លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានបើកការវាយប្រហារទៅលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ជាតិកាលពីថ្ងៃពុធ ដោយលើកឡើងថា ប្រហែលជាគួរតែដកប័ណ្ណសារព័ត៌មានរបស់ពួកគេ ខណៈដែលលោកក៏បានសារភាពដែរថា នៅពេលដែលលោកនិយាយអំពី «សារព័ត៌មានក្លែងក្លាយ» លោកចង់សំដៅទៅលើព័តមានអំពីលោកដែលលោកមិនចូលចិត្ត។
លោកប្រធានាធិបតី ត្រាំ បានសរសេរនៅក្នុងសារ Twitter មួយថា «សារព័ត៌មានក្លែងក្លាយកំពុងធ្វើការហួសម៉ោងហើយ។ បើទោះបីជាយើងទទួលបានភាពជោគជ័យយ៉ាងច្រើននៅក្នុងវិស័យសេដ្ឋកិច្ចនិងវិស័យផ្សេងៗទាំងអស់ក៏ដោយក្តី ៩១ភាគរយនៃបណ្តាញសារព័ត៌មានអំពីខ្ញុំគឺមានភាពអវិជ្ជមាន។ ហេតុអ្វីបានជាយើងខិតខំធ្វើការខ្លាំងម្លេះជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយដែលពុករលួយ? គួរដកប័ណ្ណសារព័ត៌មានពួកគេ»?
លោក Trump បានដកស្រង់សេចក្តីរាយការណ៍មួយរបស់មជ្ឈមណ្ឌលសា្រវជ្រាវពីប្រព័ន្ធផ្សព្វផ្សាយដែលងាកទៅខាងអភិរក្សនិយមសន្និដ្ឋានថា ចាប់ពីខែមករា ដល់ខែមេសា ជាង៩០ភាគរយនៃព័ត៌មានពាក់ព័ន្ធនឹងលោក ត្រាំ នៅលើទូរទស្សន៍ ABC NBC និង CBS គឺរិះគន់ទៅលើរូបលោក។ បណ្តាញសារព័ត៌មានទាំង៣នេះមានកម្មវិធីព័ត៌មានជារៀងរាល់យប់ ប៉ុន្តែពលរដ្ឋអាមេរិកាំងរាប់លាននាក់ក៏ស្តាប់ព័ត៌មានជាតិនៅលើបណ្តាញទូរទស្សន៍ខ្សែកាប ប្រព័ន្ធផ្សព្វផ្សាយសង្គម និងពាក្យសម្តីឮតៗគ្នាពីមិត្តភ័ក្ត្រនិងបងប្អូនសាច់ញាតិ។
នៅក្នុងសហរដ្ឋអាមេរិក វិសោធនកម្មទី១ នៅក្នុងរដ្ឋធម្មនុញ្ញធានាដល់សេរីភាពសារព័ត៌មាន ហើយអ្នកកាសែតរាប់សិបនាក់មានប័ណ្ណសារព័ត៌មានដែលអនុញ្ញាតឲ្យពួកគេទៅយកព័ត៌មាននៅក្នុងសេតវិមាននិងសរសេរអំពីប្រធានាធិបតី។ ប្រធានាធិបតីនានារបស់អាមេរិកជាញឹកញាប់ប្រកែកគ្នាជាមួយនឹងអ្នកកាសែត អំពីព័ត៌មានដែលពួកគេមិនចូលចិត្ត ប៉ុន្តែលោក ត្រាំ ធ្វើយុទ្ធនាការប្រឆាំងនឹងប្រភពព័ត៌មានជាច្រើន ពិសេសគឺបណ្តាញសារព័ត៌មានទាំងបី និងបណ្តាញសារព័ត៌មានខ្សែកាបដូចជា ទូរទស្សន៍ CNN កាសែត The New York Times និងកាសែត The Washington Post ខណៈដែលលោកជាញឹកញាប់លើកសរសើរកម្មវិធីលើបណ្តាញទូរទស្សន៍ Fox News ដែលមានទំនោរទៅខាងលោក ត្រាំ។
មេដឹកនាំអាមេរិករូបនេះជាញឹកញាប់វាយប្រហារទៅលើសេចក្តីរាយការណ៍ព័ត៌មានជាតិអំពីការកាន់តំណែងរយៈពេល១៦ខែរបស់លោកនៅក្នុងសេតវិមាន ដែលលោកចាត់ទុកថាមានភាពអយុត្តិធម៌ គ្មានប្រភពច្បាស់លាស់ ឬមិនឆ្លុះបញ្ចាំងពីការពិតដូចដែលលោកបានឃើញនោះទេ។ ទោះជាយ៉ាងនេះក្តី សារ Twitter កាលពីថ្ងៃពុធ ប្រហែលជាលើកទីមួយហើយដែលលោកទទួលស្គាល់ថា លោកគិតថា ព័ត៌មានដែលមានភាពអវិជ្ជមានទៅលើលោកគឺជាព័ត៌មានក្លែងក្លាយ។
បន្ទាប់ពីលោក ត្រាំ បានបង្ហោះសារ Twitter នេះ អ្នកស្រី Margaret Talev ប្រធានសមាគមអ្នកឆ្លើយឆ្លងព័ត៌មាននៅសេតវិមាន បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រសិនបើលោក ត្រាំ ត្រូវធ្វើការគំរាមកំហែងនិងដកហូតប័ណ្ណចូលយកព័ត៌មាននៅសេតវិមាន វានឹងក្លាយជាការបំពានវិសោធនកម្មទី១ នៃរដ្ឋធម្មនុញ្ញដោយគ្មានមនសិកា»។
អ្នកស្រីបានថ្លែងបន្ថែមថា៖ «អ្នកខ្លះប្រហែលជាមិនខ្វល់ពីពាក្យសម្តីអុជអាលរបស់លោកប្រធានាធិបតីអំពីប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែដោយគ្រាន់តែលោកប្រធានាធិបតីមិនចូលចិត្តបណ្តាញសារព័ត៌មាននោះ វាក៏មិនប្រាកដថា ព័ត៌មានទាំងនោះជាព័ត៌មានក្លែងក្លាយនោះទេ។ សារព័ត៌មានដែលសេរីមួយត្រូវអាចរាយការណ៍ទាំងរឿងល្អ រឿងអាក្រក់ រឿងសំខាន់និងរឿងដែលមិនសូវមានការចាប់អារម្មណ៍ ដោយឥតភ័យខ្លាចនិងឥតលម្អៀង»៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា