ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ត្រាំរង​ការ​រិះគន់​ចំពោះ​ការ​មិន​បាន​ប្រឈម​ជាមួយ​មេដឹកនាំ​អាស៊ាន​ លើ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស


ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ និង​ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ និង​ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte

ក្រុម​បាតុករ​ បាន​ប៉ះទង្គិច​គ្នា​ជាមួយ​នឹង​ប៉ូលិស​បង្ក្រាប​កុបកម្ម​នៅ​ក្រុង​ម៉ានីល និង​បាន​ដុត​រូបសំណាក​ធ្វើ​ពី​ក្រដាស​ របស់​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​ កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ ស្រប​ពេល​ដែលមេដឹកនាំ​សហរដ្ឋអាមេរិក​រូប​នេះ​ ​ជួប​ជាមួយប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte នៅ​ក្រៅ​កិច្ចប្រជុំ​កំពូល​មួយ​ក្នុង​តំបន់។

លោក​ Renato Reyes នៃ​អង្គការ​ New Patriotic Alliance បាន​និយាយ​ថា៖

«យើង​ជឿ​ថា កិច្ចប្រជុំ​នេះ​ នឹង​មិន​នាំ​ឲ្យ​មាន​ផល​ប្រយោជន៍​ណាមួយ​ទៅ​ដល់​ប្រជាពលរដ្ឋ​ហ្វីលីពីន​នោះ​ទេ។ កិច្ចប្រជុំ​នេះ ​នឹង​គ្រាន់​តែ​បង្ក​ឲ្យ​ស្ថានភាព​សិទ្ធិមនុស្ស​កាន់​តែ​ចុះ​ដុនដាប​ថែម​ទៀត...»។

នៅ​ក្នុង​សាល​កិច្ចប្រជុំ​កំពូល លោក​ប្រធានាធិបតី​ ត្រាំ ​បាន​បញ្ចៀស​ការ​និយាយ​អំពី​បញ្ហា​សិទ្ធិមនុស្ស ហើយ​បាន​ងាក​ទៅ​សង្កត់ធ្ងន់​លើ​សាមគ្គីភាព​នៅ​ក្នុង​តំបន់​ទៅ​វិញ។

លោក​ត្រាំ​ បាន​និយាយ​ថា៖

«យើង​ចង់​ឲ្យ​ដៃ​គូ​របស់​យើង​នៅ​ក្នុង​តំបន់​ មាន​ភាព​រឹង​មាំ ឯករាជ្យ និង​រុងរឿង ហើយ​អាច​គ្រប់គ្រង​ជោគ​វាសនា​របស់​ខ្លួន​បាន​ និង​មិន​មែន​ជា​ ប្រទេស​រណប​នឹង​ប្រទេស​ណា​មួយ។ ទាំង​នេះ គឺជា​គោលការណ៍​នៅ​ពី​ក្រោយ​ទស្សនវិស័យ​របស់​យើង សម្រាប់​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដែល​សេរី និង​បើក​ចំហ»។

មាន​របាយការណ៍​ចម្រូងចម្រាស​គ្នា​អំពី​ថា​តើ​ លោក​ប្រធានាធិបតី​ត្រាំ និង​ប្រធានាធិបតីហ្វីលីពីន បាន​ពិភាក្សាគ្នា​អំពី​ប្រធាន​បទ​រំញោច​នៃ​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ ដែល​ជា​ផ្នែក​មួយ​នៃ​សង្គ្រាម​របស់​លោក​ប្រធានាធិបតី​ Duterte ប្រឆាំង​នឹង​គ្រឿង​ញៀន ដែល​ក្រុម​គាំពារ​សិទ្ធិ​មនុស្ស​និយាយ​ថា ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។

អ្នក​នាំ​ពាក្យ​សេតវិមាន អ្នកស្រី Sarah Huckabee បាន​និយាយ​ថា «បញ្ហា​សិទ្ធិ​មនុស្ស​ត្រូវ​បាន​លើក​ឡើង​ត្រួសៗ» នៅ​ក្នុង​បរិបទ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​របស់​លោក Duterte។ ក៏​ប៉ុន្តែ​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ហ្វីលីពីន​ បាន​លើក​ឡើង​ផ្ទុយ​ពី​នេះ​ទៅ​វិញ។

លោក Harry Roque អ្នក​នាំ​ពាក្យប្រធានាធិបតី​ហ្វីលីពីន​ បាន​និយាយ​ថា៖

«មិន​មាន​ការ​លើកឡើង​អំពី​សិទ្ធិមនុស្ស មិន​មាន​ការ​លើក​ឡើង​ពី​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ គឺ​គ្រាន់​តែ​មាន​ការ​ពិភាក្សា​វែង​មួយ​អំពី​សង្គ្រាម​ប្រឆាំង​នឹង​គ្រឿងញៀន​នៅ​ហ្វីលីពីន​ ដោយ​លោក​ប្រធានាធិបតី​ Duterte បាន​ធ្វើ​ការ​បកស្រាយ​ពន្យល់​ភាគច្រើន»។

នៅ​ពេល​ដែល​អ្នក​យក​ព័ត៌មាន​មួយ​រូប​ សួរ​សំណួរ​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិ​មនុស្សអំឡុង​ពេល​ថត​រូប​ជុំ​គ្នា​របស់​ថ្នាក់​ដឹកនាំ អ្នក​យក​ព័ត៌មាន​នោះ​ត្រូវ​បាន​បង្អាក់។ អ្នក​យក​ព័ត៌មាន​នោះ​បាន​សួរ​ថា៖

«តើ​លោក​នឹង​លើក​យក​បញ្ហា​សិទ្ធិ​មនុស្ស​មក​និយាយ​ទេ?»

