សេតវិមានបានឲ្យដឹងថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកំពុងអត់ធ្មត់ ស្របពេលដែលខ្លួនកំពុងស្វែងរក «វិធីសាស្ត្រថ្មី» ចំពោះទំនាក់ទំនងជាមួយប្រទេសចិន នៅពេលដែលប្រទេសទំាងពីរបន្តស្ថិតនៅក្នុង «ការប្រកួតប្រជែងផ្នែកយុទ្ធសាស្ត្រ» យ៉ាងស្វិតស្វាញ។
អ្នកនំាពាក្យប្រចាំសេតវិមានអ្នកស្រី Jen Psaki បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃច័ន្ទថា៖ «អ្វីដែលយើងបានមើលឃើញក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះគឺថា ប្រទេសចិនកំពុងបង្កើនអំណាចផ្ដាច់ការនៅក្នុងប្រទេសរបស់ខ្លួន និងភាពគឃ្លើននៅបរទេស ហើយរដ្ឋាភិបាលក្រុងប៉េកំាងកំពុងតែបង្កជាបញ្ហាលើសន្តិសុខ វិបុលភាព និងគុណតម្លៃរបស់សហរដ្ឋអាមេរិកយ៉ាងខ្លាំង ដែលតម្រូវឲ្យយើងត្រៀមយុទ្ធសាស្ត្រថ្មីមួយ»។
ប៉ុន្មានម៉ោងមុននោះ ប្រធានាធិបតីចិន លោក Xi Jinging បានថ្លែងតាមវីដេអូទៅកាន់ការប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) កន្លែងដែលលោកជំុរុញឲ្យប្រទេសនានាធ្វើកិច្ចសហប្រតិបត្តិការលើការប្រែប្រួលអាកាសធាតុ និងសុខភាពសាធារណ: ក៏ដូចជាព្រមានអំពីជម្លោះរវាងប្រទេសចិន និងអាមេរិក ដោយមិនបញ្ចេញឈ្មោះសហរដ្ឋអាមេរិក។
លោក Xi បាននិយាយថា ការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីត១៩ គឺជារឿងចំាបាច់បំផុតរបស់សហគមន៍អន្តរជាតិ។
រដ្ឋាភិបាលក្រុងបេកាំងបានថ្លែងសារដូច្នេះ ខណ:ពេលដែលក្រុមការងារផ្នែកគោលនយោបាយការបរទេសរបស់លោកប្រធានាធិបតី Joe Biden បានត្រៀមប្រមូលផ្ដុំក្រុមប្រទេសសម្ព័ន្ធមិត្ត ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ដែលរួមមានការស្ដារលទ្ធិប្រជាធិបតេយ្យ និងការកើនឡើងនៃការប្រឈមមុខដាក់គ្នាជាមួយប្រទេសចិន និងប្រទេសប្រកាន់របបផ្ដាច់ការដទៃទៀត។
លោក Xi បានថ្លែងបន្តនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនោះថា៖ «ពិភពលោកដែលបែកបាក់មិនអាចដោះស្រាយបញ្ហាប្រឈមរួម ដែលមនុស្សជាតិកំពុងជួបប្រទះទេ ហើយការប្រឈមមុខដាក់គ្នានឹងបង្កឲ្យមនុស្សជាតិរកផ្លូវចេញមិនឃើញនោះ ទេ»។
ទំនាក់ទំនងរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទំាងពីរកំពុងស្ថិតក្នុងបរិយាកាសអាក្រក់បំផុតក្នុងប៉ុន្មានទសវត្សចុងក្រោយនេះ ដោយសារតែប្រទេសទំាងពីរប្រឈមមុខដាក់គ្នាលើរឿងជាច្រើនដូចជាពាណិជ្ជកម្ម បច្ចេកវិទ្យា 5G សិទ្ធិមនុស្ស និងសន្តិសុខតំបន់៕