ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ICC ​បើក​ការស៊ើបអង្កេត​រឿង​ឧក្រិដ្ឋ​កម្ម​ប្រឆាំងនឹង​មនុស្ស​ជាតិ​នៅ​ហ្វីលីពីន​ និង​វ៉េណេស៊ុយអេឡា


លោកស្រី Fatou Bensouda ជា​រដ្ឋអាជ្ញា​​មួយរូបនៃតុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិដែលហៅកាត់ថា ICC។
លោកស្រី Fatou Bensouda ជា​រដ្ឋអាជ្ញា​​មួយរូបនៃតុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិដែលហៅកាត់ថា ICC។

រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ICC ​នឹង​ស៊ើបអង្កេត​ថាតើ​ការរំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​ហ្វីលីពីន​ និង​វ៉េណេស៊ុយអេឡា​មាន​ជាប់​ពាក់ ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ឬ យ៉ាងណា?

អង្គការ​សិទ្ធិ​មនុស្ស​មួយ​ហៅ​ថា​សហព័ន្ធ​អន្តរជាតិ ដើម្បី​សិទ្ធិ​មនុស្ស ​FIDH បាន​ស្វាគមន៍​ចំពោះ​ការបើក​សវនាការ​បឋម​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC នៅ​ពេល​ខាងមុខ​ចំពោះ​ការបង្ក្រាប​ដ៏​ឃោរឃៅ​នៅក្នុង​ប្រទេស​ហ្វីលីពីន​ ដើម្បី​ពិនិត្យ​មើល​បញ្ហា​ទាក់ទងនឹង​សង្គ្រាម​ប្រឆាំងនឹង​គ្រឿងញៀន​ និង​ការបង្ក្រាប​ដោយ​ហិង្សា​លើ​បាតុកម្ម​តវ៉ា​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា​ ដែល​ប្រព្រឹត្ត​ដោយ​ក្រុម​អាជ្ញាធរ​ប្រទេស​ទាំងពីរ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដែល VOA ទទួល​បាន​កាលពី​ថ្ងៃព្រហស្បតិ៍។

សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ក្រុងហ្សឺណែវ​ដដែល​បាន​អះអាង​ថា រដ្ឋអាជ្ញា​តុលាការ​ ICC ​លោកស្រី Fatou Bensouda ​នឹង​ធ្វើការ​សិក្សា​ វិភាគ​ទៅលើ​បញ្ហា«ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ‍» ​ដែល​ចាប់​តាំងពី​ដើម​ខែកក្កដា ​ឆ្នាំ ២០១៦ ​ក្នុង​ប្រទេស​ហ្វីលីពីន ​ដែល​ធ្វើ​ឲ្យ​មាន​មនុស្ស​ប្រមាណ​១២០០០​ នាក់​ស្លាប់​ដោយ​អំពី​សម្លាប់​ក្រៅ​ច្បាប់​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​ ដែល​ជា​ផ្នែក​មួយ​នៃ​គោល​នយោបាយ​លោក​ប្រធានាធិបតី​ Rodrigo Duterte។

លោក ​Dimitris Christopoulos​ នាយក​អង្គការ​សិទ្ធិ​មនុស្ស​ FIDH ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង​បាន​ថ្លែង​ថា គោល​នយោបាយ​សង្គ្រាម​ប្រឆាំង​នឹង​គ្រឿង​ញៀន​ មិន​ត្រូវ​យក​មក​បកស្រាយ និង​ប្រើប្រាស់​ដើម្បី​ការកាប់​សម្លាប់ក្រៅ​ច្បាប់ ការបំបាត់​ខ្លួន​ហើយ​នឹង​ធ្វើទណ្ឌកម្ម​នោះ​ទេ។ លោក​ថា៖

«និទណ្ឌភាព​ចេញ​ពីការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ទាំងនេះ​ ត្រូវតែ​បញ្ចប់​ពេល​នេះ​ភ្លាម ដោយ​ការ​ស៊ើបអង្កេត​ឲ្យ​បាន​ហ្មត់ចត់​ និង​កាត់ទោស​ជនល្មើស‍»។

អង្គការ​សិទ្ធិ​មនុស្ស​ដដែល​នេះ​បាន​ថ្លែង​បន្ថែម​ថា​រដ្ឋអាជ្ញា​ តុលាការ​ព្រហ្មទណ្ឌ អន្តរជាតិ​ ICC​ នឹង​បើក​សវនាការ​ពិនិត្យ​មើល​ការរំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​ វ៉េណេស៊ុយអេឡា​ ដែល​អាជ្ញាធរ​បាន​សម្លាប់​ក្រុម​បាតុករ​ចំនួន​១២៤នាក់។ ក្នុង នោះ ​មាន ៤៦នាក់ ត្រូវ​សម្លាប់​ដោយ​ក្រុម​អាជ្ញាធរ​សន្តិសុខ​ និង​២៧នាក់​បាន សម្លាប់​ដោយ​ក្រុម​ប្រដាប់​អាវុធ​គាំទ្រ​រដ្ឋាភិបាល​ចាប់តាំង​ពី​ខែមេសា ឆ្នាំ២០១៧ មក។ នៅក្នុង​សេចក្តី​ប្រកាស​របស់​រដ្ឋអាជ្ញា​ដដែល ដែល​បាន​ដកស្រង់​មក​ផ្សាយ​ដោយ​អង្គការ​ FIDH បាន​បញ្ជាក់​ថា ការបន្តធ្វើ​បាតុកម្ម​បាន​នាំ​ឲ្យ​មាន​ការប្រើ អំពើ​ហិង្សា​បង្ក្រាប និង​បំបែក​ហ្វូងបាតុករ​ហួស​កម្រិត​ដែលនាំ​ឲ្យ​មាន​ការស្លាប់ រង​របួស​ និង​ចាប់ខ្លួន​ជាច្រើន ​ហើយ​ដែល​នាំ​ទៅ​ដល់​ការធ្វើ​ទណ្ឌកម្ម​បែប​អមនុស្សធម៌។

អង្គការ​សិទ្ធិ​មនុស្ស​ដដែល​ក៏​ទទូច​ដល់​ប្រទេស​ហ្វីលីពីន និង​វ៉េណេស៊ុយអេឡា ​បន្ត​អនុវត្តន៍​ជា​ភាគី​រដ្ឋ​សមាជិក​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ICC ​ដោយ​ធ្វើ ការ​យ៉ាងជិតដិត​ជាមួយនឹង​ការិយាល័យ​រដ្ឋអាជ្ញា​ដើម្បី​ធានា​ការស្វែងរក​យុត្តិធម៌​សម្រាប់​ឧក្រិដ្ឋកម្ម​អន្តរជាតិ ​ដែល​បាន​ចោទប្រកាន់​ថា ប្រព្រឹត្ត​នៅក្នុង​ប្រទេស​ទាំងពីរ៕

XS
SM
MD
LG