ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សាក្សី​មួយ​រូប​រៀបរាប់​អំពើ​ព្រៃផ្សៃ​របស់​​ខ្មែរក្រហម​នៅ​គុក​ក្រាំង​តាចាន់ ​ខេត្ត​តាកែវ

  • គង់ សុឋានរិទ្ធ

ក្នុង​រូបថត​ឯកសារ​នេះ អ្នកស្រី Audey Elliot ទេសចរ​​អាយុ​៩១​មក​ពី​ក្រុង​ Adelaide ប្រទេស​អូស្ត្រាលី​ចង្អុល​រូប​គំនូរ​ដែល​បង្ហាញ​អំពី​ទារុណកម្ម​នៅ​គុគ​ទួលស្លែង​​ក្រុង​ភ្នំពេញ​នៅ​សម័យ​ខ្មែរ​ក្រហម។

សាក្សី​បាន​រៀប​រាប់​ថា​ ពួក​ខ្មែរក្រហមក្នុង​មន្ទីរ​សន្តិសុខ​ក្រាំង​តាចាន់​បាន​ធ្វើ​ទារុណកម្ម​លើ​ស្ត្រី​បី​នាក់ដោយ​សម្រាតសម្លៀក​បំពាក់ទាំង​ស្រុង​ ហើយ​បន្ទាប់​មកពួក​គេ​បាន​ពុះ​ទ្រូង​ស្ត្រី​ទាំងនេះ​ទាំង​រស់​ដើម្បី​យក​គ្រឿង​ក្នុង​យក​ទៅ​ចម្អិន​ធ្វើ​ជា​អាហារ។​

លោក ​កែវ ច័ន្ទតារា​ បាន​ឃើញព្រឹត្តិការណ៍​ព្រៃផ្សៃទាំង​នេះ​ផ្ទាល់​នឹង​ភ្នែកក្នុង​ពេល​ដែលលោក​ស្ថិត​ក្នុង​ការ​ឃុំ​ឃាំង​ចំនួន​២៩​ថ្ងៃ។​

លោក​បញ្ជាក់​នៅ​ក្នុង​សវនាការ​ក្នុង​សំណុំ​រឿង​០០២​វគ្គ​ទី​២​នៅ​ថ្ងៃ​ច័ន្ទ​នេះថា ​ពួក​ខ្មែរ​ក្រហម​បាន​ប្រមូល​អ្នក​ទោស​ផ្សេង​ទៀត​ឲ្យ​មើល​ការ​ធ្វើ​ទារុណ​កម្មលើ​ស្រ្តី​ចំនួន​បី​នាក់​ដែល​ត្រូវយក​មក​សួរ​ចម្លើយទាំង​ខ្លួន​អាក្រាត។​

«នារី​ ដែល​គេ​នាំ​ចូល​មក​នោះ​ ត្រូវ​គេ​សម្រាត​ននល​គោក ​គ្មាន​ខោអាវ។​ ក្នុង​ចំណោម​អ្នក​នាំ​មក​នោះ​មាន​ម្នាក់​កាន់​ដង្កាប់ ​ម្នាក់​កាន់​ដប​ទឹក​អាស៊ីត​ ម្នាក់​ទៀត​មាន​យួរ​ទឹក។ ​ចូល​ទៅ​ដល់​ គេ​ឲ្យ​ស្ត្រីទាំង​នោះ​អង្គុយ​ផ្ទាល់​ដី។​ ​គេ​យក​ដង្កាប់​ច្របាច់​ ឮ​សូរ​ខ្លប់ៗ​ កាន់​ដើរ​សំដៅ​រក​នារី​នោះ។​ គេប្រើ​ដង្កាប់​នោះ​ចាប់​ត្រង់​ច្រមុះ ​ត្រចៀក ​ថ្ពាល់​ បបូរមាត់ ​កន្ត្រាក់​ចាប់​សាច់​ដែល​គេ​អាច​ចាប់​កៀប​បាន​ ​ដាច់ចេញ​ឈាម។ ​ក្រោយ​ពេល​ចេញ​ឈាម​ នារី​នោះ​គ្រាន់​តែ​លាន់មាត់​ថា ​អ៊ឹស អ៊ឹស អ៊ឹស។​ ហើយ​ម្នាក់​ទៀត​យក​ទឹក​អាស៊ីត​គ្រវី​ដាក់​ ​ប្រកាច់​ននៀល​ពេញ​ដី​ទាំង​បី​នាក់។ អត់​អ្នក​ណា​ហ៊ាន​ស្រែក​ឈឺ​ថា​អូយ! មួយ​ម៉ាត់​ទេ។ ​យើង​ទាំង​អស់​គ្នា​អង្គុយ​មើល​ស្លុត​ចិត្ត»។​

