ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង់គ្លេស​ ធ្លាក់​ចូល​ក្នុង​ភាព​មិន​ប្រាកដ​ប្រជា​ខាង​នយោបាយ ខណៈ​នាយក​រដ្ឋ​មន្ត្រី​ខំប្រឹង​ដឹកនាំ​រដ្ឋាភិបាល​សំឡេង​ភាគ​តិច


បាតុករ​ម្នាក់​ដែល​ពាក់​មុខ​របស់​លោកស្រី Theresa May ត្រូវ​បាន​គេ​ថត​បាន​នៅ​ថ្ងៃ​បន្ទាប់​បី ការ​បោះឆ្នោត​របស់​អង់គ្លេស​ក្នុង​ក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧។
បាតុករ​ម្នាក់​ដែល​ពាក់​មុខ​របស់​លោកស្រី Theresa May ត្រូវ​បាន​គេ​ថត​បាន​នៅ​ថ្ងៃ​បន្ទាប់​បី ការ​បោះឆ្នោត​របស់​អង់គ្លេស​ក្នុង​ក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧។

ប្រទេស​អង់គ្លេស​ត្រូវ​បាន​រុញ​ចូល​ទៅ​ក្នុង​ភាព​មិន​ប្រាកដប្រជា​ខាង​នយោបាយ​នៅ​ថ្ងៃ​សុក្រ​នេះ ក្រោយ​ពី​គណបក្ស​ពលករ ដែល​ជា​បក្ស​ប្រឆាំង​ដ៏​ធំ​ក្នុង​ប្រទេស​នេះ បាន​ឈ្នះ​ការ​បោះឆ្នោត​វិសាមញ្ញ​មួយ ដោយ​មិន​ផ្ដល់​សំឡេង​ភាគច្រើន​ក្នុង​រដ្ឋ​សភា ដល់​នាយក​រដ្ឋ​មន្ត្រី​គឺ​លោកស្រី Theresa May និង​គណបក្ស​អភិរក្ស​និយម​របស់​លោកស្រី ដែល​កំពុង​កាន់​អំណាច។

ជោគជ័យ​របស់​គណបក្ស​ប្រឆាំង​នេះ គឺ​ភាគច្រើន​ដោយសារ​ការ​កើន​ឡើង​នូវ​សំឡេង​ឆ្នោត​របស់​យុវជន។

ជា​អ្វី​មួយ​ដែល​ត្រូវ​បាន​ចាត់​ចំណាត់ថ្នាក់​ថា​ជា​ការ​បោះឆ្នោត​ដ៏​គួរ​ចាប់​អារម្មណ៍​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​របស់​អង់គ្លេស ល្បែង​នយោបាយ​របស់​លោក​ស្រី May ក្នុង​ការ​ពង្រីក​មតិ​ភាគច្រើន​នៅក្នុង​សភា សម្រាប់​គណបក្ស​របស់​លោកស្រី​នោះ បាន​បរាជ័យ​គួរ​ឲ្យ​កត់​សម្គាល់។ ការណ៍​នេះ បាន​ធ្វើ​ឲ្យ​មាន​មន្ទិល​ថា​តើ​លោកស្រី នឹង​អាច​រក្សា​និង​ដឹកនាំ​រដ្ឋាភិបាល​សំឡេង​ភាគតិច ដោយ​មាន​ការ​គាំទ្រ​ពី​គណបក្ស​សហជីព​នៅ​អៀវឡង់​ខាង​ជើង​បាន​ដែរ ​ឬ​អត់។

​ការ​អំពាវនាវ​ឲ្យ​លោកស្រី​នាយក​រដ្ឋ​មន្ត្រី ចុះ​ចេញ​ពី​តំណែង កាន់​តែ​មាន​សភាព​ខ្លាំង​ក្លា​ឡើង ពី​សំណាក់​គណបក្ស​ពលករ និង​មេដឹកនាំ​គណបក្ស​ទី​៣ ព្រមទាំង​ពី​សមាជិក​មួយ​ចំនួន​នៃ​គណបក្ស​អភិរក្ស​និយម​របស់​លោកស្រី​ផ្ទាល់​ផងដែរ។

ប៉ុន្តែ លោកស្រី May បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា លោកស្រី នឹង​ប្រឹង​ជម្នះ​ ដើម្បី​ដឹកនាំ​រដ្ឋាភិបាល​បន្ត​ទៀត បន្ទាប់ពី​ទទួល​បាន​ការ​ធានា​អះអាង​ពី​ក្រុម​សហជីព​ដែល​គាំទ្រ​លោកស្រី។

មន្ត្រី​រដ្ឋាភិបាល​ និយាយ​ថា លោកស្រី​នាយក​រដ្ឋមន្ត្រី នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ព្រះ​បរមរាជវាំង​អង់គ្លេស ដើម្បី​ស្នើ​សុំ​រាជានុញ្ញាត​ពី​ព្រះមហាក្សត្រិយានី ដើម្បី​បង្កើត​រដ្ឋាភិបាល។

គម្រោងការ​របស់​លោកស្រី​Mayគឺ​គ្រប់គ្រង​រដ្ឋាភិបាល ដោយ​មាន​ការ​គាំទ្រ​ពី​គណបក្ស​សហជីព​នៅ​អៀវឡង់​ខាងជើង ហើយ លោកស្រី នឹង​មាន​សំឡេង​ភាគច្រើន លើស​តែ​មួយ​អាសនៈ​ប៉ុណ្ណោះ​នៅ​ក្នុង​សភា។

​នៅ​ពេល​នោះ ផែន​ការ​របស់​លោកស្រី​នាយក​រដ្ឋមន្ត្រី នឹង​ប្រឈម​មុខ​នឹង​ការ​បោះឆ្នោត​ផ្ដល់​សេចក្ដី​ទុកចិត្ត​ពី​រដ្ឋ​សភា​ នៅ​សប្ដាហ៍​ក្រោយ៕

XS
SM
MD
LG