ប្រទសតួកគី បានបញ្ជាក់ថា ខ្លួនបានបិទមិនឲ្យនាវាចម្បាំងរុស្ស៊ីចេញពីសមុទ្រខ្មៅ មុនពេលមានការវាយប្រហារដែលត្រូវបានគេគិតទុកលើទីក្រុងនានារបស់អ៊ុយក្រែន។ ស្របពេលជាមួយគ្នានេះ អ៊ុយក្រែននិយាយថា ពួកគេទទួលបានយន្តហោះគ្មានមនុស្សបើកបន្ថែមទៀតពីតួកគី បើទោះបីជាមានការព្រមានពីរដ្ឋាភិបាលក្រុងមូស្គូក៏ដោយ។
រដ្ឋាភិបាលក្រុងអង់ការ៉ា បានអះអាងថា នាវាចម្បាំងរុស្ស៊ី៤គ្រឿង បានដកសំណើសុំចូលសមុទ្រខ្មៅកាត់តាមផ្លូវទឹករបស់ខ្លួន។ ការប្រកាសបែបនេះ កើតមានឡើងបន្ទាប់ពីតួកគី បានរឹតបន្តឹងការប្រើប្រាស់ផ្លូវទឹក Bosporus ពីសំណាក់កងនាវានៃកងទ័ពជើងទឹករុស្ស៊ីនៅទីក្រុងអ៊ីស្តង់ប៊ុលដែលផ្លូវទឹកនេះ ជាច្រកតែមួយគត់ដើម្បីចូលទៅកាន់សមុទ្រខ្មៅ។
រដ្ឋាភិបាលក្រុងអង់ការ៉ា អាចបញ្ឈប់នាវាកងទ័ពជើងទឹករុស្ស៊ីមិនឲ្យប្រើប្រាស់ផ្លូវទឹករបស់ខ្លួនដោយផ្អែកលើអនុសញ្ញាក្រុង Montreux ឆ្នាំ ១៩៣៦ បន្ទាប់ពីប្រទេសនេះ បានប្រកាសកាលពីថ្ងៃអាទិត្យថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ជា«សង្គ្រាម»។
លោក Mesut Casin ដែលជាទីប្រឹក្សាប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan និយាយថា តួកគីមានគោលបំណងអនុវត្តយ៉ាងតឹងរ៉ឹងលើការចេញចូលទៅកាន់សមុទ្រខ្មៅរបស់កងទ័ពជើងទឹកដោយអនុវត្តតាមអនុសញ្ញា Montreux នេះ។ លោកថ្លែងដូច្នេះថា៖
«យើង នឹងប្រកាសឲ្យបានច្បាស់បំផុតនិងដោយការប្រុងប្រយ័ត្ន ហើយគោលបំណងនៃអនុវត្តអនុសញ្ញា Montreux នេះដោយមិនលម្អៀង។ រុស្ស៊ី ត្រូវតែតែពិចារណាអំពីបញ្ហានេះ។ ហេតុអ្វី? យើងបានបង្ហាញជំហរនេះរួចហើយកាលពីសង្គ្រាមលោកលើកទី២ ដោយពេលនោះយើងបានបញ្ឈប់នាវាអាល្លឺម៉ង់ នាវាអ៊ីតាលី ហើយសូម្បីតែនាវាបំពាក់ដោយអាវុធរបស់សូវៀត ក៏យើងបានបញ្ឈប់ដែរ»។
ការអនុវត្តដ៏តឹងរ៉ឹងរបស់រដ្ឋាភិបាលក្រុងអង់ការ៉ាលើអនុសញ្ញានេះ ទំនងជាបានបដិសេធមិនផ្ដល់នូវមធ្យោបាយណាមួយសម្រាប់រដ្ឋាភិបាលក្រុងមូស្គូ ដើម្បីចេញចូលទៅនាវាពិឃាតនិងនាវាចម្បាំងដែលកំពុងរង់ចាំនៅទីនោះ។ ក្នុងចំណោមនាវាចម្បាំងទាំងនោះ ក៏មាននាវាចម្បាំងទំនើបបំផុតដែលបំពាក់កាំជ្រួចមីស៊ីលដែរ។
នាវាទាំងនោះត្រូវគេរំពឹងថា នឹងចូលរួមជាមួយកងនាវាចម្បាំងមួយទៀតដែលបានប្រមូលផ្ដុំគ្នានៅខាងក្រៅទីក្រុង Odesa នៃប្រទេសអ៊ុយក្រែន មុនពេលការវាយប្រហារបានត្រូវគេរំពឹងទុក។ បន្ថែមពីលើនេះ ការប្រកាសរបស់រដ្ឋាភិបាលក្រុងកៀវកាលពីថ្ងៃពុធសប្តាហ៍មុន ដែលថា យន្តហោះគ្មានមនុស្សបើកផលិតនៅតួកគី នឹងត្រូវបញ្ជូនទៅកាន់អ៊ុយក្រែននោះ នឹងទំនងធ្វើឲ្យរដ្ឋាភិបាលក្រុងមូស្គូមានការរសាប់រសល់ចិត្តកាន់តែខ្លាំងឡើង។ លោក Arda Mevlutoglu អ្នកវិភាគផ្នែកវិស័យការពារជាតិតួកគី បានថ្លែងថា យន្តហោះគ្មានមនុស្សបើកទាំងនោះ បង្កការគំរាមកំហែងដល់កងកម្លាំងរុស្ស៊ី។
លោក Mevlutoglu បានថ្លែងថា៖ «យន្តហោះគ្មានមនុស្សបើកមួយគ្រឿងដែលបំពាក់ទៅដោយគ្រាប់បែក បី បួនគ្រាប់ អាចបំផ្លាញប្រព័ន្ធសង្គ្រាមអេឡិចត្រូនិចដ៏ថ្លៃបំផុត ឬក៏អាចកម្ទេចរថពាសដែកខ្លះដែរ»។
ក្រសួងការពារជាតិអ៊ុយក្រែន បានបង្ហោះវីដេអូឃ្លីបដែលបង្ហាញយន្តហោះគ្មានមនុស្សបើកផលិតនៅតួកគីដែលដៅការវាយប្រហារលើកងកម្លាំងរុស្ស៊ី។ កាលពីសប្ដាហ៍មុន រដ្ឋាភិបាលក្រុងមូស្គូ បានព្រមានប្រទេសនានាដែលផ្ដល់គ្រឿងសព្វាវុធទៅឲ្យអ៊ុយក្រែនថា ពួកគេនឹងត្រូវទទួលខុសត្រូវចំពោះការខាតបង់នានា។ រដ្ឋាភិបាលក្រុងអង់ការ៉ា មិនធ្វើអត្ថាធិប្បាយលើការអះអាងរបស់អ៊ុយក្រែន អំពីការបញ្ជូនយន្តហោះគ្មានមនុស្សបើកថ្មីនេះទេ។
តួកគីដែលជាសមាជិកអង្គការអូតង់ មានទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី។ ក៏ប៉ុន្តែ លោកប្រធានាធិបតី Erdogan បានរិះគន់ខ្លាំងៗលើការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ លោកស្រី Asli Aydintasbas ជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅឯក្រុមប្រឹក្សាអឺរ៉ុប និយាយថា តួកគីកំពុងប្រឈមមុខនឹងហានិភ័យយ៉ាងខ្លាំងលើគោលនយោបាយការទូតរបស់ខ្លូន។ លោកស្រីបានថ្លែងយ៉ាងដូច្នេះថា៖ «ទង្វើនេះដើម្បីឲ្យមានតុល្យភាពសម្រាប់តួកគី។ វាច្បាស់ណាស់ថា ជំនួយផ្នែកការពារជាតិអាចកើតមាន ប៉ុន្តែមិនមែនក្នុងកម្រិតមួយដែលធ្វើឲ្យរុស្ស៊ីមានការរំខានចិត្តនោះទេ។ ដូច្នេះ តួកគីនឹងបន្តផ្ដល់ជំនួយតទៅទៀត ប៉ុន្តែពួកគេនឹងបញ្ឈប់នៅពេលជំនួយនោះមានភាពចាំបាច់សម្រាប់រុស្ស៊ី។ ទាំងអស់នេះ គឺដើម្បីទប់ស្កាត់កុំឲ្យរុស្ស៊ីសងសឹកលើពួកគេនៅប្រទេសស៊ីរី ឬតាមរយៈឧស្ម័នធម្មជាតិ»។
តួកគី នាំចូលថាមពលជាង៩០ភាគរយ ហើយរុស្ស៊ី គឺជាអ្នកផ្គត់ផ្គង់ថាមពលដ៏ចម្បងមួយក្នុងចំណោមប្រទេសផ្គត់ផ្គង់ថាមលផ្សេងទៀត។ ស្របពេលជាមួយគ្នានោះដែរ ក្រុមអ្នកវិភាគនិយាយថា រដ្ឋាភិបាលក្រុងអង់ការ៉ា ក៏កំពុងតែដាក់សម្ពាធលើរដ្ឋាភិបាលក្រុងមូស្គូឲ្យប្រើឥទ្ធិពលរបស់ខ្លួនដើម្បីទប់ស្កាត់រដ្ឋាភិបាលស៊ីរីមិនឲ្យចូលទៅក្នុងតំបន់ដែលកាន់កាប់ដោយពួកឧទ្ទាមក្នុងទីក្រុង Idlib ដែលស្ថិតនៅតាមបណ្ដោយព្រំដែនរវាងប្រទេសស៊ីរីជាមួយតួកគី ដោយតួកគីមានក្ដីបារម្ភថា ការចូលទៅកាន់ទីក្រុង Idlib អាចបង្កឲ្យមានលំហូរជនភៀសខ្លួនចូលក្នុងទឹកដីតួកគីបន្ថែមទៀត៕
ប្រែសម្រួលដោយលោក នៀម ឆេង