ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ៖ លោក​ហ៊ុន សែន អាច​ជម្នះសម្ពាធ​លោក​ខាង​លិច ខណៈ​មាន​បង្អែក​ពី​ចិន


រូបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមពិធី​គម្រប់ខួប៦៨ឆ្នាំរបស់បក្ស នៅរាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩។
រូបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមពិធី​គម្រប់ខួប៦៨ឆ្នាំរបស់បក្ស នៅរាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩។

រដ្ឋាភិបាល​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ដឹកនាំ​ប្រទេស​ជាង​បី​ទសវត្សរ៍​កន្លង​មក​នេះ កំពុងតែ​ទទួល​រង​សម្ពាធ​កាន់តែ​ច្រើន​ឡើង​ពី​រដ្ឋាភិបាល​លោក​ខាងលិច រួមមាន​សហភាពអឺរ៉ុប និង​សហរដ្ឋអាមេរិក។ រដ្ឋាភិបាល​ទាំងពីរ​នេះ បាន​ផ្តល់​ឋានៈ​អនុគ្រោះពន្ធ​ដល់​កម្ពុជា ដែល​បាន​បង្កើត​ចំណូល​ដល់​កម្ពុជា​យ៉ាង​ហោច​ណាស់ពី ៦០០​លាន​ទៅ ៧០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ តាមរយៈ​ការ​នាំ​ចេញ ជាពិសេស​ទៅកាន់​បណ្តា​ប្រទេស​នៅ​សហភាព​អឺរ៉ុប។

សម្ពាធ​ពី​រដ្ឋាភិបាល​សហភាពអឺរ៉ុប និង​អាមេរិក​ សំដៅលើ​ការ​គំរាម​ដក​ឋានៈ​អនុគ្រោះពន្ធ​ពី​កម្ពុជា ​រួមមាន​‍ «គ្រប់​មុខ​ទំនិញ​លើកលែង​តែ​សព្វាវុធ‍» ឬ Everything But Arms (EBA) និង​ឋានៈ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​ទូទៅ ឬ Generalized System Preferences (GSP)។

ការ​ដាក់​សម្ពាធ​ទាំង​នេះ បាន​កើត​ឡើង ដោយសារ​តែ​ការ​រំលោភ​សិទ្ធិ​នយោបាយ និង​សិទ្ធិមនុស្ស​ជា​«លក្ខណៈ​ប្រព័ន្ធ‍»​ដោយ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាពិសេស​នៅក្នុង​អំឡុង​មុន​ការ​បោះឆ្នោត​ថ្នាក់ជាតិ​ឆ្នាំ ២០១៨ ដោយ​គេ​ឃើញ​មាន​ការ​រំលាយ​គណបក្ស​ប្រឆាំង ការចាប់​ឃុំ​ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង រួមទាំង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ផង។ នេះ​បើ​តាម​របាយការណ៍​វាយ​តម្លៃ​របស់​គណៈកម្មការ​សហភាព​អឺរ៉ុប។

ក៏ប៉ុន្តែ រដ្ឋាភិបាលកម្ពុជា​បាន​អះអាង​ដដែលៗ​ថា រាល់​សកម្មភាព​បង្ក្រាប​របស់​អាជ្ញាធរ​កម្ពុជា ធ្វើឡើង​ដោយ​ស្រប​តាម​ច្បាប់ និង​បទបញ្ញត្តិ​របស់​កម្ពុជា។ នេះបើ​តាម​ការ​បញ្ជាក់​របស់​លោក សុខ ឥសាន អ្នក​នាំពាក្យ​របស់​រដ្ឋាភិបាល​នាពេល​កន្លង​មក។

