ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​ព័ត៌មាន៖ ពលរដ្ឋ​កោះកុង ព្រួយបារម្ភ​អំពី​តម្លៃ​ដី​ឡើង​ថ្លៃ ដោយសារ​ផ្លូវ​យន្តហោះ​ដែល​ចិន​សាងសង់


រូបឯកសារ៖ បដា​បង្ហាញ​គម្រោង​សាងសង់​អាកាសយានដ្ឋាន​នៅ​តំបន់​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ចិន Union Development Group ក្នុង​ឧទ្យាន​ជាតិ​បុទុមសាគរ ​ខេត្ត​កោះកុង​កាល​ពី​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៨។ (Reuters)

ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​កោះកុង សម្ដែង​ក្ដី​ព្រួយបារម្ភ​ចំពោះ​ឥទ្ធិពល​សាយ​ភាយ​កាន់​តែ​ច្រើន​ឡើង​របស់​ចិន​នៅ​ក្នុង​ខេត្ត​របស់​ពួកគេ​ ដោយសារ​តែ​ការ​សាងសង់​ផ្លូវ​យន្តហោះថ្មី​មួយនៅ​ក្នុង​ខេត្ត​ជាប់​មាត់​សមុទ្រ​របស់​កម្ពុជា​មួយ​នេះ។ នេះ​បើ​ផ្អែក​តាម​សេចក្ដី​រាយការណ៍​ព័ត៌មាន​របស់​កាសែត​ជប៉ុន Nikkei Asian Review ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១១​ខែ​វិច្ឆិកា។​

ផ្លូវ​យន្តហោះ​ដែល​មាន​ប្រវែង​៣២០០​ម៉ែត្រ​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ​ ដែល​ចិន ​កំពុង​សាងសង់ គឺ​វែង​ល្មមអនុញ្ញាត​ឱ្យ​យន្តហោះ​ខ្នាត​ធំ​ដូចជា ​Airbus A380 អាច​ចុះចត​និង​ហោះ​ឡើង​បាន។ ផ្លូវ​យន្តហោះ​ថ្មី​នេះ វែង​ជាង​ផ្លូវ​យន្តហោះ​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ទៅ​ទៀត។

កសិករ​វ័យ​៣៩​ឆ្នាំ​ម្នាក់​នៅ​ក្នុង​ខេត្ត​កោះកុង​ បាន​ប្រាប់កាសែត​ជប៉ុន Nikkei Asian Review ថា តម្លៃ​ដី​នៅ​ទី​នោះ​ បាន​ឡើង​១០​ដង ច្រើន​ជាង​ពីរបី​ឆ្នាំ​មុន។

កោះកុង​ជា​ខេត្ត​ជាប់​មាត់សមុទ្រ​មួយ​ទៀត​របស់​កម្ពុជា ដែល​ចិន​បាន​បោះ​ទុន​វិនិយោគ​ ក្នុង​ទ្រង់ទ្រាយ​ធំ ក្រោយ​ពី​ពលរដ្ឋ​ចិន​បាន​ចូល​កាន់កាប់​ជំនួញ​កាស៊ីណូ​ សណ្ឋាគារ​ និង​ភោជនីយដ្ឋាន​ស្ទើរ​តែ​ទាំង​ស្រុង​ក្នុង​ក្រុង​ព្រះសីហនុ​នៃ​ខេត្ត​ព្រះសីហនុ ដែល​នៅ​ជាប់​គ្នា​នោះ។ នេះ​ បើ​យោង​តាម​កាសែត​ជប៉ុន​ដដែល។

សហរដ្ឋ​អាមេរិក បាន​សម្ដែង​ក្តី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​លទ្ធភាព ​ដែល​ចិនអាច​នឹង​ប្រើប្រាស់​ផ្លូវ​យន្តហោះ​ថ្មី​នោះ​ សម្រាប់​គោលដៅ​យោធា ប៉ុន្តែ​កម្ពុជា បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​ថា ​មិន​មាន​រឿង​បែប​នេះ​កើតឡើង​ទេ។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ពលរដ្ឋ​ម្នាក់​ទៀត​នៅ​ក្នុង​ខេត្ត​កោះកុង បាន​ថ្លែង​ប្រាប់​កាសែត​ជប៉ុន​ថា៖ «‍វា​គ្មាន​ប្រយោជន៍​ក្នុង​ការ​និយាយ​អំពី​អនាគត​នោះ​ទេ។ មនុស្ស​ជា​ច្រើន​គិត​ថា​បើ​ពួកគេ​អាច​ក្លាយ​ជា​អ្នក​មាន​បាន នោះ​អ្វីៗ​ ក៏អាច​ទៅ​រួច​ដែរ»៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG