ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ​ត្រាំ ​ធ្វើ​ការ​ផ្លាស់​ប្តូរ​ដោយ​ការ​ច្របូក​ច្របល់


លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ ថ្លែង​នៅ​ក្នុង​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ ថ្លែង​នៅ​ក្នុង​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។

ចាប់​តាំង​ពី​ការ​ស្បថ​ចូល​កាន់​តំណែង​របស់​លោក​នៅ​ថ្ងៃ​ ទី​២០ ​ខែ​មករា​មក ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ ​បាន​ចាត់​វិធានការ​​​ធ្វើ​ការ​ផ្លាស់​ប្តូរ​របៀប​វារៈ​របស់​លោក​ដ៏​ឆាប់​រហ័ស។ ​លោក​ប្រធានាធិបតី​បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​ប្រធានាធិបតី​ដែល​មាន​គោល​បំណង​ចាប់​ផ្តើម​ដ៏​ឆាប់​រហ័ស​លើ​ផ្នែក​សំខាន់ៗ​នៃ​គោល​នយោបាយ​អាទិភាព​នៅ​ក្នុង​ប្រទេស​​របស់​លោក។ ក៏ប៉ុន្តែ ​ចំណាត់​ការ​របស់​ប្រធានាធិបតី​ត្រាំ​ដើម្បី​រឹត​បន្តឹង​ជន​អន្តោប្រវេសន៍​ ហើយ​និង​ការ​បន្ត​ស៊ើបអង្កេត​ការ​លួច​បន្លំ​សន្លឹកឆ្នោត​នៅ​ក្នុងការ​បោះឆ្នោត​​​ជ្រើសរើស​ប្រធានាធិបតី​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​ទៅ ​អាច​ធ្វើ​ឲ្យ​មាន​ការ​ខ្វល់ខ្វាយ​នៅ​ថ្ងៃ​ដំបូង​នៃ​ការ​កាន់​តំណែង​​ប្រធានាធិបតី​របស់​លោក។

ថ្ងៃ​ទី​១​របស់​លោក​ប្រធានាធិបតី ដូណាល់ ​ត្រាំ មាន​ភាព​ច្របូក​ច្របល់។

បទ​បញ្ជា​ប្រធានាធិបតី​ជា​ច្រើន​ស្តី​ពី​ពាណិជ្ជកម្ម ​ការ​កាត់​បន្ថយ​បទ​បញ្ញត្តិ​របស់​រដ្ឋាភិបាល​ ហើយ​និង​បញ្ហា​ដ៏​ចម្រូង​ចម្រាស​បំផុត​គឺ​ការ​រឹត​បន្តឹង​ជន​អន្តោប្រវេសន៍។​លោក​ប្រធានាធិបតី​ដូណាល់ ​ត្រាំ ​បាន​ថ្លែង​ថា៖ «យើង​ត្រូវ​ចាត់​វិធានការ​ហើយ​យើង​សម្រេច​ចាត់​វិធានការ»។

ក៏ប៉ុន្តែ បម្រាម​ជន​អន្តោប្រវេសន៍​បណ្តោះ​អាសន្នរបស់​លោក​ប្រធានាធិបតី​ត្រាំ​លើប្រទេស​កាន់​សាសនា​ឥស្លាម​៧​សំខាន់ៗ​បាន​បណ្តាលឲ្យ​មាន​ប្រតិកម្ម​តប​ត​ខ្លាំងក្លា​វិញ​នៅ​ក្នុង​ប្រទេស​ និង​នៅ​បរទេស ​ដែល​នាំ​ឲ្យ​មាន​ការ​ច្របូក​ច្របល់​នៅ​ព្រលាន​យន្តហោះ​សហរដ្ឋ​អាមេរិក​ និង​ការ​តវ៉ា​ប្រឆាំង​នៅ​តាម​ផ្លូវ​នានា។

