ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ត្រាំ​តែង​តាំង​ចៅក្រម​អភិរក្ស​និយម​លោក ​Neil Gorsuch​ ជា​ចៅ​ក្រម​តុលាការ​កំពូល


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ចាប់​ដៃ​ជា​មួយ​លោក​ Neil Gorsuch ដែល​ត្រូវ​បាន​តែង​តាំង​ជា​ចៅក្រម​តុលាការ​កំពូល​របស់​អាមេរិក។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ចាប់​ដៃ​ជា​មួយ​លោក​ Neil Gorsuch ដែល​ត្រូវ​បាន​តែង​តាំង​ជា​ចៅក្រម​តុលាការ​កំពូល​របស់​អាមេរិក។

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ប្រកាស​តែងតាំង​ចៅក្រម​តុលាការ​កំពូល​ជា​លើក​ដំបូង​របស់​លោក​នៅ​ក្នុង​កម្មវិធី​ផ្សាយ​នៅ​ម៉ោង​សំខាន់​របស់​ទូរទស្សន៍​ជាតិ។​

ក្នុង​នាម​ជា​អតីត​តារា​កម្មវិធី​ទូរទស្សន៍​ម្នាក់​ លោក ដូណាល់ ត្រាំ ចេះ​ធើ្វ​ឲ្យ​មាន​ការ​ទន្ទឹង​រង់​ចាំ​មើល​ ថា​តើ​លោក​នឹង​តែង​តាំង​អ្នកណា​រហូត​ដល់​ពេល​ប្រកាស។

សមាជិក​ក្រុម​គ្រួសារ​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​ អនុប្រធានាធិបតី​ លោក Mike Pence ព្រម​ទាំង​ក្រុម​អ្នក​សារពត៌មាន​ បាន​មក​ជួបជុំ​គ្នា​នៅក្នុង​សេតវិមាន​ដើម្បី​ស្តាប់​ការ​ប្រកាស​តែងតាំង​ចៅក្រម​តុលាការ​កំពូល​របស់​លោកប្រធានាធិបតី ដូណាល់ ត្រាំ។

លោក​និយាយ​ថា៖ «ថ្ងៃ​នេះ​ខ្ញុំ​កំពុង​តែ​ធ្វើ​តាម​ការសន្យា​មួយ​ទៀត​របស់​ខ្ញុំ​ ទៅ​កាន់​ពលរដ្ឋ​អាមេរិកាំង​ គឺ​ធ្វើ​តាម​រយៈ​ការ​តែងតាំង​លោក​ចៅក្រម ​Neil Gorsuch»។

លោក ត្រាំ​ ថ្លែង​ថា​ពលរដ្ឋ​អាមេរិកាំង​រាប់​លាន​នាក់​បាន​ដឹង​ថា​ អំណាច​របស់​ប្រធានាធិបតី​ក្នុង​ការ​ជ្រើស​រើស​ចៅក្រម​តុលាការ​កំពូល​គឺ​ជា​ការងារ​សំខាន់​បំផុត​ នៅ​ពេល​ដែល​ពួកគេ​ទៅ​បោះឆ្នោត។ លោក​បាន​ជ្រើសរើស​យក​បុគ្គល​ដែល​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ ​Columbia ​សាកលវិទ្យាល័យ​ Harvard ​និង​សាកល​វិទ្យាល័យ ​Oxford​ និង​ជា​ចៅក្រម​តុលាការ​ឧទ្ធរណ៍​សហព័ន្ធ​ដែល​មាន​វ័យ​៤៩ឆ្នាំ​ ជា​ចៅក្រម​តុលាការ​កំពូល។

លោក​បន្ត​ថា​ លោក​ដឹង​ថា​វា​នឹង​មាន​ផល​ប៉ះពាល់​យូរ​អង្វែង។ «ខ្ញុំ​តែងតែ​មាន​អារម្មណ៍​ថា​ បន្ទាប់​ពី​ការងារ​ការពារ​ប្រទេស​ជាតិ​ ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​ក្នុង​នាម​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ គឺ​ការ​តែងតាំង​ចៅក្រុម​តុលាការ​កំពូល។ ផ្អែក​តាម​អាយុ​ ចៅក្រម​ម្នាក់​អាច​ធ្វើការ​បាន​៥០​ឆ្នាំ​ ហើយ​ការ​សម្រេច​ចិត្ត​របស់​ចៅក្រម​ អាច​មាន​សុពលភាព​រហូត​ដល់​មួយ​សតវស្សរ៍​ ឬ​អាច​យូរ​ជាង​នេះ​ នឹង​អាច​ជា​អចិន្រ្តៃយ៍»។