នាពេល​បច្ចុប្បន្នះ អ្នក​តាមដាន​ស្ថានភាព​នយោបាយ​នៅកម្ពុជា​ខ្លះ យល់ថា ការ​ដាក់​សម្ពាធ​ពី​សហភាពអឺរ៉ុប និង​អាមេរិក កំពុងតែ​មាន​ឥទ្ធិពល​បន្តិច​ម្តងៗ​លើ​រដ្ឋាភិបាល​កម្ពុជា​ហើយ ដោយ​គេ​ឃើញ​មាន​ការ​ដោះលែង​សកម្មជន​គណបក្ស​ប្រឆាំង​យ៉ាងហោចណាស់ ៧០នាក់ កាលពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​កន្លង​ទៅ បន្ទាប់​ពី​គណៈកម្មការ​សហភាព​អឺរ៉ុប​បាន​ផ្ញើ​របាយការណ៍​វាយ​តម្លៃ​របស់​ខ្លួន ទៅ​កាន់​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន។

បន្ថែម​លើ​នេះ លក្ខខណ្ឌ​ឃុំ​ខ្លួន​លោក កឹម សុខា នៅ​គេហដ្ឋាន​របស់​លោក ក៏​ត្រូវបាន​បន្ថូរ​បន្ថយ ដោយ​លោក​ត្រូវ​បាន​តុលាការ​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ជុំវិញ​ប្រទេសកម្ពុជា​បាន ប៉ុន្តែ​ត្រូវ​ធានា​ថា​សកម្មភាព​ទាំងនោះ​មិនមែន​ជា​សកម្មភាព​នយោបាយ​ដាច់​ខាត។

រូបឯកសារ៖ លោកកឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំកម្ពុជា​លោកស្រី​ Carmen Moreno នៅគេហដ្ឋាន​របស់​លោក នៅ​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ (ទុំ ម្លិះ/VOA)
រូបឯកសារ៖ លោកកឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំកម្ពុជា​លោកស្រី​ Carmen Moreno នៅគេហដ្ឋាន​របស់​លោក នៅ​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ (ទុំ ម្លិះ/VOA)

ក៏ប៉ុន្តែ នៅក្នុង​អត្ថបទ​ទស្សនៈ​ចុះផ្សាយ​កាលពី​ពីរសប្តាហ៍​មុន​លើ​គេហទំព័រ The Interpreter របស់​វិទ្យាស្ថាន Lowy Institute លោក Charles Dunst អ្នក​សិក្សា​ស្រាវជ្រាវ​ម្នាក់​ប្រចាំ​សាកល​វិទ្យាល័យ London School of Economics នៅ​ចក្រភព​អង់គ្លេស យល់​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​យុទ្ធសាស្ត្រ​នយោបាយ​ឆ្លាតវ័យ ក្នុងការ​ទប់ទល់​នឹង​សម្ពាធ​ពី​រដ្ឋាភិបាល​លោក​ខាង​លិច ដោយ​ធ្វើ​យ៉ាងណា​ធានា​ថា រដ្ឋាភិបាល​របស់​លោក​នៅតែ​បន្ត​កាន់​អំណាច។

«តាមពិត​ទៅ ខ្ញុំ​មិន​សង្ឃឹម​ថា ការណ៍​ដែល​សហភាព​អឺរ៉ុប​ដក​ឋានៈ​អនុគ្រោះពន្ធ EBA ហើយ​សហរដ្ឋអាមេរិក​ដក​ឋានៈអនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​របស់​ខ្លួន អាចនឹង​ជំរុញ​ឲ្យ​លោក ហ៊ុន សែន បញ្ចប់​ការ​គាបសង្កត់​ទាំង​ឡាយ​ដែល​លោក​បាន​ធ្វើ​ពី​មុន​មក​នោះ​ទេ‍»។

លោក Charles Dunst បាន​បញ្ជាក់​ទៀត​ថា ជាយូរ​មក​ហើយ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អាច​ជម្នះ​លើ​គោលនយោបាយ​របស់​រដ្ឋាភិបាល​លោក​ខាងលិច ដែល​មាន​ទំនោរ​ទាមទារ​ឲ្យ​កម្ពុជា​ដើរ​ស្របតាម​លទ្ធិប្រជាធិបតេយ្យ​បាន ដោយ​ទាញ​បាន​ទាំង​«ប្រយោជន៍​ពាណិជ្ជកម្ម និង​ជំនួយ‍» ស្របពេល​រដ្ឋាភិបាល​របស់​លោក​បន្ត​ក្តោបក្តាប់​អំណាច។

