ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាក្សី​​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​បាន​រៀប​រាប់​អំពី​អំពើ​ឃោរឃៅ​ផ្លូវ​ភេទ​នៅ​ក្នុងរបប​ខ្មែរ​ក្រហម


រូបភាព​ឯកសារ៖ និស្សិត​ពី​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ សំដែង​ឡើង​វិញ​នូវ​សកម្មភាព​ដែល​ខ្មែរក្រហម​ធ្វើ​ទណ្ឌកម្ម​ទៅ​លើ​ប្រជា​ពលរដ្ឋ​ក្នុង​ពេល​ពួកគេ​កាន់អំណាច​ពី​ឆ្នាំ១៩៧៥ ដល់​១៩៧៩ នៅ​សារៈមន្ទីរ​ជើងឯក។
រូបភាព​ឯកសារ៖ និស្សិត​ពី​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ សំដែង​ឡើង​វិញ​នូវ​សកម្មភាព​ដែល​ខ្មែរក្រហម​ធ្វើ​ទណ្ឌកម្ម​ទៅ​លើ​ប្រជា​ពលរដ្ឋ​ក្នុង​ពេល​ពួកគេ​កាន់អំណាច​ពី​ឆ្នាំ១៩៧៥ ដល់​១៩៧៩ នៅ​សារៈមន្ទីរ​ជើងឯក។

ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​មួយ​រូប​បាន​ចាប់​ផ្តើម​រៀប​រាប់អំពីអំពើ​ហិង្សា​ផ្លូវ​ភេទ​នៅ​ក្រោម​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​របស់​ពួក​ខ្មែរ​ក្រហម​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

អ្នក​ស្រី​ជូ គឹម​ឡន​ជា​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ដែល​ត្រូវ​ពួក​ខ្មែរក្រហមជម្លៀសចេញពី​ភ្នំពេញ​ទៅ​កាន់​ស្រុក​ត្រាំកក់​ខេត្ត​តាកែវ។

អ្នក​ស្រី​បាន​ផ្តល់​សាក្សី​កម្ម​នៅ​ក្នុង​ការ​កាត់​ទោស​សំណុំ​រឿង​០០២ ​វគ្គ​ទី​២​នៅ​ថ្ងៃ​នេះ​ថា ពួក​ខ្មែរក្រហម​បាន​ចាប់​ប្រជា​ពលរដ្ឋ​រៀប​ការ​ជា​ច្រើន​គូ​ក្នុង​ពេល​តែ​មួយ​ នៅ​ក្នុង​នោះ​មាន​ប្អូន​ប្រុស​បង្កើត​របស់​អ្នក​ស្រី​ផង​ដែរ។​ បើ​តាម​អ្នក​ស្រី​ឲ្យ​ដឹង​ថា​ ការ​រៀប​ការ​ច្រើន​គូ​នេះ​គឺ​គ្រាន់​តែ​ជាការ​ថ្លែង​ប្តេជ្ញា​ទទួល​គ្នា​ជា​ប្តី​ប្រពន្ធតាម​អង្គការ​ខ្មែរក្រហម​អ្នក​រៀប​ចំ​តែ​ប៉ុណ្ណោះ។​

«កន្លែង​សហករ​ ក-១ ​កង​គំរូហ្នឹង​ ប្អូន​ខ្ញុំ​ទៅ​ប្តេជ្ញា​ទី​នោះ​ដែរ។​ គេ​ចាត់​មក​តាម​ភូមិ​ទៅ​ប្តេជ្ញា ​ដូចជា​៣០​ឬ​៣២​គូ ដែល​ប្អូន​ខ្ញុំ​ទៅ​ប្តេជ្ញា​ទី​នោះ។​ ប្តេជ្ញា​ហើយ​មិន​បាន​នាំ​ប្រពន្ធ​មក​ផ្ទះ​ទេ​ គឺ​ប្តេជ្ញា​ហើយ​នាំ​ប្រពន្ធ​ទៅ​កង​ទៅ​ធ្វើការ​តាម​កង ​(កង​ចល័ត)​វិញ»។​

