ការអញ្ជើញលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឲ្យមកធ្វើទស្សនកិច្ចផ្លូវរដ្ឋ របស់អង់គ្លេស នៅតែរក្សាដដែល។ នេះបើយោងតាមការិយាល័យរបស់លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេសដែលបានឲ្យដឹងកាលពីថ្ងៃអាទិត្យ។ ការលើកឡើងដូច្នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីកាសែតមួយបានរាយការណ៍ថា លោក ត្រាំ ចង់ពន្យារពេលទស្សនកិច្ចនេះ។
កាសែត The Guardian បានរាយការណ៍កាលពីថ្ងៃអាទិត្យថា លោក ត្រាំ បានប្រាប់ដល់លោកស្រីនាយករដ្ឋមន្ត្រី Theresa May ថាលោកមិនចង់មកនោះទេ ប្រសិនបើមានការធ្វើបាតុកម្មតវ៉ា។ កាសែតនេះបានស្រង់សម្តីរបស់ជំនួយការម្នាក់នៅក្នុងវិមាន Downing Street ដែលមិនបានបញ្ចេញឈ្មោះ។
ប៉ុន្តែសេតវិមានបាននិយាយថា មេដឹកនាំទាំង២នាក់នៅមិនទាន់បានពិភាក្សាគ្នាអំពីរឿងនេះនៅឡើយទេ។
លោកស្រី Lindsay Walters អ្នកនាំពាក្យរបស់សេតវិមានបានមានប្រសាសន៍ថា លោក ត្រាំ «មានការគោរពយ៉ាងខ្លាំងចំពោះលោកស្រីនាយករដ្ឋមន្ត្រី May។ ការពន្យារពេលនោះមិនដែលត្រូវបានលើកឡើងតាមរយៈការសន្ទនាតាមទូរស័ព្ទនោះទេ»។
ការិយាល័យរបស់លោកស្រី May បានច្រានចោលមិនព្រមផ្តល់អត្ថាធិប្បាយទៅលើ«ការសន្ទនាតាមទូរស័ព្ទលក្ខណៈឯកជន»នោះទេ៕