នាវា​ចម្បាំង​រុស្ស៊ី​ចេញពី​សមុទ្រ​ខ្មៅ មុន​ពេល​មាន​ការវាយប្រហារ​ដែល​ត្រូវ​បាន​គេ​គិត​ទុក​លើ​ទីក្រុង​នានា​របស់​អ៊ុយក្រែន។ ស្របពេល​ជាមួយ​គ្នា​នេះ អ៊ុយក្រែន​និយាយ​ថា ពួក​គេ​ទទួល​បាន​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​បន្ថែម​ទៀត​ពី​តួកគី បើ​ទោះ​បី​ជា​មាន​ការ​ព្រមាន​ពី​រដ្ឋាភិបាល​ក្រុង​មូស្គូ​ក៏​ដោយ។

រដ្ឋាភិបាល​ក្រុង​អង់ការ៉ា បាន​អះអាង​ថា នាវា​ចម្បាំង​រុស្ស៊ី៤គ្រឿង បាន​ដក​សំណើ​សុំ​ចូលសមុទ្រ​ខ្មៅ​កាត់​តាម​ផ្លូវ​ទឹក​របស់​ខ្លួន។ ការប្រកាស​បែប​នេះ កើត​មាន​ឡើង​បន្ទាប់​ពី​តួកគី​ បាន​រឹត​បន្តឹងការ​ប្រើ​ប្រាស់​ផ្លូវ​ទឹក Bosporus ពី​សំណាក់​កង​នាវា​នៃ​កង​ទ័ព​ជើង​ទឹក​រុស្ស៊ី​នៅ​ទីក្រុង​អ៊ីស្តង់ប៊ុល​ដែល​ផ្លូវ​ទឹកនេះ ជា​ច្រក​តែ​មួយ​គត់​ដើម្បី​ចូល​ទៅ​កាន់​សមុទ្រ​ខ្មៅ។

រដ្ឋាភិបាល​ក្រុង​អង់ការ៉ា អាច​បញ្ឈប់​នាវា​កង​ទ័ព​ជើង​ទឹក​រុស្ស៊ី​មិន​ឲ្យ​ប្រើ​ប្រាស់​ផ្លូវ​ទឹក​របស់​ខ្លួន​ដោយ​ផ្អែក​លើ​អនុសញ្ញា​ក្រុង Montreux ឆ្នាំ ១៩៣៦ បន្ទាប់​ពី​ប្រទេស​នេះ ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ជា«សង្គ្រាម»។

អាន​ព័ត៌មាន​លម្អិត​តាមរយៈ​តំណ​ភ្ជាប់​ខាង​ក្រោម​នេះ៖

០០:០៩ ៩.៣.២០២២

អង្គការ​សហប្រជាជាតិ៖ ជន​ស៊ីវិល ៤៧៤ នាក់​ស្លាប់​នៅ​អ៊ុយក្រែន​ចាប់​តាំង​ពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី

ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​ថា ជនស៊ីវិល​ ៤៧៤ នាក់ បាន​ស្លាប់​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ចាប់​តាំង​ពី​រុស្ស៊ី​បាន​ឈ្លានពាន​លើ​អ៊ុយក្រែន កាលពី​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ​មក។ ការិយាល័យ​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ជន​ស៊ីវិល​ចំនួន​ប្រមាណ ៨៦១ នាក់​ បាន​រង​របួស។

ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​នេះ​ប្រើប្រាស់​វិធីសាស្ត្រហ្មត់ចត់ ហើយ​រាយការណ៍​តែ​ករណី​ស្លាប់​និង​រង​របួស​ដែល​ខ្លួន​អាច​បញ្ជាក់​បាន​តែ​ប៉ុណ្ណោះ។ អង្គការ​សហប្រជាជាតិ​ក៏​បាន​ទទួល​ស្គាល់​ថា ចំនួន​ពិត​ប្រាកដ​អាច​ច្រើន​ជាង​នេះ ដែល​មួយ​ផ្នែក​គឺ​ដោយសារ​តែ​ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​នៅ​អ៊ុយក្រែន​បាន​ពន្យារពេល​ ដែល​ខ្លួន​អាច​ទទួល​បាន​ព័ត៌មាន​ជាក់លាក់ ហើយ​សេចក្តី​រាយការណ៍​ជា​ច្រើន​កំពុង​ត្រូវបាន​ផ្ទៀងផ្ទាត់​នៅ​ឡើយ៕

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG