ប្រទេសអារ៉ាប៊ីសាអូឌីតបានច្រានចោលការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការដាក់ទណ្ឌកម្មប្រទេស អារ៉ាប៊ីសាអូឌីត ចំពោះការបាត់ខ្លួនអ្នកកាសែតជនជាតិ អារ៉ាប៊ីសាអូឌីត លោក Jamal Khashoggi ដោយនិយាយកាលពីថ្ងៃ អាទិត្យ ថា ខ្លួននឹងសងសឹកវិញជាមួយនឹងសកម្មភាពសេដ្ឋកិច្ចដ៏ខ្លាំងក្លាជាងនេះ ប្រសិនបើលោក ត្រាំ នឹងពិតជាដាក់ទណ្ឌកម្មលើរដ្ឋាភិបាលក្រុង Riyadh មែននោះ។
ទីផ្សារភាគហ៊ុន អារ៉ាប៊ីសាអូឌីត បានធ្លាក់ចុះ៧ភាគរយ មុនពេលកើនឡើង៥ភាគរយវិញ បន្ទាប់ពីលោក ត្រាំ បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន CBS ថា នឹងមានការដាក់ «ទណ្ឌកម្មធ្ងន់ធ្ងរ» ប្រសិនបើអាមេរិកដូចប្រទេសតួកគីដែរ ជឿថា ភ្នាក់ងារអារ៉ាប៊ីសាអូឌីតបានសម្លាប់លោក Khashoggi នៅខាងក្នុងស្ថានកុងស៊ុលរដ្ឋាភិបាលក្រុង Riyadh នៅក្នុងទីក្រុង អ៊ីស្តង់ប៊ុល ប្រទេស តួកគី កាលពីពីរសប្តាហ៍កន្លងទៅនេះមែននោះ។ អារ៉ាប៊ីសាអូឌីតបាននិយាយថា ការចោទប្រកាន់នេះគឺគ្មានមូលដ្ឋានច្បាស់លាស់ ប៉ុន្តែមិនបានផ្តល់ភស្តុតាងបង្ហាញថា លោក Khashoggi នៅរស់រានមានជីវិតចាកចេញពីស្ថានកុងស៊ុលទេ បន្ទាប់ពីលោកបានទៅទីនោះដើម្បីយកឯកសារអាពាហ៍ពិពាហ៍មួយចំនួននោះ។
បណ្តាញសារព័ត៌មាន Saudi Press ផ្លូវការ បានស្រង់សម្តីប្រភពព័ត៌មានពីរដ្ឋាភិបាលដែលមិនបញ្ចេញឈ្មោះមួយថា «អារ៉ាប៊ីសាអូឌីតច្រានចោលរាល់ការគំរាមកំហែងនិងការព្យាយាមបន្ទាបតម្លៃនៃការច្រានចោលនេះ មិនថាតាមរយៈការគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ច ការប្រើប្រាស់សម្ពាធនយោបាយ ឬការចោទប្រកាន់មិនពិតម្តងហើយម្តងទៀតនោះទេ»៕