​ពួក​គណបក្ស​ប្រជាធិបតេយ្យ​បាន​ប្រកាស​ប្រឆាំង​ភ្លាមៗ​នឹង​បទ​បញ្ជា​នេះ ​រួម​មាន​លោក Chuck Schumer មេដឹកនាំ​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ។ លោក Chuck Schumer ​ថ្លែង​ថា៖ «បទបញ្ជានេះ​ត្រូវ​បាន​អនុវត្ត​ស្ថិត​ក្នុង​របៀប​មួយ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ច្របូក​ច្របល់​នៅ​ទូទាំង​ប្រទេស​ហើយ​វា​នឹង​ជំរុញ​ទឹក​ចិត្ត​មនុស្សនៅ​ទូទាំង​ពិភពលោក​ដែល​នឹង​ធ្វើ​ឲ្យ​យើង​មាន​គ្រោះ​ថ្នាក់‍»។

លោក​ប្រធានាធិបតី​ត្រាំ ​និយាយ​ថា ផ្នែក​នៃ​បទ​បញ្ជា​របស់​ប្រធានាធិបតី​មាន​គោល​បំណង​ធ្វើ​ទៅ​តាម​ការ​សន្យា​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ប្រធានាធិបតី​របស់​លោក​។ លោក​ប្រធានាធិបតី​ត្រាំ​និយាយ​ថា៖ «យើង​នៅ​ទីនេះ​នៅ​ពេល​នេះ​ ពី​ព្រោះ​តែ​ពលរដ្ឋ​អាមេរិកាំង​រាប់​លាននាក់​បាន​ដាក់​ក្តី​សង្ឃឹម​របស់​ពួកគេទៅ​លើ​យើង​ដើម្បី​ផ្ទេរ​អំណាច​នៅ​ក្នុង​ក្រុង​វ៉ាស៊ីនតោន ​ហើយ​ផ្តល់​អំណាច​នោះ​ទៅ​ឲ្យ​ពលរដ្ឋ​វិញ‍»។ ក៏​ប៉ុន្តែ ​មាន​សកម្មភាព​បង្អាក់​ដែរ។

​ទម្លាប់​របស់​លោក​ប្រធានាធិបតី​ត្រាំ​ចេញ​សេចក្តី​ថ្លែងការណ៍​តាម Twitter ហើយ​និង​បញ្ហា​ចំនួន​មនុស្ស​នៅ​ថ្ងៃ​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​របស់​លោក​នាំ​ឲ្យ​មាន​បញ្ហា។ លោក Paul Ryan ​ប្រធាន​សភា​តំណាងរាស្រ្ត​បានថ្លែង​ថា៖ «ខ្ញុំ​គិត​ថា ​យើង​កំពុង​ឃើញ​សកម្មភាព​មិន​ធម្ម​តា​ដូចជា​សារតាម Tweeter ​ហើយ​និង​សារ​ផ្សេងៗ​ទៀត ​ហើយខ្ញុំ​គិតថា ការណ៍​នេះ​ជា​អ្វី​ដែល​យើង​ទាំងអស់​គ្នា​នឹង​ត្រូវ​តែ​ទម្លាប់‍»។

ប្រធានាធិបតី​ត្រាំ ក៏​បាន​អំពាវនាវ​ឲ្យ​ធ្វើ​ស៊ើបអង្កេត​ពី​លទ្ធភាព​នៃ​ការ​លួច​បន្លំ​សន្លឹក ឆ្នោត​ដែល​ផ្អែក​លើ​ការ​អះអាង​របស់​លោក​ដោយ​គ្មាន​ការ​ផ្តល់​ភស្តុតាងដែល​ថា លោក​បាន​ចាញ់​ឆ្នោត​ចំនួន​អ្នកបោះឆ្នោត​ពីព្រោះ​តែ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​រាប់​លាននាក់​បាន​បោះឆ្នោត​ឲ្យ​លោកស្រី Hillary Clinton។

លោក John Fortier អ្នក​វិភាគ​និយាយ​ថា ​វា​ជាការ​រំខាន​មួយ​ដែល​អាច​ក្លាយ​ជា​ការ​រារាំង​ដល់​ការ​អនុវត្ត​របៀប​វារៈ​របស់​លោក។

«បញ្ហា​ដ៏​ធំ​មួយ​ដូចជា​ការ​ផ្លាស់​ប្តូរ​កម្មវិធី​ថែទាំ​សុខភាព Obamacare ​ការ​កាត់​បន្ថយ​ពន្ធដារ ​ការ​កាត់​បន្ថយ​បទបញ្ជា​សហព័ន្ធ ​ហើយ​លោក​ប្រធានាធិបតី ដូណាល់ ​ត្រាំ នៅ​តែ​កំពុង​សង្កត់​ទៅ​លើ​សន្តិសុខ​ព្រំដែន​ និង​ការ​ស្ថាបនា​របង​ជាមួយ​ប្រទេស​ម៉ិកស៊ិក ​បញ្ហា​ទាំងអស់​នេះ​ជា​បញ្ហា​ដែល​ខ្ញុំ​គិតថា ​ពួកគេ​នឹងខិតខំ​ធ្វើ​ឲ្យ​បាន​ឆាប់​រហ័ស​ ហើយ​ប្រើ​ប្រាស់​សភា​ខាង​គណបក្ស​សាធារណ​រដ្ឋ​ដែល​មាន​សំឡេង​ភាគ​ច្រើន​មុន​ពេល​សន្ទុះរបស់​រដ្ឋបាល​ចុះ​ខ្សោយ‍»។ ​

អ្នក​ជំនាញ​ផ្សេង​ទៀត ​និយាយ​ថា ​ប្រធានាធិបតី​ត្រាំ ត្រូវ​តែ​ពិចារណា​ព្យាយាម​ពង្រីក​ការ​គាំទ្រ​របស់​លោក​ឲ្យ​ហួស​ពី​អ្នក​គាំទ្រ​សំខាន់ៗ​របស់​លោក។​ លោក John Hudak អ្នក​វិភាគ​នៃ​វិទ្យាស្ថាន Brookings បាន​និយាយ​ថា៖ «លោកស្រី Hillary Clinton បាន​ទទួល​សំឡេង​ឆ្នោត​ជិត​៣លាន​នាក់​លើស​លោក​ត្រាំ។ ក៏ប៉ុន្តែ ​ការណ៍​នេះ​ប្រាប់​ឲ្យ​ដឹងថា ​លោក​ប្រធានាធិបតី​ត្រាំ​ មាន​ការងារ​ជា​ច្រើន​ត្រូវ​ធ្វើ​ដើម្បី​ជំរុញ​ឲ្យ​សាធារណ​ជន​អាមេរិកាំងជឿ​ថា ​លោក​ធ្វើ​ជា​តំណាង​ហើយ​និង​ឆ្លុះ​បញ្ចាំង​សេចក្តី​ថ្លៃថ្នូរ​ពួកគេ​ភាគ​ច្រើន‍»។

ក៏ប៉ុន្តែ​សម្រាប់​ពេល​ឥឡូវនេះ ​លោក​ប្រធានាធិបតី​ត្រាំ ​ហាក់​ដូចជា​បាន​តាំង​ចិត្ត​ធ្វើ​ទៅ​តាម​ការសន្យា​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​ដែល​លោក​បាន​ធ្វើ​ទៅ​កាន់​ពួក​អ្នកគាំទ្រ​របស់​លោក ​ដោយ​មិន​គិត​ពី​ប្រតិកម្ម​តបត​វិញ​យ៉ាង​ដូចម្តេច៕

ប្រែ​សម្រួល​ដោយ ​ជឹង ប៉ូជីន

XS
SM
MD
LG