របាយការណ៍ព័ត៌មាននានានិយាយថាអ្នកសារព័ត៌មានអារ៉ាប៊ី សាអូឌីត Jamal Khashoggi ប្រហែលជាបានថតសំឡេងពេលលោកស្លាប់តាមនាឡិកា Apple របស់លោក នៅពេលដែលលោកបានដើរចូលស្ថានកុងស៊ុលអារ៉ាប៊ី សាអូឌីត កាលពីថ្ងៃទី២តុលា នៅពេលដែលលោកទៅទីនោះដើម្បីយកឯកសារមួយដែលលោកត្រូវការសម្រាប់អាពាហ៍ពិពាហ៍របស់លោកនៅពេលខាងមុខ។
នាឡិការបស់លោកត្រូវគេរាយការណ៍ថាបានភ្ជាប់ទៅ iCloud និងទូរសព្ទ iPhone ដែលលោកទុកឲ្យគូដណ្តឹងរបស់លោកកាន់ មុនពេលលោកដើរចូលក្នុងស្ថានកុងស៊ុល។ គូដណ្តឹងរបស់លោកនិយាយថាអ្នកស្រីបានរង់ចាំលោក Khashoggi ចេញមកវិញ ប៉ុន្តែលោកមិនបានចេញពី ស្ថានកុងស៊ុលវិញឡើយ។
របាយការណ៍ទាំងឡាយនិយាយថានាឡិកានោះ បានថតមិនត្រឹមតែការសួរចម្លើយនិងការធ្វើទារុណកម្មតែប៉ុណ្ណោះទេ តែថែមទាំងការធ្វើឃាតលោកផង។
លោក Khashoggi ដែលជាអ្នកមានសិទ្ធិរស់នៅក្នុងស.រ.អា.នោះ បានសរសេរខ្ទង់កាសែត The Washington Post ដែលរិះគន់ប្រទេសអារ៉ាប៊ី សាអូឌីតនោះ។
លោកប្រធានាធិបតីស.រ.អា. Donald Trump បានសន្យាថានឹងទូរសព្ទទៅព្រះមហាក្សត្រ Salman នៃប្រទេសអារ៉ាប៊ី សាអូឌីត ដើម្បីពិភាក្សាអំពីអ្វីដែលលោកត្រាំបានហៅថា ជាស្ថានការណ៍ដ៏អាក្រក់នៅក្នុងប្រទេសតួគី។ លោកបានប្រាប់អ្នកយកព័ត៌មាននៅក្រុង Cincinnati រដ្ឋ Ohio ថាស.រ.អា.នឹងស្វែងរកឲ្យឃើញថាតើមានរឿងអ្វី កើតឡើងចំពោះលោក Khashoggi។
លោកប្រធានាធិបតី Donald Trump បានរាយការណ៍កាលពីដើមសប្តាហ៍នេះថារដ្ឋាភិបាល តួគីបានប្រាប់ក្រុមមន្ត្រីស.រ.អា.ថាខ្លួនមានវីដេអូដែលបង្ហាញថាលោក Khashoggi ត្រូវគេសម្លាប់ក្នុងស្ថានកុងស៊ុល៕