ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សាក្សី​រៀបរាប់​ឡើងវិញ​ពី​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ​ក្នុង​របប​ខ្មែរ​ក្រហម

  • គង់ សុឋានរិទ្ធ

រូបថតឯកសារបង្ហាញអាពាហ៍ពិពាហ៍រវាង Nun Huy (ឆ្វេង) និង Prok Khoeun (ស្តាំ)។ ប្រភព៖ មជ្ឈមណ្ឌល​ឯកសារកម្ពុជា

សាក្សី​បាន​និយាយ​ថាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​របប​ខ្មែរ​ក្រហមគ្មា​ន​សិទ្ធិ​ជ្រើសរើស​គូ​ស្រករ​ដោយ​ខ្លួន​ឯង​ក្រៅ​ពី​អង្គការចាប់​ផ្គុំនោះ​ទេ។

អ្នកស្រី​ ជាង ​ស្រីមុំ ​អតីតអ្នក​បង្រៀន​ជំនួយ​ក្នុង​របប​កម្ពុជា​ប្រជា​ធិប​តេយ្យ​របស់​ពួកខ្មែរ​ក្រហម​បាន​ផ្តល់​សក្ខី​កម្ម​ក្នុ​ង​សវនាការ​សំណុំ​រឿង​០០២​វគ្គ​ទី​២​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​គ្មាន​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​ហ៊ាន​ប្រកែក​តវ៉ា​ជាមួយ​អង្គការ​ខ្មែរ​ក្រហមក្នុង​ការ​ចាប់​រៀបការ​ដោយ​បង្ខំ​នោះ​ទេ​ដោយសារ​តែ​ខ្លាច​ត្រូវ​គេ​យក​ទៅ​សម្លាប់​ចោល។

អ្នក​ស្រី​ជាង ស្រីមុំ ​ឆ្នាំ​នេះ​អាយុ​៥៩​ឆ្នាំ។ ​អ្នក​ស្រី​ផ្ទាល់ត្រូវ​កម្មាភិបាល​ខ្មែរក្រហមផ្តល់​ដំណឹង​ឲ្យ​រៀបការ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​មុន​នឹង​ដល់​ពេលវេលា​ត្រូវ​រៀបការ។ ​គឺរៀប​ការជាមួយ​បុរស​ដែល​អ្នកស្រី​មិន​ពេញ​ចិត្ត។​ហើយ​ប្តី​របស់​អ្នក​ស្រី​មិន​បាន​ដឹង​ខ្លួន​ជាមុន​ថា​គាត់​ត្រូវ​រៀប​ការ​ហើយ​ត្រូវ​រៀប​ការ​ជាមួយរូប​អ្នក​ស្រី​នោះ​ទេ។

«ប្រធាន​កង​នារី​មកដល់​ប្រាប់​ខ្ញុំ​ថា​ឥឡូវ​រៀប​ចំ​ទៅ។​អង្គការ​រៀប​ប្តេជ្ញា(រៀបការឲ្យ)​យប់​នេះ​ហើយ។​ខ្ញុំ​ក៏​មាន​ការ​រន្ធត់​ឮ​ដូច្នេះ។​ មិន​ដឹង​ថា​ប្តេជ្ញា​ជាមួយ​បុរស​ណា​ខ្ញុំ​ក៏​អត់​ហ៊ាន​សួរ​គេដែរ។ ប្រធាន​កង​នារី​សួរ​ខ្ញុំ​ថាសម្រេច​ចិត្ត​យ៉ាង​ម៉េច។​ខ្ញុំ​ទាល់​ច្រក​មិន​ដឹង​ឆ្លើយ​ថាម៉េច​ក៏​តប​វិញ​ថា​ស្រេច​លើ​ម្តាយ​របស់​ខ្ញុំ។ (គាត់សួរ)​ ថា​យើង​រាល់​ថ្ងៃ​កូន​អង្គការ​ឬ​កូន​ម៉ែឪ? ​ខ្ញុំ​ឆ្លើយ​ថា​ខ្ញុំ​កូន​អង្គការ។ ​(គាត់)​ថា​បើ​កូន​អង្គការ​រៀប​ចំ​(ខ្លួន)​ទៅ​អង្គការ​សម្រេច​ប្តេជ្ញាយប់​ហ្នឹង​ហើយ។ ​ខ្ញុំ​ក៏​ដាច់ចិត្ត​សួរ​ថា​តើ​ឲ្យ​ខ្ញុំ​រៀប​ការ​ជាមួយ​បុរស​ណា? យុវជន​ណា? គេឆ្លើយ​ថា​រៀបការ​ជាមួយ​ទ្រី ទូច។​ ប៉ុន្តែ​ប្តី​ខ្ញុំ​មិន​ទាន់​ដឹង(ខ្លួន​)ទេ»។

