ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​ការ​រំពឹង​ទុក​ខ្ពស់​នៅ​ក្នុង​រដ្ឋធានី​អង់ការ៉ា​សម្រាប់​ការ​ដឹកនាំ​របស់​ប្រធានាធិបតី​​ត្រាំ


លោក​ Binali Yildirim នាយក​រដ្ឋ​មន្ត្រី​តួកគី ថ្លែង​បន្ទាប់​ពី​រដ្ឋសភា​បាន​អនុម័ត​លើ​កំណែ​ទម្រង់​រដ្ឋ​ធម្មនុញ​ដ៏​តឹង​តែង​ ដែល​ត្រួស​ត្រាយ​ផ្លូវ​ឲ្យ​មាន​ការ​ធ្វើ​ប្រជាមតិ​​លើ​ប្រព័ន្ធ​ប្រធានាធិបតី ដែល​ការ​ធ្វើ​បែប​នេះនឹង​ពង្រីក​អំណាច​របស់​ប្រធានាធិបតី Recep Tayyip Erdogan។
លោក​ Binali Yildirim នាយក​រដ្ឋ​មន្ត្រី​តួកគី ថ្លែង​បន្ទាប់​ពី​រដ្ឋសភា​បាន​អនុម័ត​លើ​កំណែ​ទម្រង់​រដ្ឋ​ធម្មនុញ​ដ៏​តឹង​តែង​ ដែល​ត្រួស​ត្រាយ​ផ្លូវ​ឲ្យ​មាន​ការ​ធ្វើ​ប្រជាមតិ​​លើ​ប្រព័ន្ធ​ប្រធានាធិបតី ដែល​ការ​ធ្វើ​បែប​នេះនឹង​ពង្រីក​អំណាច​របស់​ប្រធានាធិបតី Recep Tayyip Erdogan។

ពិធី​ស្បថចូលកាន់​តំណែង​របស់​ប្រធានាធិបតី​សហ​រដ្ឋអាមេរិក​លោក​ ដូណាល់ ត្រាំ កំពុង​ជំរុញ​ឲ្យ​មាន​ការ​រំពឹង​ទុក​មួយ​នៅ​ក្នុង​ប្រទេស​តួកគី​ដែល​ជា​សមាជិករបស់​អង្គការ​អូតង់​ ដោយ​ក្តី​សង្ឃឹម​ថា​នឹង​មាន​ការ​កំណត់​ឡើង​វិញ​នូវ​ទំនាក់​ទំនង​ទ្វេភាគី​ដែល​បាន​ល្អក់​កករ​យ៉ាង​ខ្លាំង​ក្រោម​ការ​ដឹកនាំ​របស់​​ប្រធានាធិបតី​មុន​គឺ ​លោក​ បារ៉ាក់ ​អូបាម៉ា។

ប្រព័ន្ធ​ផ្សព្វផ្សាយ​គាំទ្រ​រដ្ឋាភិបាល​ប្រទេស​តួកគី​ ដែល​ជា​ធម្មតា​តែង​រិះគន់​សហ​រដ្ឋអាមេរិក​នោះ​ បាន​ស្វាគមន៍​ចំពោះ​ការ​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​របស់​លោក​ ដូណាល់ ត្រាំ។ លោក​ Ibrahim ​Kalin​ អ្នក​នាំ​ពាក្យ​របស់​ប្រធានាធិបតី​តួកគី​បាន​និយាយ​អំពី​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ដោយ​ភាព​កក់​ក្តៅ​ថា​ រដ្ឋបាល​របស់​លោក​ ដូណាល់ ត្រាំ ​«មាន​ទស្សនៈ​វិស័យ​មួយ​ដែល​នឹង​ការពារ​ជំហរ​ដ៏​រសើប​របស់​តួកគី​នៅ​ក្នុង​តំបន់​នេះ»។