លោក ​Gorsuch​ ឆ្លើយតប​យ៉ាង​សប្បាយ​រីករាយ​ចំពោះ​ការ​តែងតាំង​នេះ ដោយ​លោក​និយាយ​ថា៖ «មាន​វត្តមាន​ឈរ​នៅ​ក្នុង​គេហដ្ឋាន​ជា​ប្រវត្តិសាស្រ្ត​មួយ​នេះ​ និង​ដឹង​ច្បាស់​ពី​អ្វី​ដែល​ជា​គុណ​វិបត្តិ​របស់​ខ្ញុំ​ ខ្ញុំ​សូម​សន្យា​និង​អះអាង​ថា​ បើ​សិន​ជា​បាន​ទទួល​ការ​អនុម័ត​ ខ្ញុំ​នឹង​ធ្វើ​ការងារ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្ញុំ​ បម្រើ​យ៉ាង​ស្មោះ​ត្រង់​ទៅ​តាម​រដ្ឋធម្មនុញ្ញ​ និង​ច្បាប់​របស់​ប្រទេស​ដ៏​អស្ចារ្យ​មួយ​នេះ»។

លោក Gorsuch គឺ​ជា​បេក្ខជន​ដែល​តែង​តាំង​ដោយ​ប្រធានាធិបតី​សម្រាប់​តំណែង​ចៅក្រម​តុលាការ​កំពូល​ដែល​នៅ​ទំនេរ​ បន្ទាប់​មរណភាព​របស់​ចៅក្រម​អភិរក្សនិយម លោក​ Antonin Scalia ​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​មុន។ ​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ បាន​ផ្សព្វផ្សាយ​ការ​សាទរ​របស់​ខ្លួន​ភ្លាមៗ​ នៅ​តាម​ប្រព័ន្ធ​ទាក់ទង​សង្គម​ ខណៈ​ពេល​ដែល​សមាជិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មួយ​ចំនួន​នៅ​មាន​ការ​មន្ទិល​សង្ស័យ។

អតីត​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បាន​តែង​តាំង​លោក​ចៅក្រម ​Marrick Garland ភ្លាមៗ​បន្ទាប់​ពី​មរណភាព​របស់​លោក Scalia ក៏​ប៉ុន្តែ​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​បដិសេធ​ការ​តែងតាំង​នេះ​ ដោយ​និយាយ​ថា​វា​កៀកពេលទៅ​នឹង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី។ ការ​បដិសេធ​ទៅ​លើ​បេក្ខភាព​របស់​លោក Garland​ នេះ​ បាន​ធ្វើ​ឲ្យ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​យ៉ាង​ច្រើន​មាន​ការ​ខឹង​សម្បា​ ហើយ​មនុស្ស​មួយ​ចំនួន​បាន​នាំ​គ្នា​មក​ប្រមូល​ផ្តុំ​ នៅ​ខាង​មុខ​តុលាការ​កំពូល​កាល​ពី​យប់​ថ្ងៃ​អង្គារ​ដើម្បី​ប្រកាស​ឲ្យ​ដឹង​ពី​ជំហរ​មិន​ពេញចិត្ត​របស់​ពួកគេ​ទៅ​លើ​ការ​តែងតាំង​របស់​លោក Trump។

អ្នក​តវ៉ា​ស្រែក​ថា៖ «នេះ​ជា​ការ​តែងតាំង​ដ៏​គ្រោះថ្នាក់​មួយ។ លោក​គិត​ពី​រឿង​នយោបាយ​មុន​គិត​ពី​ពលរដ្ឋ​អាមេរិកាំង លោក​គិត​ពី​អំណាច​ ទ្រព្យសម្បត្តិ​ និង​សារជីវកម្ម​ មុន​គិត​ពី​ពលរដ្ឋ​អាមេរិកាំង។ យើង​ត្រូវការ​បុគ្គល​ដែល​បើក​ចំហរ​ដោយ​យុត្តិធម៌​ និង​ឯករាជ្យ​ អង្គុយ​នៅលើ​កៅអី​តុលាការ​កំពូល»។

លោក ​Gorsuch ទំនង​ជា​ប្រឈម​នឹង​ការ​ចោទ​សួរ​ដ៏​តាន​តឹង​ ពី​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ អ្នក​ដែល​ចង់​ដឹង​ពី​ទស្សនៈ​របស់​លោក​ទៅ​លើ​បញ្ហា​មួយ​ចំនួន​ រួមទាំង​បញ្ហា​ការ​រំលូត​កូន​ និង​ការ​រឹត​បណ្តឹង​ការ​ធ្វើ​ដំណើរ​របស់​ជន​ភៀស​ខ្លួន និង​ពលរដ្ឋ​មូស្លីម​មក​ពី៧​ប្រទេស​ផ្សេង​ទៀត​មិន​ឲ្យ​ចូល​មក​ក្នុង​សហរដ្ឋអាមេរិក៕

ប្រែសម្រួល​ដោយ ​ស៊ូ ពេជ្រចិន្តា

អត្ថបទ​ទាក់ទង

XS
SM
MD
LG