ការបិទរដ្ឋាភិបាលអាមេរិកដោយផ្នែកខ្លះបានចូលដល់ថ្ងៃទី១១ហើយនៅថ្ងៃទីមួយឆ្នាំ២០១៩នេះ ព្រោះសមាជិកសភា និងលោកប្រធានាធិបតី Donald Trump នៅតែមិនចុះសម្រុងគ្នាអំពីការទាមទាររបស់លោកប្រធានាធិបតីយកលុយធ្វើជញ្ជាំងនៅតាមបណ្តោយព្រំដែនអាមេរិក-ម៉ិកស៊ិក។
សមាជិកសភាគណបក្សប្រជាធិបតេយ្យនិយាយថា នៅពេលគណបក្សប្រជាធិបតេយ្យគ្រប់គ្រងសភានៅថ្ងៃព្រហស្បតិ៍ ពួកគេគ្រោងនឹងអនុម័តច្បាប់ឱ្យបានឆាប់ដើម្បីបើកប្រតិបត្តិការរបស់រដ្ឋាភិបាលឲ្យបានមួយភាគបួនដែលត្រូវបានបិទចាប់តាំងពីថ្ងៃទី២២ខែធ្នូ ទោះជាយ៉ាងណាក្តី គេមិនប្រាកដទេថា ច្បាប់នេះនឹងទទួលបានការអនុម័តនៅព្រឹទ្ធសភា ឬយ៉ាងណា។
ផែនការចំណាយរបស់គណបក្សប្រជាធិបតេយ្យមិនរាប់បញ្ចូលប្រាក់សម្រាប់លោក Trump ធ្វើជញ្ជាំងព្រំដែនថ្មីទេ។ មេដឹកនាំអាមេរិកបានចំអកនៅក្នុងសារតាម Twitter ពេលបុណ្យចូលឆ្នាំថ្មីថា៖ «អ្នកប្រជាធិបតេយ្យជាច្រើន ដូចដែលខ្ញុំសង្ស័យអ៊ីចឹងគឺមិនផ្តល់ប្រាក់សម្រាប់ជញ្ជាំងថ្មីទេ។ ពួកគេរវើរវាយណាស់!។ បញ្ហានៅត្រង់ថា បើគ្មានជញ្ជាំង យើងមិនអាចមានសន្តិសុខព្រំដែនពិតប្រាកដនោះទេ ហើយប្រទេសរបស់យើងត្រូវតែមានព្រំដែនរឹងមាំនិងមានសុវត្ថិភាពនៅភាគខាងត្បូង!»
នៅពេលប្រតិទិនបើកទំព័រចូលឆ្នាំថ្មីនេះ លោក Trump បានសរសេរតាម Twitter ជាអក្សរធំៗថា ជនជាតិអាមេរិកនឹងមានឆ្នាំថ្មីដ៏ល្អ ប្រសិនបើពួកគេមិនងប់នឹងការប្រឆាំងលោកទេនោះ៕