ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដូណាល់ ត្រាំ៖ ពេលវេលា​និង​ទីកន្លែង​បាន​កំណត់​រួច​ហើយ​សម្រាប់​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាង​ជើង


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​វេទិកា​មេដឹកនាំ NRA-ILA នៅ​ទីក្រុង​ Dallas រដ្ឋ Texas​ កាល​ពី​ថ្ងៃទី​៤ ឧសភា ២០១៨។

ប្រធានាធិបតី​អាមេរិក ​លោក​ ដូណាល់ ត្រាំ ​បាន​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​កិច្ច​ប្រជុំ​កំពូល​ជាមួយ​នឹង​មេដឹកនាំ​កូរ៉េ​ខាង​ជើង នៅ​ពេល​ដែល​អ្នក​សារព័ត៌មាន​បាន​ចោទ​សួរ​លោក​កាល​ពី​ថ្ងៃ​សុក្រ នៅ​ពេល​ដែល​លោក​កំពុង​ធ្វើ​ដំណើរ​តាម​យន្តហោះ​ប្រធានាធិបតី។

លោក​បាន​ថ្លែង​ថា៖ «‍ព័ត៌មាន​នឹង​បាន​ឆាប់ៗ។​ ខ្ញុំ​ដឹង​ពី​កាលបរិច្ឆេទ និង​ទីកន្លែង។ ហើយ​កិច្ចការ​ទាំង​នេះ​ត្រូវ​បាន​ព្រមព្រៀង​គ្នា​រួច​រាល់​ហើយ»។

មុន​នឹង​ចេញ​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​មួយ​ថ្ងៃ នៅ​ទីក្រុង Dallas នៃ​រដ្ឋ​តិចសាស លោក​ប្រធានាធិបតី​បាន​បង្ហាញ​ឲ្យ​ដឹង​ថា ទីកន្លែង​ និង​កាលបរិច្ឆេទ​នៃ​កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​កំណត់​ ជាមួយ​នឹង​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​រួច​រាល់​ហើយ។

លោក​ប្រធានាធិបតី ត្រាំ បាន​ថ្លែង​ថា ​រដ្ឋាភិបាល​អាមេរិក​និង​កូរ៉េ​ខាង​ជើង​ទាក់ទង​គ្នា​ជា​ប្រចាំ​ ហើយ​ការ​ពិភាក្សា​រវាង​ភាគី​ទាំង​ពីរ​ ក៏​ផ្តោត​ទៅ​លើ​ការ​ដោះ​លែង​ពលរដ្ឋ​អាមេរិក​ចំនួន​៣នាក់​ ដែល​ត្រូវបាន​ឃុំ​ខ្លួន​នៅ​រដ្ឋធានី​ព្យុងយ៉ាង​ផងដែរ។​

បុរស​អាមេរិក​ទាំង​បី​នាក់​នេះ ត្រូវបាន​រំពឹង​ថា​នឹង​បាន​ដោះលែង​នៅ​ថ្ងៃសៅរ៍ ​នេះ​បើ​យោង​តាម​ប្រភព​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង ដែល​ត្រូវបាន​ដក​ស្រង់​ដោយ​ទីភ្នាក់​ងារ​សារព័ត៌មាន Yonhap នៅ​ទីក្រុង​សេអ៊ូល៕

XS
SM
MD
LG