ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជាជាតិ៖ អតីត​កង​កម្លាំង​អាហ្វហ្គានីស្ថាន​និង​អន្តរជាតិ​ជាង​១០០នាក់ បាន​ត្រូវគេ​សម្លាប់


រូបឯកសារ៖ កងទ័ព​អាហ្វហ្គានីស្ថាន​ដែល​ទើប​បញ្ចប់​ការសិក្សា​ដើរ​ដង្ហែ​ក្នុង​ពិធី​បញ្ចប់​ការសិក្សា​របស់​ពួកគេ បន្ទាប់​ពី​កម្មវិធី​បណ្តុះបណ្តាល​រយៈពេល​បី​ខែ​នៅ​បណ្ឌិតសភា​យោធា​អាហ្វហ្កានីស្ថាន​ក្នុង​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០។

អង្គការ​សហប្រជាជាតិ បាន​ទទួល​របាយការណ៍​ «ការចោទ​ប្រកាន់​ដែល​គួរ​ឲ្យ​ទុកចិត្ត» ដែលថា អតីត​សមាជិក​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន ​និង​កងកម្លាំង​សន្តិសុខ​របស់​ខ្លួន​ និង​អ្នក​ដែល​បាន​ធ្វើការ​ជាមួយ​កងទ័ព​អន្តរជាតិ​ជាង​១០០នាក់ បាន​ត្រូវ​សម្លាប់​ចាប់តាំង​ពី​ពួក​តាលីបង់ បាន​ចូលកាន់កាប់​ប្រទេស​នេះ​ ចាប់តាំង​ពី​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២១មក។ នេះ ​បើ​តាម​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AP។

នៅ​ក្នុង​របាយការណ៍​មួយ​ដែល​ទទួល​បាន​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AP លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ Guterres បាន​និយាយ​ថា «ជាង​២ភាគ៣»នៃ​ជន​រងគ្រោះដែលត្រូវ​បាន​គេ​ចោទ​ប្រកាន់នេះ បាន​ត្រូវ​សម្លាប់​ដោយ​គ្មាន​ការ​ជំនុំជម្រះ​ដោយ​ក្រុម​តាលីបង់​ ឬ​សាខា​នានា​របស់​ក្រុម​នោះ ថ្វីបើ​ការប្រកាស​របស់​ក្រុម​តាលីបង់​«ពី​ការ​លើកលែង​ទោស​ជាទូទៅ»​ចំពោះ​អ្នក​ដែល​បាន​ទាក់ទិន​ជាមួយ​អតីត​កងកម្លាំង​រដ្ឋាភិបាល ​និង​កងកម្លាំង​ចម្រុះ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ក៏ដោយ។

លោក Guterres បាន​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​មួយ​ផ្ញើ​ទៅកាន់​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​ថា បេសកកម្ម​នយោបាយ​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន បាន​ទទួល​ការ​ចោទប្រកាន់ដែល​គួរ​ឲ្យ​ទុកចិត្ត​បាន​អំពីការ​សម្លាប់​គ្មាន​ការជំនុំ​ជម្រះចំពោះ​បុគ្គល​យ៉ាង​ហោច​ណាស់ចំនួន​៥០នាក់​ ដែលគេ​សង្ស័យថា​ ទាក់ទិន​ជាមួយក្រុម ISIL-KP ដែល​ជា​ក្រុម​ជ្រុល​និយម​រដ្ឋ​អ៊ិស្លាម​ដែល​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

លោក​អគ្គលេខាធិការ បាន​បន្ថែម​ទៀត​ថា ថ្វី​បើ​មាន​ការ​ធានា​ពី​ក្រុម​តាលីបង់​ក៏ដោយ បេសកកម្ម​នយោបាយអង្គការ​សហប្រជាជាតិ ក៏​បាន​ទទួល​ដំណឹង​ពីការ​ចោទប្រកាន់​ដែល​គួរ​ឲ្យ​ទុកចិត្ត​បាន​នៃ​«ការ​បាត់​ខ្លួន​ដោយ​ការបង្ខំ ហើយ​នឹង​អំពើ​ហិង្សា​ផ្សេង​ទៀត​ដែល​ប៉ះពាល់​សិទ្ធិរស់​នៅ​ និង​សុចរិតភាព​រាងកាយ»​របស់​អតីត​សមាជិក​រដ្ឋាភិបាល​ និង​សមាជិក​ក្រុម​ចម្រុះ។

លោក​អគ្គលេខាធិការ Guterres បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ពួក​អ្នក​ការពារ​សិទ្ធិ​មនុស្ស ​និង​បុគ្គលិក​បណ្តាញ​ព័ត៌មាន​ «ក៏​បន្ត​រង​ការ​វាយ​ប្រហារ បំភិត​បំភ័យ ការរំខាន​យាយី​ ការ​ចាប់​ខ្លួន​តាម​ទំនើងចិត្ត ការធ្វើ​បាប​ និង​ការសម្លាប់»៕

XS
SM
MD
LG