ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការផ្ទុះ​២​បាន​សម្លាប់​មនុស្ស​៩​នាក់​នៅ​ភាគ​ខាងជើង​ប្រទេស​អាហ្វហ្គានីស្ថាន


បុរសរងរបួសម្នាក់ទទួលការព្យាបាល​នៅ​មន្ទីរពេទ្យ បន្ទាប់ពី​ការបំផ្ទុះ​គ្រាប់​បែក​ក្នុង​ក្រុង Mazar-e-Sharif ភាគ​ខាង​ជើង​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី២៨ ខែមេសា ឆ្នាំ​២០២២។ ការផ្ទុះ​២កើត​មាន​ឡើង​ក្នុង​ពេល​ខុសគ្នា​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ នៅ​កន្លែង​២​ផ្សេងគ្នា ក្នុង​ខេត្ត Balkh។

ការផ្ទុះ​លើរថយន្ត​ដឹក​អ្នក​ដំណើរ​២​ផ្សេង​គ្នា​ នៅ​ភាគខាង​ជើង​ប្រទេស​អាហ្វហ្គានីស្ថាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​សម្លាប់មនុស្ស​យ៉ាង​ហោចណាស់​៩នាក់​ និង​បានធ្វើឱ្យ​មនុស្ស​១៣​នាក់​ផ្សេងទៀត​រងរបួស។

ការផ្ទុះនេះ​ កើត​មាន​ឡើង​ក្នុង​ពេល​ខុស​គ្នា​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ ​នៅ​កន្លែង​២​ផ្សេង​គ្នា​ ក្នុង​ទីក្រុង Mazar-e-Sharif នៃ​ខេត្ត Balkh ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​។​ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​អ្នក​នាំពាក្យ​ប៉ូលិស​ខេត្តលោក​ Asif Waziri។​ ​

​អ្នក​នាំ​ពាក្យ​រូប​នេះ​និយាយថា​ «គោលដៅ​នៃ​ការ​វាយ​ប្រហារ​ទំនង​ជា​សំដៅ​ទៅ​លើ​អ្នក​ដំណើរ​កាន់សាសនា ឥស្លាម​និកាយ​ស៊ីអ៊ីត»។​

នៅ​ពុំទាន់​មាន​ក្រុម​ណា​មួយ​ប្រកាស​ទទួល​ខុស​ត្រូវចំពោះ​អំពើ​ហិង្សា​ ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​នេះនៅ​ឡើយ​ទេ។ ​នេះ​ជា​ការ​ផ្ទុះថ្មីៗ​ចុង​ក្រោយ​ ក្នុង​ចំណោម​ការ​ផ្ទុះ​មួយ​ចំនួន​ ដែលបាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថានក្នុង​ខែ​នេះ ដោយ​ធ្វើ​ឲ្យ​មនុស្សរាប់សិប​នាក់​ស្លាប់​ និង​ជា​ច្រើន​នាក់​ផ្សេង​ទៀត​រង​របួស​នោះ។

កាល​ពី​សប្តាហ៍​មុន​ គ្រាប់​បែក​មួយ​បាន​ផ្ទុះ​នៅវិហារមូស្លីម​ស៊ីអ៊ីតមួយ​កន្លែងនៅ​ក្នុង​ទីក្រុង Mazar-e-Sharif ដោយបាន​សម្លាប់អ្នក​គោរព​សាសនាចំនួន​១២​នាក់​ និង​ធ្វើឱ្យ​មនុស្ស​ប្រមាណ​៩០នាក់ផ្សេង​ទៀត រងរបួស។​ ​មួយ​ថ្ងៃ​ក្រោយមក គ្រាប់​បែក​មួយ​គ្រាប់​ទៀត​ ​បាន​ផ្ទុះ​នៅ​ក្នុងវិហារ​ឥស្លាម​មួយ​កន្លែង​ទៀត​ ដែល​មាន​មនុស្ស​ពេញ​ នៅក្នុង​ខេត្ត Kunduz ក្នុង​អំឡុង​ពេលនៃពិធីថ្វាយ​បង្គំ​ព្រះ​រាល់ថ្ងៃ​សុក្រ​ ដោយ​បាន​សម្លាប់​មនុស្ស​អស់​៣៣​នាក់​ និងបានធ្វើឱ្យមនុស្ស​ប្រមាណ​៥០​នាក់​ផ្សេង​ទៀតរងរបួស។​

ខណៈដែលថ្នាក់តំបន់​នៃ​ក្រុមភេរវកម្ម​រដ្ឋ ឥស្លាម​ក្នុង​ខេត្ត Khorasan ដែល​គេ​ស្គាល់​ថា​ ISIS-K បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ទៅ​លើ​ការ​វាយ​ប្រហារដាក់​គ្រាប់បែកនៅក្នុងទីក្រុង Mazar-e-Sharif នោះ​ គេ​នៅ​មិន​ទាន់​ឃើញមាន​ការប្រកាស​ទទួល​ខុសត្រូវ ចំពោះការ​វាយ​ប្រហារ​នៅ​ក្នុងខេត្ត Kunduz នៅ​ឡើយ​ទេ។

ក្រុម ISIS-K បាន​បង្កើន​ការ​វាយ​ប្រហារ​របស់​ខ្លួនទៅ​លើសហគមន៍ Hazara ក្រោយ​ពី​ក្រុម​តាលីបង់​ បាន​ដណ្តើម​កាន់កាប់គ្រប់​គ្រង​ប្រទេស​អាហ្វហ្គានីស្ថាន​ឡើងវិញ កាល​ពី​ខែ​សីហា ឆ្នាំ​២០២១​។​ សហរដ្ឋអាមេរិក​ និង​កងកម្លាំង​សម្ព័ន្ធមិត្ត​ បាន​ចាកចេញ​ពី​ប្រទេស​នេះកាល​ពី​ចុង​ខែ​សីហា ឆ្នាំ​ទៅ​ ដោយ​បញ្ចប់​នូវការ​ចូលរួមក្នុង​សង្គ្រាម​រយៈពេល​២០​ឆ្នាំរបស់​ខ្លួនជា​មួយ​ក្រុមតាលីបង់៕​

ព័ត៌មាន​មួយចំនួន​នៅក្នុង​សេចក្ដីរាយការណ៍នេះ ត្រូវបាន​ដកស្រង់​ពីទីភ្នាក់ងារ​ព័ត៌មាន Agence France-Presse

XS
SM
MD
LG