ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តួកគី និង​អារ៉ាប៊ីសាអ៊ូឌីត​ពិភាក្សា​គ្នា​អំពី​ករណី​បាត់​ខ្លួន​លោក Jamal Khashoggi


សកម្មជន​សិទ្ធិ​មនុស្ស​កាន់​រូប​របស់​អ្នក​កាសែត​អារ៉ាប៊ី​សាអូឌីត​ លោក Jamal Khashoggi ក្នុង​បាតុកម្ម​មួយ​នៅ​ខាង​ក្រៅ​ស្ថាន​កុងស៊ុល​អារ៉ាប៊ី​សាអូឌីត នៅ​ក្នុង​ក្រុង​អ៊ីស្តង់ប៊ុល ប្រទេស​តួកគី កាលពី​ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨។
សកម្មជន​សិទ្ធិ​មនុស្ស​កាន់​រូប​របស់​អ្នក​កាសែត​អារ៉ាប៊ី​សាអូឌីត​ លោក Jamal Khashoggi ក្នុង​បាតុកម្ម​មួយ​នៅ​ខាង​ក្រៅ​ស្ថាន​កុងស៊ុល​អារ៉ាប៊ី​សាអូឌីត នៅ​ក្នុង​ក្រុង​អ៊ីស្តង់ប៊ុល ប្រទេស​តួកគី កាលពី​ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨។

មេដឹកនាំ​នៃ​ប្រទេស​តួកគី និង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បាន​ពិភាក្សា​គ្នា​អំពី​ការ​បង្កើត​ក្រុម​ការងារ​រួម​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​បាត់​ខ្លួន​អ្នក​កាសែត​អារ៉ាប៊ីសាអ៊ូឌីត​លោក Jamal Khashoggi ដែល​បាន​បាត់​ខ្លួន​នៅ​ក្នុង​ស្ថាន​កុងស៊ុល​អារ៉ាប៊ីសាអ៊ូឌីត​ក្នុង​ប្រទេស​តួកគី​តាំង​ពី​ថ្ងៃ​ទី ២ ខែ​តុលា​មក។

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​នានា​នៃ​ប្រទេស​ទាំង​ពីរ​បាន​រាយការណ៍​ថា ប្រធានាធិបតី​តួកគី​លោក Racep Tayyip Erdogan និង​ព្រះ​មហាក្សត្រ Salman នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត បាន​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​អំពី​ករណី​នេះ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

កន្លង​មក ប្រទេស​តួកគី និង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បាន​ផ្ដល់​ព័ត៌មាន​ផ្សេង​គ្នា​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​លោក Khashoggi។

មន្ត្រី​តួកគី​បាន​និយាយ​ថា ពួកគេ​ជឿ​ថា​លោក Khashoggi ត្រូវ​បាន​គេ​សម្លាប់។ ចំណែក​ឯ​មន្ត្រី​អារ៉ាប៊ីសាអ៊ូឌីត​វិញ ហៅ​ការ​ចោទ​ប្រកាន់​នេះ​ថា «គ្មាន​មូលដ្ឋាន» និង​បាន​បញ្ជាក់​ថា លោក Khashoggi បាន​ចាកចេញ​ពី​ស្ថាន​កុងស៊ុល​ដោយ​ខ្លួន​ឯង។ ភាគី​ទាំង​ពីរ​មិន​បាន​ផ្ដល់​ភស្តុតាង​ជាក់លាក់​ណា​មួយ​សម្រាប់​ការ​លើក​ឡើង​របស់​ខ្លួន​នោះ​ទេ។

មួយ​វិញ​ទៀត មន្ត្រី​តួកគី​ក៏​បាន​ច្រាន​ចោល​ការ​គំរាម​ដាក់​ទណ្ឌកម្ម​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ផង​ដែរ។ លោក Trump បាន​និយាយ​នៅ​ក្នុង​កម្មវិធី​ព័ត៌មាន «៦០ នាទី» របស់​ទូរទស្សន៍ CBS ថា អារ៉ាប៊ីសាអ៊ូឌីត​នឹង​ទទួល «ទណ្ឌកម្ម​ធ្ងន់ធ្ងរ» ប្រសិនបើ​គេ​រក​ឃើញ​ថា លោក Khashoggi ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ស្ថាន​កុងស៊ុល​នោះ។

មុន​ពេល​បាត់​ខ្លួន លោក Khashoggi បាន​រស់នៅ​និរទេស​ដោយ​ខ្លួន​ឯង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ហើយ​លោក​ជា​អ្នក​ដែល​បាន​រិះគន់​ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ Mohammed bin Salman នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត នៅ​ក្នុង​អត្ថបទ​មួយ​ដែល​លោក​សរសេរ​ឲ្យ​កាសែត The Washington Post៕

XS
SM
MD
LG