ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេខ្មែរក្រហម​​មាស​ មុត ​និង​អ៊ឹម​ ចែម​​ត្រូវ​តុលាការ​ចោទ​ប្រកាន់


អ្នក​ស្រី​អ៊ឹម​ ចែម ​ជនជាប់​សង្ស័យ​ក្នុង​សំណុំ​រឿង​០០៤។
អ្នក​ស្រី​អ៊ឹម​ ចែម ​ជនជាប់​សង្ស័យ​ក្នុង​សំណុំ​រឿង​០០៤។

សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​នៃ​សាលា​ក្តី​ខ្មែរ​ក្រហមលោក​ម៉ាក ហាម៉ុន ​នៅថ្ងៃ​អង្គារ​នេះ​ បាន​ដាក់​ជន​ជាប់​សង្ស័យ​ចំនួន​ពី​រនាក់​ដែល​ជា​អតីត​មេទ័ព​កំពូល​ខ្មែរ​ក្រហម​និង​អតីត​កម្មា​ភិបាល​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​ក្នុង​សំណុំ​រឿង​០០៣​និង​០០៤​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ដោយ​កំបាំង​មុខ​ដោយ​ចោទ​ពួក​គេ​ពី​បទមនុស្ស​ឃាត ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​និង​ឧក្រិដ្ឋកម្ម​សង្គ្រាម។​

នៅ​ក្នុ​ង​សេចក្តី​ថ្លែង​ការណ៍​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា​នៅ​រសៀល​នេះ​លោក​ចៅ​ក្រម​ ម៉ាក ហាម៉ុន​ (Mark B.Harmon ) ​សហ​ចៅ​ក្រម​ស៊ើប​អង្កេត​អាមេរិក​បាន​ចោទ​មាស មុត ​អតី​ត​មេបញ្ជាការ​កងទ័ព​ជើង​ទឹក​ថា​ជាប់​ពាក់​ព័ន្ធ​នឹង​បទមនុស្ស​ឃាត ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​និង​ឧក្រិដ្ឋកម្ម​សង្គ្រាម។ ​ដោយ​ឡែក​អ្នក​ស្រី​អ៊ឹម ចែម ​អតីត​ចៅ​ហ្វាយ​ស្រុក​ព្រះនេត​ព្រះ​ក្នុង​សម័យ​ខ្មែរ​ក្រហម​ត្រូវ​ចោទប្រកាន់ពី​បទមនុស្ស​ឃាត​និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ។

​ជនជាប់សង្ស័យ​ទាំង​ពីរ​ស្ថិត​នៅ​ក្នុង​ចំណោម​ជន​ជាប់​សង្ស័យ​ចំនួន​ប្រាំនាក់​ដែល​សហ​ចៅ​ក្រម​ស៊ើប​អង្កេត​អន្តរជាតិ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​ជាច្រើន​ឆ្នាំ​មក​ហើយ​ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ការ​ចោទ​ប្រកាន់​ភ្លាមៗ​ដោយ​សារ​ភាព​ចម្រូង​ចម្រាសរវាង​ភាគី​ជាតិ​និង​ភាគី​អន្តរជាតិ​ក្នុង​សាលា​ក្តី​ខ្មែរ​ក្រហម។

មាស មុត​ ជា​ជន​ជាប់​សង្ស័យ​ក្នុ​ងសំណុំ​រឿង​០០៣​។
មាស មុត​ ជា​ជន​ជាប់​សង្ស័យ​ក្នុ​ងសំណុំ​រឿង​០០៣​។

