ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden និង​លោក Suga ប្ដេជ្ញា​រួម​គ្នា​ទប់ទល់​នឹង​ការ​ប្រឈម​ពី​ប្រទេស​ចិន


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden និង​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Yoshihide Suga ចាកចេញ​ពី​សន្និសីទ​សារព័ត៌មាន​នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២១។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden និង​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Yoshihide Suga ចាកចេញ​ពី​សន្និសីទ​សារព័ត៌មាន​នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២១។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា លោក​និង​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Yoshihide Suga ប្ដេជ្ញា​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​ទប់ទល់​នឹង​ការ​ប្រឈម​ពី​ប្រទេស​ចិន​និង​កូរ៉េ​ខាងជើង។

លោក Biden ថ្លែង​ដូច្នេះ បន្ទាប់ពី​លោក​បាន​ជួប​ពិភាក្សា​ទល់​មុខ​ជាមួយ​លោក Suga នៅ​សេតវិមាន។

លោក Biden បាន​ប្រាប់​អ្នក​កាសែត បន្ទាប់ពី​ជំនួប​នោះ​ថា លោក​និង​លោក Suga បាន​បញ្ជាក់​អំពី «ការ​គាំទ្រ​ដ៏​រឹងមាំ» របស់​ពួកគេ «ចំពោះ​សម្ព័ន្ធភាព​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ជប៉ុន» និង​បាន​និយាយ​ថា ពួកគេ​នឹង​ធ្វើការ​រួម​គ្នា​ដើម្បី «ទប់ទល់​នឹង​ការ​ប្រឈម​ពី​ប្រទេស​ចិន​លើ​បញ្ហា​នានា​ដូចជា បញ្ហា​សមុទ្រ​ចិន​ខាង​កើត បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ក៏​ដូចជា​ការ​ប្រឈម​ពី​ប្រទេស​កូរ៉េ​ខាងជើង​ផងដែរ»។

មេដឹកនាំ​ទាំង​ពីរ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​ថា៖ «យើង​ប្រឆាំង​នឹង​ការ​ប៉ុនប៉ង​ឯកតោ​ភាគី​ណា​មួយ​នៅ​ក្នុង​ការ​ផ្លាស់ប្ដូរ​ស្ថានភាព​បច្ចុប្បន្ន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​កើត។ យើង​បញ្ជាក់​ឡើង​វិញ​នូវ​ការ​ប្រឆាំង​របស់​យើង​ចំពោះ​ការ​ទាមទារ​កាន់កាប់​ខុស​ច្បាប់​និង​សកម្មភាព​របស់​ប្រទេស​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង និង​អះអាង​សារ​ជា​ថ្មី​នូវ​ការ​យក​ចិត្ត​ទុកដាក់​ខ្លាំងក្លា​របស់​យើង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​លក្ខណៈ​សេរី​និង​បើក​ចំហ ដែល​គ្រប់គ្រង​ដោយ​ច្បាប់​អន្តរជាតិ ដែល​នៅ ក្នុង​នោះ សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​និង​ការ​ហោះហើរ​ពី​លើ​ត្រូវ​បាន​ធានា ស្រប​តាម​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ»។

លោក Biden បាន​ហៅ​ការ​ពិភាក្សា​នេះ​ថា​មាន​លក្ខណៈ «ប្រកប​ដោយ​ផ្លែផ្កា​ខ្លាំង» និង​បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​និង​ប្រទេស​ជប៉ុន​ក៏​បាន​ឯកភាព​ធ្វើការ​រួម​គ្នា​ផងដែរ​នៅ​ក្នុង​ការ​គាំទ្រ​កិច្ច​ប្រឹងប្រែង​ចាក់​វ៉ាក់សាំង​កូវីដ១៩ ជា​សាកល ក៏​ដូចជា​នៅ​ក្នុង​ការ​លើក​កម្ពស់​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មី ដែល​ក្នុង​នោះ​មាន​ទាំង​បណ្ដាញ​បច្ចេកវិទ្យា 5G បញ្ញា​និមិត្ត (AI) និង​ការ​ប្រើ​បាតុភូត​កុងទិច​ដើម្បី​គណនា​ផងដែរ។

នៅ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់​អ្នក​កាសែត លោក Suga បាន​និយាយ​ថា លោក​និង​លោក Biden បាន​ពិភាក្សា​គ្នា​អំពី​បញ្ហា​កោះ​តៃវ៉ាន់ និង​បាន​បញ្ជាក់​ឡើង​វិញ​អំពី​សារៈសំខាន់​នៃ «សន្តិភាព​និង​ស្ថិរភាព» នៅ​ក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់។ លោក Suga បាន​និយាយ​ថា លោក​នឹង​មិន​ផ្ដល់​សេចក្ដី​លម្អិត​បន្ថែម​ទៀត​ទាក់ទិន​នឹង​ការ​ពិភាក្សា​អំពី​កោះ​តៃវ៉ាន់​នោះ​ទេ។

