ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Exxon នឹង​ប្រជែង​តំណែង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ជាមួយ​លោក Mitt Romney


នាយកប្រតិបត្តិ​ក្រុម​ហ៊ុន ExxonMobil លោក Rex W. Tillerson ថ្លែង​នៅ​ក្នុង​ពិពណ៌និង​សន្និសីទប្រេងសាំង​អន្តរជាតិប្រចាំឆ្នាំ Abu Dhabi Abu Dhabi នៅអេមីរ៉ាតអារ៉ាប់រួមកាលពី​ថ្ងៃចន្ទ​ទី ០៧ វិច្ឆិកា ២០១៦។
នាយកប្រតិបត្តិ​ក្រុម​ហ៊ុន ExxonMobil លោក Rex W. Tillerson ថ្លែង​នៅ​ក្នុង​ពិពណ៌និង​សន្និសីទប្រេងសាំង​អន្តរជាតិប្រចាំឆ្នាំ Abu Dhabi Abu Dhabi នៅអេមីរ៉ាតអារ៉ាប់រួមកាលពី​ថ្ងៃចន្ទ​ទី ០៧ វិច្ឆិកា ២០១៦។

ប្រធាន​និង​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Exxon Mobile លោក Rex Tillerson បាន​ផុស​ឡើង​ជា​ជម្រើស​កំពូល​របស់​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត​ Donald Trump ក្នុង​ការ​តែង​តាំង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក នេះ​បើ​យោង​តាម​មន្ត្រី​ពីរ​រូប​របស់​ក្រុម​រៀបចំ​ការ​ផ្ទេរ​តំណែង​របស់​លោក។

លោក Tillerson បាន​ក្លាយ​ជា​គូ​ប្រជែង​ក្នុង​ការ​ដណ្តើម​តំណែង​ជា​មន្ត្រី​ការបរទេស​កំពូល​ ជា​មួយ​លោក Mitt Romney ដែល​ធ្លាប់​ជា​អតីត​អ្នក​រិះគន់​លោក​ Trump និង​ធ្លាប់​ជា​បេក្ខជន​ប្រធានាធិបតី​តំណាង​ឲ្យ​គណបក្ស​សាធារណរដ្ឋ​កាលពី​ឆ្នាំ២០១២។ អតីត​អភិបាល​ក្រុង New York លោក Rudolph Giuliani ក៍​ធ្លាប់​ស្ថិត​ក្នុង​តារាង​ជម្រើស​របស់​លោក Trump មុន​នឹង​លោក​ដក​ឈ្មោះ​របស់​លោក​ចេញ​កាល​ពី​ថ្ងៃ​សុក្រ ដោយ​លើក​ឡើង​ថា​លោក​គ្រោង​នឹង​ត្រឡប់​ទៅ​បម្រើ​ការ​ឲ្យ​វិស័យ​ឯកជន​វិញ។

លោក Tillerson នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​សាធារណៈ​ធំ​បំផុត​មួយ​នៅ​ក្នុង​ពិភពលោក​នេះ មានបទ​ពិសោធន៍​ពាណិជ្ជកម្ម​អន្តរជាតិ​យ៉ាង​ទូលំទូលាយ​ រួម​ទាំង​ការ​ដោះ​ស្រាយ​បញ្ហា​ជា​មួយ​នឹង​រុស្ស៊ី​ផង​ដែរ។ ការ​ជាប់​ពាក់ព័ន្ធ​របស់​លោក Tillerson ជា​មួយ​នឹង​រុស្ស៊ី រួម​ទាំង​ទំនាក់​ទំនង​ឯកជន​រវាង​លោក​និង​លោក​ប្រធានាធិបតី Vladimir Putin អាច​នឹង​តម្រូវ​ឲ្យ​មាន​ការ​ពិនិត្យ​ពិច័យ​យ៉ាង​ដិត​ដល់​ក្នុង​អំឡុង​ពេល​ដែល​ព្រឹទ្ធសភា​ត្រូវ​អនុម័ត​ថា​នឹង​អនុញ្ញាត​ឲ្យ​តែង​តាំង​លោក Tillerson ឬ​យ៉ាង​ណា ដោយ​សារ​តែ​រុស្ស៊ី​បាន​ប៉ុនប៉ង​ជះ​ឥទ្ធិពល​ទៅ​លើ​លទ្ធផល​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​របស់​សហរដ្ឋ​អាមេរិក​កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ៕

XS
SM
MD
LG