«‍វា​បាន​កើត​ឡើង ស្រប​ពេល​ដែល​[រដ្ឋាភិបាល​កម្ពុជា] បន្ត​បង្ក្រាប​ក្រុម​ប្រឆាំង ឬ​សារព័ត៌មាន»។

លោក ឈាង វណ្ណារិទ្ធិ នាយក​វិទ្យាស្ថាន​ចក្ខុ​វិស័យអាស៊ី យល់​ថា សម្ពាធ​បច្ចុប្បន្ន​របស់​រដ្ឋាភិបាល​លោក​ខាង​លិច មិន​សូវ​មាន​ឥទ្ធិពល​ខ្លាំង​លើ​រដ្ឋាភិបាល​កម្ពុជា ដូច​ក្នុង​អំឡុង​ទសវត្សរ៍ ១៩៩០ និង​ដើម​ទសវត្សរ៍ ២០០០ នោះ​ទេ។

លោក​បាន​សរសេរ​តាម​សារអេឡិច​ត្រូនិក​ឆ្លើយតប​នឹង​សំណួរ​របស់ VOA ថា៖ «បច្ចុប្បន្ន​នេះ អ្នក​មាន​អំណាច​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា ជឿ​ជាក់​ថា ពួកគេ​អាច​ពឹងផ្អែក​ខ្លួនឯង​បាន និង​អាច​រីកចំរើន​ទៅមុខ​ដោយ​គ្មាន​ជំនួយ​បែប​លក្ខខណ្ឌ​ពី​លោកខាងលិច​បាន‍»។

កាលពី​ចុង​ខែវិច្ឆិកា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថវិកា​ជាតិ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​ថវិកា​ប្រមាណ ៣ ពាន់​លាន​ដុល្លារ​រួច​ជា​ស្រេច ដើម្បី​ទប់ទល់​ផល​ប៉ះពាល់​នានា​ដែល​អាច​កើត​មាន​ឡើង​ដោយសារ​លទ្ធភាព​នៃ​ការ​បាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប។ បន្ថែម​លើ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ក្នុង​ពេល​ជាមួយគ្នា​ថា កម្ពុជា​មិន​យក​អធិបតេយ្យភាព​ជាតិ​ទៅ​ដូរ​ជាមួយ​ជំនួយ ឬ​ការ​អនុគ្រោះ​ពន្ធ​ណាមួយ​នោះ​ទេ។

សម្ពាធលោកខាងលិចកាន់តែខ្លាំង ចិនកាន់តែមានឥទ្ធិពល

ការ​ប្រកាន់​ជំហរ​ខ្លាំងៗ​បែបនេះ​ពី​រដ្ឋាភិបាល​កម្ពុជា កើតឡើង​ស្រប​ពេល​ដែល​ចិន​បាន​ប្រកាស​គាំទ្រ​ជួយ​កម្ពុជា​ជា​ចំហ ក្នុង​កាលៈទេសៈ​ដែល​កម្ពុជា​បាត់បង់​ឋានៈអនុគ្រោះពន្ធ​ពី​ប្រទេស​លោកខាង​លិច។

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង មុន​កិច្ចប្រជុំនៅវិមានរដ្ឋាភិបាលចិនប្រចាំទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង មុន​កិច្ចប្រជុំនៅវិមានរដ្ឋាភិបាលចិនប្រចាំទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។