លោក Suga បាន​លើកឡើង​ថា លោក​បាន​ប្រាប់​លោក Biden ថា លោក​ប្ដេជ្ញា​បន្ត​ទៅ​មុខ​នូវ​ការ​រៀបចំ​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​ក្ដៅ​នៅ​ក្នុង​ប្រទេស​ជប៉ុន ទោះបីជា​មាន​វិបត្តិ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩ ក៏ដោយ។ លោក Suga បាន​និយាយ​ថា លោក Biden គាំទ្រ​លោក​ចំពោះ​រឿង​នេះ។

លោក Suga គឺជា​មេដឹកនាំ​បរទេស​ទី​មួយ​ដែល​បាន​ពិភាក្សា​ទល់​មុខ​ជាមួយ​នឹង​លោក Biden តាំងពី​ពេល​ដែល​លោក Biden បាន​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មក។

មុន​ពេល​ការ​ពិភាក្សា​ចាប់ផ្ដើម​កាលពី​ថ្ងៃ​សុក្រ លោក Biden បាន​ប្រាប់​អ្នក​កាសែត​នៅ​សេតវិមាន​ថា លោក «រីករាយ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​ស្វាគមន៍​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ និង​ដៃគូ​ដ៏​ល្អ​ដូច​នេះ»។

លោក Suga បាន​និយាយ​ថា លោក​មាន​ការ​រំភើប​ពេញចិត្ត​ចំពោះ​ជំនួប​នេះ និង​បាន​បញ្ជាក់​សារ​ជា​ថ្មី​អំពី «ទំនាក់ទំនង​ថ្មី​និង​រឹងមាំ» រវាង​ប្រទេស​ជប៉ុន​និង​សហរដ្ឋ​អាមេរិក។

មេដឹកនាំ​ទាំង​ពីរ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ពួកគេ​ថា៖ «យើង​សច្ចា​រួម​គ្នា​ដើម្បី​បង្ហាញ​ថា តាម​រយៈ​ការ​ធ្វើ​ការ​រួម​គ្នា ប្រទេស​សេរី​និង​ប្រជាធិបតេយ្យ​អាច​ដោះស្រាយ​បញ្ហា​គំរាម​កំហែង​ជា​សាកល​ដែល​បណ្ដាល​មកពី​ជំងឺ​កូវីដ១៩ និង​ការ​ប្រែប្រួល​អាកាសធាតុ ខណៈ​ពេល​ដែល​ទប់ទល់​នឹង​ការ​ប្រឈម​ចំពោះ​របៀបរបប​អន្តរជាតិ​ដែល​ផ្អែក​លើ​ក្បួន​ច្បាប់​សេរី​និង​បើក​ចំហ។ តាម​រយៈ​ទំព័រ​សករាជ​ថ្មី​នៃ​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ជប៉ុន ប្រទេស​ប្រជាធិបតេយ្យ​របស់​យើង​នីមួយៗ​នឹង​នៅតែ​លូតលាស់​ខ្លាំងក្លា​ថែម​ទៀត»។

ចាប់​តាំងពី​ពេល​ដែល​លោក Biden បាន​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មក លោក​បាន​ផ្ដោត​លើ​ការ​ធ្វើ​ឲ្យ​រស់រវើក​ឡើង​វិញ​នូវ​សម្ព័ន្ធភាព​ជាមួយ​នឹង​ប្រទេស​ជប៉ុន ក៏​ដូចជា​ការ​ប្រឡូក​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ស្ថាប័ន​ពហុ​ភាគី​នានា ដែល​កន្លង​មក ជា​រឿយៗ​ត្រូវ​បាន​លោក​អតីត​ប្រធានាធិបតី Donald Trump រិះគន់​ឬ​ជៀសវាង។

ជំនួប​រវាង​លោក Biden និង​លោក Suga នេះ បាន​គូស​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​សម្ព័ន្ធភាព​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ជប៉ុន ជា​ពិសេស​ស្រប​ពេល​ដែល​ប្រទេស​ចិន ដែល​ជា​គូប្រជែង​រួម​របស់​ប្រទេស​ទាំង​ពីរ​កំពុង​បង្កើន​កម្លាំង​និង​ភាព​គឃ្លើន​របស់​ខ្លួន៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG