ដោយមានអ្នកកាសែតមួយចំនួនត្រូវបានគេចាប់ដាក់គុកទូទាំងសាកលលោកក្នុងកម្រិតច្រើនជាងពេលណាៗទាំងអស់ ក្រុមសេរីភាពសារព័ត៌មានកំពុងគូសបន្ទាត់រវាងជម្លោះផ្ទាល់មាត់របស់ប្រធានាធិបតីត្រាំជាមួយស្ថាប័នព័ត៌មានដែលងាយទទួលរងគ្រោះថ្នាក់បំផុតរបស់ប្រទេសអាមេរិកជាមួយការយកលេសរបស់ពួកមេដឹកនាំផ្តាច់ការនៅជុំវិញពិភពលោកដើម្បីបង្ក្រាបសេរីភាពសារព័ត៌មាន។ «យើងកំពុងឃើញការវាយប្រហារដែលមិនធ្លាប់មានការពីពេលមុនទៅលើស្ថាប័នកាសែត និងបណ្តាញព័ត៌មាន និងការវាយប្រហារចំៗទៅលើពួកអ្នកកាសែតនិងបណ្តាញព័ត៌មាននីមួយៗ។ ហើយនេះជាអ្វីដែលបង្កើតឲ្យមានបរិយាកាសមួយដែលពួកអ្នកកាសែតប្រតិបត្តិការមិនសូវមានសុវត្ថិភាព»។ នេះបើយោងតាមប្រសាសន៍របស់អ្នកស្រី Courtney Radsch នាយកគណៈកម្មាធិការដើម្បីការពារអ្នកកាសែត។
ការស្ទង់មតិសេរីភាពព័ត៌មានឆ្នាំ២០១៧របស់គណៈកម្មាធិការដើម្បីការពារអ្នកកាសែតបានបង្ហាញថា អ្នកកាសែត២៦២នាក់បានជាប់គុកនៅទូទាំងពិភពលោក ដែលបានកើនឡើងបន្តិចជាងកាលពី១ឆ្នាំមុន។ អ្នកកាសែតទាំងនោះជាងពាក់កណ្តាលបានស្ថិតនៅក្នុងប្រទេសតួកគី ចិន និងអេហ្ស៊ីប។
លោកស្រី Radsch បានប្រាប់ VOA ថា «យើងបានឃើញពាក្យព័ត៌មានក្លែងក្លាយ ឬ «Fake News» បានត្រូវគេប្រើប្រាស់នៅក្នុងប្រទេសហ្វីលីពីន រុស្ស៊ី ចិន អេហ្ស៊ីបដើម្បីបង្ហាញនូវភាពសមហេតុសមផលដល់ការសង្កត់សង្កិនបណ្តាញព័ត៌មានរបស់ខ្លួននៅក្នុងការប៉ុនប៉ងដើម្បីធ្វើឲ្យអ្នកកាសែតខុសច្បាប់។ យើងក៏បានឃើញចិននិយាយថា «មើលហ្ន! សហរដ្ឋអាមេរិកនៅទីបំផុតបានដឹងពីអ្វីដែលយើងបាននិយាយរាល់ពេលអំពីបញ្ហារបស់បណ្តាញព័ត៌មាន» ហើយនេះមិនមែនជាអ្វីដែលយើងចង់ឃើញនៅជុំវិញពិភពលោកទេ»។
ក្នុងទំព័របញ្ចេញមតិរបស់កាសែតប្រចាំថ្ងៃ People Daily របស់គណបក្សកុម្មុយនិស្តចិននៅខែនេះបាននិយាយថា «ប្រសិនបើ ប្រធានាធិបតីសហរដ្ឋអាមេរិកហៅបណ្តាញព័ត៌មាននាំមុខថា ធ្វើឲ្យខូចកេរ្តិ៍ឈ្មោះប្រទេសអាមេរិកនោះ ដូច្នេះ ព័ត៌មានអវិជ្ជមានអំពីប្រទេសចិន និងប្រទេសផ្សេងទៀតក៏មិនអាចយកជាការបានឡើយ ពីព្រោះ បណ្តាញព័ត៌មានហាក់ដូចជាមានភាពលម្អៀងហើយនិន្នាការនយោបាយកំពុងធ្វើឲ្យខុសពីរូបភាពពិតប្រាកដ»។
លោក Hy Hellyer ជាអ្នកស្រាវជ្រាវជាន់ខ្ពស់អង់គ្លេសនៅឯក្រុមប្រឹក្សា Atlantic ក្នុងរដ្ឋធានីវ៉ាស៊ីនតោននិយាយថា ការចោទប្រកាន់ពីព័ត៌មានមិនពិតរបស់ប្រធានាធិបតីត្រាំជាបញ្ហាធ្ងន់ធ្ងរហើយគេមិនត្រូវមើលងាយឡើយ។
លោក Hellyer និយាយថា «នៅពេលដែលលោកត្រាំប្រើប្រាស់សេរីភាពនៃការនិយាយស្តីរបស់លោកផ្ទាល់ដើម្បីនិយាយមើលងាយសមត្ថភាពរបស់បណ្តាញព័ត៌មានដើម្បីរាយការណ៍អំពីការពិត ហើយជារឿយៗបាននិយាយពីព័ត៌មានមិនពិតនោះ។ ការណ៍នេះបានផ្តល់អំណាចដល់មេដឹកនាំផ្សេងទៀតឲ្យធ្វើដូចគ្នា» ប្រធានាធិបតីត្រាំបានបន្តវាយប្រហារអត្ថបទដោយប្រើពាក្យព័ត៌មានមិនពិតនៅក្នុងសារតាមប្រព័ន្ធ Twitter និងអត្ថាធិប្បាយនិងសុន្ទរកថាចំនួនរាប់រយដោយចុចចំបណ្តាញព័ត៌មានល្បីៗដូចជាទូរទស្សន៍ខ្សែកាប CNN កាសែត Washington Post និងកាសែត The New York Times ចំពោះការរិះគន់សំខាន់ៗ។
កាលពីពេលមុន ប្រធានាធិបតីត្រាំបានហៅទូរទស្សន៍ខ្សែកាបថា «ជាសត្រូវរបស់ពលរដ្ឋ»។
វិធានការរបស់ប្រធានាធិបតីបានធ្វើឲ្យមានការជជែកដេញដោលយ៉ាងខ្លាំងទូទាំងប្រទេសអំពីអ្វីដែលពួកអ្នកការពារលោកត្រាំបានហៅព័ត៌មានថាភាពលម្អៀងនៃបណ្តាញព័ត៌មាន ហើយពួកអ្នករិះគន់បានពណ៌នាថាជាការរាយការណ៍ត្រឹមត្រូវ។
ការសិក្សាបង្ហាញសេចក្តីរាយការណ៍អំពីប្រធានាធិបតីត្រាំមានភាពអវិជ្ជមានយ៉ាងខ្លាំង។ ការវិភាគមួយដោយមជ្ឈមណ្ឌលស្រាវជ្រាវ Pew ដែលជាអង្គការមិនយកកម្រៃបានបង្ហាញពីសេចក្តីរាយការណ៍អំពីការកាន់តំណែងប្រធានាធិបតី របស់លោកត្រាំក្នុងរយៈពេលប៉ុន្មានខែលើកដំបូងមានភាពអវិជ្ជមានចំនួន៦២ភាគរយនិងភាពវិជ្ជមានចំនួន៥ភាគរយ។
តាមមជ្ឈមណ្ឌលស្រាវជ្រាវ Pew បានប្រាប់ឲ្យដឹងថា សេចក្តីរាយការណ៍រយៈពេលដូចគ្នានៃការកាន់តំណែងប្រធានាធិបតីរបស់លោកបារ៉ាក់ អូបាម៉ា មានភាពវិជ្ជមាន៤២ភាគរយនិងអវិជ្ជមានចំនួន២០ភាគរយ។ ប្រធានគម្រោងកាសែតរបស់មជ្ឈមណ្ឌល Pew បានព្រមានថា លទ្ធផលនេះមិនមានភស្តុតាងនៃការលម្អៀងរបស់បណ្តាញព័ត៌មានទេ។
ពួកអ្នករិះគន់ប្រធានាធិបតីត្រាំ មិនឃើញថា មានភាពខុសប្លែកគ្នានៃតួលេខទាំងនោះទេ ពីព្រោះកំហុសឆ្គងនិងសេចក្តីរាយការណ៍ខុសពីសេតវិមានមានទំហំធំណាស់ ក៏ប៉ុន្តែ ប្រធានាធិបតីនិងពួកអ្នកគាំទ្ររបស់លោកបានចាត់បញ្ហានេះជា ភស្តុតាងនៃគោលបំណងអាក្រក់របស់បណ្តាញព័ត៌មាន។