ក្នុង​ជំនួប​រវាង​លោក​ហ៊ុន សែន និង​លោក Wang Huning សមាជិក​ការិយាល័យ​នយោបាយ​មជ្ឈឹម​បក្ស​កុម្មុយនីស្ដ​ចិន នៅ​រដ្ឋធានី​ប៉េកាំង កាលពី​ចុង​ខែ​មេសា ភាគី​កម្ពុជា​បាន​លើកឡើង​ថា ភាគីចិន​ត្រៀម​«ជួយ»​កម្ពុជា​លើ​បញ្ហា EBA ដែល​សហភាព​អឺរ៉ុប​គ្រោងនឹង​ប្រកាស​សេចក្តី​សម្រេច​ចិត្ត​របស់​ខ្លួន ថា​ត្រូវ​ព្យួរ​ឋានៈ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា នាដើម​ខែ​កុម្ភៈ ឆ្នាំ​២០២០​ខាងមុខ។ បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន ក៏​បាន​បង្កើត​ក្រុម​ការងារ​ពាណិជ្ជកម្ម​រួមគ្នា​មួយ ដើម្បី​ពិភាក្សាពី​លទ្ធភាព​បង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ឬ Free Trade Agreement (FTA) ផង​ដែរ។

លោក អៀ សុផល សាស្ត្រាចារ្យ​ផ្នែក​ការទូត និង​កិច្ចការ​អន្តរជាតិ​ប្រចាំ​សាកល​វិទ្យាល័យ Occidental College នៅ​រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក យល់​ថា ចិន​អាច​ជួយ​កម្ពុជា​បាន​តិចតួច​តែ​ប៉ុណ្ណោះ ក្នុង​ការ​ទប់ទល់នឹង​ផល​ប៉ះពាល់​ដែល​កម្ពុជា​អាច​រង​គ្រោះ​ដោយ​សារ​ការ​បាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ EBA ឬ GSP។

លោក​ អៀ សុផល បាន​សរសេរ​តាម​សារ​អេឡិច​ត្រូនិក​ឆ្លើយ​តប​នឹង​សំណួរ​របស់ VOA ថា៖ «ប៉ុន្តែ​ការពិត​ទៅ ចិន​មិន​មែន​ជា​តួអង្គ​ជំនួស​ដ៏​ល្អ​អត់ខ្ចោះ​ទេ។ តើ​កាស៊ីណូ​ប៉ុន្មាន​ទៀត​ដែល​កម្ពុជា​ត្រូវការ? កម្ពុជា​មិន​គួរ​មាន​កាស៊ីណូ​ទៀត​ទេ។ តើ​កម្ពុជា​អាច​នាំ​ចេញ​ផលិតផល​ច្រើន​ប៉ុណ្ណា​ទៀត? កម្ពុជា​អាច​នាំ​ចេញ​ផលិតផល​ជា​ច្រើន​ទៀត។ ប៉ុន្តែ ផលិតផល​នោះ​អាច​នាំ​ចេញ​ទៅ​ចិន​មែនទេ? មិន​ប្រាកដ​ថា​អីចឹង​ទេ‍»។

យ៉ាងណាមិញ លោក ឈាង វណ្ណារិទ្ធ យល់​ថា ការ​ដាក់​សម្ពាធ​កាន់​ខ្លាំង​ពី​លោកខាងលិច​លើ​កម្ពុជា ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​ឲ្យ​ប្រាកដ​ប្រជា អាច​ផ្តល់​ផល​ចំណេញ​ខាង​ឥទ្ធិពល​នយោបាយ​ដល់​ចិន​នៅ​កម្ពុជា​បន្ថែម​ទៀត។

លោក​បាន​សរសេរ​តាម​សារ​អេឡិចត្រូនិក​ថា៖ «កាល​ណា​លោក​ខាងលិច​ដាក់​សម្ពាធ​កាន់តែ​ច្រើន​មក​លើ​រដ្ឋាភិបាល​កម្ពុជា នោះ​ចិន​កាន់តែ​មាន​ឱកាស​ច្រើន​ឡើង ក្នុងការ​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​មកលើកម្ពុជា‍»។

