ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ក្នុង​ប្រទេស​អ៊ុយក្រែន​​កំពុង​រត់​គេចខ្លួន​ពី​​សង្រ្គាម​មួយ​ទៀត


ក្រុម​គ្រួសារ​អាហ្វហ្គានីស្ថាន​មួយ ដែល​បាន​រត់គេច​ពី​សង្គ្រាម​នៅ​អាហ្វហ្គានីស្ថាន រង់ចាំ​ឡើង​រថយន្ដ​ក្រុង​មួយ​ធ្វើ​ដំណើរ​ទៅ​មជ្ឈមណ្ឌល​ជនភៀសខ្លួន ដើម្បី​រត់គេច​ពី​សង្គ្រាម​នៅ​អ៊ុយក្រែន ភូមិ Medyka ប្រទេស​ប៉ូឡូញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។ (Reuters)

ពលរដ្ឋ​អាហ្គានីស្ថានរាប់រយ​នាក់​ដែល​បាន​រត់​គេច​ខ្លួន​ពី​សង្គ្រាម​នៅ​ក្នុង​ប្រទេស​របស់​ខ្លួនក្នុងប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ពេល​នេះ​កំពុងជាប់នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ហើយ​ពួកគេ​ភាគច្រើន​កំពុង​ព្យាយាម​រត់​គេចចេញ​ពី​ប្រទេស​នេះ​ដោយ​សារភ្លើង​សង្គ្រាម។

អ្នក​ស្រី Rana Alwat ព្រម​ទាំង​ស្វាមី​ ​និង​កូន​របស់​អ្នកស្រី បាន​ចាកចេញ​ពី​ទីក្រុងOdessa នៃ​ប្រទេស​អ៊ុយក្រែន​ហើយ​បាន​ជិះ​រទេះភ្លើងដើម្បី​ចាក​ចេញ​ពី​ប្រទេស​នេះ។ បន្ទាប់ពី​ជិះ​រថយន្ត​ក្រុង​ និង​ឈរ​រង់​ចាំ​ក្នុង​ជួរ​ដ៏​វែង​នៅ​តាម​ព្រំដែន​ប្រទេស​ប៉ូឡូញ​នោះ គ្រួសារ​មួយ​នេះ​នៅ​ទី​បញ្ចប់​បាន​មក​ដល់​ប្រទេស​ប៉ូឡូញ​កាល​ពីថ្ងៃ​ចន្ទ។

អ្នក​ស្រី​បាន​ប្រាប់​វីអូអេ​ថា៖ «កូន​ប្រុស​ខ្ញុំ​ដែល​មាន​វ័យ៣ឆ្នាំ​មាន​ការភ័យខ្លាច​យ៉ាង​ខ្លាំង​អំពី​សំឡេង​ផ្ទុះ​គ្រាប់​បែក។ ខ្ញុំ​បាន​ប្រាប់​កូន​ថា វា​គ្រាន់​តែ​ជា​សំឡេង​ប៉ោងប៉ោង​ផ្ទុះ​តែ​ប៉ុណ្ណោះ»។

កាល​ពី​៦ឆ្នាំ​មុន អ្នក​ស្រី Rana អាយុ២៦ឆ្នាំ បាន​ធ្វើ​ចំណាក​ស្រុកពី​អាហ្វហ្គានីស្ថាន​មក​ដល់​ទីក្រុងOdessa ប្រទេស​អ៊ុយក្រែន​នៅ​ក្នុង​ការស្វែងរកអនាគត​ប្រសើរ​មួយ​ហើយ​បាន​ធ្វើការជា​គ្រូ​បង្រៀននៅ​ក្នុង​សាលារៀន​ជនភៀសខ្លួន​អាហ្វហ្គានីស្ថានក្នុង​ទីក្រុង Odessa នេះ។

អ្នកស្រី​និយាយ​ទៀត​ថា៖ «ខ្ញុំ​មាន​អារម្មណ៍​មិន​ល្អទេ។ ខ្ញុំ​មកប្រទេស​អ៊ុយក្រែនមាន​សុបិន្តនិង​ក្តីបំណង​ដើម្បី​សិក្សារហូត​ដល់​ថ្នាក់​ឧត្តមសិក្សា។ ពេល​នេះ​ខ្ញុំ​កំពុង​ប្រឈម​នឹង​សំណាងអាក្រក់​ដដែល។ ខ្ញុំ​មាន​ការបារម្ភភ័យខ្លាចចំពោះ​គ្រួសារ​ខ្ញុំ​ហើយ​ពេលនេះ ខ្ញុំ​ត្រូវតែស្វែងរក​ការ​តាំង​លំនៅ​ថ្មី​ម្តង​ទៀត។

