ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​នឹង​ផ្ដល់​សក្ខីកម្ម​អំពី​ការ​ស៊ើប​អង្កេត​ករណី​ប្រទេស​រុស្ស៊ី


មេធាវី​ Jeff Sessions​ ថ្លែង​ទៅកាន់សមាជិក​ក្រុម​ពង្រឹងច្បាប់​កាល​ពី​ថ្ងៃសុក្រ ទី២៨ មេសា ​២០១៧ ក្នុង​ទីក្រុង​ញូវយ៉ក។
មេធាវី​ Jeff Sessions​ ថ្លែង​ទៅកាន់សមាជិក​ក្រុម​ពង្រឹងច្បាប់​កាល​ពី​ថ្ងៃសុក្រ ទី២៨ មេសា ​២០១៧ ក្នុង​ទីក្រុង​ញូវយ៉ក។

លោក Jeff Sessions រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក បាន​ប្រាប់​សភា​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា លោក​នឹង​ផ្ដល់​សក្ខីកម្ម​នៅ​ពី​មុខ​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​ព្រឹទ្ធសភា ដែល​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ករណី​ការ​ជ្រៀតជ្រែក​របស់​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក កាល​ពី​ឆ្នាំ​មុន។

លោក Sessions បាន​និយាយ​ថា លោក​ចង់​បង្ហាញ​ខ្លួន​នៅ​ពី​មុខ​គណៈកម្មាធិការ​ព្រឹទ្ធសភា​នេះ ដើម្បី​ឆ្លើយ​ទៅ​នឹង​សំណួរ​អំពី​រូប​លោក ដែល​បាន​លេច​ឡើង​កាល​ពី​សប្ដាហ៍​មុន នៅ​ក្នុង​អំឡុង​ពេល​ការ​ផ្ដល់​សក្ខីកម្ម​របស់​លោក James Comey អតីត​នាយក​ទីភ្នាក់ងារ FBI។

លោក Sessions បញ្ជាក់​ថា លោក​នឹង​ផ្ដល់​សក្ខីកម្ម​នៅ​ពី​មុខ​គណៈកម្មាធិការ​ព្រឹទ្ធសភា​នេះ នៅ​ថ្ងៃ​អង្គារ​ខាន​ស្អែក ដែល​ការ​ផ្ដល់​សក្ខីកម្ម​របស់​លោក​នឹង​ធ្វើ​ឡើង​ដោយ​មាន​ការ​ស្បថស្បែ​ផង​ដែរ។ លោក​មិន​បាន​បញ្ជាក់​ថា តើ​ការ​ផ្ដល់​សក្ខីកម្ម​របស់​លោក​នឹង​ធ្វើ​ឡើង​ជា​សាធារណៈ ឬ​ក៏​ក្នុង​លក្ខណៈ​បិទ​ទ្វារ​នោះ​ទេ។

ក្រសួង​យុត្តិធម៌ ដែល​ដឹកនាំ​ដោយ​លោក Sessions កន្លង​មក​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​អំពី​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​រុស្ស៊ី និង​អង្គការ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក​ប្រធានាធិបតី Donald Trump នៅ​មុន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​មុន ដែល​នៅ​ពេល​នោះ លោក Trump នៅ​ជា​បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​សាធារណរដ្ឋ​នៅ​ឡើយ។

លោក Sessions បាន​ដក​ខ្លួន​លោក​ចេញ​ពី​ករណី​ស៊ើប​អង្កេត​របស់​ក្រសួង​យុត្តិធម៌​នេះ នៅ​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ថ្ងៃ​ដំបូង​នៃ​ការ​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​របស់​លោក Trump ដោយសារតែ​លោក​ជា​មន្ត្រី​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មួយ​រូប ដែល​ធ្លាប់​បាន​ជួប​ជាមួយ​នឹង​អគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​សហរដ្ឋ​អាមេរិក មុន​ពេល​ការ​បោះ​ឆ្នោត៕

XS
SM
MD
LG