សម្ព័ន្ធ​ភាព​ទ្វេរភាគី​រវាង​កម្ពុជា​និង​ចិន​ដ៏​ស្អិត​រមួត​នេះ ត្រូវបាន​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​មើល​ឃើញ​ថា ជា​ក្តី​បារម្ភ​មួយ​សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍ ដែល​ចិន​កាន់តែ​មាន​ឥទ្ធិពល​ខ្លាំង​ឡើង។

លោក Sebastian Strangio អ្នក​និពន្ធ​សៀវភៅ «ប្រទេសកម្ពុជា​របស់​លោក ហ៊ុន សែន‍» និង​អ្នក​តាមដាន​ស្ថានភាព​នយោបាយ​អាស៊ីអាគ្នេយ៍​ម្នាក់ បញ្ជាក់​ថា រដ្ឋាភិបាល​លោក​ខាង​លិច​បារម្ភ​ថា កម្ពុជា​អាច​ក្លាយ​ជា​រដ្ឋ​មួយ​នៅ​ក្រោម​ឥទ្ធិពល​ចិន «ដែល​នឹង​ធ្វើអ្វី​គ្រប់​យ៉ាង​តាម​គោលដៅ​យុទ្ធសាស្ត្រ​នយោបាយ​ចិន​លើ​តំបន់​អាស៊ី​អាគ្នេយ៍‍»។

លោក​បាន​សរសេរ​តាម​សារ​អេឡិចត្រូនិក​ ឆ្លើយតប​នឹង​សំណួរ​របស់​វីអូអេ​ថា៖ «‍មន្ត្រី​រដ្ឋាភិបាល​លោក​ខាងលិច​ខ្លះ ថែម​ទាំង​បាន​បន្ទោស​ថា ចិន​គឺជា​មូលហេតុ​នៃ​របប​ផ្តាច់​ការ​និយម​ដែល​កើត​មាន​ថ្មីៗ​នេះ​នៅ​កម្ពុជា»។

លោក Sebastian Strangio ក៏បាន​បញ្ជាក់​ទៀត​ថា ការ​គិត​ថា កម្ពុជា​អាច​ជា​រដ្ឋ​ក្រោម​ការ​គ្រប់គ្រង​របស់​ចិន​នេះ មិន​ជួយ​ដល់​ឥទ្ធិពល​គោលនយោបាយ​របស់​លោក​ខាងលិច​លើ​រដ្ឋាភិបាល​កម្ពុជា​ឡើយ។

លោក​បាន​សរសេរ​ថា៖ «បើសិន​ជា​ប្រទេស​លោក​ខាងលិច​មើល​មក​កម្ពុជា ដោយ​ផ្អែក​ទៅ​តាម​ស្ថានភាព​ជាក់ស្តែង​តាំងពី​មួយ​ទសវត្សវ៍​មុន នោះ​អ្វីៗ​អាច​នឹង​មិន​កើត​ឡើង​ដូច្នេះ​ទេ»។

លោក Charles Dunst ក៏​យល់​ថា រដ្ឋាភិបាល​លោក​ខាង​លិច ជាពិសេស​សហរដ្ឋ​អាមេរិក ទើបតែ​យក​ចិត្តទុកដាក់​ខ្លាំង​លើ​កម្ពុជា នៅ​ពេល​ឥទ្ធិពល​របស់​ចិន​នៅកម្ពុជា​កាន់តែ​កើន​ឡើង​តែ​ប៉ុណ្ណោះ។ ចិន​គឺជា​អ្នក​វិនិយោគទុន​ធំ​ជាងគេ​បង្អស់​នៅ​កម្ពុជា ជាពិសេស​ក្នុង​វិស័យ​អចលនទ្រព្យ សំណង់ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ។ ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​ចិន មាន​ទំហំ​ជា​ទឹកប្រាក់​ប្រមាណ ៧ពាន់លាន​ដុល្លារ​សម្រាប់​ឆ្នាំ ២០១៨។

