ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​រ៉ូហ៊ីងយ៉ា​នឹង​មិន​ត្រឡប់​ទៅ​ប្រទេស​កំណើត​នៅ​មីយ៉ាន់ម៉ា​ដើម្បី​ជាប់​ឃុំ​នៅ​ក្នុង​ជំរំ​នោះ​ទេ


ជនភៀស​ខ្លួន​ជនជាតិ​រ៉ូហ៊ីងយ៉ា​មូស្លីម​មួយចំនួន​និង​មន្ត្រី​បង់ក្លាដែសត្រឡប់មកពីរដ្ឋ Rakhine នៃប្រទេស​មីយ៉ាន់ម៉ា​ កាលពីថ្ងៃទី០៥ ឧសភា ឆ្នាំ២០២៣។
ជនភៀស​ខ្លួន​ជនជាតិ​រ៉ូហ៊ីងយ៉ា​មូស្លីម​មួយចំនួន​និង​មន្ត្រី​បង់ក្លាដែសត្រឡប់មកពីរដ្ឋ Rakhine នៃប្រទេស​មីយ៉ាន់ម៉ា​ កាលពីថ្ងៃទី០៥ ឧសភា ឆ្នាំ២០២៣។

កាលពី​ថ្ងៃទី៦ ខែឧសភា​កន្លង​ទៅ​ ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​នៅ​បង់ក្លាដែស​បាន​ថ្លែង​ថា ពួកគេ​នឹង​មិន​ត្រឡប់​ទៅ​មីយ៉ាន់ម៉ា​ «ដើម្បី​ជាប់​ឃុំ​ក្នុង​ជំរំ» វិញ​នោះ​ទេ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​ត្រឡប់​ទៅ​វិញ​ជា​លើក​ទី១​របស់​ពួកគេ ដែល​នេះ​ជា​ផ្នែក​នៃ​កិច្ចខិតខំ​ប្រឹង ប្រែង​ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ដោយ​ស្ម័គ្រ​ចិត្ត។

ជន​មូស្លីម​រ៉ូហ៊ីងយ៉ា​ជិត​មួយ​លាន​នាក់​រស់​នៅ​ក្នុង​ជំរំ​ដ៏​កខ្វក់​នៅ​ស្រុក Cox's Bazar នៅ​ព្រំ ដែន​ប្រទេស​បង់ក្លាដែស។

មនុស្ស​ភាគច្រើន​មក​ដល់​ទីនេះ​ចាប់​តាំង​ពី​រត់​ភៀស​ខ្លួន​ពី​ការ​បង្ក្រាប​ដឹកនាំ​ដោយ​យោធា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដែល​ភាគ​ច្រើន​កាន់​ព្រះ​ពុទ្ធ​សាសនា​នៅ​ក្នុង​ឆ្នាំ២០១៧ និង​មិន​បាន​វិល​ត្រឡប់​ទៅ​វិញ​រហូត​មក​ដល់​ពេល​នេះ​ ទោះ​បី​ជា​មន្ត្រី​បង់ក្លាដែស​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​មីយ៉ាន់ម៉ា​ជាច្រើន​ដង​ក្នុង​កិច្ចប្រឹងប្រែង​ជំរុញ​ឱ្យ​ជន​ភៀស​ខ្លួន​ទាំង​នោះ​ធ្វើ​មាតុភូមិនិវត្តន៍​ក៏​ដោយ។

ជន​ភៀស​ខ្លួន​មូស្លីម​រ៉ូហ៊ីងយ៉ា​២០នាក់និង​មន្ត្រី​បង់ក្លាដែស៧នាក់​បាន​ធ្វើ​ទស្សនកិច្ច​កាលពី​ថ្ងៃទី៥ ខែឧសភា​ទៅ​ទីក្រុង Maungdaw និង​ភូមិ​នៅ​ក្បែរ​នោះ​ក្នុង​រដ្ឋ Rakhine ដើម្បី​មើល​ការ​រៀបចំ​សម្រាប់​ការ​តាំង​ទីលំនៅ​ឡើង​វិញ​ជា​សក្តានុពល។