ការរងផលប៉ះពាល់ដោយការរិះគន់របស់លោកត្រាំនិងការស្ទង់មតិបង្ហាញពីការទំនុកចិត្តទាបរបស់សាធារណជនក្នុងបណ្តាញព័ត៌មានបានជំរុញឲ្យបណ្តាញទូរទស្សន៍ខ្សែកាប CNN និងកាសែតធំៗប្រយុទ្ធតបតបវិញដោយការធ្វើយុទ្ធនាការឃោសនានិងពាក្យស្លោកថ្មីដែលសង្កត់ពីភាពត្រឹមត្រូវនិងគោលបំណងរបស់ខ្លួន។
ស្លាកសញ្ញារបស់បណ្តាញទូរទស្សន៍ខ្សែកាប CNN និងពាក្យស្លោករបស់កាសែត Washington Post គឺ «លទ្ធិប្រជាធិបតេយ្យស្លាប់ក្នុងភាពងងឹត»។
ក៏ប៉ុន្តែ កំហុសនៃសេចក្តីរាយការណ៍រឿងធំៗកាលពីពេលថ្មីៗនេះអំពីសេតវិមានបានធ្វើឲ្យប៉ះពាល់កិត្តិសព្ទនៃភាពទុកចិត្តបានរបស់បណ្តាញព័ត៌មាន ហើយការណ៍នេះបានផ្តល់នូវកម្លាំងដល់ប្រធានាធិបតីត្រាំ។
នៅដើមខែនេះ បណ្តាញទូរទស្សន៍ខ្សែកាប CNN បានរាយការណ៍ខុសថា យុទ្ធនាការឃោសនាបោះឆ្នោតរបស់ប្រធានាធិបតីត្រាំបានត្រូវគេផ្តល់ឲ្យសារអ៊ីម៉ែលដែលត្រូវបានគេលួចចូលក្នុងប្រព័ន្ធកំព្យូទ័រពីយុទ្ធនាការរបស់លោកស្រី Hillary Clinton គូប្រកួតប្រជែងខាងគណបក្សប្រជាធិបតេយ្យរបស់លោក មុនពេលសារអ៊ីម៉ែលទាំងនោះត្រូវបានបញ្ចេញដោយបណ្តាញសង្គម Wikileaks កាលពីឆ្នាំទៅ។ ក្រោយមក កាសែត The Washington Post បានរាយការណ៍ដោយត្រឹមត្រូវថា ការផ្តល់ឲ្យសារអ៊ីម៉ែលនោះ បានកើតមានឡើងប៉ុន្មានថ្ងៃបន្ទាប់ពីបណ្តាញព័ត៌មានសង្គម Wikileaks បានចេញផ្សាយសារអ៊ីម៉ែលនោះ។
ឥឡូវនេះ ពួកមេដឹកនាំរំលោភសិទ្ធិសេរីភាពសាព័ត៌មានខ្លះរបស់ពិភពលោកកំពុងប្រើប្រាស់ពាក្យ «ព័ត៌មានក្លែងក្លាយ» ដើម្បីធ្វើជាមូលហេតុត្រឹមត្រូវនូវការរឹតត្បិតសារព័ត៌មាន។
នៅពេលដែលដែលអ្នកកាសែតសួរប្រធានាធិបតីស៊ីរី Bashar al-Assad អំពី សេចក្តីរាយការណ៍របស់អង្គការសិទ្ធិមនុស្សAmnesty International ស្តីពីការសម្លាប់មនុស្សជាប្រព័ន្ធនៅក្នុងគុកស៊ីរី។ លោក Assad បានឆ្លើយថា «យើងកំពុងរស់នៅក្នុងសករាជព័ត៌មានភូតកុហក ដូចជាលោក អ្នកដឹងហើយ។ មនុស្សគ្រប់គ្នាបានដឹងអំពីបញ្ហានេះ»។
ប្រធានាធិបតីនៃប្រទេសវ៉េណេហ្ស៊ុយអេឡាលោក Nicolas Maduro បានត្អូញត្អែរថា បណ្តាញព័ត៌មានអន្តរជាតិកំពុងផ្សព្វផ្សាយការភូតកុហកអំពីរូបលោក។លោកនិយាយថា «ការផ្សព្វផ្សាយនេះជាអ្វីដែលយើងហៅថា ព័ត៌មានភូតកុហក មែនទេ?»។
