ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ជើង


លោក Pompeo (ឆ្វេង) និង​លោក គីម ជុងអ៊ុន ជួប​គ្នា​នៅ​ទីក្រុង​ព្យុងយ៉ាង​ ប្រទេស​កូរ៉េ​ខាង​ជើង កាល​ពី​ចុង​សប្តាហ៍។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក​ Mike Pompeo បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​រៀបចំ​សម្រាប់​ជំនួប​ដែល​នឹង​ចូល​មក​ដល់​រវាង​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ​ និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក គីម ជុងអ៊ុន។

កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ លោក ត្រាំ បាន​និយាយ​នៅ​ឯ​សេតវិមាន​ថា៖ «គម្រោង​ត្រូវ​បាន​រៀបចំ​ឡើង។ ទំនាក់ទំនង​កំពុង​តែ​កសាង​ឡើង។ ខ្ញុំ​សង្ឃឹម​ថា កិច្ច​ព្រមព្រៀង​មួយ​នឹង​កើត​ឡើង ហើយ​ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ប្រទេស​ចិន កូរ៉េ​ខាង​ត្បូង និង​ជប៉ុន អនាគត​មួយ​ដែល​ពោរពេញ​ដោយ​វិបុលភាព និង​សន្តិសុខ​អាច​សម្រេច​បាន​សម្រាប់​មនុស្ស​គ្រប់​គ្នា»។

ដំណើរ​ទស្សនកិច្ច​របស់​លោក ​Pompeo ទៅ​ដល់​ទីក្រុង​ព្យុងយ៉ាង​នៅ​ថ្ងៃ​ពុធ​នេះ គឺ​ស្រប​ពេល​នឹង​ជំនួប​ត្រី​ភាគី​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន រវាង​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe នាយករដ្ឋមន្ត្រី​ចិន​លោក Li Keqiang និង​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In។ ជំនួប​ត្រីភាគី​នេះ​ធ្វើ​ឡើង​ដើម្បី​ពិភាក្សា​អំពី​ដំណើរ​វិវឌ្ឍ​ទៅ​មុខ​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​កូរ៉េ​ខាង​ជើង និង​កូរ៉េ​ខាង​ត្បូង ដែល​បាន​បង្ហាញ​ឡើង​ដោយ​ជំនួប​ជា​ប្រវត្តិសាស្ត្រ​រវាង​លោក Moon Jae In និង​លោក គីម ជុងអ៊ុន​ កាល​ពី​ខែ​មុន។

ដំណើរ​ទស្សនកិច្ច​របស់​លោក Pompeo លើក​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​ពិភាក្សា​ពី​ការ​ដោះលែង​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​កូរ៉េ ៣ នាក់ ដែល​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​កំពុង​ឃុំ​ខ្លួន។

ពលរដ្ឋ​អាមេរិកាំង​ទាំង ៣ នាក់​នោះ​គឺ​លោក Tony Kim លោក Kim Hak Song និង​លោក Kim Dong Chul។ លោក Tony Kim និង​លោក Kim Hak Song ជា​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ក្រុង​ព្យុងយ៉ាង។ លោក​ទាំង​ពីរ​ត្រូវ​បាន​អាជ្ញាធរ​កូរ៉េ​ខាង​ជើង​ចាប់​ខ្លួន​នៅ​កន្លែង​ផ្សេង​គ្នា​កាល​ពី​ឆ្នាំ ២០១៧ និង​រង​ការ​ចោទ​ប្រកាន់​ថា​បាន​ចូលរួម​នៅ​ក្នុង​សកម្មភាព​ប្រឆាំង​នឹង​រដ្ឋ និង​ព្យាយាម​ផ្ដួល​រំលំ​រដ្ឋាភិបាល។

ចំណែក​ឯ​លោក Kim Dong Chul វិញ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ក្រុង Rason ដែល​ស្ថិត​នៅ​ភាគ​ឦសាន​បំផុត​នៃ​ប្រទេស​កូរ៉េ​ខាង​ជើង​កាល​ពី​ខែ​តុលា ឆ្នាំ ២០១៥។ លោក Kim Dong Chul ត្រូវ​បាន​កាត់​ទោស​កាល​ពី​ឆ្នាំ ២០១៦ ឲ្យ​ជាប់​ពន្ធនាគារ ១០ ឆ្នាំ ដោយ​តម្រូវ​ឲ្យ​ធ្វើ​ពលកម្ម​ធ្ងន់ធ្ងរ ក្រោយ​ពី​លោក​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ថា​បាន​ប្រព្រឹត្តិ​អំពើ​ចារកម្ម៕

XS
SM
MD
LG