លោក ​Semih Idiz​ អ្នក​សរសេរ​អត្ថបទ​ព័ត៌មាន​នយោបាយ​ជនជាតិ​តួកគី​សម្រាប់​គេហទំព័រ​ Al Monitor​ និយាយ​ថា ​ខណៈ​ទំនាក់​ទំនង​ទ្វេ​ភាគី​បាន​ល្អក់​កករ​ខ្លាំង​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក​អតីតប្រធានាធិបតី ​អូបាម៉ា ​នៅ​មាន​ក្តី​សង្ឃឹម​ដែល​ថា​ លោក​ត្រាំ​អាច​ធ្វើ​ឲ្យ​ទំនាក់​ទំនង​នេះ​ត្រឡប់​មក​រក​ភាពសភា​ដើម​វិញ។

លោក​និយាយ​ថា៖ «លោក​ត្រាំ​នឹង​អាច​បត់​បែនច្រើន​ទៅ​លើ​រដ្ឋាភិបាល​លោក ​Edogan​ ជាង​ការ​សន្និដ្ឋាន​របស់​មនុស្ស​ជា​ច្រើន។​ ខ្ញុំ​គិត​ថា​នេះ​គឺ​ជា​អ្វី​ដែល​រដ្ឋាភិបាល​ទី​ក្រុង​អង់ការ៉ា​កំពុង​ពឹង​ផ្អែក​លើ។ ពួក​គេ​មាន​សត្រូវ​ដូច​គ្នា ខ្ញុំ​គិត​ថា​ពួក​គេ​នឹង​ព្យាយាម​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់ទៅ​លើ​រឿង​នោះ។ បាទ! ​ដូច្នេះ​រដ្ឋាភិបាល​កំពុង​រំពឹងថា​នឹង​ទទួល​បាន​អ្វីៗ​ពី​រដ្ឋបាល​លោក ​ត្រាំ​ ជាង​អ្វី​ដែល​រដ្ឋាភិបាល​តួកគី​ទទួល​បាន​នៅ​ក្នុង​រដ្ឋបាល​របស់​លោក​អូបាម៉ា»។

លោក​នាយក​រដ្ឋ​មន្រ្តី ​Binali​ Yildirim កាល​ពី​ពាក់​កណ្តាល​ខែ​មករា​ បាន​ពន្យល់​នូវ​អ្វី​ដែល​រដ្ឋបាល​របស់​លោក​ ដូណាល់​ ត្រាំ ​ត្រូវ​ធ្វើ​ដើម្បី​ស្តារ​ទំនាក់ទំនង​ឡើង​វិញ។ នៅ​ក្នុង​របស់​វារៈ​របស់​លោក​ មាន​ចំណុច​មួយ​ដែល​និយាយ​ពី​ការ​ពន្លឿន​នៃ​ការ​ធ្វើ​បត្យាប័ន​ទៅលើលោក ​Fethullan Gulen​ ជនជាតិ​តួកគី​ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​នៅ​ពី​ក្រោយការធ្វើ​រដ្ឋប្រហារ​បរាជ័យ​មួយ កាល​ពី​ខែ​កក្កដា​កន្លង​ទៅ។

បុព្វជិត Fethullah Gulen នៅ​ឯ​ផ្ទះ​របស់​លោក​នៅ Saylorsburg​ ក្នុង​រដ្ឋ Pennsylvania។ លោក​ត្រូវ​បាន​គេ​ចោទ​ថា​នៅពី​រដ្ឋ​ប្រហារ​នៅ​តួកគី​កាល​ពី​ឆ្នាំ​មុន។
បុព្វជិត Fethullah Gulen នៅ​ឯ​ផ្ទះ​របស់​លោក​នៅ Saylorsburg​ ក្នុង​រដ្ឋ Pennsylvania។ លោក​ត្រូវ​បាន​គេ​ចោទ​ថា​នៅពី​រដ្ឋ​ប្រហារ​នៅ​តួកគី​កាល​ពី​ឆ្នាំ​មុន។