ជន​រ៉ូហ៊ីងយ៉ា​បាន​ចោទ​សួរ​ពី​ការ​រៀបចំ​សម្រាប់​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ និង​បាន​និយាយ​ថា ពួក គេ​នឹង​ត្រឡប់​ទៅ​វិញ​ជា​អចិន្ត្រៃយ៍​នោះ​ទេ លុះត្រា​តែ​សន្តិសុខ​ត្រូវ​បាន​ធានា​និង​មាន​ការ​ផ្តល់​សញ្ជាតិ​ដល់​ពួកគេ។

លោក Oli Hossain ដែល​ស្ថិត​ក្នុង​ចំណោម​ជន​ភៀស​ខ្លួន​ដែល​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​រដ្ឋ Rakhine បាន​ប្រាប់​សារព័ត៌មាន Reuters តាម​ទូរស័ព្ទ​ថា «យើង​មិន​ចង់​ជាប់​ឃុំ​នៅ​ក្នុង​ជំរំ​ទាំង​នោះ​ទេ។ យើង​ចង់​ត្រឡប់​ទៅ​ដី​របស់​យើង​វិញ និង​សាងសង់​ផ្ទះ​របស់​យើង​នៅ​ទីនោះ»។

លោក Hossain វ័យ​ ៣៦ ឆ្នាំ​ដែល​មាន​កូន​ ៦ នាក់​បាន​ថ្លែង​ថា «យើង​នឹង​ត្រឡប់​ទៅ​លុះ​ត្រា​តែ​យើង​ទទួល​បាន​សញ្ជាតិ និង​សិទ្ធិ​របស់​យើង»។

មីយ៉ាន់ម៉ា​កំពុង​ចេញ​ប័ណ្ណ​បញ្ជាក់​ជន​រ៉ូហ៊ីងយ៉ា​ថ្នាក់​ជាតិ (NVC) ដែល​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​និយាយ​ថា មិន​ទាន់​គ្រប់គ្រាន់។

លោក Abu Sufian វ័យ​ ៣៥ ឆ្នាំ​ដែល​មាន​កូន​ ៣ នាក់​បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា «ប្រទេស​មីយ៉ាន់ម៉ា​ជា​ដី​កំណើត​របស់​យើង ហើយ​យើង​ជា​ពលរដ្ឋ​មីយ៉ាន់ម៉ា ហើយ​យើង​នឹង​ត្រឡប់​ទៅ​វិញ លុះត្រា​តែ​យើង​ទទួល​បាន​សញ្ជាតិ»។

លោក​បាន​ប្រាប់​សារព័ត៌មាន Reuters ថា «យើង​នឹង​មិន​ទទួល​យក​ប័ណ្ណ NVC នោះ​ទេ។ ប័ណ្ណ​នេះ​បញ្ជាក់​ថា ជន​រ៉ូហ៊ីងយ៉ា​ជា​ជន​បរទេស»។ លោក​បាន​បន្ថែម​ថា អាជ្ញាធរ «បាន​ផ្លាស់ប្តូរ​ឈ្មោះ​ភូមិ​របស់​ខ្ញុំ​នៅ​រដ្ឋ Rakhine»។

លោក​ Mohammed Mizanur Rahman ស្នងការ​ទទួល​បន្ទុក​ការ​ធ្វើ​មាតុភូមិនិវត្តន៍ និង​ជំនួយ​ជន​ភៀស​ខ្លួន​របស់​បង់ក្លាដែស​នៅ​ស្រុក Cox's Bazar បាន​ថ្លែង​ថា ការ​ធ្វើ​មាតុភូមិនិវត្តន៍​ជា​ដំណោះស្រាយ​តែ​មួយ​គត់។