ស្ត្រី​ទាំង​បី​នាក់​គឺ​ជា​អតីត​អ្នក​តស៊ូក្នុង​ចលនា​បដិវត្តន៍​របស់​ពួក​កុម្មុយនិស្ត​ខោអាវ​ខ្មៅ​ខ្មែរក្រហម។​ ហើយ​ពួក​គេ​ត្រូវ​ចាប់​ខ្លួន​ពី​ស្រុក​ស្រែ​អំបិល​ខេត្ត​កោះកុង។​

ការ​ដែល​ពួក​ខ្មែរក្រហមឲ្យ​អ្នក​ទោស​ដទៃ​អង្គុយ​មើល​ការ​ធ្វើ​ទារុណ​កម្ម​ដ៏​ឃោរ​ឃៅ​លើ​ស្ត្រី​ទាំងនោះ​គឺ​ដើម្បី​គំរាម​ឲ្យ​អ្នក​ទាំង​នោះឆ្លើយ​ដោយ​មិន​ចាំ​បាច់​លាក់​លៀម។ ​នេះ​បើ​ផ្អែក​តាម​សាក្សី​លោក​កែវ ច័ន្ទតារា។​

សាក្សី​ឆ្លើយ​ទៅ​នឹង​សំណួរ​តំណាង​សហ​ព្រះរាជអាជ្ញា​ថា​ ដោយ​ស្ត្រី​ទាំង​បី​នាក់​សន្លប់​ ពួក​ខ្មែរក្រហម​យក​ទឹក​ជះ​លើ​ពួក​នាង។​

«គេ​លើក​នារី​ទាំងបី​ ហើយ​យក​ទឹក​ជះ​ដាក់។ ​នារី​ពីរ​នាក់​នៅ​សន្លប់​ដដែល។​នារី​ម្នាក់​ងើប​អង្គុយ។​ ដល់​ពេល​ហ្នឹង​គេ​សួរ។ ​គេសួរ​ថា​ តើ​អ្នក​ណា​ទៅ​បំពាក់​បំប៉ន​ឲ្យនាង​ឯង​នៅ​ស្រែ​អំបិល ​ឈ្មោះ​អី? ​នារី​នោះ ​ដូច​ជា​ឡេងឡង់​លែង​ដឹង​អី ​អត់​ឆ្លើយ។​ ​គេ​ក៏​សម្រេច​លើក​នារី​នោះ​ទៅ​ព្យួរ​នៅ​ជញ្ជាំង​ស្លឹក​ដូង​ពី​ខាង​លិច​ដោយ​ថ្ពក់ពី​ចង្កា​ទម្លាយ​ទៅ​មាត់។​ ​ហើយ​ម្នាក់​ទៀត​ចូល​មក​ដោយ​កាន់​កាំ​បិត​ស​ស្ញាច។​ ហើយ​វះ​ពីដើម​ទ្រូង​ទៅ​ទល់​គ្នា​នឹង​ឆ្អឹង​ថ្ងាស​ខាង​ក្រោម ​(លើ​ប្រដាប់​ភេទ)។​ កន្ត្រាក់​យក​ថ្លើម ​និង​ជាប់​បេះ​ដូង​មួយ​ផងដើរ​កាន់កាត់​លើ​ក្បាល​យើង​ទាំង​អស់​គ្នា។​ គេ​ទៅ​ដល់​មាត់​ទ្វារ​ គេ​ហៅ​គ្នា​គេ​ថា​ 'ឯងយក​ទៅ​ឆា​អឺក​ ទុក​ផឹក​ស្រា។ ​ហើយប្រម៉ាត់​ អារ​ទុកឲ្យ​អញ'។ ​គេ​ធ្វើ​ដូច្នេះ​លើ​នារី​ទាំង​បី​នាក់»។​ ​

លោក​កែវ ច័ន្ទ​តារា​ ​ឆ្នាំ​នេះ​អាយុ​៧៥​ឆ្នាំ។ ​លោក​គឺ​ជា​អតីត​និស្សិត​ពេទ្យ។ ​លោក​ត្រូវ​ចាប់​ខ្លួននៅ​ចុង​ខែ​មិនា​ឆ្នាំ​១៩៧៥​គឺមុន​ពេល​ពួក​ខ្មែរក្រហម​ឡើង​កាន់​អំណាច។​ លោក​ត្រូវ​បញ្ជូន​ទៅ​ដាក់​គុក​នៅ​ក្រាំង​តាចាន់​ ក្រោយ​ពីការ​សួរ​ចម្លើយ​រយៈ​ពេល​ប្រាំថ្ងៃ​នៅ​ក្នុង​មន្ទីរ​សន្តិសុខ​ក្របី​ព្រៃ​ ឬ​គុក​ក្របី​ព្រៃ។​

​មាន​ស្រុក​កំណើត​នៅ​ក្នុង​ស្រុក​ត្រាំ​កក់​ ខេត្ត​តាកែវ ​លោក​កែវ ច័ន្ទតារា​រំឭកបន្ថែម​ថា​ ស្ត្រី​ទើប​នឹង​សម្រាល​កូន​រួច​ក៏​ត្រូវ​យក​ទៅ​សម្លាប់​ចោល​ ដោយ​មិន​ឆ្លង​កាត់​ការ​សាក​សួរ​នោះ​ដែរ។