លោក Charles Dunst បាន​ប្រាប់ VOA តាម​ទូរស័ព្ទ​ថា៖ «ខ្ញុំ​ពិតជា​យល់​ស្រប​ថា លោក​ខាង​លិច​ស្ទុះស្ទារ​យក​ចិត្ត​ទុក​ដាក់ នៅ​ពេល​ដែល​ចិន​បាន​ចូលមក​ពាក់ព័ន្ធ។ ខ្ញុំគិត​ថា វា​គួរ​ឲ្យ​សោក​ស្តាយ។ ហើយ​នេះ​គឺជា​ស្ថានភាព​ជាក់ស្តែង​ដែល​គួរ​ឲ្យ​សោក​ស្តាយ​នៃ​គោលនយោបាយ​ការទូត​របស់​លោកខាងលិច​តាំង​ពី​ដើម​រហូត​មក​ដល់​ពេល​នេះ‍»។

កម្មការិនីរោងចក្រកាត់ដេរកំពុងដេរសម្លៀកបំពាក់ឲ្យក្រុមហ៊ុន H&M នៅ​ក្នុងរោងចក្រមួយកន្លែងនៅខេត្តកណ្តាល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។
កម្មការិនីរោងចក្រកាត់ដេរកំពុងដេរសម្លៀកបំពាក់ឲ្យក្រុមហ៊ុន H&M នៅ​ក្នុងរោងចក្រមួយកន្លែងនៅខេត្តកណ្តាល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។

បន្ថែម​លើ​នេះ សម្ពាធ​កាន់តែ​ខ្លាំង​ពី​លោក​ខាងលិច​នេះ​ក្នុង​ការ​ទាមទារ​ឲ្យ​មាន​ការស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នេះ កាន់តែ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ងាក​ទៅ​រក​ការ​គាំទ្រ​ពី​ប្រទេស​ផ្សេង ជាពិសេស​ចិន ហើយ​កាន់តែ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន យល់​ថា រដ្ឋាភិបាល​លោកខាងលិច​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​របប​គ្រប់គ្រង​នៅ​កម្ពុជា។ នេះ​បើ​តាម​ការ​វិភាគ​របស់​លោក Sebastian Strangio។

លោក​បាន​សរសេរ​ថា៖ «ត្រូវ ឬ​ខុស ការ​ដក​ហូត​ឋានៈ​អនុគ្រោះ​ពន្ធ នឹង​កាន់តែ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជឿ​ថា សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​ចង់ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បាត់បង់​អំណាច ហើយ​កាន់តែ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដើរ​ចេញ​ពី​ការ​ពឹងពាក់​នានា​លើ​លោកខាង​លិច‍»។

ទោះជាយ៉ាងណា​ក៏ដោយ អ្នកជំនាញ​ខាង​នយោបាយ​ក្នុង​តំបន់​ប៉ុន្មាន​រូប​ខាង​លើ​នេះ នៅតែ​ជឿ​ថា កម្ពុជា​នៅតែ​ត្រូវការ​ទីផ្សារ​របស់​ប្រទេស​លោក​ខាង​លិច ដោយសារ​តែ​បរិបទ​សេដ្ឋកិច្ច​ទីផ្សារ​សេរី​របស់​ពិភពលោក​ដែល​មាន​លក្ខណៈ​ប្រកួត​ប្រជែង​កាន់តែ​ខ្លាំង។

លោក Sebastian Strangio បាន​សរសេរ​ថា៖ «កម្ពុជា​នៅតែ​ពឹង​ផ្អែក​លើ​ទីផ្សារ​របស់​ប្រទេស​លោក​ខាងលិច​សម្រាប់​ការ​នាំ​ចេញ ហើយ​ក្នុង​នាម​ជា​ប្រទេស​ដ៏​តូច​មួយ​ក្នុង​តំបន់​ដែល​មាន​លក្ខណៈ​កាន់តែ​មិន​នឹងនរ កម្ពុជា​នៅតែ​ចង់​មាន​ទំនាក់​ទំនង​ល្អ​ប្រសើរ​ជាមួយ​បណ្តា​ប្រទេស​លោក​ខាង​លិច​ដែល​ប្រកាន់​លទ្ធិ​ប្រជាធិប​តេយ្យ‍»។