លោក​បាន​ប្រាប់​សារព័ត៌មាន Reuters ថា «យើង​មិន​ចង់​បាន​អ្វី​ក្រៅ​ពី​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ប្រកប​ដោយ​ចិរភាព សេចក្តី​ថ្លៃថ្នូរ ដោយ​ស្ម័គ្រ​ចិត្ត និង​សុវត្ថិភាព»។

លោក Rahman ក៏​បាន​ថ្លែង​ផង​ដែរ​ថា ក្រុម​ការងារ​មក​ពី​មីយ៉ាន់ម៉ា​នឹង​មក​បង់ក្លាដែស​ក្នុង​សប្តាហ៍​នេះ​ដើម្បី​តាមដាន ដើម្បី​ប្រមូល​យក​ព័ត៌មាន​បន្ថែម និង​កសាង​ទំនុក​ចិត្ត​ក្នុង​ចំណោម​ជន​រ៉ូហ៊ីងយ៉ា។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​មិន​ឆ្លើយ​ទូរស័ព្ទ​ដែល​ព្យាយាម​សុំ​អត្ថាធិប្បាយ​នោះ​ទេ។

រហូត​មក​ដល់​ពេល​ថ្មីៗ​នេះ យោធា​មីយ៉ាន់ម៉ា​បាន​បង្ហាញ​ទំនោរ​តិចតួច​ក្នុង​ការ​ទទួល​យក​ជន​រ៉ូហ៊ីងយ៉ា​វិញ ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​ជន​បរទេស​អស់រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​នៅ​មីយ៉ាន់ម៉ា និង​ត្រូវ​បាន​បដិសេធ​មិន​ផ្តល់​សញ្ជាតិ និង​ជា​កម្មវត្ថុ​នៃ​ការ​រំលោភ​បំពាន។

ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រតិភូ​មីយ៉ាន់ម៉ា​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​ជំរំ​ទាំង​នោះ​ក្នុង​ខែមីនា​ដើម្បី​កំណត់​អត្តសញ្ញាណ​អ្នក​ត្រឡប់​ទៅ​វិញ​ប៉ុន្មាន​រយ​នាក់​សម្រាប់​គម្រោង​មាតុភូមិនិវត្តន៍​សាកល្បង​មួយ។

មន្ត្រី​បង់ក្លាដែស​បាន​និយាយ​ថា គម្រោង​នេះ​អាច​មាន​ជន​ភៀស​ខ្លួន​ប្រមាណ ១.១០០ នាក់ ប៉ុន្តែ​មិន​ទាន់​មាន​ការ​កំណត់​កាលបរិច្ឆេទ​នោះ​ទេ។ ការ​ប៉ុនប៉ង​ដើម្បី​ចាប់​ផ្តើម​ការ​ធ្វើ​មាតុភូមិ និវត្តន៍​នៅ​ក្នុង​ឆ្នាំ២០១៨ និង​២០១៩ ​បាន​ទទួល​បរាជ័យ ដោយសារ​ជន​ភៀស​ខ្លួន​ដែល​ភ័យ​ខ្លាច​អំពើ​ហិង្សា​បដិសេធ​មិន​ត្រឡប់​ទៅ​វិញ។

ទីភ្នាក់ងារ​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ​បាន​ថ្លែង​ថាជន​ភៀស​ខ្លួន​គ្រប់​រូប​មាន «សិទ្ធិ​ដែល​មិន​អាច​ដក​ហូត​បាន» ក្នុង​ការ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ប៉ុន្តែ​ការ​វិល​ត្រឡប់​ទៅ​វិញ​ក៏​ត្រូវ​ធ្វើ​ឡើង​ដោយ​ស្ម័គ្រ​ចិត្ត​ផង​ដែរ៕

ប្រែសម្រួល​ដោយ​លោក ជឹង ប៉ូជីន

XS
SM
MD
LG