សាក្សី​ដដែល​បញ្ជាក់​ថា​ឱ​ពុក​ម្តាយ​អ្នក​ស្រី​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​ធ្វើ​ការ​សម្រេច​ចិត្ត​នោះ​ទេ។​ហើយ​ឱ​ពុក​របស់​អ្នក​ស្រីត្រូវ​ចាប់​ខ្លួន​ហើយ​ត្រូវ​បាន​សម្លាប់​នៅ​ក្នុ​ង​គុក​ក្រាំងតាចាន់​ដែល​នៅ​ទីនោះ​អ្នក​ទោស​ជាង​១៥.០០០​នាក់​ត្រូវ​បាន​សម្លាប់។

​អ្នកស្រី​ជាង ស្រីមុំ រៀប​រាប់​បន្ថែម​ថាពួក​ខ្មែរក្រហម​ចាប់​បង្ខំ​ចាប់​តាំង​ពី​ការ​រៀប​ការ​រហូត​ដល់​បង្ខំ​ឲ្យ​រួម​ដំណេក​ជាមួយ​គ្នា។​អ្នក​ស្រី​ អះអាងថាកង​ឈ្លប​គឺជា​ភ្នាក់ងារ​របស់​អង្គការ​ខ្មែរ​ក្រហម​ដែល​ត្រូវ​តាម​ដានអំពី​ភាព​ចុះ​សម្រុង​របស់​គូ​ស្រករ​នានា​ក្រោយ​ពី​រៀប​ការ។

«ដំបូង​ពេល​ខ្ញុំ​រួម​ដំណេក​ជាមួយ​ប្តី​ខ្ញុំ​ឃើញ​(កង)​ឈ្លប​នៅ​ក្រោម​ផ្ទះ។​ ចំពោះ​ខ្លួន​ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច។​ខ្ញុំ​ធ្លាប់​ដឹងអ្នក​រៀប​ការ​ពីមុនៗ​មក។​ពេល​ឈ្លប​ស្តាប់​ឮ​នៅ​ក្រោម​ផ្ទះ​ ពេល​យើង​មិន​ចុះ​ដំណេក​គ្នាគេ​តែង​តែ​យក​យើង​ទៅ​កសាង»។
ការកសាង​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម​គឺ​មាន​ន័យ​ថា​ធ្វើ​ការ​អប់រំ។

​នៅ​ក្នុង​របបខ្មែរក្រហម​ការ​រៀបការមិន​បាន​អនុលោម​តាម​លក្ខណៈ​ប្រពៃណី​ដោយ​មាន​ការ​ចូល​ស្តី​ដណ្តឹង​ ឬ​ដោយ​មាន​សម្លៀក​បំពាក់​ប្រពៃណី​នោះ​ទេ។ ​ផ្ទុយ​ទៅ​វិញ​ការ​រៀប​ការ​គឺអង្គការ​របស់​ខ្មែរក្រហមជា​អ្នក​ចាប់​ផ្សំ​គូឲ្យ​ឬ​ជួន​កាល​បុរស​អាច​ប្រាប់​ទៅ​អង្គការថា​ពេញ​ចិត្ត​ស្ត្រី​ណា​មួយដើម្បី​អង្គការ​របស់​ខ្មែរក្រហម​អាច​រៀប​ចំ​ឲ្យ។ អាពាហ៍ពិពាហ៍​នេះ​ស្ថិត​ក្នុង​សម្លៀកបំពាក់​ខោអាវ​ខ្មៅ​ដូចៗ​គ្នា។ គ្មាន​សាច់​ញាតិច្រើន​កុះ​ករ​នោះទេ។​ ប៉ុន្តែ​គឺ​តំណាង​អង្គការ​ខ្មែរក្រហម​ជា​អ្នក​ធ្វើ​ជា​សាក្សី​នៃ​ការ​ប្តេជ្ញា​យក​គ្នា​ជា​ប្តី​ប្រពន្ធ​នៃ​ពល​រដ្ឋ​ទាំង​នេះ។