ទិន្នន័យ​ជន​ចំណាកស្រុក​របស់​អ៊ុយក្រែន​បាន​បង្ហាញ​កាលពី​ចុង​ឆ្នាំ២០២០ថា មាន​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ប្រមាណ១.៤៤៩នាក់​មាន​សិទ្ធិ​រស់​នៅ​ស្របច្បាប់នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ ហើយ២០០នាក់​ផ្សេង​ទៀត​មាន​ទិដ្ឋាការ​បណ្តោះ​អាសន្ន។ ក៏ប៉ុន្តែ ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ជា​ច្រើន​នាក់​ផ្សេង​ទៀត ដូច​ជា​លោកSanaullah Tasmim បាន​មក​ដល់​អ៊ុយក្រែន ក្រោយពី​ការ ចូលកាន់​កាន់របស់​ក្រុមតាលីបង់​នៅ​ក្នុង​រដ្ឋធានី​កាប៊ុល​កាលពី​ខែ​សីហា ឆ្នាំ​មុន។

យុវជនអាយុ២០​ឆ្នាំ​រូប​នេះ បាន​ចាក​ចេញ​ពីប្រទេស​អាហ្វហ្គានីស្ថាន​កាល​ពី​៦​ខែ​មុន​ដើម្បី​បញ្ចប់​ការ​សិក្សាផ្នែក​ពេទ្យ​របស់​គាត់​នៅ​ក្នុង​ទីក្រុង​មូស្គូ ​ប្រទេស​រុស្ស៊ី។ ទោះ​ជា​យ៉ាង​នេះ​ក្តី​ ពីព្រោះតែ​រដ្ឋាភិបាលអាហ្វហ្គានីស្ថាន​មុន​បាន​ដួលរលំ​ហើយ​អាហារូបករណ៍​របស់គាត់​ក៏​លែង​មាន​សុពលភាព​ទៀត​នោះ យុវជន​រូប​នេះ​មិន​អាច​បន្ត​ការសិក្សា​បន្ត​ទៅ​ទៀត​បាន​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ ហើយ​បាន​បង្ខំចិត្តចាក​ចេញ​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន​ដើម្បី​រកការងារ​ធ្វើនិង​រក​ប្រាក់​ដើម្បីបញ្ចប់ការសិក្សាដោយ​ខ្លួន​ឯង។

យុវជន​រូបនេះ បាន​ប្រាប់​វីអូអេ​ថា៖ «ខ្ញុំ​បាន​ចាកចេញ​ពី​សង្គ្រាម​ហើយធ្វើ​ដំណើរ​រហូត​មក​ដល់​ទីនេះ​ដើម្បីសិក្សា​និងកសាងអនាគត​ដ៏​ប្រសើរ​មួយ​ ប៉ុន្តែ​ពេល​នេះខ្ញុំ​ត្រូវ​ជាប់​ផុងនៅ​ក្នុងសង្គ្រាម​មួយ​ទៀត»។

យុវជនTasmim និយាយ​ថា ខ្លួន​បាន​មក​ដល់​ប្រទេស​ប៉ូឡូញកាលពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ។

យុវជន​រូប​នេះ​បាន​ថ្លែង​ថា៖ «ខ្ញុំ​បាន​បាត់បង់​របស់​របរ​ដូចជា​ទូរសព្ទ ប្រាក់​និង​វ៉ាលី​របស់​ខ្ញុំ​អស់​ហើយ​នៅក្នុងការធ្វើ​ដំណើរ​មក​កាន់ទីនេះ។ ក៏ប៉ុន្តែ ខ្ញុំ​សប្បាយ​ចិត្ត​ដោយ​បាន​មក​ដល់​កន្លែង​មាន​សុវត្ថិភាព​មួយ​នៅ​ពេល​នេះ»៕

XS
SM
MD
LG