ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​ការ​ផ្លាស់​ប្តូរ​ឥត​ព្រាង​ទុក​សម្រាប់​ទំនាក់​ទំនង​អាមេរិក​និង​ហ្វីលីពីន​ដែល​អាច​ធ្វើ​ឲ្យ​ចិន​បារម្ភ


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ និង​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ក្នុង​ជំនួប​នៅ​ទីក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីន កាលពី​ខួប​ទី​៥០​នៃ​សមាគម​អាស៊ាន នៅ​ខែ​វិច្ឆិកា ២០១៧។
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ និង​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ក្នុង​ជំនួប​នៅ​ទីក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីន កាលពី​ខួប​ទី​៥០​នៃ​សមាគម​អាស៊ាន នៅ​ខែ​វិច្ឆិកា ២០១៧។

ការ​​កោត​សរសើរ​គោលនយោបាយ​ប្រឆាំង​គ្រឿង​ញៀន​ដ៏​ប្រល័យ​របស់​ហ្វីលីពីន​ដោយ​មន្ត្រី​សហរដ្ឋ​អាមេរិក​ម្នាក់​ ជា​សញ្ញា​បង្ហាញ​ថា​អាច​នឹង​មាន​ទំនាក់​ទនង​ល្អ​រវាង​ប្រទេស​ទាំងពីរ ប៉ុន្តែ​ការណ៍​នេះ​អាច​ធ្វើ​ឲ្យ​ចិន​មិន​សប្បាយ​ចិត្ត។

ការ​ទទួល​ស្គាល់​ដោយ​ស្ងៀម​ស្ងាត់​របស់​អាមេរិក​ទៅ​លើ​យុទ្ធនាការ​ប្រឆាំង​នឹង​គ្រឿង​ញៀន​ខុស​ច្បាប់​ដ៏​ប្រល័យ​របស់ប្រធានា​ធិបតី​ហ្វីលីពីន ​Rodrigo Duterte ត្រូវ​គេ​រំពឹង​ថា នឹង​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ទ្វេភាគី​ដ៏​អាក្រក់​បំផុត​រវាង​ប្រទេស​ទាំង​ពីរ​នេះ​ត្រូវ​បាន​គេ​បំភ្លេច​ចោល ហើយ​អាច​នឹង​ឈាន​ទៅ​ដល់​កិច្ច​សហ​ប្រតិបត្តិការ​សារ​ជា​ថ្មី​រវាង​សម្ព័ន្ធ​មិត្ត​ចាស់​នេះ​ បើ​ទោះ​ជាការ​ធ្វើ​ដូច្នេះ​ធ្វើ​ឲ្យ​ចិន​ព្រួយ​បារម្ភ​ក៏​ដោយ។

ឧបការី​រង​នៃ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ​លោក​ James Walsh បាន​ថ្លែង​ក្នុងការ​ផ្តល់​ព័ត៌មាន​ត្រួសៗ​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃទី​៣១ មករា ថា លោក​មាន​«សុទិដ្ឋិនិយម​ប្រកប​ដោយ​ការ​ប្រុង​ប្រយ័ត្ន» អំពី​របៀប​ដែល​ប្រទេស​ហ្វីលីពីន​បោស​សម្អាត​គ្រឿង​ញៀន ហើយថា​ សហ​រដ្ឋ​អាមេរិក​នឹង​គាំទ្រ​យុទ្ធនាការ​នេះ ​ដរាប​ណា​យុទ្ធនាការ​នេះ​ធ្វើ​ឡើង​ដោយ​ស្រប​ច្បាប់។

ក្រុម​សកម្មជន​ជឿ​ជាក់​ថា រដ្ឋាភិបាល​របស់​លោក Duterte បាន​អនុញ្ញាត​ឲ្យ​មន្ត្រី​នគរ​បាល​បាញ់​សម្លាប់​មនុស្ស​រហូត​ដល់​ទៅ​៧​ពាន់​នាក់ ដោយ​គ្មាន​ការ​កាត់​ទោស ចាប់​តាំង​ពី​លោក​ចូល​កាន់​តំណែង​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៦​ មក។

គេហទំព័រ​របស់​ប្រធានាធិបតី​ហ្វីលីពីន​បាន​សរសេរ​ថា៖«អត្ថាធិប្បាយ​របស់​លោក Walsh ឲ្យ​តម្រុយ​ថា ការ​កោត​សរសើរ​ពីឥទ្ធិ​ពល​វិជ្ជមាន​នៃ​យុទ្ធនាការ​ប្រឆាំង​នឹង​គ្រឿង​ញៀន​ខុស​ច្បាប់​របស់​រដ្ឋបាល​នេះ​កំពុង​មាន​ការ​កើន​ឡើង»។