លោក​ Yildirim ​ក៏​បាន​ទាមទារឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បញ្ចប់​ការ​គាំទ្រ​យោធា​ដល់​ក្រុម​អំបូរ​ជន​ជាតិ​ឃើដ ក្នុង​ប្រទេស​ស៊ីរី​ ដែល​គេ​ហៅ​កាត់​ថា​ PYD។ ក្រុម​នេះ​កំពុង​ប្រយុទ្ធ​ប្រឆាំង​ដណ្តើម​យក​ក្រុង Raqqa​ ដែល​ក្រុម​រដ្ឋ​ឥស្លាម​បាន​ប្រកាសថា ទី​ក្រុងនេះស្ថិតក្នុងការគ្រប់គ្រង​របស់ខ្លួន។ រដ្ឋាភិបាល​ទីក្រុង​អង់ការ៉ា​បាន​ចោទ​ក្រុម​ PYD​ ថា​មាន​ទំនាក់​ទំនង​នឹង​ពួក​ឧទ្ទាម​ឃើដ​នៅក្នុង​តួកគី។

លោក​ Atilla Yesilada ​ដែល​ជា​ទីប្រឹក្សា​របស់​ក្រុមហ៊ុន ​Global Source Partners​ បាន​ព្រមានថា​ រដ្ឋាភិបាល​ទី​ក្រុង​អង់ការ៉ា​ទំនង​ជា​នឹង​ខក​ចិត្ត​ ជា​ពិសេស​បន្ទាប់​ពី​មាន​ការ​ធ្វើ​អត្ថាធិប្បាយ​កាល​ពី​សប្តាហ៍​កន្លង​ទៅ​ថ្មីៗ​នៅ​ក្នុង​សវនការ​បញ្ជាក់​ការ​តែង​តាំងបេក្ខជន​រដ្ឋ​មន្រ្តី​ការបរទេស ​លោក Rex Tillerson​ នៅ​ចំពោះ​មុខ​ព្រឹទ្ធសភា​អាមេរិក។

ការ​ធ្វើ​បត្យាប័ន​លោក ​Gulen ​គឺ​ជា​បញ្ហា​តុលាការ​ដែល​លោក​ ត្រាំ ​មាន​អំណាច​ត្រួត​ត្រា​តិច​តួច។ លើស​ពី​នេះ​ក្រុម​ PYD ​កំពុង​ប្រតិបត្តិការ​បាន​យ៉ាង​ល្អ​ក្នុង​ការ​ដណ្តើម​យក​ក្រុងRaqq​ មក​វិញ។ ខ្ញុំ​មិន​យល់​ឃើញថា​ លោក​ត្រាំ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់ទំនាក់​ទំនង​នេះ​ភ្លាមៗ​នោះ​ទេ។ ​ចំពោះ​លោក Rex Tillerson ​ដែល​ជា​រដ្ឋ​មន្រ្តី​ការបរទេស​ថ្មី ​ក៏​បាន​ការពារ​ជន​ជាតិ​ឃើដ​ ថា​ជា​សម្ព័ន្ធមិត្ត​ក្លាហាន​ ហើយ​លោក​បាន​និយាយ​ថា​សហរដ្ឋ​អាមេរិក​នឹង​បន្ត​ប្រយុទ្ធជាមួយ​អង្គការ​ភាតរភាព​ឥស្លាម​ (Muslim Brotherhood) ​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​លោក​ Erdogan»។

អ្នក​សរសេរ​អត្ថបទ​វិភាគ​ លោក ​Idiz ​និយាយ​ថា​ គេ​គួរ​តែ​មានរំពឹង​ទុក​ទាបជាងនេះ​ ប៉ុន្តែ​លោក​ថា​នៅ​តែ​មាន​ហេតុ​ផល​ដែល​ត្រូវ​មាន​សុទិដ្ឋិនិយម​ដោយ​ប្រុង​ប្រយ័ត្ន​ចំពោះ​ទំនាក់​ទំនង​ទ្វេ​ភាគី​នេះ។

