ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​វាយ​ប្រហារ​ភេរវកម្ម​នៅ​ក្នុង​ទីក្រុង​ឡុងដ៍​ធ្វើ​ឲ្យ​មនុស្ស​៧នាក់​ស្លាប់


រថយន្ត​ប៉ូលិស​បាន​បិទផ្លូវ​មួយ​បន្ទាប់​ពី​រងការ​វាយប្រហារ​នៅ​លើ​ស្ពាន​ទីក្រុង​ឡុងដ៍ កាល​ពី​ថ្ងៃ​អាទិត្យ​ទី០៤ មិថុនា ២០១៧។

ប៉ូលិស​នៅ​ក្នុង​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា​មនុស្ស ៧ នាក់​និង​អ្នក​វាយ​ប្រហារ ៣ នាក់​បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​អំពើ​ភេរវកម្ម​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នៅ​ក្នុង​ចក្រភព​អង់គ្លេស។

រថយន្ត​វ៉ែន​បញ្ជូន​ទំនិញ​ធំ​មួយ​គ្រឿង​បាន​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​សំដៅ​អ្នក​ដើរ​ថ្មើរ​ជើង​នៅ​លើ​ស្ពាន London កាល​ពី​យប់​ថ្ងៃ​សៅរ៍​ម្សិលមិញ ហើយ​បន្ទាប់​មក​បាន​បើក​សំដៅ​ផ្សារ Borough ហើយ​បន្ទាប់​មក​បុរស ៣​នាក់​បាន​ចេញ​ពី​រថយន្ត​វ៉ែន​នោះ​និង​ប្រើ​កាំ​បិត​ចាក់​មនុស្ស​ជា​ច្រើន​នាក់។

ប៉ូលិស​និយាយ​ថា អ្នក​វាយ​ប្រហារ​ទាំង ៣ នាក់ ត្រូវ​បាន​មន្ត្រី​ប្រដាប់​អាវុធ​បាញ់​សម្លាប់។

ទីភ្នាក់ងារ​រថយន្ត​សង្គ្រោះ​បន្ទាន់​ទីក្រុង​ឡុងដ៍ បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​របស់​ខ្លួន​តាម​រយៈ​ប្រព័ន្ធ Twitter ថា ខ្លួន​បាន​ដឹក​ជញ្ជូន​មនុស្ស​ចំនួន ៤៨ នាក់ ទៅ​កាន់​មន្ទីរពេទ្យ​ចំនួន ៥ នៅ​ទូទាំង​ទីក្រុង​ឡុងដ៍។

អាជ្ញាធរ​បាន​ប្រកាស​ថា ហេតុការណ៍​ដែល​បាន​កើត​ឡើង​នេះ គឺ​ជា​ការ​វាយ​ប្រហារ​ភេរវកម្ម។

លោក Sadiq Khan អភិបាល​ក្រុង​ឡុងដ៍ បាន​ថ្កោល​ទោស​ការ​វាយ​ប្រហារ​នេះ និង​បាន​និយាយ​ថា លោក និង​លោកស្រី​នាយករដ្ឋមន្ត្រី Theresa May អាច​នឹង​ចូលរួម​នៅ​ក្នុង​ការ​ប្រជុំ​បន្ទាន់​របស់​ក្រុម Cobra ទទួល​បន្ទុក​ផ្នែក​វិបត្តិ របស់​រដ្ឋាភិបាល។ យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​មុន​ការ​បោះឆ្នោត​រដ្ឋសភា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ​នេះ​នៅ​ក្នុង​ចក្រភព​អង់គ្លេស​ត្រូវ​បាន​ពន្យារពេល​បន្ទាប់ពី​មាន​ការ​វាយ​ប្រហារ​នេះ។

ការ​វាយ​ប្រហារ​នេះ គឺ​ជា​ការ​វាយ​ប្រហារ​ភេរវកម្ម​លើក​ទី ៣ ចាប់​តាំង​ពី​ខែ​មិនា ឆ្នាំ ២០១៧ នេះ​មក។

សេតវិមាន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​កាល​ពី​យប់​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា លោក​ប្រធានាធិបតី Donald Trump ធ្វើ​ការ​ផ្ដល់​ការ​គាំទ្រ​ពេញលេញ​នៅ​ក្នុង​ការ​ស៊ើបអង្កេត​លើ​ការ​វាយ​ប្រហារ​នេះ៕

XS
SM
MD
LG