ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

០៣:០៦ ៧.៣.២០២២

នាយករដ្ឋមន្ត្រី Bennett ថា​អ៊ីស្រាអែល​នឹង​ព្យាយាម​សម្រុះសម្រួល​ក្នុង​បញ្ហា​អ៊ុយក្រែនទោះ​បី​មាន​សង្ឃឹម​តិច

អ៊ីស្រាអែល​នឹង​បន្ត​ព្យាយាម​សម្រុះសម្រួល​រវាង​ប្រទេសរុស្ស៊ី​និងប្រទេស​អ៊ុយក្រែន​ ថ្វី​បើ​ភាព​ជោគជ័យ​ទំនង​នឹង​មិន​កើត​មាន​ក្តី។ នេះ​បើ​តាម​ប្រសាសន៍​របស់​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Naftali Bennett កាល​ពី​ថ្ងៃ​អាទិត្យ ក្រោយ​ពី​លោក​ទើប​ត្រឡប់​មក​ពីការ​ជួបប្រជុំ​ដ៏​គួរឱ្យ​ភ្ញាក់ផ្អើល​មួយ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​ លោក Vladimir Putin​ និង​ត្រូវ​រាយការណ៍​ដោយ​ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters។

ប្រទេស​អ៊ុយក្រែន​បាន​ស្នើ​ឱ្យ​អ៊ីស្រាអែល​ធ្វើ​ជាអន្តរការី​ ដោយ​សារ​អ៊ីស្រាអែល​មាន​ទំនាក់ទំនង​ល្អ ទាំង​ជាមួយ​រដ្ឋាភិបាល​ក្រុង​កៀវ និង​រដ្ឋាភិបាល​ក្រុង​មូស្គូ។ ការិយាល័យ​របស់​លោក​នាយករដ្ឋមន្ត្រី Bennett ​និយាយ​ថា​ លោក​ Bennett បាន​និយាយ​ចំនួន​៣​ដង​ ​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskiy កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ៕

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Naftali Bennett ធ្វើ​សន្និសទី​សារព័ត៌មាន​រួម​គ្នា​មួយ​ជាមួយ​នឹង​អធិការបតី​អាល្លឺម៉ង់​ក្នុង​ទីក្រុង Jerusalem ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២។
នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Naftali Bennett ធ្វើ​សន្និសទី​សារព័ត៌មាន​រួម​គ្នា​មួយ​ជាមួយ​នឹង​អធិការបតី​អាល្លឺម៉ង់​ក្នុង​ទីក្រុង Jerusalem ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២។

១៩:១៥ ៧.៣.២០២២

អ៊ុយក្រែន​នឹង​ទទួល​បាន​ជំនួយ​យោធា​និង​មនុស្សធម៌​កាន់តែ​ច្រើន​ឡើង​ពី​សហរដ្ឋ​អាមេរិក

កងទ័ព​រុស្ស៊ី​បាន​បាញ់ផ្តក់​លើ​ទីក្រុង​នានា​នៅ​ភាគ​ខាង​ជើង​និង​ខាង​ត្បូង​ប្រទេស​អ៊ុយក្រែន​នៅ​ថ្ងៃ​ចន្ទ​នេះ នៅពេល​ដែល​មន្ត្រី​អ៊ុយក្រែន បាន​ព្រមាន​ថា រុស្ស៊ី​អាច​ខិត​កាន់តែ​ជិតទៅនឹង​ការវាយ​សង្គ្រប់​យក​រដ្ឋធានី​កៀវ​ ដោយយោធា​រុស្ស៊ី​បាន​ប្រកាស​ពី​ផែន​ការដែល​មិនទាន់​ត្រូវ​បាន​អនុវត្ត​ក្នុង​ពេល​ចុង​ក្រោយ​នេះ ដើម្បី​បង្កើត​តំបន់​ច្រក​របៀង​សម្រាប់​ជន​ស៊ីវិល​ដែល​ជាប់​នៅ​ក្នុង​ការឈ្លានពាន​របស់​ខ្លួន។

នាយ​អគ្គសេនាធិការ​កង​ប្រដាប់​អាវុធ​អ៊ុយក្រែន បាន​និយាយ​ថា កងទ័ព​រុស្ស៊ី​បាន​ផ្តោត​លើ​ការឡោមព័ទ្ធ​ទីក្រុង​កៀវ Kharkiv ទីក្រុង​ Chernihiv ទីក្រុង​ Sumy និង​ទីក្រុង​ Mykolayiv។ សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ចោទ​ប្រកាន់​រុស្ស៊ី​ពី​ការរំលោភ​ច្បាប់​មនុស្សធម៌​អន្តរជាតិ​ដោយ​ការបាញ់​ផ្តក់​លើ​ជន​ស៊ីវិល ​និង​ការបង្កើត​វិបត្តិ​មនុស្សធម៌​នៅ​ក្នុង​តំបន់​ដែល​រុស្ស៊ី​កាន់កាប់។