សហ​ចៅ​ក្រម​ស៊ើប​អង្កេត​អន្តរជាតិ​បាន​រក​ឃើញ​ថា​មាស មុត ​មានការ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើមនុស្ស​ឃាត​ ការ​សម្លាប់​រង្គាល ​ការ​ធ្វើ​ឲ្យ​ធ្វើ​ជា​ទាសករ ​ការ​ដាក់​ក្នុង​មន្ទីរ​ឃុំ​ឃាំង ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដោយ​មូលហេតុ​នយោបាយ​និង​ពូជ​សាសន៍ ​ដែល​ប្រព្រឹត្ត​ទៅ​នៅមន្ទីរ​សន្តិ​សុខ​ឥន្ទញាណ ​នៅ​ខេត្ត​កំពង់​សោម ​ខេត្ត​ក្រចេះ ​និង​មន្ទីរ​សន្តិ​សុខ​ស ២១ ​ឬ​គុកទួល​ស្លែង ​រួម​ទាំង​បទ​ឧក្រិដ្ឋ​ដែល​ប្រព្រឹត្ត​លើ​ជន​បរទេស​មួយ​ចំនួន​ដូចជា​ជនជាតិ​ថៃ ​វៀតណាម ​និង​ជន​បរទេស​ផ្សេង​ទៀត​នៅ​លើ​ដែន​កោះ​និង​ដែន​សមុទ្រ​កម្ពុជា។

​ទាក់ទង​ទៅ​នឹង​អ្នក​ស្រី​អ៊ឹម ចែម ​សហចៅ​ក្រម​ស៊ើប​អង្កេត​ លោក​ម៉ាក ហាម៉ុន ​រកឃើញ​ការ​ជាប់​ពាក់​ព័ន្ធ​នឹង​ឧក្រិដ្ឋ​កម្ម​នៅមន្ទីរ​សន្តិសុខ​ភ្នំទ្រយោង ​ការដ្ឋាន​ស្ពាន​ស្រែង​ ការ​ធ្វើ​មនុស្ស​ឃាត ​ការដាក់​ជា​ទាសករ​ ការ​សម្លាប់​រង្គាល ​ការ​ដាក់​ក្នុង​មន្ទីរ​ឃុំ​ឃាំង​ ការ​ធ្វើ​ទុក្ខបុក​ម្នេញ​ដោយ​មូល​ហេតុ​នយោ​បាយ ​ជាដើម។​

លោកឡាស អលសិន​(Lars Olsen) ​មន្ត្រី​ផ្នែក​ទំនាក់​ទំនង​កិច្ច​ការ​ច្បាប់​របស់​សាលា​ក្តី​ខ្មែរ​ក្រហម​ពន្យល់​ថា​ការ​ដាក់​ជន​សង្ស័យ​មាស មុត ​និង​អ៊ឹម ចែម ​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ដោយ​កំបាំង​មុខដោយ​ផ្អែក​លើ​ការ​ផ្តល់​លទ្ធភាព​ដល់​ជន​សង្ស័យ​ឲ្យ​ធ្វើ​ការ​ទាក់​ទង​ផ្ទាល់​នឹង​សំណុំ​រឿង​របស់​ពួក​គេ ​ដើម្បីពន្លឿន​នីតិវិធី​និង​ជាការ​ពិត​មួយ​ដែល​ថា​នឹង​មិន​មាន​ដីការ​ចាប់​ខ្លួន​ជន​ជាប់​សង្ស័យ​នោះ​ទេ។

«ការដាក់​ជន​សង្ស័យ​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការថ្ងៃ​នេះ​មានន័យ​ថា​ជន​ជាប់​សង្ស័យនិង​មេធាវី​នឹង​មាន​សិទ្ធិមើល​សំណុំ​រឿង​និង​ចូល​រួម​ដំណើរ​ការ​នីតិវិធី​ពេញលេញហើយ​ពួក​គេ​នឹង​មាន​សិទ្ធិ​មើល​ភស្តុតាង​ប្រឆាំង​នឹង​ពួក​គេ ​និង​ធ្វើ​ការ​តស៊ូ​ប្រឆាំង​នឹង​សកម្ម​ភាព​និង​សេចក្តី​សម្រេច​របស់​សហចៅ​ក្រម​ស៊ើប​អង្កេត»។​

​ជាមួយ​គ្នា​នេះ​លោក​នេត្រ ភក្ត្រា ​អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​ខាង​ភាគី​កម្ពុជា​បាន​គូសបញ្ជាក់​បន្ថែម​ថា​ជន​ជាប់សង្ស័យ​មិន​អាច​ត្រូវ​ចាប់​ខ្លួន​ក្នុង​ពេល​នេះ​ទេ។

