ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្នុង​ចំណោម​ទូក​ពីរ​គ្រឿង​ដែល​ដឹក​ជាតិសាសន៍​រ៉ូហ៊ីងយ៉ា ទូក​មួយ​ត្រូវ​បាន​ជួយ​សង្គ្រោះ​និង​មួយ​ទៀត​បាន​បាត់


ស្ត្រី​ម្នាក់​ពរ​កូនឈរ​មើ​ល​ទូក​ដែល​ដឹក​ជន​អន្តោប្រវេសន៍ Rohingya នៅ​ខេត្ត Aceh ប្រទេស​ឥណ្ឌូណេស៊ី​កាលពិថ្ងៃទី​១០ ខែធ្នូ ឆ្នាំ២០២៣។
ស្ត្រី​ម្នាក់​ពរ​កូនឈរ​មើ​ល​ទូក​ដែល​ដឹក​ជន​អន្តោប្រវេសន៍ Rohingya នៅ​ខេត្ត Aceh ប្រទេស​ឥណ្ឌូណេស៊ី​កាលពិថ្ងៃទី​១០ ខែធ្នូ ឆ្នាំ២០២៣។

គេ​ឮ​សម្រែក​ស្រែក​ឱ្យ​ជួយ​នៅ​លើ​ទូក​ខូច​មួយ​គ្រឿង​ដែល​មាន​អ្នក​ជិះ​ជា​ឪពុក​ម្ដាយ កុមារ និង​ទារក។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

អ្នក​ដំណើរ​ទាំង​នេះ​គឺ​ជា​ជាតិសាសន៍​រ៉ូហ៊ីងយ៉ា (Rohingya) កាន់​សាសនា​អ៊ិស្លាម​ដែល​បាន​រត់​គេច​ពី​អំពើ​ហិង្សា​កើនឡើង​របស់​ក្រុម​ជន​ពន្ធពាល​និង​ភាព​អត់ឃ្លាន​ធ្ងន់ធ្ងរ​នៅ​ក្នុង​ជំរំ​ជន​ភៀសខ្លួន​ក្នុង​ប្រទេស​បង់ក្លាដែស។

ពួកគេ​បាន​ជាប់​លើ​ទូក​ខូច​ម៉ាស៊ីន​ដែល​អណ្ដែត​ត្រសែត​នៅ​លើ​ផ្ទៃ​សមុទ្រ​អង់ដាម៉ង់ (Andaman Sea)។ នៅ​ពេល​នោះ គេ​ឃើញ​មាន​ទូក​មួយ​គ្រឿង​ទៀត​ដែល​ដឹក​ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ដែរ​បាន​បើក​មក​ទន្ទឹម​នឹង​ទូក​របស់​ពួកគេ ដែល​ហាក់ដូចជា​មាន​គេ​មក​ជួយ​សង្គ្រោះ​ពួកគេ​ដូច្នេះ​ដែរ។

ប៉ុន្តែ ទូក​ដែល​ជិះ​មក​ទន្ទឹម​នឹង​ទូក​របស់​ពួកគេ​នេះ​មាន​មនុស្ស​ជិះ​ហួស​ចំណុះ​និង​ចាប់ផ្ដើម​ធ្លាយ​ជ្រាប​ទឹក​ចូល។ អ្នក​ដែល​ជិះ​នៅ​លើ​ទូក​នោះ​ដឹង​ថា​ប្រសិនបើ​ពួកគេ​អនុញ្ញាត​ឱ្យ​អ្នក​ដំណើរ​ដែល​ជួប​ទុក្ខព្រួយ​នេះ​ឡើង​ជិះ​លើ​ទូក​របស់​ពួកគេ ទូក​របស់​ពួកគេ​នឹង​លិច​ហើយ​មនុស្ស​ទាំង​អស់​គ្នា​នឹង​ស្លាប់។

ពួកគេ​ចង់​ជួយ ប៉ុន្តែ​ពួកគេ​ក៏​ចង់​រស់​ដែរ។

តាំងពី​ខែ​វិច្ឆិកា​មក ជាតិសាសន៍​រ៉ូហ៊ីងយ៉ា​ជាង ១.៥០០ នាក់​ដែល​បាន​រត់គេច​តាម​ទូក​ពី​ប្រទេស​បង់ក្លាដែស​បាន​ទៅ​ដល់​ខេត្ត Aceh នៅ​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌូណេស៊ី។ ក្នុង​ចំណោម​នោះ ភាគ​ច្រើន​គឺ​ជា​ស្ត្រី​និង​កុមារ។ កាលពី​ថ្ងៃ​ទី ២១ ខែ​ធ្នូ អាជ្ញាធរ​ឥណ្ឌូណេស៊ី​បាន​ប្រទះ​ឃើញ​ទូក ៥ គ្រឿង​ទៀត​ធ្វើ​ដំណើរ​សំដៅ​មក​រក​ច្រាំង​សមុទ្រ​នៃ​ខេត្ត Aceh។

ដោយសារ​មាន​ជាតិសាសន៍​រ៉ូហ៊ីងយ៉ា​ជា​ច្រើន​ប៉ុនប៉ង​ជិះទូក​ឆ្លង​សមុទ្រ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ គ្មាន​នរណា​ម្នាក់​ដឹង​នោះ​ទេ​ថា​តើ​ទូក​ប៉ុន្មាន​គ្រឿង​បាន​លិច​នៅ​កណ្ដាល​សមុទ្រ និង​មនុស្ស​ប៉ុន្មាន​នាក់​បាន​ស្លាប់។

រឿងរ៉ាវ​នៃ​ទូក ២ គ្រឿង​នេះ​ត្រូវ​បាន​អ្នក​រស់រាន​មាន​ជីវិត ៥ នាក់ ដែល​ជិះ​នៅ​លើ​ទូក​មួយ​គ្រឿង​ដែល​មាន​សំណាង​បាន​មក​ដល់​ច្រាំង​សមុទ្រ ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AP។ រឿងរ៉ាវ​នេះ​ផ្ដល់​នូវ​តំរុយ​ដំបូង​អំពី​ជោគ​វាសនា​នៃ​ទូក​ដែល​ដឹក​ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា​រហូត​ដល់​ទៅ ២០០ នាក់​ដែល​បាន​បាត់​ខ្លួន​កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន។

កាលពី​ថ្ងៃ​ទី ២ ខែ​ធ្នូ ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​ជន​ភៀសខ្លួន (UNHCR) បាន​ដាក់ចេញ​នូវ​សារ​បន្ទាន់​មួយ​អំពី​ទូក​ដែល​ជួប​បញ្ហា​អាសន្ន​ទាំង ២ គ្រឿង​នេះ និង​បាន​ជំរុញ​ប្រទេស​នានា​ឱ្យ​ស្វែងរក​ទូក​ទាំង​នេះ។


ប៉ុន្តែ សម្រាប់​ទូក​ដែល​នៅ​បាត់​ខ្លួន វា​ហាក់ដូចជា​គ្មាន​នរណា​ម្នាក់​បាន​ស្វែងរក​ទូក​នេះ​ទេ។

អ្នក​រស់រាន​មាន​ជីវិត​ទាំង ៥ នាក់​ដែល​បាន​មក​ដល់​ច្រាំង​សមុទ្រ​ឥណ្ឌូណេស៊ី​កាលពី​ថ្ងៃ​ទី ១០ ខែ​ធ្នូ បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AP នៅ​លើ​ឆ្នេរ​សមុទ្រ​ក្បែរ​នោះ​អំពី​ដំណើរ​ផ្សងព្រេង​ដ៏​ឈឺចាប់​របស់​ពួកគេ។

លោក Muhammed Jubair អាយុ ៣១ ឆ្នាំ ស្ថិត​ក្នុង​ចំណោម​មនុស្ស ១៨០ នាក់​នៅ​លើ​ទូក​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ រួម​ជាមួយ​នឹង​កូន​របស់​លោក ៣ នាក់ ប្រពន្ធ​របស់​លោក និង​ប្អូន​ប្រុស​ថ្លៃ​របស់​លោក។ លោក​បាន​និយាយ​ថា៖ «ខ្ញុំ​នៅ​ចាំ​ថា​យើង​មាន​អារម្មណ៍​ថា​យើង​នឹង​ត្រូវ​លិច​ទូក​លង់​ទឹក​ស្លាប់​ទាំង​អស់​គ្នា»។

រឿងរ៉ាវ​នៃ​ទូក​ទាំង​ពីរ​គ្រឿង​នេះ រួម​ទាំង​ទូក​ដែល​បាន​បាត់​ខ្លួន​ផង​ដែរ និង​អ្នក​ដែល​ជិះ​នៅ​លើ​ទូក​ទាំង​នោះ​បាន​ចាប់ផ្ដើម​ឡើង​កាលពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ដោយ​ការ​និយាយ​លា​គ្នា​ទាំង​ទឹកភ្នែក​នៅ​ក្នុង​ជម្រក​បណ្ដោះអាសន្ន​ដ៏​ថប់​ណែន​នៃ​ជំរំ​ក្នុង​ប្រទេស​បង់ក្លាដែស។ ជំរំ​ទាំង​នោះ​ជា​ជម្រក​ស្នាក់នៅ​បណ្ដោះអាសន្ន​របស់​ជាតិសាសន៍​រ៉ូហ៊ីងយ៉ា​ជាង ៧៥០.០០០ នាក់​ដែល​បាន​គេចចេញ​ពី​ការ​វាយប្រហារ​របស់​យោធា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​កាលពី​ឆ្នាំ ២០១៧។

ពួកគេ​បាន​សម្រេចចិត្ត​ធ្វើ​ដំណើរ​តាម​ទូក​ទាំង​ប្រថុយប្រថាន​ខ្លាំង​បំផុត​ដើម្បី​ព្យាយាម​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត Aceh នៃ​ប្រទេស​ឥណ្ឌូណេស៊ី​ដើម្បី​ស្ថានភាព​រស់នៅ​និង​ក្ដីរំពឹង​ការងារ​ប្រសើរ​ជាង​មុន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នៅ​រស់រាន​មាន​ជីវិត​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AP៕
ប្រែសម្រួល​ដោយ​លោក ភី សុភាដា

XS
SM
MD
LG