រដ្ឋាភិបាលប៉េរូកំពុងតែរៀបចំកិច្ចប្រជុំមួយរវាងរដ្ឋមន្ត្រីអាមេរិកឡាទីន ទៅលើអ្វីដែលប្រទេសនេះហៅថា ជាការបោះឆ្នោត«មិនស្របច្បាប់»របស់ប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃអាទិត្យ ដែលគាំទ្រទៅលើស្ថាប័នរដ្ឋាភិបាលថ្មីមួយដែលទទួលបន្ទុកខាងតាក់តែងរដ្ឋធម្មនុញ្ញថ្មីនៅក្នុងប្រទេសនេះ។
កិច្ចប្រជុំដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៨ខែ សីហា ក្នុងរដ្ឋធានី លីម៉ា នេះ បង្ហាញពីការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិកាលពីថ្ងៃចន្ទ អំពីការអនុម័តឲ្យមានសភាធម្មនុញ្ញមួយ។ សមាជិកទាំង៥៤៥រូប នៃស្ថាប័ននេះគាំទ្រដល់លោកប្រធានាធិបតីសង្គមនិយម Nicolas Maduro និងអាចជំនួសសភាជាតិ ដែលជាអង្គនីតិបញ្ញត្តិដែលដឹកនាំដោយគណបក្សប្រឆាំងផងដែរ។
កាលពីថ្ងៃចន្ទ សហភាពអឺរ៉ុបបានចូលរួមជាមួយនឹងប្រទេសកូឡុំប៊ី សហរដ្ឋអាមេរិក ម៉ិកស៊ិក អេស្ប៉ាញ និងប្រទេសយ៉ាងហោចណាស់ចំនួន៧ផ្សេងទៀត ដោយនិយាយថា ប្រទេសទាំងនោះនឹងមិនទទួលស្គាល់សភាធម្មនុញ្ញនេះឡើយ។
លោកស្រី Mina Andreeva អ្នកនាំពាក្យគណៈកម្មការអឺរ៉ុបបានថ្លែងកាលពីថ្ងៃចន្ទក្នុងរដ្ឋធានីប៊្រុចសែល ថា សភារបៀបនេះ«ដែលត្រូវបានបោះឆ្នោតក្រោមមន្ទិលសង្ស័យនិងជារឿយៗមានអំពើហិង្សាផងនោះ មិនអាចក្លាយជាដំណោះស្រាយនៃវិបត្តិនៅក្នុងប្រទេសវេណេស៊ុយអេឡា នោះទេ»។
លោកស្រីបានមានប្រសាសន៍ទៀតថា ការបោះឆ្នោតនេះ«បានបង្កើនការបែងចែកហើយនិងបន្តធ្វើឲ្យស្ថាប័នដែលត្រូវបានបោះឆ្នោតដោយប្រជាធិបតេយ្យនៅក្នុងប្រទេសវេណេស៊ុយអេឡា ក្លាយជាមិនស្របច្បាប់»៕