ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ប្រធានា​ធិបតី​​ត្រាំ​ប្រុងប្រៀប​ប្រកាស​គោល​នយោបាយថ្មីរបស់​អាមេរិក​ចំពោះ​ប្រទេស​គុយបា


រូបឯកសារ៖ បុរស​ម្នាក់​មើល​ការ​ស្បថ​ចូល​កាន់​តំណែង​របស់​លោក ដូណាល់ ត្រាំ តាម​កញ្ចក់​ទូរទស្សន៍​ នៅ​ពេល​លោក​អង្គុយ​នៅជិត​រូប​ថត​លោក Raul Castro ប្រធានាធិបតី​គុយបា។
រូបឯកសារ៖ បុរស​ម្នាក់​មើល​ការ​ស្បថ​ចូល​កាន់​តំណែង​របស់​លោក ដូណាល់ ត្រាំ តាម​កញ្ចក់​ទូរទស្សន៍​ នៅ​ពេល​លោក​អង្គុយ​នៅជិត​រូប​ថត​លោក Raul Castro ប្រធានាធិបតី​គុយបា។

ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ លោក ដូណាល់ ត្រាំ កំពុង​ប្រុង​ប្រៀប​ប្រកាស​គោល​នយោបាយ​ថ្មី​ចំពោះ​ប្រទេស​គុយបា​ដែល​ទំនង​នឹង​ផ្លាស់​ប្តូរ​ផ្នែក​នានា​នៃ​ការ​ខំ​ប្រឹង​ប្រែង​របស់​អតីត​ប្រធានា​ធិបតី​ បារ៉ាក់ ​អូបាម៉ា​ ដើម្បី​ធ្វើ​ឲ្យ​មាន​ទំនាក់​ទំនង​ជា​ប្រក្រតី​ឡើង​វិញ​ជាមួយ​ប្រទេស​គុយបា ​នេះ​តាម​មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​របស់​រដ្ឋ​បាល​របស់​លោក​និងប្រភព​ផ្សេងៗ​ទៀត។

មន្រ្តី​រូប​នោះ​បាន​និយាយ​ថា ​ពួក​អ្នក​ជំនួយ​ការ​ប្រធានា​ធិបតី​កំពុង​ពិនិត្យ​សើរើ​មើល​ចុង​ក្រោយ​នូវ​ទំនាក់​ទំនង​រវាងសហរដ្ឋ​អាមេរិក​និង​ប្រទេសគុយបា​ ហើយ​ត្រូវគេ​រំពឹង​ថា​នឹង​បញ្ជូន​ការ​ស្នើ​នោះ​ទៅ​ឲ្យ​ប្រធានា​ធិបតី​ ត្រាំ ​និង​ក្រុម​សន្តិសុខ​ជាតិរបស់​លោក​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត។

ផែនការ​ទាំង​នោះ​នឹង​បញ្ជូន​ទៅ​ឲ្យ​ប្រធានាធិបតី​ ត្រាំ​ ដើម្បី​ប្រកាស​ពី​គោល​នយោបាយ​ថ្មី​សម្រាប់​ប្រទេស​គុយបា​នៅ​ថ្ងៃ​សុក្រ​នៅ​ក្នុង​ទីក្រុង​ Miami។ ទីក្រុង​ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ត្បូង​នៃ​រដ្ឋ Florida ​នោះ​មាន​ពលរដ្ឋ​គុយបា​អាមេរិកាំង​ដ៏​ច្រើន​និង​មាន​ឥទ្ធិពល​រស់​នៅ។

ទោះ​ជា​យ៉ាង​ណាក៏​ដោយ ​ប្រភព​ពី​រដ្ឋបាល​លោក ត្រាំ​ បាន​ប្រាប់​ឲ្យ​ដឹងថា ការ​ប្រកាស​នោះ ​អាច​ត្រូវ​ពន្យារ​ពេល ​ប្រសិនបើ​ប្រធានា​ធិបតី​ ត្រាំ​ ត្រូវ​ការ​ពេល​វេលា​បន្ថែម​ទៀត​ដើម្បី​ធ្វើ​ការ​សម្រេច​ចុងក្រោយ​នោះ។

លោក​ប្រធានាធិបតី ​ត្រាំ​ ត្រូវ​គេ​រំពឹងថា​នឹង​ប្រកាស​ផ្លាស់ប្តូរ​មួយ​ផ្នែក​នៃ​គោល​នយោបាយ​របស់​អតីត​ប្រធានា​ធិបតី​ អូបាម៉ា​ ដែល​បាន​លប់​ចោល​ការ​រឹត​ត្បិត​ជា​ច្រើន​ស្តីពី​ការ​ធ្វើ​ដំណើរ​របស់​ជន​ជាតិ​អាមេរិកាំង​ទៅ​កាន់​ប្រទេស​គុយបា​ ហើយ​និង​ធ្វើ​ពាណិជ្ជកម្ម​នៅ​ទី​នោះ។

លោក​ប្រធានា​ធិបតី​ត្រូវ​គេ​រំពឹង​ថា នឹង​រក្សាទុក​ទំនាក់​ទំនង​ខាង​ការទូត​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុង​ឡាហាវ៉ាន នៅ​ដដែល។ ចំណង​ទាក់​ទង​ខាង​ការ ទូត​បាន​ត្រូវ​បង្កើតឡើង​វិញ​នៅ​ក្រោម​ប្រធានា​ធិបតី ​អូបាម៉ា​ កាល​ពី​ជាង​២ឆ្នាំ​មុន ​បន្ទាប់​ពី​មាន​អរិភាព​ជាង​៥​ទសវត្សរ៍​រវាង​សហរដ្ឋ​អាមេរិក​និង​រដ្ឋាភិបាល​កុម្មុយនិស្ត​ដែល​លោក​ Fidel Castro ​បានឡើង​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​គុយបា​បន្ទាប់​ពី​រដ្ឋ​ប្រហារ​បង្ហូរ​ឈាម​មួយ៕

XS
SM
MD
LG