ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក៖ អ៊ីរ៉ង់​កំពុង​ធ្វើ​ឲ្យ​ខូច​កិច្ចព្រមព្រៀង​បន្ទាប់​ពី​បាន​បង្ហោះ​គ្រាប់​មីស៊ីល


លោក Michael Flynn ទីប្រឹក្សា​សន្តិសុខ​ជាតិ​ថ្លែង​នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក Michael Flynn ទីប្រឹក្សា​សន្តិសុខ​ជាតិ​ថ្លែង​នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧។

កាលពី​ថ្ងៃ​ពុធ​ ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​ប្រធានាធិបតី​ស.រ.អា. Donald Trump បាន​រិះគន់​ការ​បង្ហោះកាំ​ជ្រួច​មីស៊ីល​ផ្លោង​របស់​ប្រទេស​អ៊ីរ៉ង់ ​ហើយ​លោក​បាន​និយាយ​ថា​ រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​កំពុង​ធ្វើ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​ដែល​ខ្លួន​បាន​សម្រេច​កាល​ពី​ឆ្នាំ​២០១៥​ជាមួយ​ស.រ.អា. និង​ប្រទេស​ជា​មហា​អំណាច​ឯទៀតៗ។​

ឧត្តមសេនីយ៍​ចូលនិវត្តន៍ Michael Flynn បានថ្កោលទោស​ការ​បង្ហោះ​កាំជ្រួច​មីស៊ីល​នេះ​ដោយ​ប្រកាស​ថា​ការ​បង្ហោះ​នេះ «គ្រាន់​តែ​ជា​ឧប្បត្តិហេតុ​ថ្មីៗ​បំផុត​ក្នុង​បណ្តា​ឧប្បត្តិហេតុ​មួយ​ចំនួន» ដែល​នៅ​ក្នុង​នោះ​ប្រទេស​អ៊ីរ៉ង់​បាន​គំរាមកំហែង​ស.រ.អា. និង​ប្រទេស​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិកាំង​នៅ​ក្នុង​តំបន់នោះ​កាលពី​៦​ខែ​មុន​នេះ។​ លោក​បាន​និយាយ​ថា ​ពួក​មេដឹកនាំ​នៅ​ក្នុង​ក្រុង​តេហេរ៉ង់​ហ៊ាន​ធ្វើ​សកម្មភាព​បែប​នេះដោយ​សារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នោះ​«ខ្សោយ​ហើយ​គ្មាន​ប្រសិទ្ធិភាព» និង​ពីព្រោះ​ប្រទេស​ជាតិ​ឯ​ទៀតៗ​ដែល​មាន​ទាក់ទិន​នឹង​កិច្ចព្រមព្រៀង​នោះ​មិន​បាន​ចាត់វិធានការ​ដើម្បី​ទប់ទល់​មហិច្ឆតា​យោធា​របស់​ប្រទេស​អ៊ីរ៉ង់។

នៅ​ក្នុង​ការ​និយាយ​ត្រួសៗ​មួយ​នៅ​ឯសេតវិមាន​ លោក Flynn បាន​ចោទ​ប្រកាន់​លោក​អតីត​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា និង​សមាជិក​ឯ​ទៀតៗ​នៃ​រដ្ឋបាល​លោក​ថា​ មិន​បាន​ចាត់វិធានការ​តឹង​រ៉ឹង​ឱ្យ​បាន​គ្រប់គ្រាន់​លើ​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់។​

លោក​ Flynn បាននិយាយ​ថា «រដ្ឋបាល​លោក​អូបាម៉ា​គ្មាន​ជោគជ័យ​ក្នុង​ការ​ឆ្លើយតប​ឱ្យ​បាន​គ្រប់គ្រាន់​ដល់​សកម្មភាព​អាក្រក់​របស់​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់ ដោយ​មាន​រួម​បញ្ចូល​ការ​ផ្ទេរ​អាវុធ ការ​គាំទ្រ​ភេរវកម្ម និង​ការ​រំលោភ​ឯ​ទៀតៗ​លើ​បទដ្ឋាន​អន្តរជាតិ។ រដ្ឋបាល​លោក​ Trump ថ្កោលទោស​សកម្មភាព​បែប​នេះ​ដោយ​ប្រទេស​អ៊ីរ៉ង់​ដែល​ធ្វើ​ឱ្យ​អន្តរាយ​ដល់​សន្តិសុខ ភាព​សម្បូរ​រុងរឿង​ និង​ស្ថិរភាព​នៅ​ទូទាំង​ភូមិ​ភាគ​មជ្ឈឹមបូព៌ា និង​ហួស​ពី​នេះ​ និង​ធ្វើ​ឱ្យ​ជីវិត​ជនជាតិ​អាមេរិកាំង​ស្ថិត​ក្នុង​គ្រោះថ្នាក់​ថែម​ទៀត​ផង»។

លោក Flynn បាន​និយាយ​បន្ថែម​ថា​ «ចាប់​តាំង​ពី​ថ្ងៃ​នេះ​ទៅ​ យើង​ប្រាប់​ជា​ផ្លូវការ​ឱ្យ​ប្រទេស​អ៊ីរ៉ង់​ដឹង​ខ្លួន»។ លោក​មិន​បាន​ពន្យល់​ថែម​ទៀត​អំពី​អត្ថាធិប្បាយ​របស់​លោក​ទេ ហើយ​ក៏​មិន​បាន​គំរាមកំហែង​ថា ​នឹង​ចាត់វិធានការ​ចំៗ​បែប​ណា​មួយ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​នោះ​ដែរ៕

XS
SM
MD
LG