ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្របាននិយាយថាកិច្ចប្រជុំរបស់លោកជាមួយនឹងពួកមេដឹកនាំសភាទទួលបានលទ្ធផលផ្លែផ្កា ដើម្បីបញ្ចប់ការបិទទ្វារផ្នែកខ្លះនៃរដ្ឋាភិបាលដោយសារតែមិនមានការព្រមព្រៀងគ្នាលើសំណើថវិកាសម្រាប់សង់ជញ្ចាំងព្រំដែនរវាងអាមេរិកនិងម៉ិកស៊ី។
អ្វីដែលលោក ត្រាំ បានលើកឡើងនេះហាក់ដូចជាផ្ទុយគ្នាស្រឡះពីអ្វីដែលលោក Charles Schumer មេដឹកនាំព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យដែលបានចូលរួមកិច្ចប្រជុំជាមួយលោក ត្រាំ នៅឯសេតវិមានបានលើកឡើង។
លោក Schumer បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមានបន្ទាប់ពីកិច្ចប្រជុំថា លោកប្រធានាធិបតីបាននិយាយថា លោកនឹងទុកឲ្យរដ្ឋាភិបាលនៅបិទទ្វាររយៈពេលយូរអាចរាប់ខែឬដល់រាប់ឆ្នាំ។
លោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្រ្តបាននិយាយថា លោក ត្រាំ និងពួកមេដឹកនាំសភាបានជួបប្រជុំគ្នារយៈពេលយូរនិងពេលខ្លះបានទាស់សម្តីគ្នា។ លោកស្រីបានបញ្ជាក់ថា បញ្ហាថវិកាសង់ជញ្ជាំងព្រំដែនមិនអាចដោះស្រាយបានទេរហូតទាល់តែយើងបើកទា្វររដ្ឋាភិបាលវិញ។
ក្រៅពីអ្វីដែលបានលើកឡើងដោយសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យហើយនោះ មានការវិវត្តន៍បន្តិចបន្តួចដោយលោក ត្រាំ បាននិយាយថា ភាគីទាំងពីរមានគោលដៅដូចគ្នាដើម្បីបើកទ្វាររដ្ឋាភិបាលឡើងវិញ ហើយលោកបានព្យាយាមបង្ហាញអំពីអត្ថប្រយោជន៍នៃការសង់ជញ្ជាំងព្រំដែននេះ។
លោក Mitch McConnell មេដឹកនាំព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋបាននិយាយកាលពីថ្ងៃសុក្រថា សេតវិមាននិងពួកមេដឹកនាំសភានឹងរៀបចំកិច្ចប្រជុំបុគ្គលិកដើម្បីពិភាក្សាគ្នានៅចុងសប្តាហ៍នេះដើម្បីឆ្ពោះទៅរកការព្រមពៀងគ្នា៕