លោក​និយាយ​ថា៖ «លោក ​អូបាម៉ា​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​អ្នក​ដោះ​ស្រាយ​បញ្ហា​គ្រប់​បែប​យ៉ាង​ ប៉ុន្តែ​វា​មិន​ដំណើរ​ការ​នោះ​ទេ។ ​នេះ​គឺ​ជា​ស្ថានភាព​ដ៏​លំបាក​មួយ ​ដូច្នេះ​អ្នក​នឹង​ខក​ចិត្ត​ជា​មិន​ខាន។ ប៉ុន្តែ​ទោះ​យ៉ាង​ណា ​ខ្ញុំ​គិត​ថា​អ្នក​នឹង​ឃើញ​ចំហាយ​នៃ​ការ​ផ្លាស់​ប្តូរ​ជំហរ​នៅ​ក្រោម​រដ្ឋបាល​របស់​លោក​ ដូណាល់​ ត្រាំ ​ក្នុង​ទំនាក់​ទំនង​រវាង​ប្រទេស​តួកគី​ និង​សហរដ្ឋ​អាមេរិក។ ដូច្នេះ​នោះ​គឺ​ជា​អ្វី​ដែល​មនុស្ស​ជា​ច្រើន​កំពុង​ទន្ទឹង​រង់ចាំ ​ជា​ជាង​ការ​ដោះស្រាយ​ណា​មួយ​ ​ឬ​ចង្កឹះ​វេទមន្តណា​មួយ​ដែល​នឹង​ដោះស្រាយ​បញ្ហា​គ្រប់​យ៉ាង​តែ​ក្នុង​មួយ​យប់នោះ»។

ក្រុម​អ្នក​វិភាគ​និយាយ​ថា ​ទំនាក់​ទំនង​រវាង​ប្រទេស​តួកគី​ និង​សហរដ្ឋ​អាមេរិក​អាច​នឹង​បន្ត​តាន​តឹង​ថែម​ទៀត​ បើ​រដ្ឋបាល​លោក​ ត្រាំ​ មាន​បំណង​ចង់​ដក​ស្ថានទូតរបស់ខ្លួនក្នុងប្រទេស​អ៊ីស្រាអែល​ពី​ទី​ក្រុង​ Tel Aviv​ ទៅ​តាំង​នៅ​ក្នុងទីក្រុង​ហ្ស៊េរុយសាឡិម។ ការ​គាំទ្រ​យ៉ាង​ខ្លាំង​របស់​លោក ​ត្រាំ​ លើ​កម្មវិធី​តាំង​ទី​លំនៅ​របស់​អ៊ីស្រាអែល​នៅ​លើ​តំបន់ ​West ​Bank ​និង​នៅ​ទី​ក្រុង​ហ្ស៊េរុយសាឡិម​ ក៏​ទំនងជា​នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​មាន​ការ​ព្រួយ​បារម្ភ​ផង​ដែរ។

ប្រធានាធិបតី​តួកគី​លោក​ Recep Tayyip Erdogan ​នៅ​ថ្ងៃ​ទី​ ២២​ ខែ​មករា​កន្លង​ទៅ​ បាន​សម្តែង​ក្តី​បារម្ភ​របស់​លោក​ដោយ​និយាយ​ថា​ លោក​បាន​ឮ​ពាក្យ​សម្តីរបស់​លោក ​ត្រាំ ដែល​ធ្វើ​ឲ្យ​លោក​អន់​ចិត្តអំពី​បញ្ហា​នៅ​មស្ចិម​ប្រទេស៕

ប្រែ​សម្រួល​ដោយ​ ផន​ បុប្ផា

អត្ថបទ​ទាក់ទង

XS
SM
MD
LG