នៅ​ក្នុង​របបខ្មែរក្រហម​ការ​រៀប​ការមិន​បាន​អនុលោម​តាម​លក្ខណៈ​ប្រពៃណីយ៍​ដោយ​មាន​ការ​ចូល​ស្តី​ដណ្តឹង​ ឬ​ដោយ​មាន​សម្លៀក​បំពាក់​ប្រពៃណីយ៍​នោះ​ទេ។ ​ផ្ទុយ​ទៅ​វិញ​ ការ​រៀប​ការ​គឺអង្គការ​របស់​ខ្មែរក្រហមជា​អ្នក​ចាប់​ផ្សំ​គូឲ្យ​ ឬ​ជួន​កាល​បុរស​អាច​ប្រាប់​ទៅ​អង្គការថា ​ពេញ​ចិត្ត​ស្ត្រី​ណា​មួយដើម្បី​អង្គការ​របស់​ខ្មែរក្រហម​អាច​រៀប​ចំ​ឲ្យ។​ ​អាពាហ៍​ពិពាហ៍​នេះ​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ខោអាវ​ខ្មៅ​ដូចៗ​គ្នា។​ ​គ្មាន​សាច់​ញាតិច្រើន​កុះ​ករចូលរួម​នោះ​ទេ។ ​ប៉ុន្តែ​គឺ​តំណាង​អង្គការ​ខ្មែរក្រហម​ជា​អ្នក​ធ្វើ​ជា​សាក្សី​នៃ​ការ​ប្តេជ្ញា​យក​គ្នា​ជា​ប្តី​ប្រពន្ធ​នៃ​ពល​រដ្ឋ​ទាំង​នេះ។​

ជា​ទូទៅ​អាពាហ៍​ពិពាហ៍​បែ​បនេះ​មិន​សម្តែងចេញ​ពី​ការ​ពេញ​ចិត្ត​ ឬ​ព្រម​ព្រៀង​ទាំង​សងខាង​នោះ​ទេ​ ប៉ុន្តែ​គ្មាន​អ្នក​ណា​ហ៊ាន​ប្រកែក​នោះ​ឡើយ។​

ក្រុម​មេធាវី​ការ​ពារជន​រងគ្រោះ​បាន​ហៅ​ការ​រៀប​ការ​នេះ​ថា​ ជា​ការ​រៀប​ការ​ដោយ​បង្ខំ​ ហើយ​បាន​ស្នើ​ឲ្យ​តុលាការ​ចាត់​ទុក​ថា ​គឺ​ជា​ការ​រំលោភ​ផ្លូវ​ភេទ​យ៉ាង​ធ្ងន់​ធ្ងរ។ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធ្លាប់​បាន​លើក​ឡើង​ពី​ការ​ចាប់​រំលោភ​ផ្លូវ​ភេទ​លើ​ស្ត្រី​ក្នុង​របប​ខ្មែរក្រហមនៅ​តាម​តំបន់​ដែល​ពួក​គេ​រស់​នៅ​ឬ​ស្ត្រី​ជា​ច្រើន​ត្រូវ​បាន​ចាប់​រំលោភ​មុន​នឹង​ត្រូវ​សម្លាប់​ចោល​ ឬ​ស្ត្រី​មួយ​ចំនួន​ទៀត​ត្រូវ​រំលោភ​ក្នុង​ពន្ធ​នាគារផង​ដែរ។

អ្នក​ស្រី​ជូ គឹម​ឡន​រៀប​រាប់​បន្ថែមថា​ តាម៉ុក ​អតីត​បងធំទី​៥​របស់​ខ្មែរក្រហម​និង​ជា​មេ​បញ្ជាការ​កង​ទ័ព​ប្រចាំ​តំបន់​នីរតី​ តែង​តែ​ធ្វើ​ជា​អធិបតី​ក្នុង​ការ​រៀប​ការ​ទាំងហ្វូង​នេះ។​ តាម៉ុកបាន​ស្លាប់​មុន​ការ​កាត់​ទោស​ ក្រោយ​ពី​រដ្ឋា​ភិបាល​ចាប់​ខ្លួន​ដាក់​គុក​ជា​ច្រើន​ឆ្នាំ​រួច​មក។​

អ្នក​ស្រី​ជូ គឹម​ឡនរំឭក​ថា ​មិត្ត​ភក្ត្រ​ស្រី​របស់​អ្នក​ស្រី​ចំនួន​ពីរ​នាក់​បាន​ត្អូញ​ត្អែរ​អំពី​របប​អាហារ​មិន​គ្រប់​គ្រាន់​ ​នៅ​ពេល​ដែល​ស្ត្រី​ទាំង​ពីរ​គឺ​ជា​មនុស្ស​ពូ​កែ​ធ្វើ​ការ​បំផុត។​ អ្នកស្រី​បញ្ជាក់​ថា ​មិត្ត​ស្រី​របស់​អ្នក​ស្រី​រែក​ដី​ដោយ​ប្រើ​បង្គី​ចំនួន​បី​ក្នុង​ស្មា​មួយ​ចំហៀង។​ ​ប៉ុន្តែ​ក្រោយ​ពី​ត្អួញ​ត្អែរ​ពីរបប​អាហារ ​ពួកគាត់​ត្រូវ​ចាប់​ខ្លួននិង​ត្រូវ​រំលោភ​ដោយ​កម្មា​ភិបាល​ខ្មែរក្រហម​ច្រើន​នាក់។​

