ការបិទរដ្ឋាភិបាលអាមេរិកមួយផ្នែកបានឈានចូលដល់ថ្ងៃទី ១០ ហើយ នៅថ្ងៃចន្ទនេះ ដោយសារតែការចរចារឿងចំណាយរបស់រដ្ឋាភិបាលសហព័ន្ធនៅតែជាប់គាំងរវាងលោកប្រធានាធិបតី Donald Trump និងគណបក្សប្រជាធិបតេយ្យ ឆ្លងចូលឆ្នាំថ្មីឆ្នាំ ២០១៩។
លោក Trump បន្តទាមទារថវិការាប់ពាន់លានដុល្លារសម្រាប់ការសាងសង់ជញ្ជាំងព្រំដែនជាប់ប្រទេសម៉ិកស៊ិក។ រីឯសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យវិញគាំទ្រការបង្កើនថវិកាមួយចំនួនសម្រាប់ពង្រឹងសន្តិសុខព្រំដែនជាទូទៅ ប៉ុន្តែបានបដិសេធយ៉ាងដាច់អហង្ការប្រឆាំងនឹងការសាងសង់ជញ្ជាំង។
កាលពីថ្ងៃអាទិត្យម្សិលមិញ លោក Trump បានសរសេរនៅលើ Twitter ថា គណបក្សប្រជាធិបតេយ្យ «បានចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោន ហើយមិនខ្វល់ពីសុវត្ថិភាព និងសន្តិសុខរបស់ប្រជាពលរដ្ឋអាមេរិកាំងនោះទេ»។
ចំណែកឯសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យវិញ បានឌឺដងដាក់ការចោទប្រកាន់របស់លោក Trump។
លោក Hakeem Jeffries សមាជិករដ្ឋសភាប្រចាំរដ្ឋ New York ខាងគណបក្សប្រជាធិបតេយ្យ បានបញ្ជាក់នៅក្នុងកម្មវិធី «សប្ដាហ៍នេះ» របស់ទូរទស្សន៍ ABC ថា៖ «នេះគឺជាប្រធានាធិបតីដែលធ្លាប់សន្យាម្ដងហើយម្ដងទៀតជាមួយនឹងប្រជាពលរដ្ឋអាមេរិកាំងថា ប្រទេសម៉ិកស៊ិកជាអ្នកចំណាយថវិកាសម្រាប់ជញ្ជាំងព្រំដែន ដែលលោកគ្រោងនឹងសាងសង់នោះ។ ប៉ុន្តែ ឥឡូវនេះ លោកកំពុងព្យាយាមទាមទារថវិកាចំនួន ៥ ពាន់លានដុល្លារពីពលរដ្ឋអាមេរិកាំងដែលជាអ្នកបង់ពន្ធជូនរដ្ឋឲ្យចំណាយទៅលើអ្វីដែលបង្ហាញយ៉ាងច្បាស់ថានឹងគ្មានប្រសិទ្ធភាព»។
លោក Dick Durbin សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Illinois ខាងគណបក្សប្រជាធិបតេយ្យ បានសរសេរនៅលើ Twiiter ថា៖ «លោកប្រធានាធិបតី Trump បានយកប្រាក់បៀវត្សរ៍របស់បុគ្គលិករដ្ឋាភិបាលសហព័ន្ធរាប់សែននាក់ធ្វើជាចំណាប់ខ្មាំង នៅក្នុងកិច្ចប្រឹងប្រែងចុងក្រោយរបស់លោកដើម្បីបំពេញការសន្យារបស់ខ្លួនកាលពីធ្វើយុទ្ធនាការឃោសនាបោះឆ្នោត»៕