ការ​ផ្លាស់​ប្តូរ​ពាក្យសម្តី​ ក្រោយ​ពេល​មាន​ជំនួប​ដ៏​សុទិដ្ឋិនិយម​រវាង​លោក Duterte និង​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ កាល​ពី​ខែ​វិច្ឆិកា បាន​ចាប់​ផ្តើម​ធ្វើ​ឲ្យ​មេដឹកនាំ​ហ្វីលីពីនដែល​មាន​សម្តី​ឆៅ​រូប​នេះ បន្ធូរបន្ថយ​ពាក្យ​សម្តី​របស់​លោក​ដែល​ធ្លាប់​និយាយ​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក ជា​ពិសេស​ទៅ​លើ​ការ​រិះគន់​របស់​អាមេរិក​កាល​ពី​អតីត​កាល​ទៅ​លើ​យុទ្ធនាការ​ប្រឆាំង​នឹង​គ្រឿង​ញៀន​នេះ។

លោក Duterte បាន​ប្រៀប​ធៀប​អ្វី​ដែល​លោក​បាន​ថ្លែង​នោះ​ទៅ​នឹង​ការ​បង្កើត​ចំណង​មេត្រីភាព​ជាមួយនឹង​គូ​សត្រូវ​របស់​សហរដ្ឋ​អាមេរិក​នៅ​សម័យ​សង្គ្រាម​ត្រជាក់ គឺ​ប្រទេស​ចិន។

លោក Batongbacal សាស្ត្រាចារ្យ​ផ្នែក​ច្បាប់​និង​កិច្ច​ការ​ដែន​សមុទ្រ​អន្តរជាតិ​នៅ​សាកល​វិទ្យាល័យ​ប្រទេស​ហ្វីលីន​បាន​និយាយ​ថា៖ «អ្នក​អាច​និយាយ​បាន​ថា ទំនាក់​ទំនងនេះ​ប្រហែល​ជា​ត្រូវ​បាន​ធ្វើ​ឲ្យ​មាន​នឹងនរ​ឡើង​វិញ»។

ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​នឹង​រដ្ឋាភិបាល​លោក Duterte នៅ​មុខ​ស្ថាន​អគ្គ​កុងស៊ុល​ហ្វីលីពីន​នៅ​ទីក្រុង​ញូវយ៉ក កាល​ពី​ខែ​ធ្នូ ២០១៧។
ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​នឹង​រដ្ឋាភិបាល​លោក Duterte នៅ​មុខ​ស្ថាន​អគ្គ​កុងស៊ុល​ហ្វីលីពីន​នៅ​ទីក្រុង​ញូវយ៉ក កាល​ពី​ខែ​ធ្នូ ២០១៧។

កិច្ច​សហប្រតិបត្តិការ​បន្ថែម​រវាង​សហរដ្ឋ​អាមេរិក​និង​ហ្វីលីពីន

អ្នក​ជំនាញ​និយាយ​ថា ទំនាក់​ទំនង​កាន់​តែ​ល្អ​ប្រសើរ​ជាមួយ​សហរដ្ឋ​អាមេរិក​អាច​ស្តារ​ឡើង​វិញ​នូវ​កិច្ច​សហ​ប្រតិបត្តិការ​ការ​អនុវត្ត​ច្បាប់ ទន្ទឹម​នឹង​ការ​ការពារ​ទំនាក់​ទំនង​ផ្នែក​សេដ្ឋកិច្ច។

សហរដ្ឋ​អាមេរិក​ស្ថិតក្នុង​ចំណោម​អ្នក​វិនិយោគបរទេស​កំពូល​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ជាមួយ​នឹងទឹក​ប្រាក់​ជាង​៤,៥៨​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ការ​វិនិយោគ​ផ្ទាល់​ដែល​កំពុង​កើត​មាន។ អាមេរិក​ក៏​ជា​ប្រភព​នៃ​ការងារ​សម្រាប់​ពលរដ្ឋ​ហ្វីលីពីន​ជាង​៣,៤​លាន​នាក់​ដែល​រស់​នៅ​ក្រៅ​ប្រទេស​ផ​ងដែរ។​

សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​សញ្ញា​ថា ខ្លួន​មាន​បំណង​ផ្តល់​ជំនួយ​ផ្នែក​កិច្ច​ការ​ពារ​ប្រទេស​ដល់​ហ្វីលីពីន​ ដែល​អ្នក​ខ្លះ​យល់​ថា​ជំនួយ​នេះ​មាន​សារៈ​សំខាន់​សម្រាប់​មូលដ្ឋាន​យោធា​សហរដ្ឋ​អាមេរិក​កាន់​តែ​ធំ​នៅ​អាស៊ី ដែល​ធ្វើ​ឡើង​ក្នុង​បំណង​ទប់​ស្កាត់​ការ​រីក​រាល​ដាល​របស់ប្រទេស​ចិន​ដែល​ជា​ប្រទេស​ខ្លាំង​ជាង​គេ​បំផុត​ក្នុង​តំបន់។

កាល​ពី​ខែ​មុន សហរដ្ឋ​អាមេរិក​បាន​ប្រកាស​នូវ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​មួយ​ដែល​មាន​ឈ្មោះ​ថា «Operation Pacific Eagle-Philippines» ឬ ប្រតិបត្តិការ​ឥន្ទ្រី​ប៉ាស៊ីហ្វិក ហ្វីលីពីន» ដើម្បី​បញ្ឈប់​អំពើ​ភេរវកម្ម​នៅ​លើ​កោះ​ Mindanao ដែល​ជា​កោះ​មានភាព​ចលាចល​ ហើយ​នៅ​ទី​នោះ​អំពើ​ហិង្សា​បង្ក​ដោយ​ជន​ឧទ្ទាម​កាន់​សាសនា​ឥស្លាម​បាន​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ប្រមាណ ១សែន២ម៉ឺន​នាក់​ចាប់​តាំង​ពី​ទសវត្សរ៍ ១៩៦០មក។ កង​ទ័ព​ហ្វីលីពីន​បាន​វាយ​ប្រហារ​លើ​ក្រុម​ឧទ្ទាម​មួយ​ក្រុម​អស់​រយៈ​ពេល​៥​ខែ​កាល​ពី​ឆ្នាំ​មុន។

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​ហ្វីលីពីន​បាន​ចាប់​ផ្តើម​នូវ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​មួយ​ដែល​មាន​ទឹក​ប្រាក់​ ៣៥៨,០០០​ដុល្លារ​នៅ​ខែ​កុម្ភៈ​នេះ ដើម្បី​ជួយ​ដល់​គម្រោងសុខុមាលភាព​សង្គម​ចំនួន​៣៧​គម្រោង ​ដែល​ស្ថិត​នៅ​លើ​កោះ Mindanao នេះ​ដែរ។

ភាគី​ទាំង​ពីរ​នៅ​តែ​បន្ត​ធ្វើ​សមយុទ្ធ​កង​ទ័ព​ជើង​ទឹក​ជាមួយ​គ្នាជា​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​ការ​សមយុទ្ធនេះ​បាន​ជៀស​ឆ្ងាយ​ពី​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ដែល​រដ្ឋាភិបាល​ក្រុង​ម៉ានីល​ និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​តែ​បិទ​ការ​ចេញ​ចូល​នៅ​លើ​ដែន​ទឹកដែល​មាន​ជម្លោះ។

ភាគី​ចិន

រូបឯកសារ៖ ប្រធានាធិបតី​ហ្វីលីពីន​ Rodrigo Duterte (ឆ្វេង) និង​ប្រធានាធិបតី​ចិន Xi Jinping ក្នុង​វេទិកា​«ខ្សែរ​ក្រវ៉ាត់​និង​វិថី​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​ឯ​មហាសាល​ប្រជាជន​ចិន​ ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាល​ពី​ខែ​ឧសា ២០១៧។
រូបឯកសារ៖ ប្រធានាធិបតី​ហ្វីលីពីន​ Rodrigo Duterte (ឆ្វេង) និង​ប្រធានាធិបតី​ចិន Xi Jinping ក្នុង​វេទិកា​«ខ្សែរ​ក្រវ៉ាត់​និង​វិថី​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​ឯ​មហាសាល​ប្រជាជន​ចិន​ ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាល​ពី​ខែ​ឧសា ២០១៧។

លោក​ Duterte បាន​ក្លាយជា​មិត្តជាមួយ​រដ្ឋា​ភិបាល​ក្រុង​ប៉េកាំង កាល​ពី​ចុង​ឆ្នាំ​២០១៦ ដោយ​លោក​ទទួល​បានទឹក​ប្រាក់​ចំនួន​២៤​ពាន់​លាន​ដុល្លារ​ ដែល​បាន​ពី​ការ​ស្នើ​សុំ​ជំនួយ​អភិវឌ្ឍន៍​ពី​ចិន​និង​ការ​វិនិយោគគម្រោង​នានា​ដូច​ជា​ផ្លូវ​រថ​ភ្លើង​ជា​ដើម។

លោក ត្រាំ សង្ឃឹម​ថា​ ចំណង​ទាក់​ទង​ជាមួយ​ប្រទេស​ហ្វីលីពីន​នឹង​បញ្ឈប់​រដ្ឋាភិបាល​ក្រុង​ម៉ានីល​មិន​ឲ្យ​ខិត​កាន់​តែ​ជិត​ជាមួយ​ប្រទេស​ចិន​ នេះ​បើ​តាម​សម្តី​របស់​លោក ​ Eduardo Araralសាស្ត្រាចារ្យ​ផ្នែក​គោល​នយោបាយ​សាធារណៈ​នៃ​សាកល​វិទ្យាល័យ​ជាតិ​របស់​ប្រទេស​សិង្ហបុរី។

ជន​ជាតិ​ហ្វីលីពីន​ចំនួន​៧០​ភាគ​រយ​បាន​បង្ហាញ​ការ​ទុក​ចិត្ត​ទៅ​លើ​សហរដ្ឋ​អាមេរិក​កាល​ពី​ចុង​ឆ្នាំ​២០១៦ ហើយ​ពលរដ្ឋ​ចំនួន​៣៩​ភាគ​រយ បង្ហាញ​ការ​ជឿ​ទុក​ចិត្ត​លើ​ប្រទេស​ចិន។ នេះ​បើ​តាម​ការ​រក​ឃើញ​របស់​វិទ្យាស្ថាន​ Social Weather Stations ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ានីល។

លោក Araral និយាយ​ថា​ អ្វី​ដែល​កើត​មាន​ទៅ​តាម​ការ​យល់​ឃើញ​របស់​លោកឧបការី​រង ​Walsh នោះ​គឺ​អាស្រ័យ​លើ​ថា​ តើមេដឹក​នាំ​ផ្សេង​ទៀត​របស់​សហរដ្ឋ​អាមេរិក​ប្រ​ព្រឹត្ត​ទៅ​លើប្រទេស​ហ្វីលីពីន​យ៉ាង​ដូច​ម្តេច​ នា​ពេល​អនាគត។

លោក​និយាយ​ថា៖«វា​អាស្រ័យ​លើ​ថា​តើ​សហរដ្ឋ​អាមេរិក​នឹង​ប្រើ​សន្លឹក​បៀ​របស់​ខ្លួន​យ៉ាង​ដូច​ម្តេច។ ប្រសិនបើអាមេរិក​លេង​បែប​សំឡុត​គេ ឬ​ជា​ថៅកែ​ដែល​វាយ​ឫក​ធំ​នោះ​ វា​មិន​អាច​ដំណើរ​ការ​ល្អ​ជា​មួយ​លោក Duterte​ បាន​ទេ។ ដូច្នេះ​ ពួក​គេ​ត្រូវ​តែ​បង្ហាញ​សារ​ដែល​ល្អ​ជាង​នេះ»។

លោក Batongbacal ​និយាយ​ថា​ លោក Duterte ប្រហែល​មិនងាក​មក​រក​រដ្ឋា​ភិបាល​ក្រុង​វ៉ាស៊ីនតោន​ដោយ​ងាយ​ស្រួល​លឿន​ពេក​ទេ។ លោក​មាន​ការ​ខឹង​សម្បា​នឹង​តួនាទី​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ តាំង​ពីមុន​លោក​ឡើង​កាន់​អំណាច​មក​ម៉្លេះ។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា វា​មិន​មាន​អ្វី​ផ្លាស់​ប្តូរ​ច្រើន​ទេ ពីព្រោះ​បើ​សិន​អ្នក​ប្រៀប​ធៀប​ទៅ​អ្វី​ដែល​គាត់​កំពុង​អនុវត្ត​គោល​នយោបាយ​ការបរទេស​របស់​គាត់​ជាមួយ​ប្រទេស​ចិន ឬ​បើ​ប្រៀប​ធៀប​ជាមួយ​គោល​នយោបាយ​ជាមួយ​សហភាព​អឺរ៉ុប​នោះ​ យើង​ឃើញ​ថា​មិន​មាន​អ្វី​ប្រែ​ប្រួល​ខុស​ពី​មុន​ឡើយ»៕

ប្រែ​សម្រួល​ដោយ​ នៀម ឆេង

អត្ថបទ​ទាក់ទង

XS
SM
MD
LG