នាយករដ្ឋមន្ត្រីរបស់កម្ពុជា លោក ហ៊ុន សែនដែលជារឿយៗស្រង់វោហាសាស្ត្រពាក្យព័ត៌មានក្លែងក្លាយរបស់ប្រធានាធិបតីយកមកប្រើបានបញ្ជាឲ្យស្ថានីយវិទ្យុជាង១០បិទ ឬ បញ្ឈប់ការផ្សាយកម្មវិធីពី VOA និងវិទ្យុអាស៊ីសេរី ហើយបានបិទកាសែតឯករាជ្យនាំមុខមួយនៅកម្ពុជា។
បណ្តាញព័ត៌មានប្រទេសលីប៊ីបានប្រើពាក្យនេះដែរក្នុងការព្យាយាមបណ្តុះបង្អាប់របាយការណ៍របស់ទូរទស្សន៍ខ្សែកាប CNN ស្តីពីទាសភាពក្នុងចំណោមជនចំណាកស្រុក ហើយក្រសួងការបរទេសរុស្ស៊ីបានចាប់ផ្តើមចុះផ្សាយរឿងនានាដែលខ្លួនចាត់ទុកជាការក្លែងបន្លំលើប្រព័ន្ធគេហទំព័ររបស់ខ្លួនដែលប្រើពាក្យ «ព័ត៌មានក្លែងក្លាយ» ឬ «FAKE NEWS» ជាអក្សរធំៗ។
មន្ត្រីសន្តិសុខជាន់ខ្ពស់ម្នាក់របស់ចិនខាងប្រព័ន្ធកុំព្យូទ័របានដកស្រង់ពាក្យ «ព័ត៌មានក្លែងក្លាយ» អំពីរបាយការណ៍មួយដែលបានចាត់ទុកចិនជាប្រទេសមានលំដាប់ថ្នាក់ក្រោមគេបង្អស់ក្នុងពិភពលោកក្នុងសេរីភាពប្រព័ន្ធអ៊ីនធឺណិត។
ប្រធានាធិបតីត្រាំបានស្វាគមន៍មនុស្សមួយចំនួនដែលជាគូសត្រូវរបស់បណ្តាញព័ត៌មានសេរីមកកាន់សេតវិមាន។ ប្រធានាធិបតីត្រាំបានសរសើរប្រធានាធិបតីទួគីលោក Recep Tayyip Erdogan ថាជាមិត្តភក្តិ ថ្វីបើតួកគីមានកិត្តនាមជាប្រទេសដែលចាប់អ្នកកាសែតដាក់ពន្ធនាគារនាំមុខមួយនៅក្នុងពិភពលោកក៏ដោយ។
ដោយមានប្រធានាធិបតីត្រាំស្ថិតនៅជិតក្នុងអំឡុងនៃសន្និសីទកំពូលអាស៊ានកាលពីពេលថ្មីៗនេះ លោក Rodrigo Duterte ប្រធានាធិបតីនៃប្រទេសហ្វីលីពីន បានហៅពួកអ្នកយកព័ត៌មានថា «ចារបុរស»។
នាយករដ្ឋមន្ត្រីប្រទេសថៃលោក Prayuth Chan-ocha និងលោក Najib Razak នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីបានលើកឡើងអំពីបញ្ហា «ព័ត៌មានក្លែងក្លាយនេះ»។
លោក Tom Malinowski អតីតឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកប្រជាធិបតេយ្យនិងការងារបានប្រាប់ VOA ថា «អ្នកកាសែតនៅក្នុងប្រទេសផ្តាច់ការដូចជាកម្ពុជា មានការពិបាករួចជាស្រេចទៅហើយនៅពេលដែលសហរដ្ឋអាមេរិកធ្វើជាគំរូល្អនោះ»។
លោក Malinowski ដែលបានបម្រើការនៅក្រោមអតីតប្រធានាធិបតីអូបាម៉ាបាននិយាយថា «ឥឡូវនេះ គ្រប់មេដឹកនាំផ្តាច់ការទាំងអស់ដែលចង់ហាមឃាត់បណ្តាញព័ត៌មានដែលខ្លួនមិនចូលចិត្តអាចនិយាយថា លោកប្រធានាធិបតីត្រាំធ្វើអញ្ចឹងដែរ ដូច្នេះហេតុអ្វីបានជាខ្ញុំមិនអាចធ្វើបានដែរ»៕
ប្រែសម្រួលដោយជឹង ប៉ូជីន