បន្ទាប់ពីសេចក្តីរាយការណ៍មួយអំពីការសន្ទនាតាមទូរស័ព្ទដ៏ចម្រូងចម្រាសរវាងនាយករដ្ឋមន្ត្រីអូស្ត្រាលី និងប្រធានាធិបតីអាមេរិក លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Malcolm Turnbull បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មិនបានដាក់ទូរស័ព្ទរបស់លោកចុះនោះទេ ហើយលោក ត្រាំ បានប្តេជ្ញាថានឹងបោះជំហានទៅមុខជាមួយនឹងកិច្ចព្រមព្រៀងមួយ ដែលនឹងផ្តល់ទីលំនៅដល់ជនភៀសខ្លួនមួយក្រុម ដែលត្រូវគេចាប់បានពេលព្យាយាមធ្វើដំណើរចូលទៅកាន់ប្រទេសអូស្ត្រាលី។
កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើង ក្នុងអំឡុងពេលលោកអតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា កាន់តំណែង។ លោក ត្រាំ បានចេញបទបញ្ជាប្រធានាធិបតីមួយ ដែលហាមឃាត់ជាបណ្តោះអាសន្នមិនឲ្យជនភៀសខ្លួនចូលមកកាន់សហរដ្ឋអាមេរិក ប៉ុន្តែបទបញ្ជាប្រធានាធិបតីនោះបានរួមបញ្ចូលមាត្រាមួយដែលផ្តល់ករណីលើកលែង «នៅពេលដែលបុគ្គលនោះអាចចូលមកកាន់សហរដ្ឋអាមេរិកដើម្បីអនុលោមទៅតាមកិច្ចព្រមព្រៀងអន្តរជាតិដែលមានស្រាប់មួយ»។
កាសែត The Washington Post បានរាយការណ៍ថា លោក ត្រាំ បានប្រាប់ដល់លោក Turnbull ថា កិច្ចព្រមព្រៀងនេះគឺជា «កិច្ចព្រមព្រៀងដ៏អាក្រក់បំផុត» ហើយប្រទេសអូស្ត្រាលីកំពុងតែព្យាយាមបញ្ជូនអ្នកបោកគ្រាប់អត្តឃាត ដូចនៅក្នុងហេតុការណ៍នៅទីក្រុង Boston ចេញពីប្រទេសខ្លួន។
សេតវិមានបានឲ្យដឹងថា ជនភៀសខ្លួនមួយក្រុមដែលមានគ្នាប្រមាណ១២០០នាក់ ភាគច្រើនមកពីប្រទេសអាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ និងអ៊ីរ៉ង់ ត្រូវឆ្លងកាត់ការត្រួតពិនិត្យយ៉ាងហ្មត់ចត់ខ្លាំងបំផុត មុននឹងអនុញ្ញាតឲ្យចូលមកកាន់អាមេរិក។ លោក ត្រាំ បានបន្តរិះគន់កិច្ចព្រមព្រៀងនេះកាលពីល្ងាចថ្ងៃពុធ នៅក្នុងសារមួយដែលបង្ហោះលើបណ្តាញសង្គម Twitter។
លោកបានសរសេរថា «តើអ្នកជឿឬទេ? រដ្ឋបាលរបស់លោក អូបាម៉ា បានយល់ព្រមទទួលជនអន្តោប្រវេសន៍ខុសច្បាប់រាប់ពាន់នាក់ពីប្រទេសអូស្ត្រាលី។ ហេតុអ្វីបានជាដូច្នេះ? ខ្ញុំនឹងសិក្សាទៅលើកិច្ចព្រមព្រៀងដែលមិនបានការមួយនេះ!»៕