មួយ​ថ្ងៃបន្ទាប់​ពី​សមាជិក​សភា​ជា​ច្រើន​របស់​សហរដ្ឋ​អាមេរិក បាន​និយាយ​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន​មក សមាជិក​សភា​អាមេរិក​បាន​សន្យា​ផ្តល់​ជំនួយ​យោធា​បន្ថែម​ដល់​រដ្ឋាភិបាល​ក្រុង​កៀវ នៅពេល​ដែល​រដ្ឋាភិបាល​អ៊ុយក្រែន​ កំពុងបន្ត​វាយប្រយុទ្ធ​ដើម្បី​ការរស់រាន​មាន​ជីវិត​របស់​ខ្លួន​ប្រឆាំង​នឹងការឈ្លានពាន​ពី​រុស្ស៊ី។

រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Joe Biden បាន​ស្នើ​ប្រាក់​ចំនួន១០ពាន់​លាន​ដុល្លារ​ជា​ជំនួយ​មនុស្សធម៌ យោធា​ និង​សេដ្ឋកិច្ច​សម្រាប់​ប្រទេសអ៊ុយក្រែន។

អាន​ព័ត៌មាន​លម្អិត​តាមរយៈ​តំណ​ភ្ជាប់​ខាង​ក្រោម​នេះ៖

២១:១៥ ៧.៣.២០២២

ខណៈ​ជន​ជាតិ​អ៊ុយក្រែន​កំពុង​សម្រុក​ចេញ​ពី​ប្រទេស​ មាន​សេចក្តី​រាយការណ៍​ពី​ការ​រើសអ៊ើង​លើ​ជន​ជាតិ​អាហ្រ្វិក​ផង​ដែរ

ក្រុម​អ្នក​ធ្វើការនិង​និស្សិត​អាហ្វ្រិក​ដែល​ព្យាយាម​រត់គេច​ចេញ​ពី​ប្រទេស​អ៊ុយក្រែន​ ​ដោយ​សារ​តែ​ការឈ្លាន​ពាន​របស់​រុស្ស៊ី​នោះ បានត្អូញត្អែរ​ថា ខ្លួនត្រូវ​បាន​គេ​រារាំងមិន​ឲ្យ​ជិះ​រថយន្ត​ដឹក​អ្នក​ដំណើរ រថភ្លើង​និង​ឆ្លងកាត់​ព្រំដែន​ដោយ​ទុក​អាទិភាព​ទៅ​ឲ្យ​ពលរដ្ឋ​អ៊ុយក្រែន។

មន្ត្រី​អាមេរិកាំង​មួយ​រូប បាន​ប្រាប់វីអូអេថា សហរដ្ឋ​អាមេរិក បាន​ដឹង​ពី​បញ្ហា​នេះ។ មន្ត្រី​រូប​នោះ ​និយាយ​ទៀត​ថា «នេះ​ជា​ក្តីបារម្ភ​មួយ​ដ៏​ធំ​មួយ» ប៉ុន្តែ​ជន​ជាតិ​នីហ្សេរីយ៉ា​ជា​ច្រើន​នាក់​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ បាន​ចាកចេញ​ពី​ប្រទេស​អ៊ុយក្រែន។

អាជ្ញាធរ​អ៊ុយក្រែន បានផ្តល់​អាទិភាព​ដល់​ស្រ្តី​និង​កុមារអ៊ុយក្រែន​ដែល​ព្យាយាមចាក​ចេញ​ពី​ប្រទេស​របស់​ខ្លួន ប៉ុន្តែ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា តើ​ពលរដ្ឋ​អាហ្វ្រិក​ត្រូវ​បាន​គេរារាំង​ក្នុង​កម្រិត​ណា ដែល​ខុស​ពី​ជន​បរទេស​ដទៃ​ទៀត​នោះ។ ពួក​បុរស​អ៊ុយក្រែន​ដែល​មាន​អាយុ​អាច​ធ្វើ​សង្គ្រាម​បាន មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​ប្រទេស​ទេ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​ជនជាតិ​អាហ្វ្រិក​មួយចំនួន ដែល​ស្ថិត​ក្នុង​ចំណោម​មនុស្ស​រាប់​ម៉ឺន​នាក់ដែល​ព្យាយាម​ចាក​ចេញ​ពី​អ៊ុយក្រែន​នោះ​ បាន​ចោទ​ប្រកាន់​ថា មាន​ការប្រកាន់​ពូជសាសន៍​ដែល​បណ្តាល​ឲ្យ​មាន​ការ​បដិសេធពី​អាជ្ញាធរ​អ៊ុយក្រែន​និង​ការបារម្ភ​ពី​សហរដ្ឋ​អាមេរិក​និង​អង្គការ​អន្តរជាតិ​នានា។