គោលនយោបាយ​របស់​លោក​ប្រធានាធិបតី ​ត្រាំ​ នៅ​ក្នុង​ការ​បញ្ចៀស​ការ​និយាយ​ពី​ប្រធានបទ​ ដែល​មាន​លក្ខណៈ​រសើប​នៅ​ទី​សាធារណៈ ដូចជា​បញ្ហា​សិទ្ធិមនុស្ស បាន​បង្ក​ឲ្យ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម ដែល​ក្នុង​នោះ​រួម​មាន​ គូ​បដិបក្ខ​របស់​លោក​ប្រធានាធិបតី​ក្នុង​ជួរ​គណបក្ស​សាធារណរដ្ឋ​តែ​មួយ គឺ​សមាជិក​ព្រឹទ្ធសភា​លោក John McCain ផង​ដែរ។ លោក John McCain ​បាន​សរសេរ​សារ​តាម​បណ្ដាញ​សង្គម​ទ្វីធឺ​ថា៖

«ហើយ​ជា​ថ្មី​ម្ដង​ទៀត ​បញ្ហា​សិទ្ធិ​មនុស្ស​ពិត​ណាស់​ មិន​មែន​ជា​អាទិភាព​ នៅ​ក្នុង​កិច្ចប្រជុំ​របស់​ប្រធានាធិបតី​អាមេរិក​ជាមួយ​លោក Duterte។ នេះ​ជា​រឿង​គួរ​ឲ្យ​សោកសង្រេង​មួយ»។

លោក John Sifton នៃ​អង្គការ Human Rights Watch បាន​និយាយ​ថា៖

​«ការ​ខកខាន​នៅ​ក្នុង​ការ​លើកឡើង​អំពី​បញ្ហា​សិទ្ធិ​មនុស្ស គឺ​គ្រាន់​តែ​ពង្រឹង​អំណាច​របស់​មេដឹកនាំ​ ដែល​ប្រព្រឹត្ត​អំពើ​រំលោភបំពាន​តែ​ប៉ុណ្ណោះ។ ដូចនេះ​ ច្បាស់​ណាស់​គឺ​ថា រដ្ឋាភិបាល​នានា​ ដូចជា រដ្ឋាភិបាល​វៀតណាម និង​កម្ពុជា រដ្ឋាភិបាល​ទាំង​នោះ​នឹង​ឃើញ​ពី​ភាព​អសកម្ម​របស់​អន្តរជាតិ​ ចំពោះ​ការ​ធ្វើ​ទុក្ខបុកម្នេញ​កាន់​តែ​ច្រើន​ឡើង​របស់​ពួកគេ​ទៅ​លើ​ក្រុម​អ្នក​រិះគន់ និង​លើ​រឿង​ដទៃ​ទៀត។ ហើយភាព​អសកម្ម​នោះ​នឹង​គ្រាន់​តែ​ជំរុញ​ចិត្ត​រដ្ឋាភិបាល​ទាំង​នេះ ហើយ​ការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​ពួកគេ​កាន់​តែ​មាន​ភាព​គឃ្លើន​នៅ​ក្នុង​ការ​បង្ក្រាប​បន្ថែម​ទៀត»។

បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​រយៈពេល​ ១២ ថ្ងៃ​ ប្រកប​ដោយ​ពិធី​គគ្រឹកគគ្រេង ដូចជា​ការ​ទទួល​ដោយ​កង​កិត្តិយស ពិធី​លាង​សាយភោជន៍​ ដោយ​ជល់​កែវ​ស្រា ដើម្បី​អនាគត​ត្រចះត្រចង់​មួយ លោក​ត្រាំ​បាន​វិលត្រឡប់​មក​សហរដ្ឋអាមេរិក​វិញ ដោយ​សរសើរ​ពី​ការ​វិវត្ត​ទៅ​មុខ​អំពី​បញ្ហា​កូរ៉េខាងជើង និង​ពាណិជ្ជកម្ម ប៉ុន្តែ​លោក​ប្រធានាធិបតី​ នឹង​មិន​បាន​ធ្វើ​ឲ្យ​អ្នក​រិះគន់​រដ្ឋបាល​របស់​លោក​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ ស្កប់​ចិត្ត​ឡើយ៕

ប្រែសម្រួលដោយណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG