ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ​ នឹង​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ​លើក​ទីមួយ​ក្នុង​តំបន់​អាមេរិក​ឡាទីន​នៅ​ខែ​ក្រោយ​


លោក​ ដូណាល់ ត្រាំ ថ្លែង​ក្នុង​យុទ្ធនាការ​នៅ​ Atlantic Aviation ក្នុង​ក្រុង Moon Township រដ្ឋ Pennsylvania កាល​ពី​ថ្ងៃ​ទី​១០ មីនា ២០១៨។
លោក​ ដូណាល់ ត្រាំ ថ្លែង​ក្នុង​យុទ្ធនាការ​នៅ​ Atlantic Aviation ក្នុង​ក្រុង Moon Township រដ្ឋ Pennsylvania កាល​ពី​ថ្ងៃ​ទី​១០ មីនា ២០១៨។

សេតវិមាន​កាល​ពី​ថ្ងៃសៅរ៍​បាន​បញ្ជាក់​ថា​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ​ នឹង​ជួប​ជាមួយ​ពួក​មេ​ដឹកនាំ​ក្នុង​តំបន់​នៅ​ក្នុង​ប្រទេស​ប៉េរូ​នៅ​ខែ​ក្រោយ​នេះ​ ជា​ទស្សនកិច្ច​ជា​លើក​ទីមួយ​របស់​លោក​ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​ ទៅ​កាន់​តំបន់​អាមេរិក​ឡាទីន។

យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​សេតវិមាន​បាន​ឲ្យ​ដឹង​ថា៖ «ដំណើរ​ទស្សនកិច្ច​នេះ​នឹង​បង្ហាញ​ពី​ការ​ប្តេជ្ញា​របស់​លោក​ប្រធានាធិបតី​ក្នុង​ការ​រឹត​ចំណង​ទាក់​ទង​ជា​ប្រវត្តិ

សាស្រ្ត​ឲ្យ​កាន់​តែ​ស៊ីជម្រៅ​ ជាមួយ​នឹង​ប្រទេស​ជា​ដៃគូ​របស់​សហរដ្ឋអាមេរិក​នៅ​ក្នុង​តំបន់​ និង​ពង្រឹង​ការ​ប្តេជ្ញា​រួមគ្នា​របស់​សហរដ្ឋអាមេរិក​ដើម្បី​បង្កើន​សនិ្តសុខ​ និង​ភាពរុង​រឿង​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​ទាំងអស់​នៅក្នុង​ទ្វីប​អាមេរិក»។​

លោក ត្រាំ​ នឹង​ជួប​ជាមួយ​ប្រធានាធិបតី​ប៉េរូ លោក Pedro Pablo Kuczynski ​ហើយ​លោក​ក៍​នឹង​ចូលរួម​ក្នុង​សន្និសីទ​កំពូល​ស្តី​ពី​ទ្វីប​អាមេរិក​ជាមួយ​នឹង​មេ​ដឹកនាំ​នានា​ ដែល​នឹង​ធ្វើ​ឡើង​នៅក្នុង​រដ្ឋធានីលីម៉ា​ ប្រទេស​ប៉េរូ​ផងដែរ។ បន្ទាប់​មក​ទៀត​លោក ត្រាំ​ នឹង​ធ្វើ​ដំណើ​រទៅ​កាន់​ប្រទេស​កូឡុំប៊ី​ដើម្បី​ជួប​ប្រជុំ​ជាមួយ​នឹង​លោក​ប្រធានាធិបតី Juan Manuel Santos។

នៅ​អំឡុង​ដំណើរ​ទស្សនកិច្ច​នេះ​ លោក ត្រាំ​ នឹង​ចូលរួម​ពិភាក្សា​ជា​បន្តបន្ទាប់​នៅ​ក្នុង​កិច្ច​ប្រជុំ​ទ្វេភាគី​ ពហុភាគី ​និង​ការ​ផ្លាស់ប្តូរ​វប្បធម៌​ទៅ​វិញ​ទៅ​មក​ ហើយ​លោក​នឹង​ធ្វើ​ការ​បញ្ជាក់​អំពី​ការ​ធ្វើ​«ពាណិជ្ជកម្ម​ទៅ​វិញ​ទៅ​មក​ដោយ​យុត្តិធម៌​ និង​សន្តិសុខ​ព្រំដែន​ផងដែរ»។ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ជាច្រើន​រូប​បាន​ចូលរួម​ក្នុង​សន្និសីទ​កំពូល​ចំនួន៧លើក​កន្លង​មក​ ដែល​ជា​កិច្ចប្រជុំ​កំពូល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​វេទិការ​ដ៏​សំខាន់​សម្រាប់​ត្រួតពិនិត្យ​មើល​ការ​ដឹកនាំ​របស់​សហរដ្ឋអាមេរិក​នៅក្នុង​តំបន់​អាមេរិក​ឡាទីន​ និង​ក្នុង​តំបន់​ការាបៀន៕

XS
SM
MD
LG