«ពេល​ខ្លះ​អ្នក​ទោស​យក​ទៅ​ដល់​កន្លែង​ហ្នឹង​ភ្លាម​ សម្លាប់​ភ្លាម។ អត់​សួរ។ ​ថ្ងៃ​មួយ ​ល្ងាច​ប្រហែល​ជា​ម៉ោង​៥ ​ខ្ញុំ​ឃើញ​គេ​នាំ​នារី​ម្នាក់​ដឹក​ដៃ​កូន​តូច​ អាយុ​ប្រហែល​ជា​បី​ឆ្នាំ។ ​កូន​មួយ​ពរ​នឹង​ដៃ។​ ​ប្រហែល​ជា​ទើប​នឹង​កើត ​ពី​ព្រោះ​ម្តាយ​នៅ​ធ្លាក់​ឈាម​តាម​សំពត់។ ​នារ​សារ​ពីរនាក់​មាន​កាំ​ភ្លើង​ពីរដើម​នាំ​[នារី​នោះ]​ មក​ឈរ​កន្លែង​ឃុំ​ឃាំង។ ​គេ​ប្រាប់​គ្នា​គេ​ថា​ មិន​បាច់​ដាក់​គុក​ទេ។​ គេ​ក៏​នាំ​នារី​នោះ​ទៅ​ក្រឡុក​មួយ​នៅ​ខាង​កើត​ផុត​នៃ​មន្ទីរ​ក្រាំង​តាចាន់​ហ្នឹង។​ខ្ញុំ​នៅ​ក្បែរ​មាត់​ទ្វារ​មុខ​ទៅ​ត្បូង​ដែរ​ក៏​បាន​ឃើញ។ ​ឈ្លប​ពីរនាក់​ក៏​ដើរ​ចេញ​ទៅ។​ ពីរនាក់​ទៀត​ទៅ​ជួប​នារី​នោះ​ក្រោម​ដើម​អំពិល​ទឹក​បារាំង។​ ​ហើយ​មាន​ដើម​ថ្ងាន់​មួយ​នៅ​ខាង​ជើង។ ​វា​ទៅ​យក​កូន​បី​នឹង​ដៃ​របស់​នារី​នោះ​បោក​នឹង​គល់​ថ្ងាន់​នោះ។ រួច​បោះ​ចូល​គ្រលុក។​ នាង​នោះ​ដួល។​ កូន​អាយុ​ប្រហែល​បី​ឆ្នាំ​នោះ​យំ។ ​វាក៏​ចាប់​កូន​នោះ​បោក​នឹងគល់​អំពិល​បារាំង។​ ​នារី​នោះ​សន្លប់​ហើយ។ ​ពួក​វា​វាយ​ថែម​ពីរ​បី​ដំបង​ទៀត ​រួច​រុញ​ទម្លាក់​ចូល​ក្នុង​រណ្តៅ​ហ្នឹង។ ​ដូច្នេះ​មិន​ចាំ​បាច់​ជំនុំ​ជម្រះ​ ដូច​កន្លែង​យើង​នេះ​ទេ ​គឺ​វា​សម្លាប់​បែប​នេះ»។

សាក្សី​អះអាង​ថា ​ក្នុង​មួយ​ថ្ងៃអ្នក​ទោស​មិន​តិច​ជា​ង​៥០​នាក់​ឡើយ​ត្រូវ​សម្លាប់​នៅ​ក្នុង​គុក​ក្រាំង​តាចាន់​ ហើយ​អតីតអ្នក​តស៊ូ​ និង​កម្មាភិបាល​របស់​ខ្មែរ​ក្រហម​ភាគ​ច្រើន​ត្រូវ​សម្លាប់​នៅ​ទីនោះ​ដែរ។​

លោក​កែវ ច័ន្ទ​តារា​ក៏​ត្រូវ​ពួក​ខ្មែរក្រហម​ប្រើ​ឲ្យអូស​សាក​សព​អ្នក​ទោស​ទៅ​ទម្លាក់​ចូល​រណ្តៅ​ផង​ដែរ។ ​អ្នក​ទោស​យ៉ាង​តិច​១៥.០០០​នាក់​ត្រូវ​សម្លាប់​នៅ​គុក​ឧក្រិដ្ឋ​នេះ។ ​លោក​កែវ ច័ន្ទតារា​ធ្លាប់​បាន​ចូល​រួម​គាស់​សាកសព​បាន​ចំនួន​ប្រមាណ​១២.០០០​លលាដ៍​ក្បាល។ ​សាក​សព​ទាំង​នេះ​ត្រូវ​កប់​ក្នុង​រណ្តៅ​ធំៗ​ចំនួន​បី៕

XS
SM
MD
LG