ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ដូណាល់ ត្រាំ៖ ការសន្និដ្ឋាន​របស់​ CIA ដែល​ថា​រុស្ស៊ី​បាន​ជួយ​អន្តរាគមន៍​ឲ្យ​លោក​ឈ្នះ​«ជា​រឿង​គួរ​ឲ្យ​អស់​សំណើច»​


លោក​​ ដូណាល់​ ត្រាំ ផ្តល់​បទ​សម្ភាសន៍​ដល់​ទូរទស្សន៍​ Fox News ក្នុង​កម្មវិធី "Fox News Sunday" នៅ​បុរី​ Trump នៅ​ទីក្រុង​ញូវយ៉ក កា​ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ។

ប្រធានាធិបតី​ជាប់​ឆ្នោត​អាមេរិក ​លោក ​ដូណាល់​ ត្រាំ​ និយាយ​ថា ​ការសន្និដ្ឋាន​របស់​ទីភ្នាក់ងារ​ស៊ើប​ការ​សម្ងាត់ ​CIA​ ដែល​ថា ​រុស្ស៊ី​ជ្រៀតជ្រែក​នៅ​ក្នុង​ការបោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​កាល​ពី​ខែ​មុន​ ដើម្បី​បង្កើន​ឱកាស​ឲ្យ​លោក​ទទួល​បាន​ជ័យ​ជម្នះ គឺ​ជា​រឿង​មួយ​«ដែល​គួរ​ឲ្យ​អស់​សំណើច»។

លោក ត្រាំ បាន​ហៅ​ការសន្និដ្ឋាន​នោះ​ថា​ «គ្រាន់​តែ​លេស​មួយ​ទៀត»​របស់​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ ចំពោះ​ការ​ដែល​លោក​យក​ឈ្នះ​លើ​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោកស្រី ហ៊ីឡារី គ្លីនតុន តែ​ប៉ុណ្ណោះ។

លោក ត្រាំ បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា៖ «ខ្ញុំ​មិន​ជឿ​លើ​រឿង​នេះ​នោះ​ទេ។ ប្រសិន​បើ​អ្នក​ពិនិត្យ​មើល​ទៅ​លើ​អ្វី​ដែល​ទីភ្នាក់ងារ ​CIA​ បាន​និយាយ​ មាន​រឿង​យល់​ច្រឡំ​ជាច្រើន​បង្កប់​ក្នុង​នោះ។ គ្មាន​នរណា​ម្នាក់​ដឹង​ច្បាស់​នោះ​ទេ។ ពួកគេ​មិន​ដឹង​ទេ​ថា ជា​ប្រទេស​រុស្ស៊ី ឬ​ចិន ឬ​នរណា​ម្នាក់​នោះ។ វា​អាច​ជា​នរណា​ម្នាក់​ផ្សេង»។​

លោក ត្រាំ បាន​ថ្លែង​ប្រាប់​ទូរទស្សន៍ ​Fox News ​ថា ​លោក​មិន​ប្រឆាំង​នឹង​បញ្ជា​របស់​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា​ ឲ្យ​ពិនិត្យ​ទៅ​លើ​ការលួច​មើល​ព័ត៌មាន​ក្នុង​កុំព្យូទ័រ ដែល​ទីភ្នាក់ងារ​ CIA ​បាន​សន្និដ្ឋាន​ថា ​ជា​ស្នាដៃ​របស់​រុស្ស៊ី​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​បោះឆ្នោត​ដែល​មាន​រយៈពេល​វែង​នោះ​ទេ ​ប៉ុន្តែ​លោក​បាន​និយាយ​ថា៖ «អ្នក​មិន​គួរ​និយាយ​ថា​ជា​ប្រទេស​រុស្ស៊ី​នោះ​ទេ។ អ្នក​គួរ​តែ​និយាយ​ថា ប្រទេស​ផ្សេង​ទៀត ឬ​ក៏​អាច​ត្រឹម​ជា​បុគ្គល»។

ទីភ្នាក់ងារ ​CIA បាន​និយាយ​ថា «ខ្លួន​មាន​ជំនឿ​មុតមាំ​ថា» រុស្ស៊ី​បាន​ស្វះស្វែង​ជួយ​ឲ្យ​លោក Trump ឈ្នះ៕

XS
SM
MD
LG