ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បុរស​ទី​១៤​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ការ​ស៊ើបអង្កេត​ករណី​បំផ្ទុះ​គ្រាប់​បែក​នៅ Manchester


ឈ្មោះ Salman Abedi អ្នក​នៅ​ពីក្រោយ​ការ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ក្នុង​រូបថត​ដែល​ថត​ចេញ​ពី​កាមេរ៉ា​សុវត្ថិភាពនៅ​ថ្ងៃ​ដែល​ហេតុការណ៍​បាន​កើត​ឡើង។

បុរស​អាយុ​២៥​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​ទ្រព្យសម្បត្តិ​របស់​ជន​នោះ​ត្រូវ​បាន​ប៉ូលិស​ឆែកឆេរ​កាល​ពី​ថ្ងៃ​អាទិត្យ នៅ​ក្នុង​ករណី​ពាក់ព័ន្ធ​នឹង​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង Manchester ដែល​បាន​សម្លាប់​មនុស្ស​អស់​ចំនួន​២២​នាក់​កាល​ពី​សប្តាហ៍​មុន។ នេះ​បើ​យោង​តាម​សម្តី​របស់​ប៉ូលិស។

បុរស​ម្នាក់​នេះ​គឺ​ជា​ជនទី​១២​ហើយ ដែល​ត្រូវ​ចាប់​ឃុំ​ខ្លួន​នៅ​អង់គ្លេស ក្នុង​ករណី​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ទីក្រុង Manchesterរបស់​ជន​ឈ្មោះ Salman Abedi អាយុ​២២​ឆ្នាំ ក្រោយ​ពេល​ដែល​តារា​ចម្រៀង​ប៉ុប​ នាង​ Ariana Grande បញ្ចប់​ការ​ប្រគុំ​តន្រ្តី​របស់​ខ្លួននៅ​វេទិកា ​Manchester កាល​ពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍​មុន។​

ស្ត្រី​ម្នាក់​និង​បុរស​វ័យ​ជំទង់​ម្នាក់​ដែល​ត្រូវ​បាន​ប៉ូលិស​អង់គ្លេស​ចាប់​ខ្លួន​កាល​ពី​សប្តាហ៍​មុន ត្រូវ​បាន​ដោះលែង​ទៅ​វិញ​ដោយ​គ្មាន​ការ​ចោទប្រកាន់​អ្វី​ទាំងអស់។ ​
បងប្អូន​ប្រុស​របស់​ជន​ឈ្មោះ ​Abedi ​និង​ឪពុក​របស់​គេ​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​លីប៊ី​កាល​ពី​សប្តាហ៍​មុន​ផង​ដែរ។ អ្នក​នាំពាក្យ​ម្នាក់​និយាយ​ថា ជន​ឈ្មោះ Hashim ដែល​ជា​បងប្អូន​ប្រុស​របស់​ Abedi ​បាន​ដឹង​អំពី​ផែនការ​ធ្វើ​ការ​វាយប្រហារ​របស់​គេ។ ​

ខណៈ​ដែល​ការ​អង្កេត​កំពុង​បន្ត អង់គ្លេស​បាន​បន្ថយ​កម្រិត​នៃ​ការ​គំរាម​កំហែង​សន្តិសុខ​មក​នៅ​ត្រឹម​ «ធ្ងន់ធ្ងរ‍» ​កាល​ពី​ថ្ងៃ​សៅរ៍។ នេះ​បើ​យោង​តាម​លោកស្រី​នាយករដ្ឋមន្ត្រី Theresa May។

កម្រិត​នៃ​ការ​គំរាមកំហែង​សន្តិសុខ​បាន​បង្កើន​ដល់​កម្រិត «ធ្ងន់ធ្ងរ​បំផុត‍» ដែល​មាន​ន័យ​ថា ការវាយ​ប្រហារ​មួយ​ទៀត​អាច​នឹង​កើត​មាន​ឡើង បន្ទាប់​ពី​ការ​បំផ្ទុះ​គ្រាប់បែក​កាល​ពី​ថ្ងៃ​ច័ន្ទ​នៅ​កន្លែង​ប្រគុំ​តន្រ្តី​ប៉ុប​ទីក្រុង Manchester រួច​មក។ ប៉ុន្តែ​កម្រិត​នៃ​ការ​គំរាមកំហែង​សន្តិសុខ​នៅ​ត្រឹម «ធ្ងន់ធ្ងរ‍» មាន​ន័យ​ថា ការ​វាយប្រហារ​មួយ​នៅ​តែ​អាច​កើត​ឡើង​ខ្ពស់៕​

XS
SM
MD
LG