​ជា​ទូទៅ​អាពាហ៍ពិពាហ៍​បែ​បនេះ​មិន​សម្តែង​ចេញ​ពី​ការ​ពេញ​ចិត្ត​ឬ​ព្រម​ព្រាង​ទាំង​សងខាង​នោះ​ទេ​ប៉ុន្តែ​គ្មាន​អ្នក​ណា​ហ៊ាន​ប្រកែក​នោះ​ឡើយ។

​សាក្សី​ដដែល​បញ្ជាក់​ថានៅ​ពេល​ដែល​គូ​ស្វាមី​ដែល​ត្រូវ​បាន​រៀបការមិន​ស្ម័គ្រ​ចិត្ត​រួម​សង្វាស​ឬ​រួម​ដំណេកអាច​នឹង​ទទួល​ទណ្ឌកម្ម​ក្រោយ​ពី​កង​ឈ្លប​បាន​រកឃើញ។

«ឃុំ​ខ្ញុំ​ធ្លាប់​មាន​បញ្ហា​ការ​រៀប​ការ​ហើយ។នារី​ហ្នឹង​អត់​ស្រឡាញ់​ប្តី។ ​ដល់​អត់​ស្រឡាញ់​ប្តី​មិន​ចុះ​ដំណេក(រួម​សង្វាស)​ដល់​ចឹង​កង​ឈ្លប​ដឹង​គេ​ហៅ​នារី​នោះ​មក​កសាង។​ ប៉ុន្តែ​ខ្ញុំ​មើល​ចិត្ត​នារី​នោះ​ចេះ​តែ​បំពេញ​កាតព្វកិច្ច​នោះ​ដោយសារ​ការ​ភ័យ​ខ្លាច​នឹង​សេចក្តី​ស្លាប់។​ ចឹង​ចេះ​តែ​រស់​នៅ​ជាមួយ​ប្តី​ដោយ​ល្វីង​ជូរចត់​ចឹងទៅ។ ធ្វើ​ហាក់​ដូចជា​មិន​ដឹងចឹង​ទៅ។​ ចំពោះ​គ្រួសារ​ដែល​មិន​ចុះ​ដំណេក។​គេ​កសាង​ជា​លើក​ទី​១ ទី២​ ទី​៣ ដល់​ពេល​នោះ​អ្នក​នោះ​នៅ​តែ​មិន​តាម គឺ​គេ​ចាត់​ទុក​ប្រឆាំង​នឹង​បក្ស​ចឹង​អ្នក​នោះ​ត្រូវ​មាន​ទោស ទទួល​ទណ្ឌកម្មឲ្យ​រែកទឹក ដក​ស្មៅ ស្រោច​ដូង កាប់​ដី​ជាដើម»។

សូម​បញ្ជាក់​ថា​ការ​កាត់​ទោសក្នុង​សំណុំរឿង​០០២វគ្គ​ទី២នេះ​ត្រូវផ្តោត​លើអំពើ​ប្រល័យ​ពូជ​សាសន៍​លើ​ជន​ជាតិ​វៀតណាម​និង​ជនជាតិ​ចាម​ ​ឧក្រិដ្ឋកម្ម​នៅ​តាម​ការដ្ឋាន​ធ្វើការ​និង​តាម​មន្ទីរសន្តិសុខ​ឬគុក​ក្រាំង​តាចាន់​និង​គុក​ដទៃ​ទៀត​បូក​រួម​ទាំង​អំពើ​ហិង្សា​ទាក់​ទង​ផ្លូវ​ភេទ​ដូច​ជា​ការ​បង្ខំ​ឲ្យ​រៀបការ​ជាដើម៕

XS
SM
MD
LG