«យោង​តាម​នីតិវិធី​ការ​ចាប់​ខ្លួន​ឬការឃុំ​ខ្លួន​ជន​សង្ស័យ​បាន​លុះ​ណា​តែ​មាន​ការយល់​ព្រម​ពីសំណាក់​សហ​ចៅ​ក្រម​ស៊ើប​អង្កេត​ទាំង​ពីរ​គឺ​សហចៅ​ក្រម​ជាតិ​និង​សហចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​នៃ​ការិយាល័យ​សហចៅក្រម​ស៊ើប​អង្កេត»។

​អ្នក​ស្រី​អ៊ឹម​ ចែម ​ជនជាប់​សង្ស័យ​ក្នុង​សំណុំ​រឿង​០០៤​និង​មាស មុត​ ជាប់​សង្ស័យ​ក្នុ​ងសំណុំ​រឿង​០០៣​មាន​វ័យ​ជាង​៧០​ឆ្នាំ។

លោកអាង ឧត្តម ​សហ​មេធាវី​កម្ពុជា​របស់​មាស មុត ​មិន​ទាន់​អាច​ពិពណ៌នា​អំពីការ​ឆ្លើយ​តប​ទៅ​នឹង​តុលាការ​យ៉ាងណា​នៅឡើយ​ទេ។

«ចាត់ចែង​យ៉ាងម៉េច​មិន​ទាន់​ដឹង​ទេ​ដោយសារ​មិន​ទាន់​ប្រជុំ​គ្នា​នៅ​ឡើយ»។
ដោយឡែក​លោក​ឆាំង យុ ​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដែល​ជា​មជ្ឈមណ្ឌល​ឯកសារ​ទាក់​ទង​នឹង​របប​ខ្មែរ​ក្រហម​មាន​ប្រសាសន៍​ថាការ​ដាក់​ជន​ជាប់​សង្ស័យ​អ៊ឹម ចែម ​និង​មាស មុត​ ឲ្យ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ​បង្ហាញ​ពី​លក្ខណៈ​វិជ្ជមាន​ផង​និង​អវិជ្ជមាន​ផង។

«រឿង​នេះ​បង្ហាញ​ពី​ភាព​ឯករាជ្យ​របស់​តុលាការ​ហើយ​ប្រហែលជា​ឱកាស​ដែល​តុលាការ​គិត​ថា​ប្រមូល​មក​វិញ​នូវ​ការ​គាំទ្រ​ពី​សំណាក់​ប្រជាជន។​ប៉ុន្តែ​វាមិនមែន​ជា​ដីកា​ចាប់​ខ្លួន​ទេ។​ប៉ុន្តែ​នៅ​ពេលដែល​តុលាការ​បង្ហាញ​ឈ្មោះ​ជន​សង្ស័យ​ដែល​យើង​ធ្លាប់​ឭ​យូរមក​ហើយ​នោះ​អាច​ផ្តល់​ភាព​អវិជ្ជមាន​ទៅ​វិញ​ដោយ​មូលហេតុ​ថា​ប្រជាជន​អាច​សួរ​ទៅវិញ​ថា​ឈ្មោះទាំង​នេះ​ធ្លាប់​ឮ​យូរហើយ​ហេតុអ្វី​ទើប​នឹង​ប្រកាស។​ហើយ​ហេតុអ្វី​បាន​ជា​លាក់​កំបាំង​យូរម្ល៉េះ?»

សូម​បញ្ជាក់​ថា​ការសម្រេច​ចិត្ត​របស់​សហចៅក្រម​សញ្ជាតិ​អាមេរិកាំង​ម៉ាក ហាម៉ុន ​នៅ​ថ្ងៃ​នេះ​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​បានបង្ហាញ​ជំហរ​ជាថ្មី​ម្តង​ទៀត​ប្រឆាំង​ទៅ​នឹង​ការ​ចោទ​ប្រកាន់អតីតកម្មាភិ​បាល​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​បន្ថែម​ទៀត​និង​បាន​ព្រមាន​អំពី​ការ​បង្ក​ឲ្យ​មាន​សង្គ្រាម​ស៊ីវិល៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG