ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី៖ គម្រោងចរចាពាណិជ្ជកម្មសេរីជាមួយចិនមិនពាក់ព័ន្ធនឹង EBA ឡើយ


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង មុន​កិច្ចប្រជុំនៅវិមានរដ្ឋាភិបាលចិនប្រចាំទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង មុន​កិច្ចប្រជុំនៅវិមានរដ្ឋាភិបាលចិនប្រចាំទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។

ការ​បោះ​ជំហាន​ដំបូង​ក្នុង​ចរចា​ស្ថាបនា​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​ (FTA)​ ទ្វេភាគី​ជាមួយ​ប្រទេស​ចិនមិន​មាន​ការ​ពាក់​ព័ន្ធ​នឹង​ស្ថានភាព​មិន​ច្បាស់​លាស់​នៃ​គម្រោងពាណិជ្ជ​កម្ម​សម្បទាន​ជា​មួយ​សហភាព​អឺរ៉ុប ​(EBA)​ ឡើយ។​ ​នេះ​ជា​ការ​លើក​ឡើង​របស់​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ។​

ស្ថានទូត​ចិន​នៅ​ភ្នំពេញ​បាន​ប្រកាស​កាលពី​សប្ដាហ៍​មុន​ថា​ ​ក្រុម​ការងារ​ពាណិជ្ជ​កម្ម​មក​ពី​ប្រទេស​ទាំង​ពីរ​នឹង​ជួប​ប្រជុំ​គ្នា​នៅ​រដ្ឋធានី​ប៉េកាំង​ ​នា​ដើម​ខែ​ធ្នូ​ខាង​មុខដើម្បី​សិក្សា​អំពី​លទ្ធភាព​បើក​ការ​ចរចា​ឈាន​ទៅ​បង្កើត​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ទ្វេភាគី​ ​ដែល​នឹង​បើក​ឱ្យ​កាន់តែ​ទូលាយ​នៃ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំងពីរ​ ​នា​ពេល​ខាង​មុខ។​

ការ​ប្រកាស​ដំណឹង​នេះកើត​ឡើង​នៅ​ចំ​ពេល​ដែល​សហភាព​អឺរ៉ុប​ ​ ​ដែល​ជា​ទី​ផ្សារ​នាំ​ចេញ​ចម្បង​របស់​កម្ពុជា​ ​កំពុង​ត្រួត​ពិនិត្យ​លក្ខណៈ​សម្បត្តិ​របស់​កម្ពុជា​ ​ក្នុង​ឋានៈ​ជា​ប្រទេស​បន្ត​ទទួល​ការ​អនុគ្រោះ​ពន្ធគយ​នាំ​ទំនិញ​ទៅ​លក់​នៅ​ទីផ្សារ​រួម​ដែល​មាន​២៨​ប្រទេស។​

សហភាព​អឺរ៉ុប​បាន​លើក​ឡើង​ថា​ ​ការ​សើរើ​នេះ​ទាក់ទិន​នឹង​ការ​បង្ក្រាបការ​បញ្ចេញ​មតិ ការ​បង្ក្រាបសកម្ម​ភាព​សង្គម​ស៊ីវិល​ ​ការ​បង្ក្រាប ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដែល​មិន​ចំណុះ​រដ្ឋាភិបាល​ និង​ការ​បង្ក្រាប​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ ​ដែល​មាន​ការ​ចាប់​ខ្លួន​មេ​ដឹកនាំ​ជំទាស់​ និង​ការរំលាយ​បក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ជា​បក្ស​ប្រឆាំង​ធំ​បំផុត​ ​មុន​ពេល​ដែល​បក្ស​កាន់​អំណាច​ក្រសោប​យក​អាសនៈ​អស់គ្មាន​សល់​នៅ​សភា​ជាតិ​ ​កាល​ពី​ការ​បោះឆ្នោត​ឆ្នាំ​២០១៨។​

យ៉ាងណា​ក្ដី​ ​នៅពេល​ដែល​ត្រូវ​បាន​សួរ​អំពី​ការ​កើត​ឡើង​ព្រមៗ​គ្នា​នៃ​ការ​រៀបចំ​គម្រោងពាណិជ្ជ​កម្ម​ទាំង​ពីរ​ខាង​លើ​នេះ​ ​លោក​ប៉ែន សុវិជាតិ​ ​អនុរដ្ឋ​លេខាធិការ​ក្រសួង​ពាណិជ្ជ​កម្ម​ ​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​វា​គ្រាន់តែ​ជា​ការ​«គាប់​ជួន»​ប៉ុណ្ណោះ។​

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ចូលរួមសន្និសីទកាសែត នៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ចូលរួមសន្និសីទកាសែត នៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)

«អីចឹង​ហើយ​ ​ការ​ព្រួយ​បារម្ភ​ថា​ ឱ្យ​យើង​មាន​បញ្ហា​ពី​រឿង​នេះ​ ​ឬក៏​យក​អា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ ​ដែល​យើង​បម្រុង​នឹងធ្វើ​នេះ​ ​ទៅ​ប្រៀប​ធៀប​ ​ឬ​ក៏​ចាត់​ទុក​ថា​ ​ជា​ការ​ដោះស្រាយ​បញ្ហា​បាត់បង់​ ​EBA​ ​គឺ​មិន​គួរ​នឹង​ចាត់ទុក​របៀប​នេះ​ទេ​ ​ពី​ព្រោះ​វា​ជា​ការ​គាប់​ជួន​មួយ»។​

មន្ត្រី​ជាន់ខ្ពស់​ផ្នែក​ពាណិជ្ជ​កម្ម​របស់​កម្ពុជា​រូប​នេះក៏​បាន​បង្ហាញ​ជំនឿ​ថា​ ​រដ្ឋាភិបាល​កម្ពុជា​អាច​នឹង​ចរចា​បន្ត​ធានា​ថា​ សហភាព​អឺរ៉ុប​នឹ​ងនៅ​តែ​បន្ត​ដាក់​កម្ពុជា​នៅ​ក្នុង​គម្រោងសម្បទាន​ពាណិជ្ជ​កម្ម​ ​EBA​ ​របស់​ខ្លួន។

«ហើយ​មកទល់​ពេលនេះ​ ​ក៏​យើង​មិន​ទាន់​អាច​និយាយ​ថា​ យើង​បាត់​ [EBA]​ ​ដែរ​ ​ពី​ព្រោះ​យើង​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដែល​ត្រូវ​ឆ្លើយតប​ ​ហើយ​យើង​មាន​ទឡ្ហីករណ៍​ល្អៗសម្រាប់​ឆ្លើយតប​ទៅ​នឹង​សហភាព​អឺរ៉ុប​វិញ​ថា​ ​យើង​បាន​ធ្វើអ្វី​ខ្លះ​ ​ដែល​មិន​គួរ​ឱ្យ​ចោទ​ប្រកាន់​យើង​ ​ទៅ​លើ​ការ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ»។​

យ៉ាង​ណាក្ដី​នៅ​ព្រឹក​ដដែល​ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែនបាន​ប្រកាស​ថា​ ក្រុម​រាជការ​របស់​លោក​កំពុង​ត្រៀម​ខ្លួន​សម្រាប់​សេណារីយោ​ក្នុង​ករណី​ដែល​មាន​ការ​ផ្ដាច់​កម្ពុជា​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំចូល​ទំនិញ​ទៅ​កាន់​សហភាព​អឺរ៉ុប​ ​ហើយ​លោក​បាន​លើក​ឡើងថា៖​

«យើង​មិន​ចង់​ឱ្យ​បាត់​ទេ!​ ​ប៉ុន្តែ​ធ្វើ​ម៉េច​ ​បើ​គាត់​យក​អាហ្នឹង​មក​ដោះ​ដូរ​ជាមួយ​នឹង​ច្បាប់​ ​ជាមួយ​នឹង​ឯករាជ្យ​របស់​យើង​ហើយ​ ​យើង​ក៏​មិន​អាច​ទទួលយក​បាន​ដែរ។​ ​អីចឹង​បើ​គេ​ឱ្យ​បង់ពន្ធ​ ​យើង​បង់ពន្ធ​ឱ្យ​គេ​ទៅ!»​

សហភាព​អឺរ៉ុប​បាន​ផ្ញើ​របាយ​ការណ៍​វាយ​តម្លៃ​អំពី​លក្ខណៈ​សម្បត្តិ​របស់​កម្ពុជា​ ​ជូន​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ថ្ងៃទី​១២​ខែ​វិច្ឆិកា​ ​ហើយ​ការ​ប្រកាស​របស់​ស្ថានទូត​ចិន​អំពី​ការ​គ្រោង​សន្ទនា​ឈាន​ទៅ​បង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​ទ្វេភាគី​កម្ពុជា​ចិន​ ​កើត​មាន​ឡើង​នៅ​ថ្ងៃ​ទី​១៤​ខែ​វិច្ឆិកា។​

យ៉ាងណាក្ដី​ ​ក្នុង​ជំនួប​រវាង​លោក​ហ៊ុន សែននិង​លោក​ ​Wang Huning ​សមាជិក​ការិយាល័យ​នយោបាយ​មជ្ឈឹមបក្ស​កុម្មុយ​នីស្ដ​ចិន​ ​នៅ​រដ្ឋធានី​ប៉េកាំង​ ​កាលពី​ចុង​ខែ​មេសា​ ​ ភាគី​កម្ពុជា​បាន​លើក​ឡើង​ថា​ ​ភាគី​ចិន​ត្រៀម​«ជួយ»​កម្ពុជាលើ​បញ្ហា​ EBA​ ដែល​សហភាព​អឺរ៉ុប​គ្រោង​នឹង​ប្រកាស​លទ្ធភាព​ផ្ដាច់ព្រ័ត្រ​នា​ដើម​ខែ​កុម្ភៈឆ្នាំ​២០២០ខាង​មុខ។​

លោក ​Sebastian Strangio​ ​អ្នក​ស្រាវជ្រាវ​តាម​ដាន​លើ​ប្រធាន​បទ​ឥទ្ធិពល​ចិន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ​បាន​លើក​ឡើង​ថា​ ​ព្រឹត្តិ​ការណ៍​ទាំង​ពីរ​ហាក់​មាន​ការ​ទាក់ទង​គ្នា​ ​ តែ​ជា​ពិបាក​លាត​ត្រដាង។​ ​លោក​បាន​ប្រាប់​ VOA​ តាម​សារ​អេឡិចត្រូនិក​ថា៖​

«វា​ពិបាកនិយាយ​ណាស់​ ​តែ​កាល​វេលា​នេះ​បាន​បង្កើត​នូវ​សំណួរ​ជាច្រើន។​ ​វា​ច្បាស់​ណាស់​ថា​ ​រដ្ឋាភិបាល​កម្ពុជា​កំពុង​ធ្វើការ​ងារ​អ្វី​ដែល​ខ្លួន​ធ្វើ​បានដើម្បី​បន្ថយ​ការ​ពឹង​ផ្អែក​ផ្នែក​សេដ្ឋកិច្ច​ទៅលើ​បណ្ដា​ប្រទេស​លោក​ខាង​លិច​ ​និង​ធ្វើ​ពិពិធកម្ម​ទីផ្សារ​នាំ​ចេញ​របស់​ខ្លួន។​ ​ការ​ចុះ​ហត្ថលេខា​លើ​ ​FTA​ ​ជាមួយ​ចិន​ ​ប្រាកដ​ជាសមស្របនឹង​បរិបទ​នេះ​ណាស់»។​

ស្រប​ពេល​ជាមួយ​គ្នានេះ​ដែរ​ ​ ​ពាណិជ្ជ​កម្ម​កម្ពុជា​សហភាព​អឺរ៉ុប​ក្រោម​ក្របខណ្ឌ​នៃ​គម្រោងសម្បទាន​ពាណិជ្ជ​កម្ម​ ​EBA​ ​មាន​ទំហំ​៦,៧​ពាន់​លាន​ដុល្លារ​ ​កាល​ពី​ឆ្នាំ​២០១៨​ ​ដែល​ក្នុង​នោះ​កម្ពុជា​នាំចេញ​ទៅ​សហភាព​អឺរ៉ុប​មាន​ទំហំ​៥,៩៨​ពាន់​លាន​ដុល្លារ​ ​ហើយ​អឺរ៉ុប​នាំចូល​មក​កម្ពុជា​មាន​តម្លៃ​៨៩០​លាន​ដុល្លារ។​ ​នេះ​បើ​យោង​តាម​ស្ថិតិ​របស់​ EU។

ពាណិជ្ជ​កម្ម​ទ្វេភាគី​កម្ពុជា​ចិន​មាន​ទំហំ​៧​ពាន់​លាន​ដុល្លារ​ ​កាលពី​ឆ្នាំ​២០១៨ ​ដែល​ការ​នាំចេញ​ពី​កម្ពុជា​ទៅ​ចិន​មាន​តម្លៃ៨៦៤​លាន​ដុល្លារ​ ​ខណៈការ​នាំចូល​ពី​ចិន​មាន​តម្លៃ​ដល់​ទៅ​ ​៦.១៤៤លាន​ដុល្លារ។​ ​នេះ​បើ​យោង​តាម​តួលេខ​ដែល​ផ្ដល់​ឱ្យ​ដោយ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​ ​និង​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​បណ្ដាញ​ព័ត៌មានក្នុង​ស្រុក។​

លោក​ប៉ែន សុវិជាតិ​នៃ​ក្រសួង​ពាណិជ្ជ​កម្ម​បាន​បន្ថែម​ថា​ ​ការ​ចរចា​បង្កើត​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ទ្វេភាគី​ទំនង​ជា​នឹង​មិន​ប្រើ​ពេល​យូរ​ទេ​ ​និង​បើក​ឱ្យ​មាន​លំហរ​នាំចូល​ផលិតផល​កសិកម្ម​របស់​កម្ពុជា​ចូល​ទៅ​ទីផ្សារ​ចិន​កាន់តែ​ច្រើន៕

XS
SM
MD
LG