«គាត់​ត្អូញ​ថា ​ហូប​បាយ​មិន​ឆ្អែត​ទេ។​ តែ​ឲ្យ​ពង្រឹង​គោល​ជំហរប្តេជ្ញា​ប្រឹង​រែក​ដី។​ ហូប​បាយ​មិន​ឆ្អែត ​គេ​ស្ល​ព្រឹក​ល្ពៅ ​ល្ងាច​ស្ល​ត្រឡាច​រាល់​ថ្ងៃ។ ​និយាយ​តែ​ប៉ុណ្ណឹង​គត់​ គេ​ចាប់​គាត់​ឲ្យ​ទៅ​ហូប​បាយ​ឆ្អែត​នៅ​ពាណិជ្ជ។​ កម្មាភិបាល​នៅ​ទី​នោះ​ចាប់​រំលោភ​គ្រប់​គ្នា​ទាំង​អស់​ បំពាន​មិត្ត​ភក្ត្រ​ខ្ញុំ​ទាំង​ពីរ​នាក់។ ហើយ​គេ​នាំ​យក​ទៅ​បាត់។​ ​មិន​ដឹង​គេ​ដាក់​នៅ​គុក​ណា ​សម្លាប់​នៅ​ទីណា​បាត់​រហូត»។​

ការកាត់​ទោស​សំណុំ​រឿង​០០២​វគ្គ​ទី​២​ផ្តោត​លើ​បទ​ចោទ​ប្រកាន់​អំពី​អំពើ​ប្រល័យ​ពូជ​សាសន៍ ​ដែល​ទាក់​ទិន​នឹង​ការ​សម្លាប់​ជន​ជាតិ​វៀតណាម​ និងពលរ​ដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ​ការ​បង្ខំ​ឲ្យ​រៀប​ការ ​ឧក្រិដ្ឋ​កម្ម​តាម​មន្ទីរ​សន្តិសុខ​ឬ​គុក​នានា​របស់​ពួក​ខ្មែរក្រហម ​តួនាទី​របស់​ជន​ជាប់​ចោទ​ក្នុង​សម័យ​ខ្មែរក្រហម​ និង​ឧក្រិដ្ឋកម្ម​នៅ​តាម​សហករណ៍​ជាដើម។​

ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​អ្នក​ស្រី​ជូ គឹម​ឡន​អះអាង​ថា​ អ្នកស្រីបាន​ឃើញ​ជនជាតិ​វៀតណាម​មួយ​គ្រួសារ​ និង​ពល​រដ្ឋ​កម្ពុជា​ក្រោមមួយ​គ្រួសារ​ ត្រូវ​ពួក​ខ្មែរក្រហម​ចុច​ឈ្មោះ​ថា ​បញ្ជូន​ទៅ​កាន់​ប្រទេសវៀត​ណាម។​ ​ប៉ុន្តែ​តាម​ពិត​ ពួក​គេ​ត្រូវ​បញ្ជូន​ទៅ​ធ្វើ​ទារុណ​កម្ម និង​សម្លាប់ចោល​ទាំង​ពីរ​គ្រួសារ។​

សូម​បញ្ជាក់​ថា​ ​សវនាការ​លើ​សំណុំ​រឿង​០០២​វគ្គ​ទី​២​នៅ​ថ្ងៃ​នេះ​ត្រូវ​ផ្អាក​មុន​ម៉ោង​កំណត់​ ដោយសារ​ជនជាប់​ចោទ​ខៀវ ​សំផន ​មាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់។​

ដំណាល​គ្នា​នេះ​ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​បាន​សម្រេច​បន្ថយ​ពេលវេលា​កាត់​ទោស​រយៈ​ពេល​កន្លះ​ម៉ោង​នៅ​ពេល​ព្រឹក​ គឺ​ការ​កាត់​ទោស​ចាប់ផ្តើម​នៅ​ម៉ោង​៩​ និង​បញ្ចប់​នៅ​ម៉ោង​១១​និង​៣០​នាទី។​ សេចក្តី​សម្រេច​នេះ​ធ្វើ​ឡើងដោយ​ផ្អែក​លើ​បញ្ហា​សុខ​ភាព​របស់​ជន​ជាប់​ចោទ​នួន ជា ​និង​ខៀវ សំផននិង​វ័យ​ចាស់​ជរា​របស់​ពួក​គេ៕

XS
SM
MD
LG