លោក​សាស្ត្រាចារ្យ អៀ សុផល បាន​ក្រើន​រំលឹក​មតិ​សាធារណជន​ឲ្យ​ដឹង​ថា ការ​បាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ​នេះ មិន​មែន​មាន​ន័យ​ត្រឹម​តែ​បាត់បង់​ទីផ្សារ​នាំ​ចេញ​ទៅទ្វីប​អឺរ៉ុប​នោះទេ។

លោក​បាន​សរសេរ​ថា៖ «‍វា​មាន​ន័យ​ថា កម្ពុជា​ត្រូវ​បង់​ ១០ភាគរយ​សម្រាប់​ថ្លៃ​ពន្ធ​នាំចេញ​ផលិតផល​របស់​ខ្លួន​ទៅ​កាន់​សហភាព​អឺរ៉ុប ដែល​កាលពី​មុន កម្ពុជា​មិន​ចាំបាច់​ត្រូវ​បង់​នោះ​ទេ។ ហើយ​សូម​មើល​បទ​ពិសោធន៍​របស់​ប្រទេស​ថៃ​ជា​គំរូ។ រដ្ឋាភិបាល​ភ្នំពេញ​នៅ​តែ​អះអាង​ដដែលៗ​ថា ខ្លួន​បាន​ត្រៀម​ថវិកា​ប្រមាណ​ ៣ពាន់​លាន​ដុល្លារ​ដើម្បី​ចាយ​វាយ។ តើ​ថវិកា​ហ្នឹង​គ្រោង​នឹង​ប្រើប្រាស់​លើ​អ្វី​ទៅ? យើង​ដឹង​ហើយ​ថា នៅ​កម្ពុជា​ ថវិកា​បាត់​លឿន​ណាស់»។

អ្នក​ជំនាញ​ប្រចាំ​ធនាគារ​ពិភពលោក​អំពី​កម្ពុជា បាន​ព្រមាន​ម្តង​ហើយ​ម្តង​ទៀត​ថា ការ​បាត់បង់​ឋានៈ​អនុគ្រោះពន្ធ​នេះ នឹង​ប៉ះពាល់​ខ្លាំង​ដល់​សន្ទុះ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា ស្របពេល​ដែល​ក្រុមហ៊ុន​វិនិយោគទុន និង​សមាគម​កម្មករ បាន​ព្រមាន​ពី​ហានិភ័យ​នៃ​ការ​បាត់បង់​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ​យ៉ាងហោចណាស់ ៩ម៉ឺនាក់។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ រដ្ឋាភិបាលបាន​ផ្ញើ​របាយការណ៍​របស់​ខ្លួន​ឆ្លើយ​តប​នឹង​ក្តី​បារម្ភ​នានា​របស់​សហភាព​អឺរ៉ុប​អំពី​ការ​រំលោភសិទ្ធិមនុស្ស​ទូទៅ និង​សិទ្ធ​នយោបាយ ដោយ​អំពាវនាវ​ឲ្យ​គណៈកម្មការ​អឺរ៉ុប​«ធ្វើ​ការ​ពិចារណា​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រកប​ដោយ​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​អនុវត្ត​រាល់​អនុ​សញ្ញា​អន្តរជាតិ​ទាំងអស់​ ក្រោម​លក្ខខណ្ឌ​អនុគ្រោះ​ពន្ធ ​«គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ»​នេះ ។

គណៈកម្មការ​សហភាព​អឺរ៉ុប នឹង​សម្រេច​ថា​ត្រូវ​ព្យួរ ឬ​ដក​ហូត​ឋានៈ​អនុគ្រោះ​ពន្ធ ពី​កម្ពុជា​ នៅ​ខែកុម្ភៈ ឆ្នាំ​២០២០​ខាង​មុខនេះ៕

XS
SM
MD
LG