អាន​ព័ត៌មាន​លម្អិត​តាមរយៈ​តំណ​ភ្ជាប់​ខាង​ក្រោម​នេះ៖

២២:៥១ ៧.៣.២០២២

រុស្ស៊ី​ថា ខ្លួន​នឹង​អនុញ្ញាត​ឱ្យ​ជន​ស៊ីវិល​អ៊ុយក្រែន​ភៀសខ្លួន​ចូល​រុស្ស៊ី​

រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​នឹង​ផ្ដល់​ច្រក​ភៀសខ្លួន​ឱ្យ​ប្រជាជន​អ៊ុយក្រែន​នៅ​ក្នុង​ទីក្រុង​ធំ​ចំនួន​ពីរ​ដើម្បី​ភៀសខ្លួន​ទៅ​កាន់​ប្រទេស​រុស្ស៊ី​និង​បេឡារុស។​ចំណាត់ការ​នេះ​ត្រូវ​បាន​អ៊ុយក្រែន​ហៅ​ថា​គឺ​ជា​ល្បិចកល​អសីលធម៌​មួយ​ក្នុង​ការ​កេងប្រវ័ញ្ច​ពី​ជនស៊ីវិល​ដែល​រងទុក្ខ​ដោយសារ​ការ​ទម្លាក់​គ្រាប់​ផ្លោង​របស់​រុស្ស៊ី។

គណៈ​ប្រតិភូ​រុស្ស៊ី និង​អ៊ុយក្រែន​គ្រោង​នឹង​ជួប​ពិភាក្សា​គ្នា​ជា​លើក​ទី​បី​នៅ​ក្នុង​ប្រទេស​បេឡារុស​នៅ​ក្នុង​ថ្ងៃ​នេះ នេះ​បើ​តាម​ភាគី​ទាំង​ពីរ។ ជំនួប​ពិភាក្សា​កាល​ពី​ពីរ​លើក​មុន​បាន​ផ្ដល់​លទ្ធផល​តិចតួច​ប៉ុណ្ណោះ​ក្រៅ​តែ​ពី​ការ​សន្យា​ថា​នឹង​បើក​ផ្លូវ​សម្រាប់​ការ​ផ្ដល់​ជំនួយ​មនុស្សធម៌​ដែល​នៅ​មិន​អនុវត្ត​បាន​ជោគជ័យ​នៅ​ឡើយ។

លោក Mykhailo Podolyak អ្នក​ចរចា​ខាង​អ៊ុយក្រែន​បាន​បង្ហោះ​សារ​លើ Twitter ថា៖ «នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​នាទី​ខាង​មុខ​នេះ យើង​នឹង​ចាប់​ផ្ដើម​ចរចា​ជាមួយ​នឹង​អ្នក​តំណាង​មក​ពី​ប្រទេស​មួយ ដែល​ជឿជាក់​យ៉ាង​ច្បាស់​ថា អំពើ​ហិង្សា​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​ជន​ស៊ីវិល​គឺ​ជា​ការណ៍​ដែល​ត្រូវ​ចរចា​គ្នា»។ លោក​បញ្ជាក់​ទៀត​ថា៖ «ចូរ​យើងធ្វើ​ឱ្យ​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹមត្រូវ​នោះ​ទេ»

រូប​ឯកសារ៖ ភ្លើង​ឆេះ​នៅ​អគារ​ស្នាក់នៅ​មួយ​កន្លែងក្នុង​ទី​ក្រុង Mariupol ប្រទេស​អ៊ុយក្រែន ក្រោយ​ពី​រង​ការបាញ់​គ្រាប់​ផ្លោង​ក្នុង​អំឡុង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០២២។ (Twitter @AyBurlachenko via REUTERS/Mariupol, Ukraine, March 4)
រូប​ឯកសារ៖ ភ្លើង​ឆេះ​នៅ​អគារ​ស្នាក់នៅ​មួយ​កន្លែងក្នុង​ទី​ក្រុង Mariupol ប្រទេស​អ៊ុយក្រែន ក្រោយ​ពី​រង​ការបាញ់​គ្រាប់​ផ្លោង​ក្នុង​អំឡុង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០២២។ (Twitter @AyBurlachenko via REUTERS/Mariupol, Ukraine, March 4)

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG